ភ្នំពេញ៖ យុវជនមួយក្រុមបានផ្តួចផ្តើម និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីគណនេយ្យភាព និងតម្លាភាពថវិកានៅក្នុងឃុំ-សង្កាត់ ខ្លួន ដោយជ្រើសរើសយកស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីសកម្មភាពនេះ។ នេះបើតាមការបង្ហាញរបស់ក្រុមយុវជន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការបង្ហាញពីលទ្ធផលនៃគម្រោងផ្តួចផ្តើមរបស់យុវជន ក្នុងការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពថវិកាថ្នាក់មូលដ្ឋាន” នាព្រឹកថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០១៦ នេះ នៅរាជធានីភ្នំពេញ។
កញ្ញា ទួន សាវន មេឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងបានអះអាងថា ប្រជាពលរដ្ឋនៅក្នុងឃុំកញ្ញា ភាគច្រើនបានអស់មន្ទិលសង្ស័យនៅការចាយវាយថវិការបស់ឃុំ-សង្កាត់ ព្រោះមន្ត្រីឃុំ-សង្កាត់ បានបើកសិទ្ធិយ៉ាងទូលាយ ឱ្យប្រជាពលរដ្ឋចូលរួមដឹងឮនៅការចាយវាយថវិការបស់ឃុំ-សង្កាត់។
កញ្ញា សាវន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែមកចូលរួមរាល់កិច្ចប្រជុំ របស់ឃុំទៅលើគម្រោងនានាឱ្យបានជាប្រចាំ ដើម្បីរួមចំណែកក្នុងអភិវឌ្ឍភូមិ-ឃុំ ឱ្យកាន់តែរីកចម្រើន ពិសេស កញ្ញា អំពាវនាវដល់មេភូមិ មេឃុំ ដទៃទៀត ត្រូវតែផ្តល់ព័ត៌មានឱ្យ បានទូលាយទាក់ទងទៅនឹងការចាយវាយថវិការបស់ខ្លួន។
យុវតី ភឿក ដាវី តំណាងយុវជន នៃការផ្តួចផ្តើមបង្កើនគម្រោងស្តីពី គណនេយ្យភាព និងតម្លាភាពថវិកាថ្នាក់មូលដ្ឋាននេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋ និងជំរុញឱ្យពលរដ្ឋចូលរួមឱ្យសកម្មក្នុងការដឹងឮការរាល់ការចំណាយថវិការបស់ឃុំយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឱ្យប្រជាពលរដ្ឋយល់ដឹងពីការចាត់ចែងរបស់ឃុំឱ្យច្រើន ព្រោះមានសារៈសំខាន់ក្នុងការអភិវឌ្ឍឃុំរបស់គាត់ បើគាត់យល់ដឹងហ្នឹង ភូមិរបស់គាត់មានការអភិវឌ្ឍ បើគាត់ហៃអើ ជាលក្ខណៈចុះសំណូមពរផ្លូវថ្នល់គាត់អត់ហ៊ាន អញ្ចឹងមានតែភូមិគាត់អត់រហូត»។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា អាជ្ញាធរថ្នាក់មូលដ្ឋានចាប់ផ្តើមយកចិត្តទុកដាក់ដោះស្រាយក្តីកង្វល់ប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានព័ត៌មានបានទូលំទូលាយនៅឡើយជុំវិញបញ្ហាគណនេយ្យភាព និងតម្លាភាពថវិកាឃុំ-សង្កាត់នៅឡើយ។
លោក ប៉ិច ពិសី និយាយថា៖ « យើងទទួលស្គាល់ចំពោះការចេញព័ត៌មានថាឃុំខ្លះ មានភាពមិនប្រក្រតីច្រើន ជាពិសេសមានអំពើពុករលួយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្មានប្រសិទ្ធភាពទេគឺ គាត់អាចទារថវិកាលើសការកំណត់របស់រដ្ឋ។ បញ្ហានេះគឺជាក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលដែរ ប៉ុន្តែក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុកកំណត់តម្លៃសេវាសាធារណៈជាផ្លូវការហើយ»។
ទាក់ទងនឹងការធ្វើសកម្មភាពរបស់ក្រុមយុវជននេះ លោក ជាង សុខ នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានសាទរចំពោះសកម្មភាពយុវជនក្នុងការជួយសង្គមជាតិនេះ។ ប៉ុន្តែលោកថា យុវជនភាគច្រើននៅតែមានបញ្ហាប្រឈមក្នុងការចុះជួយប្រជាពលរដ្ឋ ដោយសារខ្វះការសហការរបស់អាជ្ញាធរតាមមូលដ្ឋានមួយចំនួនផងដែរ៕