នៅពេលដែលខ្ញុំរៀបការ ខ្ញុំមានភាពភ្ញាក់ផ្អើល ហើយខ្ញុំមានអារម្មណ៍ថាស្រឡាញ់ និងខ្វល់ពីស្វាមីរបស់ខ្ញុំខ្លាំង។ រំពេចនោះ សេចក្ដីសុខនិងសុភមង្គលរបស់មនុស្សម្នាក់ផ្សេងទៀត ត្រូវបានទទួលឥទ្ធិពលដោយសារជម្រើស និងសកម្មភាពរបស់ខ្ញុំ។
ក្នុងនាមជាស្ត្រី យើងត្រូវចេះប្រុងប្រយ័ត្ន ហើយខ្វល់ចំពោះស្វាមី និងអាពាហ៍ពិពាហ៍របស់យើង។ កុំឱ្យរឿងរ៉ាវតូចតាច មកបំផ្លាញសុភមង្គលដ៏អស្ចារ្យបំផុតក្នុងជីវិតនេះ។
នេះ គឺជាទង្វើមួយចំនួន ដែលអ្នកអាចបំផ្លាញដល់ស្វាមី និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ដោយមិនដឹងខ្លួន (ទង្វើទាំងប៉ុន្មាននេះ ក៏អាចកើតមានពីបុរសវិញដែរ)៖
១. រស់នៅដោយមិនត្រូវការអ្វីតាមតែខ្លួនចង់បានពេកនោះទេ
ស្ត្រីវ័យចំណាស់ម្នាក់មកពីខាងក្រុមជំនុំព្រះវិហារគ្រឹស្តសាសនា បានផ្ដល់ដំបូន្មានថា៖ «រឿងល្អបំផុតដែលអ្នកអាចធ្វើក្នុងនាមជាប្រពន្ធម្នាក់ គឺរស់នៅជាមួយប្ដីរបស់អ្នកឱ្យបានល្អ»។ ធ្វើជាភរិយាគេ ត្រូវបង្ហាញនូវការសរសើរ និងការគោរពយ៉ាងក្រៃលែងទៅកាន់ស្វាមីរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរឿងលុយកាក់ ហើយគួរមានប្រជ្ញាល្អក្នុងការទុកដាក់ផ្នែកហិរញ្ញវត្ថុផងដែរ។
ការត្អូញត្អែរជានិច្ចថាគ្មានប្រាក់គ្រប់គ្រាន់ ដោយការចាយវាយខ្ជះខ្ជាយ ឬក៏ធ្វើឲ្យមានបំណុលជាប់ខ្លួន ជាទង្វើមិនល្អចំពោះប្ដីរបស់អ្នក ខណៈដែលប្ដីអ្នកខំប្រឹងធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររាល់ថ្ងៃនោះ។
មែនហើយ អ្នកអាចមិនមានលុយគ្រប់គ្រាន់ដើម្បីទិញកាបូបម៉ាកល្បី ដែលអ្នកបានប្រាថ្នាចង់បានវាជាច្រើនខែមកហើយ។ ប៉ុន្តែប្ដីរបស់អ្នកនឹងស្រឡាញ់ ហើយសរសើរអ្នកដែលសោះ្មត្រង់ និង ឱ្យតម្លៃនូវអ្វីដែលប្ដីអាចផ្តល់សម្រាប់អ្នកបានតាមលទ្ឋភាពរបស់គាត់។
២. គិតតែរឿងអវិជ្ជមាន
អ្នកស្អប់សក់របស់អ្នក ភាពរញ៉េរញ៉ៃនៅជុំវិញផ្ទះអ្នក អ្នកជិតខាងធ្វើដំណើរនៅលើដងផ្លូវ អ្នកធ្វើការជាមួយដែលជាមនុស្សមិនល្អ ម៉ាស៊ីនលាងចានដែលចាស់ និងអ្វីៗផ្សេងទៀត។ ពេលស្វាមីរបស់អ្នកដើរចូលមកក្នុងផ្ទះ អ្នកគួរចាប់ផ្ដើមសកម្មភាពល្អៗរបស់អ្នក និងគួរបោះបង់ចោលនូវគំនិតអវិជ្ជមាន និងការខឹងសម្បាទាំងឡាយដែលមានក្នុងចិត្តរបស់អ្នកក្នុងថ្ងៃនោះ។
តើអ្នកដែលស្រមៃទេថាបើនៅតែគិតពីរឿងស្មុគស្មាញ រឿងជាបន្ទុកទាំងអស់នោះបន្តទៅទៀត តើអ្នកបានអ្វីមកវិញ? ការរស់នៅជាមួយភាពអវិជ្ជមាន គឺពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ បុរសៗចូលចិត្តដោះស្រាយបញ្ហា ហើយបើអ្នកត្អូញត្អែរច្រើនពេក វាក៏ពិបាកដល់គាត់ក្នុងការជួយដោះស្រាយនូវការឈឺចាប់របស់អ្នកដែរ។
ប្រសិនបើមានរឿងមួយដែលខ្ញុំបានរៀនសូត្រពីជីវិតរៀបការនោះ គឺថាបុរសល្អម្នាក់ចង់ឱ្យអ្នកមានក្ដីសុខនិងមានភាពរីករាយ ហើយបើសិនជាគេមិនអាចជួយអ្នកបានទេ វាក៏ធ្វើឱ្យបុរសម្នាក់នោះ មិនរីករាយតាមហ្នឹងដែរ។ វាមិនអីទេ បើសិនណាវាជាថ្ងៃអាក្រក់មួយ ដោយមិនអាចយោគយល់គ្នាបានទាំងស្រុង តែក៏មិនត្រូវធ្វើឱ្យកើតមានដដែលៗក្នុងជីវិតអ្នកឡើយ។
៣. ចាត់ទុករឿងផ្សេងសំខាន់ជាងស្វាមី
នៅពេលដែលយកចិត្តទុកដាក់កូន ម្ដាយ មិត្តសម្លាញ់ ឬការងាររបស់អ្នក ជាងស្វាមីអ្នកខ្លាំងពេកនោះ នោះអ្នកហាក់ដូចជាបានផ្ញើសារមួយយ៉ាងប្រាប់ច្បាស់ទៅគាត់ថាគាត់គឺមិនសំខាន់ទេ។ ស្រមៃមើលថា នៅពេលអ្នកធ្វើបែបនេះទៅអ្នកជាទីស្រឡាញ់អស់ពេលជាច្រើនឆ្នាំ តើគេនឹងគិតឬធ្វើបែបណាចំពោះអ្នកវិញ?
គិតពីរឿងស្វាមីរបស់ខ្លួនឯងជាមុនសិន
បើទោះបីជាពេលខ្លះអ្នកមិនអាចបានអ្វីដូចដែលអ្នកប្រាថ្នា ខ្ញុំគិតថា ជារឿយៗ អ្នកអាចភ្ញាក់ផ្អើល ក្នុងការស្វែងរកគន្លឹះដើម្បីសុភមង្គលដ៏អស្ចារ្យក្នុងការរៀបអាពាហ៍ពិពាហ៍។ ដូច្នេះហើយ គូស្វាមីភរិយាជាច្រើន បានលែងលះគ្នានាពេលបច្ចុប្បន្ននេះ ក៏ព្រោះតែពួកគេធ្វេសប្រហែសមិនយកចិត្តទុកដាក់ ឬគិតពីរឿងគ្រួសារខ្លួនឯងជាមុនសិននោះ។
ប្រសិនបើអ្នកជ្រើសយកការគិតគូរពីគ្នាជាមុនសិននោះ អ្នកនឹងជួបតែក្ដីសុភមង្គលជាមិនខាន។
៤. មិនពេញចិត្តរូបរាងកាយរបស់ស្វាមី
បុរសៗតែងចង់បានប្រពន្ធដែលមានរូបរាងស្រស់ស្អាត ហើយនៅពេលដែលអ្នកមិនខ្វល់អ្វីសោះពីភាពស្និទ្ធស្នាល វាជាសញ្ញាមិនល្អឡើយចំពោះទំនាក់ទំនង។ ទំនាក់ទំនងផ្លូវភេទ មិនគួរជាឧបករណ៍ក្នុងការត្រួតត្រាប្ដីរបស់អ្នកទេ តែវាគួរតែជាឧបករណ៍សក្ការៈ ដែលនាំឱ្យអ្នកមានភាពស្និទ្ធស្នាលរវាងគ្នាទៅវិញទៅមក។
វាពិតជារឿងល្អបំផុតនៅពេលដែលអ្នកទទួលបាននូវក្ដីស្រឡាញ់ ហើយប្ដីមានភាពរ៉ូមែនទិច ដែលចង់ចែករំលែកនូវអ្វីៗដែលស្រស់ស្អាតនិងសំខាន់ៗជាមួយអ្នកតែម្នាក់គត់។
៥. មិនយល់ចិត្តស្វាមីរបស់ខ្លួន
ស្ត្រីចូលចិត្តឱ្យជាសញ្ញា ប៉ុន្តែបុរសគ្រាន់តែមិនដឹងពីវា (ខ្ញុំគិតថា នោះជាផ្នែកមួយនៃ DNA របស់ពួកគេ)។ កុំចំណាយពេលឥតប្រយោជន៍របស់អ្នកទៅឱ្យសញ្ញា នៅពេលដែលគាត់មិនយល់នោះ។
និយាយឱ្យច្បាស់ជាមួយគាត់ ដោយភាពស្មោះត្រង់អំពីចិត្តគំនិតឬអារម្មណ៍របស់អ្នក ហើយមិនធ្វើឱ្យដល់ថ្នាក់បែកបាក់គ្នានោះទេ។ ប្រសិនបើគាត់សួរអ្នកថាមានរឿងអី អ្នកកុំឆ្លើយតបទៅគាត់វិញថាអត់ «មានរឿងអីទេ» ហើយរំពឹងចំពោះគាត់ឱ្យយល់ពីចិត្តនិងអារម្មណ៍អ្នក ព្រមទាំងបើកចិត្តឱ្យទូលាយ រួចបង្ហាញពីអារម្មណ៍របស់អ្នកទៅកាន់គាត់៕
ប្រែសម្រួល៖ សេង វិបុល / ប្រភព៖ sharefamily.com