en     km
en     km

មេធាវីលោក កឹម សុខា រំពឹងថាតុលាការផ្ដល់យុត្តិធម៌ជូនកូនក្ដីខ្លួន បន្ទាប់ពីបញ្ចប់សវនាការចុងក្រោយ

Share

សហមេធាវីការពារក្ដីលោក កឹម សុខា បានចេញពីសវនាការកាលពីថ្ងៃទី៤ ខែកក្កដានេះ។ WMC/Cheasokny

ការជំនុះជម្រះករណីលោក កឹម សុខា ត្រូវបានឈានមកដល់សវនាការចុងក្រោយ បន្ទាប់ពីធ្វើសេចក្ដីសន្និដ្ឋានលទ្ធផល ដើម្បីប្រកាសសាលក្រម  ខណៈដែលសហមេធាវីការពារក្ដីលោក កឹម សុខា រំពឹងថាតុលាការនឹងផ្ដល់ភាពយុត្តិធម៌ជូនអតីតប្រធានគណបក្សប្រឆាំងរូបនេះ ឱ្យមានសិទ្ធសេរីភាពឡើងវិញ។ កញ្ញា ជា សុខនី រាយការណ៍

 

 

សហមេធាវីការពារក្ដីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក អាង ឧត្តម បានប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញថា សវនការលើកទី១២ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ជាសវនាការលើកចុងក្រោយហើយដែលក្រុមប្រឹក្សាជំនុំជម្រះ បានបើកការជំនុំជម្រះលើករណីលោក កឹម សុខា ប៉ុន្តែក្រោយពីបញ្ចប់សវនាការនេះ គឺស្ថាប័នអយ្យការបែរជាត្រូវការពេលវេលារហូតដល់ ២ខែ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានសរុបលើសវនាការទាំងនោះ។ ការត្រូវការពេល ២ខែនេះ លោកមេធាវីចាត់ទុកថា ជាការអូសបន្លាយពេលវេលាមិនចង់ធ្វើសេចក្ដីសម្រេចលើករណីលោក កឹម សុខា ដើម្បីស្វែងរកភាពយុត្តិធម៌ជូនលោក កឹម សុខាប៉ុណ្ណោះ។

លោក អាង ឧត្តម សហមេធាវីការពារក្ដីលោក កឹម សុខា

លោក អាង ឧត្តម៖ «យើងថាអត់ត្រូវការពេលយូរទេ ព្រោះការរង់ចាំយុត្តិធម៌ ជារឿងអយុត្តិធម៌រួចហើយ ដូចឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍អញ្ចឹង។ អញ្ចឹងយើងស្នើទោះជារវល់លំបាកយ៉ាងណា យើងស្នើសុំរយៈពេលមួយខែក្នុងការធ្វើសេចក្ដីសន្និដ្ឋានជាលាយលក្ខណ៍អក្សរយើងហ្នឹង ហើយក៏តុលាការសួរទៀតថាក្នុងការធ្វើសេចក្ដីសន្និដ្ឋានផ្ទាល់មាត់ហ្នឹង ភាគីណាត្រូវការប៉ុន្មានៗអញ្ចឹងទៅ អញ្ចឹងតុលាការបង្គាប់ឱ្យយើងដាក់សេចក្ដីសន្និដ្ឋានគ្រប់ភាគីហ្នឹងមុនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ពីព្រោះថ្ងៃសវនាការសេចក្ដីស្និដ្ឋានផ្ទាល់មាត់ត្រូវធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ»។

ទោះបីយ៉ាងណា លោករំពឹងទុកថា សាលឧទ្ធរណ៍នឹងស្វែងរកយុត្តិធម៌ជូនលោក កឹម សុខា តាមរយៈការផ្អែកលើអង្គហេតុច្បាប់ ចៀសជាងពាក់ព័ន្ធរឿងនយោបាយ។

ចំណែកសហមេធាវីមួយរូបទៀត គឺលោក ផែង ហេង សង្ឃឹមថាការសរុបសេចក្ដីសន្និដ្ឋានខាងមុខនេះ តុលាការនឹងផ្អែកលើភស្ដុតាងដែលបានអានរាល់សវនាការកន្លងមកថាលោក កឹម សុខា មិនបានគប់គិត ជាមួយបរទេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាឡើយ។

លោក ផែង ហេង សហមេធាវីការពារក្ដីលោក កឹម សុខា

 លោក ផែង ហេង៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ថា យើងសង្ឃឹមថាលទ្ធផលនឹងផ្ដល់យុត្តិធម៌ជូនឯកឧត្តម កឹម សុខាពេញលេញ និងមានសេរីភាពឡើងវិញ ដោយសារបើយើងពិនិត្យមើលភស្ដុតាងដែលអានព្រឹកមិញ ដូចជាសហរដ្ឋអាមេរិកដែលប្រធានាធិបតីសរសេរលិខិតមកថ្ងៃទី១ ខែ១១ ឆ្នាំ២០១៩ មកសម្ដេច ហ៊ុន សែន ហើយសម្ដេច ហ៊ុន សែន ក៏បានឆ្លើយតបទៅវិញនៅថ្ងៃទី២៦ ខែ១១ ឆ្នាំ២០១៩ គឺជាភស្ដុតាងមួយដែលបញ្ជាក់ថាមិនមានបរទេស ឬសហរដ្ឋអាមេរិកណានៅពីក្រោយ ឬក៏ឯកឧត្តម កឹម សុខាហ្នឹង សន្តិភាពជាមួយបរទេស»។

ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានមកចូលរួមស្ដាប់សវនាការលោក កឹម សុខាព្រឹកនេះ មើលឃើញថា សវនាការទាំង១២លើកនេះ ដែលតុលាការបានបើកការជំនុំជម្រះ ពាក់ព័ន្ធនឹងការចោទប្រកាន់ និងការដោះបន្ទុកផ្សេងមកលើលោក កឹម សុខា គឺវាមានលក្ខណៈស្មុគស្មាញទាក់ទងនឹងរឿងនយោបាយច្រើនជាងការអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកចំពោះសវនាការព្រឹកនេះ លោកថា ក្រុមប្រឹក្សាជំនុំជម្រះ បានអនុញ្ញាតឱ្យក្រឡាបញ្ជីអានរបាយការណ៍របស់មេធាវីការពារក្ដីឱ្យលោក កឹម សុខា ចំនួន៣រួមមាន៖ កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៤ អានរបាយការណ៍របស់អង្គការអន្តរជាតិ ដែលបង្រៀនគណបក្សនយោបាយអំពីការបោះឆ្នោត ហើយក្នុងនោះក៏មានសមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមផងដែរ។

លោកបន្តទៀតថា ក្រៅពីនេះក្រឡាបញ្ជីក៏បានអានរបាយការណ៍របស់អង្គការលីកាដូ ដែលរកឃើញភាពមិនប្រក្រតីមួយចំនួនអំពីការបោះឆ្នោតនៅឆ្នាំ២០១៣ ដូចជា៖ ការបន្លំសន្លឹកឆ្នោត និងមានករណីគំរាមកំហែងដល់គណបក្សប្រឆាំងជាដើម។ ក្រោយពីការអានរបាយការណ៍នេះចប់ លោកថាក្រុមប្រឹក្សាជំនុំជម្រះ ក៏បានផ្ដល់ឱកាសឱ្យលោក កឹម សុខា លើកឡើងពីបញ្ហាដែលនៅសេសសល់ដើម្បីស្នើសុំ។

លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក។ WMC/Cheasokny

លោក យី សុខសាន្ត៖ «លោក កឹម សុខា គាត់បានស្នើមួយដែរថាដោយសារតែគាត់ជាប់នៅក្នុងផ្ទះយូរទីមួយគាត់ស្នើសុំឱ្យក្រុមប្រឹក្សាបន្ធូរបន្ថយឱ្យគាត់បានចេញទៅលេងសួរសុខទុក្ខបងប្អូនគាត់ ជាពិសេសម្ដាយគាត់ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានប្រាប់ទៅគាត់វិញថាឱ្យស្នើសុំទៅតំណាងអយ្យការទៅ»។

ក្រោយពីបញ្ចប់សវនាការលើកទី១២នេះ លោកថាក្រុមប្រឹក្សាជំនុំជម្រះ នឹងធ្វើសេចក្ដីសន្និដ្ឋានសរុបលទ្ធផលសវនការទាំងនោះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយបន្ទាប់មកអាចនឹងមានការប្រកាសសាលក្រមសម្រេចលើករណីលោក កឹម សុខា។

លោក យី សុខសាន្ត៖ «យើងមើលឃើញពាក់ព័ន្ធនឹងការចោទប្រកាន់ ក៏ដូចជាការដោះបន្ទុក យើងមើលទៅមានចំណុចល្អរៀងៗខ្លួន ដែលមានចំណុចខាងនោះចោទ ខាងនេះលាតទៅបើយើងមើលតាមការកត់សម្គាល់ ករណីនេះវាមានភាពស្មុគស្មាញពាក់ព័ន្ធនឹងរឿងនយោបាយ ច្រើនជាងរឿងធ្វើតាមផ្លូវច្បាប់»។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ពីបទ «បទគប់គិតជាមួយបរទេស»ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៧។ ហើយសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីឆ្នាំ២០២៣៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង