ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនលោក សុខ ទូច ថ្លែងថា វៀតណាមបានបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែកន្លែងខ្លះបង្គោលព្រំដែនកម្ពុជា ក៏បានបោះបង្គោលចូលក្នុងទឹកដីវៀតណាមវិញដែរ។ ការថ្លែងរបស់សុខ ទូចនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការទូទៅនៃការសិក្សាស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ ២០១៦នេះ។
លទ្ធផលរបស់ក្រុមសិក្សាស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុយរយៈពេលជាង៧ខែមកនេះ បានរកឃើញបង្គោលព្រំដែន១០០០បង្គោល ក្នុងចំងាយប្រមាណ៥០០គីឡូម៉ែត្រ ក្នុងចំណោមខេត្តចំនួន៤ រួមមាន ខេត្តកំពត កណ្តាល ស្វាយរៀង និងត្បូងឃុំ។
លោក សុខ ទូច បានឲ្យដឹងថា បន្ទាប់ពីរកឃើញការបោះបង្គោលចូលដីគ្នាទៅវិញទៅមកនេះ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលវៀតណាម នឹងធ្វើការដោះដូរគ្នាជាកញ្ចប់ ។ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ថា និងត្រូវដោះដូរគ្នានៅកន្លែងណា និងចំនួនប៉ុន្មាននោះទេ ព្រោះកិច្ចការនេះស្ថិតនៅក្នុងដៃគណកម្មាការកិច្ចការព្រំដែនកម្ពុជា។
លោក សុខ ទូចមានប្រសាសន៍ថា៖«មានបង្គោលមួយបានចូលដីខ្មែរនៅខេត្តត្បូងឃ្មុំគឺ បង្គោល ៩៤ ៩៥ និង១០៩ ចូលដីខ្មែររាប់សិបហិចតា និងកន្លែងខ្លះ ៥ម៉ែត្រ ១០ម៉ែត្រ និង៥០ម៉ែត្រ»។
ទោះបីយ៉ាងណាក៏ដោយ លោក សុខ ទូច មិនធ្វើការអត្ថាធិប្បាយថា កម្ពុជាចំណេញ ឬមួយវៀតណាមចំណេញ ពីការស្រាវជ្រាវ នោះទេ តែលោកបញ្ជាក់ថា អ្វីដែលប្រទេសកម្ពុជាចង់បាននោះ គឺភាពសុក្រឹតរវាងខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ។
អ្នកសិក្សាស្រាវជ្រាវកិច្ចការព្រំដែនបានបង្ហាញថា នៅក្នុងចំណោម១០០០បង្គោលនេះ មានបង្គោលបីប្រភេទផ្សេងគ្នា រួមមាន៖ បង្គោលព្រំដែនសម័យបារាំង បង្គោលសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង បង្គោលសម័យបច្ចុប្បន្ន ដែលបោះដោយរាជរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ។
ជុំវិញការសិក្សាស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិតសភាថា កម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនចូលក្នុងទឹកដីគ្នាទៅវិញទៅមកនេះ លោក អ៊ុំ សំអាន តំណាងគណបក្សសង្គ្រោះជាតិ ដែលធ្វើការពាក់ព័ន្ធ និងបញ្ហានេះ បានលើកឡើងថា មានតែភាគីវៀតណាមទេ ដែលបោះបង្គោលព្រំដែនចូលដីកម្ពុជាយ៉ាងជ្រៅ ដោយឡែកកម្ពុជាមិនបានបោះបង្គោលចូលដីវៀតណាមនោះទេ។ លោកជឿជាក់ថា រដ្ឋាភិបាលវៀតណាម មិនព្រមឲ្យកម្ពុជាបោះបង្គោលព្រំដែនចូលទឹកដីខ្លួនឡើយ។
លោក សុខ ទូច បន្តថា ការស្រាវជ្រាវប្រមូលទិន្នន័យបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៧ ខាងមុខ បន្ទាប់មកក្រុមសិក្សាស្រាវជ្រាវកិច្ចការព្រំដែន ធ្វើការផ្ទៀងផ្ទាត់ផែនទីជាមួយផែនដីរួច។ លោកបន្ថែមថា ក្រៅពីផ្ទៀងផ្ទាត់ផែនទីជាមួយផែនដីរួចរាល់ហើយ ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបោះពុម្ភសៀវភៅ ទុកជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ។
ឮប្រធានក្រុមស្រាវជ្រាវរូបនេះបានអះអាងថា ក្រុមរបស់លោកធ្វើការសិក្សាស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ដោយផ្អែកទៅតាមផែនទីប៉ោនខ្នាត១/១០០០០០។
សូមជម្រាប់ថា ព្រំដែនដីគោកកម្ពុជាមានប្រវែងប្រមាណ១២៧០គីឡូម៉ែត្រ។ បើតាមរាជរដ្ឋាភិបាលបានអះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមបានជាង៨៥ភាគរយហើយ៕