en     km
en     km

ប្រជាការពារជាស្រ្តីឃុំសាលាវិស័យខេត្តកំពង់ធំបេ្តជ្ញាបន្តការងារថែរក្សាសន្តិសុខទោះរងការប្រមាថពីអ្នកដទៃ

Share

កំពង់ធំ៖ ឃុំសាលាវិស័យ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពាក់ព័ន្ធកិច្ចការសន្តិសុខសណ្តាប់ធ្នាប់វិញ ឃុំសាលាវិស័យបច្ចុប្បន្នមានប្រជាការពារភូមិសរុប ២៦៤រូប ក្នុងនោះមានស្រ្តីចំនួន១៦រូបផងដែរ។ ស្រ្តីប្រជាការពារឃុំសាលាវិស័យចំនួន ២ រូបដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានជួបសម្ភាសន៍លើកឡើងថា ពួកគេស្រលាញ់ការងារនេះណាស់ ដ្បិតបានរួមចំណែកជួយឱ្យសហគមន៍មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខល្អប្រសើរជាងមុន។ តែយ៉ាងណា ពេលខ្លះតួនាទីជាប្រជាការពារពុំសូវទទួលបានការឱ្យតម្លៃនោះទេ ធ្ងន់ធ្ងរជាងនេះពេលខ្លះត្រូវរងការប្រមាថថែមទៀតផង។

ចង់ដឹងថាតើជីវិតការងារជាស្រ្តីប្រជាការពារនៅឃុំសាលាវិស័យ ជួបប្រទះបញ្ហានិងការប្រមាថអ្វីខ្លះពេលបំពេញការងារ? ហើយចុះស្រ្តីប្រជាការពារទាំងនោះបានតាំងចិត្តនិងដោះស្រាយបញ្ហាយ៉ាងដូចម្តេចក្នុងដំណើរការងាររបស់ខ្លួន? តទៅនេះ សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ក្រុមសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានចងក្រង និងជូនសេចក្តីរាយការណ៍ដោយលោក កែវ សុខា ដូចតទៅ!។

«មានបុរសខ្លះថា ប្រជាការពារប្រៀបដូចជាសត្វ សុនខ ដែលគេឱ្យយាម ប៉ុន្តែចំពោះរូបខ្ញុំគេថាយ៉ាងម៉េចក៏ថាទៅចុះ អាហ្នឹងជាគំនិតរបស់គេទេ ប៉ុន្តែបើខ្ញុំតាំងចិត្តថាខ្ញុំចូលជាបញ្ជាការពារ ជាដៃស្តាំឬជាភ្នែកជាច្រមុះរបស់ភូមិ ឬប៉ុស្តិ៍ខ្ញុំក៏សុខចិត្ត។»

នេះជាការលើកឡើង របស់អ្នកស្រី ម៉ក់ស្រី យ៉ុង និងអ្នកស្រី គឿន អ៊ីន ប្រជាការពារឃុំសាលាវិស័យ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានបម្រើការងារជាសេនាធិការរបស់អាជ្ញាធរដែនដីជិត ១០ឆ្នាំកន្លងមកនេះ។

អ្នកស្រី ម៉ក់ស្រី យ៉ុង និងអ្នកស្រី គឿន អ៊ីន ប្រជាការពារឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។

ពាក់ព័ន្ធការងារសន្តិសុខវិញ បច្ចុប្បន្នឃុំសាលាវិស័យមានភូមិចំនួន ១៩ភូមិ ដោយក្នុងមួយភូមិៗអាចមានប្រជាការពារឈរជើងចន្លោះ១៥នាក់ ហើយប្រជាការពារមានសរុប ២៦៤រូប ក្នុងនោះស្រ្តីមានចំនួន ១៦ រូបផងដែរ។

ឈរពីមុខសាលាឃុំសាលាវិស័យ ក្នុងឯកសណ្ឋានប្រជាការពារពណ៌បៃតងចាស់ ឬពណ៌អាចម៍សេះ អ្នកស្រី ម៉ក់ស្រី យ៉ុង និងអ្នកស្រី គឿន អ៊ីន រៀបរាប់ពីសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនដែលបំពេញការងារជាមួយប្រជាការពារបុរសៗផ្សេងៗទៀតថា ស្រ្តីៗជាប្រជាការពារត្រូវចូលរួមការងារសម្រួលសណ្តាប់ធ្នាប់ និងចរាចរណ៍ពេលមូលដ្ឋានមានកម្មវិធីដូចជាកិច្ចប្រជុំ ពិធីបុណ្យទានតាមវត្តនិងតាមផ្ទះប្រជាពលរដ្ឋ កម្មវិធីមង្គលការ និងកម្មវិធីជួបជុំផ្សេងទៀតផងដែរ។ ក្រៅពីនេះ ស្រ្តីប្រជាការពារក៏ត្រូវចេញយាមកាមក្នុងភូមិស្រុក ដើម្បីធានាសន្តិសុខតាមតម្រូវការចាត់ចែងរបស់អាជ្ញាធរឃុំនិងប៉ុស្តិ៍នគរបាលផងដែរ។

កងកម្លាំងប្រជាការពារនៅឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។

លក្ខណៈពិសេសជាងនេះ សម្រាប់ស្រ្តីប្រជាការពារក្នុងឃុំសាលាវិស័យក៏ដើរតួនាទីជាអ្នកសម្របសម្រួលនូវទំនាស់ទាស់ទែងរវាងប្តីប្រពន្ធក្នុងគ្រួសារដែលកើតមានក្នុងភូមិផងដែរ នៅពេលទទួលបានការចាត់តាំងពីថ្នាក់លើ។«ដូចពួកខ្ញុំស្រីៗខាងសាលាវិស័យ មានការងារអីពីបងមេប៉ុស្តិ៍ មេឃុំ ឬមេភូមិ និងបងប្រធានសនិ្តសុខក្នុងភូមិ គាត់ដាក់បទបញ្ជាឱ្យពួកខ្ញុំស្រីៗដោយពេលហ្នឹងគាត់រវល់អត់បានទៅ គាត់ឱ្យពួកទៅខ្ញុំចូលរួមដោះស្រាយទំនាស់ក្នុងគ្រួសារក្នុងផ្ទះណាមួយ ពួកខ្ញុំក៏ចូលរួម ដោយមានខ្ញុំស្រីៗពីរបីនាក់និងមានប្រុសៗទៅ។ ពេលពួកខ្ញុំទៅចូលរួមរកដំណោះស្រាយ ហើយលើកហេតុផលឱ្យគាត់ស្តាប់ថា អំពើហិង្សាហ្នឹងមិនមែនមកពីបុរសទាំងស្រុងនោះទេ ជួនកាលមកពីខាងស្រ្តីដែរ។គេ[ប្តី]ជួនកាលគេមកពីធ្វើការហត់ យើងបាយទឹកមិនច្បាស់លាស់ មិនដឹងនៅណាដោយយើងរវល់ដើរលេងក៏ថាបានដែរ។ ហើយជួនកាលស្រ្តីគាត់រៀបចំបាយទឹកម្ហូបអាហារ ផ្គត់ផ្គង់សព្វគ្រប់ជូនប្តីហើយ តែកំហុសមកពីប្តីស្រវឹងមករករឿងថាប្រពន្ធមិនបានផ្គត់ផ្គង់គ្រប់លក្ខណៈ ដូច្នេះខ្ញុំអត់ទម្លាក់កំហុសទៅខាងបុរសឬខាងស្រ្តីដែរ អាហ្នឹងជួនកាលកំហុសទះដៃម្ខាងក៏វាមិនលឺដែរ បើសិនជាបុរសគេខឹងយើងអត់មាត់ក៏អត់មានហិង្សាដែរ»

សកម្មភាពសប្បុរសជនឧបត្ថម្ភជូនប្រជាការពារ​ ខណៈប្រជាការពារគ្មានប្រាក់បៀរវត្តន៍នោះទេ។រូបភាព សៅ ស៊ីណា។

រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ចេញនូវទិសដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយរៀបចំចលនាប្រជាការពារតាមសហគមន៍ភូមិ-ឃុំ កាលពីឆ្នាំ២០១១។

យោងតាមសេចក្ដីព្រាងវិធានការចលនាប្រជាការពារ ឱ្យនិយមន័យប្រជាការពារថា គឺជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ភូមិ ឃុំ ប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។

សកម្មភាពប្រជាការពារប្រជុំជាមួយប៉ុស្តិ៍នគរបាលពីការងារសណ្តាប់ធ្នាប់ពេលរាត្រី។រូបភាព សៅ ស៊ីណា។

ប្រជាការពារ ពុំមែនជាអង្គការចាត់តាំងរបស់កម្លាំងប្រដាប់អាវុធ ឬអង្គការចាត់តាំងណាមួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់ក្របខណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំងឯកភាពនោះទេ ហើយក៏ពុំមានប្រាក់បៀរវត្តន៍ដែរ ដោយទទួលបានការឧបត្ថម្ភជាសម្ភារៈ ថវិកា ពីអាជ្ញាធរមូលដ្ឋាន វិស័យឯកជន ប្រជាពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលប៉ុណ្ណោះ។

បើទោះបីជាគ្មានប្រាក់ខែក៏ដោយចុះ តែស្រ្តីប្រជាការពារនៅសាលាវិស័យមិនដែលត្អូញត្អែរដោយការនឿយហត់នោះឡើយ ព្រោះការលើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ជាកម្លាំងជំរុញចិត្តមួយដ៏សំខាន់ធ្វើឱ្យស្រ្តីៗប្រជាការពារឃុំសាលាវិស័យអាចបន្តដំណើរទៅមុខដោយភាពក្លាហាន។

«ខ្ញុំអត់មានបាក់ទឹកចិត្តអីទេ ទោះបីជាគ្មានប្រាក់ខែក៏ដោយ ព្រោះការបានធ្វើជាប្រជាការពារគឺគេមើលពីសមត្ថភាព និងទឹកចិត្តរបស់បុគ្គលរូបនោះ។ហើយឆ្លងកាត់ការបម្រើប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំធ្វើឱ្យខ្ញុំកាន់តែមានមោទនភាពលើខ្លួនឯងដែលមនុស្សស្រីក៏អាចធ្វើប្រជាការពារបាន»

ប្រជាការពារស្រ្តីនៅឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។

ជុំវិញសកម្មភាពចូលរួមរបស់កម្លាំងស្រ្តីជាប្រជាការពារឃុំសាលាវិស័យនេះ លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបញ្ជាក់ថា កន្លងមកនេះស្រ្តីជាប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់និងរួមចំណែកយ៉ាងសកម្មក្នុងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព បម្រើប្រជាពលរដ្ឋលើកិច្ចការសង្គម កិច្ចការសម្របសម្រួលគាំពារករណីរំលោភ និងករណីអំពើហិង្សាក្នុងគ្រួសារជាដើម។ ក្នុងនាមជាអាជ្ញាធរដែនដីលោក ជិន ហ៊ីន កោតសរសើរពីទឹកចិត្តស្រ្តីៗប្រជាការពារក្នុងឃុំដែលបានលះទាំងកម្លាំងកាយចិត្តធ្វើការងារអស់ពីសមត្ថភាព និងលទ្ធភាព ទោះបីជាមិនមានប្រាក់បៀរវត្តន៍ក៏ដោយ។«ពួកគាត់លះបង់ទាំងពេលយប់និងពេលថ្ងៃ ហើយភាគច្រើនពិធីបុណ្យជាតិនានាគាត់[ស្រ្តីប្រជាការពារ]បានកៀរគរប្រមូលអ្នកចូលរួម។ហើយពាក់ព័ន្ធការរំលោភសិទ្ធិនារីនិងកុមារ គាត់ចូលរួមជាមួយអាជ្ញាធរចូលរួមអប់រំ ហើយចូលរួមទប់ស្កាត់បទល្មើសនានាជាមួយសមត្ថកិច្ចយ៉ាងសកម្មផងដែរ។ហើយសម្រាប់ជីវភាពពួកគាត់មិនទាន់មានភាពល្អប្រសើរទេ តែការលះបង់របស់គាត់មានទំហំធំធេង ដោយចូលរួមសកម្មភាពពេលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋគឺប្រជាការពារស្រ្តីបានចូលរួមភ្លាមៗជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេល»

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ។រូបភាព សៅ ស៊ីណា។

ទោះបីត្រូវលំបាកចេញដើរល្បាតយប់ព្រលប់ ប្រឈមមុខនឹងគ្រោះថ្នាក់ក្តី តែស្ត្រីៗប្រជាការពារឃុំសាលាវិស័យនៅតែអាចធ្វើបានដូចបុរស និងបានផ្ញើសារទៅកាន់ស្រ្តីគ្រប់រូប កុំចុះចាញ់និងរាថយពេលជួបឧបសគ្គដោយត្រូវហ៊ានជម្នះធ្វើឱ្យបានសម្រេច។

«ហើយចង់និយាយប្រាប់ថាស្រ្តីទាំងអស់យើងត្រូវប្រឹងប្រែងកុំខ្លាចពាក្យអ្នកដទៃគេនិយាយថា មនុស្សស្រីមិនអាចធ្វើប្រជាការពារបានទេ ដោយមានគេរិះគន់យើងថាស្រីដើរយប់ព្រលប់យាមកាមក៏ដោយចុះ ដូច្នេះយើងត្រូវចូលរួមពេលមានសកម្មភាពអីមួយយើងមិនខ្លាច»

អត្ថបទខ្លី សរសេរដោយ  សៅ​ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង