en     km
en     km

ពលរដ្ឋក្រុងកំពង់ចាមបង្ហាញក្តីកង្វល់និងតម្រូវការចាំបាច់ក្នុងវេទិកាសាធារណៈឱ្យអាជ្ញាធរឆ្លើយតប

Share

ខេត្តកំពង់ចាម៖ យ៉ាងហោចណាស់បញ្ហាសំខាន់ៗចំនួន ៣ ធំៗត្រូវបានប្រជាពលរដ្ឋពិសេសយុវជនក្នុងក្រុងកំពង់ចាមលើកឡើងក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំង​ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាកំពង់ចាម។ បញ្ហាសំខាន់ៗដែលយុវជនលើកឡើងចំពោះមុខមន្រ្តីអាជ្ញាធរនោះរួមមាន ការពុំទាន់យល់ច្បាស់ពីសិទ្ធិក្នុងការទទួលសេវាសាធារណៈ និងការយល់ដឹងពីអភិបាលកិច្ចមូលដ្ឋាន ពិសេសការិយា ល័យ និងការយល់ដឹងពីការទទួលសេវាសាធារណៈនៅកម្រិតសង្កាត់និងក្រុងនៅមានកម្រិតនៅឡើយ។

ទិដ្ឋភាពសកម្មភាពរបស់យុវជននិងប្រជាពលរដ្ឋចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរថ្នាក់ក្រុងកំពង់ចាមពីបញ្ហានានាក្នុងសហគមន៍។រូបភាព អោក យ៉ុង។

បញ្ហាធំៗចំនួន ៣ ដែលជាឧបសគ្គរារាំងពលរដ្ឋក្នុងការទៅទទួលសេវាសាធារណៈត្រូវបានរកឃើញតាមរយៈការស្រាជ្រាវរបស់យុវជនដោយបានចុះសម្ភាសន៍ប្រជាពលរដ្ឋរស់នៅសង្កាត់ទាំង ០៤ ក្នុងក្រុងកំពង់ចាម ហើយបញ្ហានេះបានលើកបង្ហាញក្នុងវេទិកាសាធារណៈក្នុងសមួយដែលមានមន្រ្តីពាក់ព័ន្ធនិងប្រជាពលរដ្ឋចូលរួមផងដែរ។

បញ្ហាទាំង ៣ នោះរួមមាន ទី១៖ ប្រជាពលរដ្ឋពិសេសយុវជនភាគច្រើនមិនសូវបានយល់ដឹងអំពីអភិបាលកិច្ចមូលដ្ឋាន និងសេវាកម្មសាធារណៈ។ ទី២៖ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតួនាទី និងការផ្តល់សេវារបស់រដ្ឋបាលសង្កាត់ និងក្រុងនៅមានកម្រិត។ និងបញ្ហាចុងក្រោយ ការយល់ដឹងនិងស្គាល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍អំពីការិយាល័យ និងសេវាសាធារណៈនៅកម្រិតសង្កាត់ និងក្រុងក៏នៅមានកម្រិតនៅឡើយ។

រូបភាពយុវជននិងប្រជាពលរដ្ឋចូលរួមវេទិកាសាធារណៈដែលរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្ត។រូបភាព អោក យ៉ុង។

ចំពោះមុខវេទិកាសាធារណៈដែលមានសមាសភាពចូលរួមពីមន្ត្រីរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ បុគ្គលិកមណ្ឌលសុខភាព ប្រធានភូមិ ស្ថាប័នក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមដែលមានសរុប ៨៥នាក់ តំណាងយុវជនក៏បានសំណូមពរ ៥ ចំណុចផងដែរដើម្បីឱ្យអាជ្ញាធរពិចារណាដោះស្រាយ។

ចំពោះសំណូមពរទី១ ប្រជាពលរដ្ឋពិសេសយុវជនស្នើឱ្យក្រុមប្រឹក្សាសង្កាត់ និងក្រុង គួររៀបចំផ្សព្វផ្សាយកាលវិភាគប្រជុំប្រចាំខែដល់យុវជនបន្ថែមលើសពីព័ត៌មានដែលបិទលើក្តារព័ត៌មាន។ទី២ អាជ្ញាធរក្រុងជួយសម្របសម្រួលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតចូលរួមប្រជុំជាមួយសង្កាត់ និងក្រុងជាប្រចាំ និងទៀងទាត់។ ការធ្វើបែបនេះ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានទទួលព័ត៌មាន និងចំណេះដឹងអំពីអភិបាលកិច្ចមូលដ្ឋាន គោលការណ៍អភិបាលកិច្ចល្អ ជាពិសេសដើម្បីទទួលសេវាកម្មឃុំសង្កាត់ និងក្រុងប្រកបដោយតម្លាភាព គណនេយ្យភាព សុចរិតភាព សមភាព ប្រសិទ្ធភាព និងយុត្តិធម៌។ទី៣ បង្កបរិយាកាសឲ្យយុវជនបានចូលរួមការងាររបស់គណៈកម្មាធិការនានារបស់សង្កាត់លើ ការតាមដានរាល់សកម្មភាព និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសង្កាត់ និងក្រុង ពិសេសលើផែនការចំណាយថវិកា។ សំណូមពរទី៤ ស្នើទៅកាន់មន្រ្តីប៉ូលីស ក្រុមប្រឹក្សាសង្កាត់ និងក្រុងតាមដានពិនិត្យបញ្ហាក្មេងទំនើងបង្ហោះម៉ូតូ គ្រឿងញៀន អំពើហឹង្សា និងបញ្ហាអសន្តិសុខនានានៅភូមិ ឃុំ ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាព បញ្ហាអនាម័យបរិស្ថាន និងការអភិវឌ្ឍជឿនលឿន ។ និងសំណូមពរចុងក្រោយ យុវជនចង់បង្កើតវេទិកាសាធារណៈឱ្យបានយ៉ាងហោចណាស់ ៤ ដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រប់ភាគីសហការគ្នាបានល្អក្នុងកិច្ចការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន។

មន្រ្តីអាជ្ញាធរឡើងថ្លែងទៅកាន់យុវជនដែលបានចូលរួម។រូបភាព អោក យ៉ុង។

ជាលទ្ធផលសម្រេចលើការលើកឡើងនូវក្តីកង្វល់និងចំណុចសំណូរពររបស់ប្រជាពលរដ្ឋចូលរួម អភិបាលរងក្រុង មន្ត្រីការិយាល័យពាក់ព័ន្ធ និងតំណាងសង្កាត់នីមួយៗបានទទួលយកសំណើទាំងអស់ចំណុចទៅពិ ភាក្សានៅកម្រិតសង្កាត់ និងក្រុង ដើម្បីដោះស្រាយ។

ជុំវិញមតិលើកឡើងរបស់ប្រជាពលរដ្ឋ ពិសេសយុវជនក្នុងវេទិកាសាធារណៈនេះ​ លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ចាត់ទុកជាធាតុចូលដ៏មានសារៈសំខាន់មួយ សម្រាប់កសាងផែនការសកម្មភាព និងផែនការថវិការបស់សង្កាត់និងក្រុង។ លោកស្រីអភិបាលរងក្រុងកំពង់ចាមរូបនេះ ថ្លែងបន្ថែមថា មតិយោបល់និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធនិងស្វះស្វែងរកដំណោះស្រាយប្រកកដោយគុណភាព និងទាន់ពេលវេលា។

សម្រាប់លោកស្រីអភិបាលរងក្រុងយល់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន បានរួមចំណែកកាន់តែប្រសើរលើការពង្រឹងគណនេយ្យភាព អភិបាលកិច្ចល្អ ពិសេសការអនុវត្តការងាររបស់អាជ្ញាធរប្រកបដោយតម្លាភាពផ្នែកថវិកាផងដែរ។ ក្នុងនាមជាអាជ្ញាធរក្រុង លោកស្រីស្វាគមន៍នូវការសហការចូលរួមសម្មភាពនានារបស់អង្គការសង្គមស៊ីវិល ហើយរាល់សំណើ សំណូមពរនានាដោយនឹងយកទៅពិចារណាដាក់ចូលក្នុងផែនការសកម្មភាព និងផែនការថវិកាដើម្បីកែលម្អស្ថានភាពអ្នកទទួលផលឲ្យកាន់តែល្អប្រសើរឡើង។

លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម។រូបភាព អោក យ៉ុង។

យុវតីខ្មែរ-អ៊ីស្លាមម្នាក់ដែលបានចូលរួមក្នុងវេទិកាសាធារណៈនេះមានឈ្មោះ នី ប៉ាត្រី ប្រាប់សិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមថា កញ្ញារីករាយដែលបានចូលរួមក្នុងវេទិកានេះ ពិសេសបានដឹងពីបញ្ហា និង សំណូមពររបស់យុវជនដែលលើកឡើង ហើយត្រូវបានមន្រ្តីពាក់ព័ន្ធសន្យាទទួលយកទៅដោះស្រាយ។ ទោះបីជាវេទិកាសាធារណៈនេះ កញ្ញាទើបបានចូលរួមជាលើកទី១ ក្តីតែកញ្ញាយល់ថា ខ្លួនអាចរៀនសូត្របានអំពីភាពក្លាហាន និងរបៀបធ្វើបទបង្ហាញប្រកបដោយទំនុកចិត្តរបស់យុវជន។

ដោយឡើយលោក មាស​ ណាវី សមាជិកក្រុមប្រឹក្សាសង្កាត់ប្រាប់ឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកតែងស្វាគមន៍ចំពោះការចូលរួមរបស់យុវជន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណើរការអភិវឌ្ឍន៏ និង​អភិបាលកិច្ចមូលដ្ឋាននៅសង្កាត់។ លោកបន្តថា កន្លងមកសង្កាត់ធ្លាប់បានអញ្ជើញប្រជាពលរដ្ឋឲ្យចូលរួមប្រជុំក្រុមប្រឹក្សាផងដែរ តែប្រជាពលរដ្ឋភាគច្រើនរវល់រកស៊ី និងធ្វើការងារដែលធ្វើឲ្យខកខានការចូលរួម ។

សូមបញ្ជាក់ថា វេទិកាសាធារណៈនេះត្រូវបានដឹកនាំ និងរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ដែលមានអ្នកចូលរួមវេទិកាសាធារណៈដូចជា ព្រះសង្ឃ សិស្ស និស្សិត ជនមានពិការភាព តំណាងអង្គការ និង​អាជ្ញាធរមូលដ្ឋាន សរុប ៨៥នាក់ ក្នុងនោះមានស្រី ៤៩ នាក់៕

អត្ថបទខ្លីសរសេរដោយ  អោក យ៉ុង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង