កំពង់ធំ៖ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកមួយចំនួននៃខេត្តកំពង់ធំបានចុះបង្រ្កាបករណីគ្រឿងញៀន និងបានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមគោលដៅមួយចំនួនពីបញ្ហាគ្រឿងញៀនឈានទៅលុបបំបាត់បញ្ហានេះពីសហគមន៍។ តែយ៉ាងណា ដើម្បីឱ្យវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចអាចសម្រេចបានតាមគោលដៅរំពឹងទុក លុះត្រាតែឪពុកម្តាយនិងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអប់រំយុវជនបន្ថែម។
សកម្មភាពសមត្ថកិច្ចចុះអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានពីបញ្ហាគ្រឿងញៀន។រូបភាពពី ប៉ាត ពណ្ណរាយ។
កាលពីចុងខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ធំបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន»។ កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរ ស្ថាប័ន មន្ទីរអង្គភាព សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមច្រើនកុះករ។
សកម្មភាពយុវជននិងសិស្សានុសិស្សចូលរួមទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន។រូបភាពពី ប៉ាត ពណ្ណរាយ។
ដោយឡែកសារសំខាន់ៗលើបញ្ហាគ្រឿងញៀន គឺគោលដៅរួមគ្នាអនុវត្តឱ្យគ្រប់ភូមិទាំងអស់ក្លាយជាភូមិដែលគ្មានគ្រឿងញៀន និងគ្រប់មជ្ឈដ្ឋានត្រូវបន្តអនុវត្តស្មារតីជាតិ ចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។
លោកវរសេនីយឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ថា ស្ថានភាពបទល្មើសគ្រឿងញៀនបានថមថយនៅទីប្រជុំជន ប៉ុន្តែហាក់រីករាលដាលនៅតាមទីជនបទទៅវិញ។ តែចំពោះមុខបញ្ហានេះ លោកវរសេនីយ៍ឯកបញ្ជាក់ថា អាជ្ញាធរតែងតែប្រតិបត្តិការចុះបង្ក្រាបជាប្រចាំ និងបានចុះអប់រំផ្សព្វ ផ្សាយតាមគោលដៅមួយចំនួនសំដៅឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍។
លោកវរសេនីយឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។រូបភាពពី ប៉ាត ពណ្ណរាយ។
ជាការចូលរួមក្នុងសកម្មភាពលុបបំបាត់បញ្ហាគ្រឿងញៀនជាមួយអាជ្ញាធរមានសមត្ថកិច្ចនេះ អ្នកស្រី កែវ សុផា វ័យ៣៨ឆ្នាំ រស់នៅឃុំសំបូរ ស្រុកប្រាសាទសំបូរនិយាយថា អ្នកស្រីតែទូន្មានអប់រំកូនជាប្រចាំដោយមិនឱ្យរាប់អានមិត្តភក្តិមិនល្អដែលអាចនាំដើរខុសផ្លូវធ្លាក់ខ្លួនជាអ្នកញៀនថ្នាំ។ រីឯកូនៗដែលធ្វើការងារឆ្ងាយពីផ្ទះ អ្នកស្រីតែងឆ្លៀតពេលហៅទូរសព្ទសួរសុខទុក្ខ និងហាមកុំឱ្យប្រព្រឹត្តអំពើអបាយមុខ ពិសេសកុំចង់សាក ជាមួយគ្រឿងញៀន។
អ្នកស្រី កែវ សុផា វ័យ៣៨ឆ្នាំ រស់នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ។រូបភាពពី ប៉ាត ពណ្ណរាយ។
ចំណែកមេភូមិសំបូរលោក ឃឹម ផាត វ័យ៤៧ឆ្នាំ ប្រាប់ថាតួនាទីជាប្រធានភូមិលោកតែងតែឆ្លៀតពេល ជិះកង់ដឹកមេក្រូផ្សព្វផ្សាយសារសំឡេងអប់រំខ្លីៗអំពីគ្រឿងញៀនតាមភូមិ។ មិនថាតែយុវជនក្នុងភូមិឬកូនៗរបស់លោកនោះទេ លោកផាត តែអប់រំឱ្យប្រឹងរៀនសូត្រដើម្បីអនាគតខ្លួននិងគ្រួសារ និងជំរុញឱ្យពួកគេជៀសវាងដើរលេងយប់ព្រលប់ សេពគប់មិត្តមិនមិនល្អដែលអាចធ្លាក់ខ្លួនពាក់ព័ន្ធបញ្ហាគ្រឿងញៀន។
មេភូមិសំបូរលោក ឃឹម ផាត។រូបភាពពី ប៉ាត ពណ្ណរាយ។
ក្នុងសា្មរតីរួមគ្នាប្រឆាំងគ្រឿងញៀននេះដែរ លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រសាទសំបូរ លើកឡើងអំពីសកម្មភាពកន្លងមកថា ក្រៅពីការងារផ្សព្វផ្សាយ លោកបានបញ្ជាឱ្យកងកម្លាំងដឹកនាំចុះល្បាត អប់រំក្មេងគេចសាលា និងក្មេងទំនើងជាដើម។ លោកថាករណីសង្ស័យ និងពិនិត្យទឹកនោមឃើញមានផ្ទុកសារធាតុញៀន សមត្ថកិច្ចនឹងកោះហៅឪពុកម្តាយមកចូលរួម អប់រំ ណែនាំ ឱ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀនមុនប្រគល់ជូនឪពុកម្តាយវិញ។
លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រសាទសំបូរ។រូបភាពពី ប៉ាត ពណ្ណរាយ។
ផ្អែកតាមរបាយការណ៍នៃលទ្ធផលត្រួតពិនិត្យគ្រឿងញៀនត្រឹមឆមាសទី១ ឆ្នាំ២០២៤ របស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញថា ក្រុមការងារបានធ្វើការចុះផ្សព្វផ្សាយច្បាប់ ត្រួតពិនិត្យគ្រឿងញៀននិងគ្រោះថ្នាក់ដោយសារគ្រឿងញៀនបានចំនួន ៤០០លើក មានអ្នកចូលរួមសរុប ចំនួន ១០ម៉ឺននាក់ ក្នុងស្រីជាង ៧ម៉ឺននាក់។ ក្នុងនោះសមត្ថកិច្ចបានអនុវត្តវិធានការ អប់រំ ណែនាំ ម្ចាស់អាជីវកម្ម បិទបម្រាម សារអប់រំបញ្ហាគ្រឿងញៀនចំនួន ៤២២ទីតាំង៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។
រូបភាពសកម្មភាពសមត្ថកិច្ចចុះអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនកន្លងមក៖