en     km
en     km

សង្គមស៊ីវិលជាង១០០ស្ថាប័នស្នើតុលាការពិចារណាឡើងវិញ ទម្លាក់បទចោទប្រឆាំងសកម្មជនបរិស្ថាន

Share

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅអង្គុយមុខប៉ារ៉ាសសមត្ថកិច្ច ថ្ងៃទី៥ ខែមិថុនា ២០២៤។ WMC/KimChanchav

បណ្តាញសង្គមស៊ីវិល ស្នើឱ្យតុលាការផ្តល់យុតិធម៌ដល់ក្រុមយុវជនចលនាមាតាធម្មជាតិទាំងអស់ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ ដើម្បីពួកគេបានបន្ត បេសកកម្មក្នុងការការពារបរិស្ថាន និងចូលរួមសកម្មក្នុងបុព្វហេតុសង្គមជាតិដោយសេរី និងគ្មានការភ័យខ្លាច។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

បណ្តាញអង្គការសង្គមស៊ីវិល សហជីព សហគមន៍ ជាង១០០ស្ថានប័ន បានបង្ហាញការសោកស្តាយ និងព្រួយបារម្មយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្ដីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៤ ដែលបានផ្តន្ទាទោសចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ ចំនួន១០រូប ដាក់ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ និងពិន័យប្រាក់ ចូលរដ្ឋ១០លានរៀលពីបទ “ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់” តាមមាត្រា ៤៥៣ និងមាត្រា៤៣៧ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងត្រូវបានចាប់ខ្លួនសកម្មជន ចំនួន៥រូបរួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យឹម លាងហ៊ី លោក ថុន រដ្ឋា  និងលោក លី ចាន់ដារ៉ាវុត។ អ្នកទាំង៥នាក់ត្រូវបានចាប់ខ្លួន ភ្លាមៗបន្ទាប់ពីការប្រកាសសាលក្រមយ៉ាងហិង្សាដោយកងកម្លាំងសន្តិសុខជាច្រើននាក់។

ដោយយោងតាមមាត្រា៣៥ រដ្ឋធម្មនុញ្ញកម្ពុជា បណ្តាស្ថាប័នទាំង១០២នេះ យល់ឃើញថា ភាពសកម្មរបស់ក្រុមយុវជនចលនាមាតាធម្មជាតិក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិកន្លងមក គឺជាការប្រើប្រាស់សិទ្ធិស្របច្បាប់ ហើយសកម្មភាពទាំងនេះមិនគួរត្រូវបានចោទប្រកាន់ និងដាក់ទោសទណ្ឌនោះទេ ផ្ទុយមកវិញ ពួកគេគួរតែត្រូវបានកោត សរសើរ និងលើកទឹកចិត្តពីរដ្ឋាភិបាល។

បណ្តាញសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា ការសម្រេចផ្តន្ទាទោស និងចាប់ឃុំខ្លួនទាំងកម្រោលពីសំណាក់កងកម្លាំងសមត្ថកិច្ច លើក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាការបង្ហាញជាថ្មីទៀតនូវការគំរាមកំហែង និងការរិតត្បិតសេរីភាពបញ្ចេញមតិរបស់ ប្រជាពលរដ្ឋ ពិសេសសកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រៃឈើ បរិស្ថាន និង សកកម្មជនសង្គមឯទៀតៗ។ ដោយរូបភាពនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិសេរី ភាពស្របច្បាប់របស់ពួកគេ ហើយក៏បានបង្ហាញពីការខកខានរបស់រដ្ឋាភិបាលចំពោះកាតព្វកិច្ចសិទ្ធិមនុស្សក្នុងនាមជារដ្ឋហត្ថលេខី នៃកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាផងដែរ ។

ហេតុដូចនេះ បណ្តាញសង្គមស៊ីវិល ស្នើឱ្យតុលាការផ្តល់យុតិធម៌ដល់ក្រុមយុវជនចលនាមាតាធម្មជាតិ ទាំងអស់ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌ ដើម្បីពួកគេបានបន្ត បេសកកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិសម្រាប់ជាឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជន និងស្នើដល់រាជរដ្ឋាភិបាល បើកនូវលំហរសេរីភាពដល់ប្រជាពលរដ្ឋ សកម្មជន គ្រប់និន្នាការទាំងអស់ ដើម្បីអាចចូលរួមសកម្មក្នុងបុព្វហេតុសង្គមជាតិដោយសេរី និងគ្មានការភ័យខ្លាច។ ក្នុងនោះ លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​៣​ (​ម​៣​) ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​រីឯ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​ ​។​ ​លោក​ ​យី​ម​ ​លាង​ហ៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព្រះវិហារ​៕

#WMC #womenradio #វិទ្យុស្រ្តី #មាតាធម្មជាតិ #mothernature #សកម្មជនបរិស្ថាន

 

ត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង