រូបភាពឯកសារ
ភ្នំពេញ៖ បន្ទាប់ពីមានករណីមនុស្សចំនួន ៧នាក់ មានអាការៈពុលត្រីក្រពតធ្ងន់ធ្ងរនៅខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗ ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន កុំបរិភោគត្រីក្រពតដែលមានជាតិពុល ព្រោះជាតិពុលនៅក្នុងខ្លួនត្រីអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានករណីពុល ចំនួន ៧នាក់ បន្ទាប់ពីទទួលទានត្រីក្រពតដោយមានអាការៈធ្ងន់ធ្ងរ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ តែបច្ចុប្បន្ននេះ អ្នកជំងឺមានសភាពធូរស្រាលច្រើនហើយ ក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ។
ចំពោះមុខបញ្ហានេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់សាធារណជនទូទៅ ចៀសវាងបរិភោគត្រីក្រពតដែលមានជាតិពុល ព្រោះជាតិពុលក្នុងខ្លួនត្រីក្រពតចំនួន៥ប្រភេទអាចបណ្តាលឱ្យអ្នកទទួលទានរងជំងឺធ្ងន់ធ្ងរនិងអាចឈានទៅបាត់បង់ជីវិតតែម្តង។ ប្រការដែលអាចបណ្តាលមនុស្សបាត់បង់ជីវិត ដ្បិតជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិន ឬដាក់ឱ្យកកក៏ដោយ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួង ត្រីក្រពតក្នុងប្រទេសកម្ពុជាមានចំនួន ៩ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទ មានជាតិពុល។ ត្រីក្រពតដែលមានជាតិពុលមាន ទី១.ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) ដែលមានទំហំអតិបរមា ៦ស.ម។ ទី២.ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម។ ទី៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម។ ទី៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម.។ និងប្រភេទទី៥.ត្រីក្រពតហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម។
តាមការបញ្ជាក់ពីក្រសួង ត្រីក្រពតទាំង ៥ ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូននិងបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។
រីឯរោគសញ្ញា ពុលត្រីក្រពត គឺចាប់ស្តែងឡើងក្រោយបរិភោគរយៈពេល ២០នាទីទៅ២ម៉ោង។ ក្នុងនោះអ្នកជំងឺមានអាការៈដូចជា រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកចាប់ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ ពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់បាន។
សម្រាប់វិធីសាស្រ្តសង្គ្រោះបឋមភ្លាមៗ ក្រោយពុលត្រីក្រពត ក្រសួងណែនាំឱ្យប្រើវិធីលូកចូលមាត់ធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន បានមួយចំណែក។ តែយ៉ាងណាស់ អ្នកពុលត្រូវប្រញាប់ស្វែងរកជំនួសសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុល តម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។
គួររំលឹកផងដែរថា ករណីពុលត្រីក្រពតនេះ ក៏ធ្លាប់បានកើតឡើងដែរកាលពីអំឡុងឆ្នាំ២០១៨ ឆ្នាំ២០២០ រហូតធ្វើឱ្យជនរងគ្រោះបានស្លាប់ មាននៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ កំពង់ស្ពឺ និងករណីលើកនេះក្នុងខេត្តកំពង់ឆ្នាំង៕
រូបភាពក្រសួងសុខាភិបាល