ដោយគិតគូរពីបញ្ហាបរិស្ថាននៅកម្ពុជាក្រុមហ៊ុន MG Pacific Limited Company បានផ្តើមគម្រោងមួយឈ្មោះថា «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក» បង្កើតឡើងដើម្បីផ្លាស់ប្តូររូបរាងការវេចខ្ចប់ក្រដាសអនាម័យដោយប្រើប្រាស់ប្លាស្ទិកទៅជាការដាក់ក្នុងប្រអប់ជំនួសវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងខ្សែចង្វាក់ផលិតកម្ម ក៏ប៉ុន្តែសន្ទុះនៃការលក់ហាក់មិនសូវមានការគាំទ្រលើទីផ្សារ។ ទោះជាយ៉ាងនេះក្តី ប្រធានក្រុមហ៊ុនមួយនេះឱ្យដឹងថា ក្រុមហ៊ុននឹងមិនបោះបង់ចោលគម្រោងមួយនេះឡើយ ហើយនៅតែបន្តជំរុញឱ្យអាជីវករនិងអ្នកប្រើប្រាស់បន្តជាវផលិតផល ដ្បិតផលិតកម្មនេះបានជួយកាត់បន្ថយប្លាស្ទិកក្នុងបរិស្ថាន។ ហេតុអ្វីបានជាក្រុមហ៊ុននេះមានឆន្ទៈបន្តផលិតនិងលក់ បើទោះបីជាមិនសូវមានការគាំទ្រ? ហើយថាតើការរួមចំណែកមិនវេចខ្ចប់ប្លាស្ទិកក្នុងផលិតផលក្រដាសអនាម័យបានរួមចំណែកផលភាពវិជ្ជមានអ្វីខ្លះដល់បរិស្ថាននិងអ្នកប្រើប្រាស់? ចង់ជ្រាបច្បាស់សូមនាង កញ្ញា លោកលោកស្រី អញ្ជើញស្តាប់ព័ត៌មានពិស្តារពីកញ្ញា កែវ សុជាតា ដោយមេត្រី៖
«បច្ចុប្បន្ន វាពិបាកនឹងងាកដោយសាររបត់ប្រជាជន ឬក៏មនុស្សយើងងាកទៅ គេហៅថាស៊ីវិល័យ ទំនើប អនាម័យ ម្ល៉ោះហើយគាត់ឱ្យតម្លៃច្រើនលើការវេចខ្ចប់ packaging។ ដល់យើងអត់ចង់ប្រើ packaging ច្រើន ប្លាស្ទិកច្រើន គឺធ្វើឱ្យផលិតផលយើងហ្នឹងគឺគាត់មើលមកខ្វះអនាម័យ ខ្វះសោភ័ណ្ឌភាព។ នេះជាផលលំបាកដែលយើងពិបាកហ្នឹងទទួលបានការគាំទ្រច្រើន។»។
នេះគឺជាការលើកឡើងរបស់លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន MG Pacific Limited Company នៅក្នុងសម្តីដើមដែលមានខ្លឹមសារចង់រំលឹកឡើងនូវការលំបាកមួយចំនួនដែលក្រុមហ៊ុនជួបប្រទះ ខណៈដែលការវេចខ្ចប់ មានភាពស្អាត អនាម័យ និងសោភ័ណ្ឌភាព ត្រូវបានដាក់ជាចម្ងល់។ លោក តាំង សុជាតិ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា នៅក្នុងគម្រោង«ផ្តើមចេញពីអ្នក»ភាពស្អាតនិងអនាម័យគឺជាស្តង់ដារបស់ក្រុមហ៊ុនរួចជាស្រេចទៅហើយ បន្ថែមពីនេះសោភ័ណ្ឌភាពនៃការដាក់ក្នុងប្រអប់ជ័រជំនួសឱ្យការរុំប្លាស្ទិក បានផ្តល់ភាពស្រួលទៅដល់អ្នកប្រើប្រាស់ ពិសេសមិនពិបាកក្នុងការទុកដាក់ឬបោះចោលសំណល់ប្លាស្ទិក។
លោក តាំង សុជាតិ ឈរនៅក្បែរម៉ាស៊ីនកាត់ចានធ្វើពីកាកអំពៅ។ រូបភាព៖ WMC/កែវ សុជាតា
គម្រោង«ផ្តើមចេញពីអ្នក»គឺជាគម្រោងមួយដែលផ្តួចផ្តើមឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងខ្សែចង្វាក់ផលិតក្រដាសអនាម័យរបស់ក្រុមហ៊ុន ហើយក៏ចង់បញ្ជ្រាបទៅកាន់អាជីវករនិងអ្នកប្រើប្រាស់ទាំងអស់ឱ្យងាកមកគិតគូរពីបញ្ហាបរិស្ថាន ក៏ដូចជាសំណល់ប្លាស្ទិកដែលពិបាកក្នុងការទុកដាក់ កែច្នៃ និងមិនងាយរលាយ។ គម្រោងនេះចាប់ផ្តើមអនុវត្តនិងធ្វើឱ្យលេចជារូបរាងនៅដើមឆ្នាំ២០២៣ដោយលោក សុជាតិ បញ្ជាក់ថា ខ្សែចង្វាក់កែច្នៃការវេចខ្ចប់នេះ ប្រព្រឹត្តទៅល្អប្រសើរនិងងាយស្រួលទៅដល់អ្នកផលិតទៅវិញទេ ដោយសារមិនចាំបាច់ប្រើប្រាស់ប្លាស្ទិករុំមួយកងៗដែលត្រូវការការប្រើប្រាស់ពេលវេលាច្រើន គួបផ្សំនឹងចំណាយថវិកាបន្ថែម។
លោក សុជាតិ អង្គុយផ្តល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មានវិទ្យុស្រ្តី ទប់ង៉ក់បន្តិចរួចបន្តថា ទោះបីជាក្រុមហ៊ុនមានឆន្ទៈក្នុងការចូលរួមកិច្ចការសង្គមតាមរយៈគម្រោងនេះក្តី តែក្រុមហ៊ុនត្រូវការរកចំណូលពីការលក់ផលិតផលដូចគ្នា ពោលគឺសន្ទុះនៃការលក់និងកំណើននៃការគាំទ្រហាក់នៅមានកម្រិត ដែលនេះក្លាយជាបញ្ហាប្រឈម។
«ទី១គឺទាក់ទងរឿងការបង្កើននូវការងារ ទាំងខាងក្រុមហ៊ុនទាំងអ្នកប្រើប្រាស់អតិថិជន។ គាត់ទី១ គាត់ថាបង្កើនការងារដល់គាត់ដោយការត្រូវរក្សាទុកនូវធុង ដែលយើង(ធុង)នៅកន្លែងគាត់។ ទី២ សោភ័ណ្ឌភាព គាត់មើលទៅវាមិនសូវស្អាត ដែលស្រាតទទេរអ៊ីចឹងដូចអត់សូវស្អាត។ ទី៣ ប៉ះពាល់រឿង នៅភ្នំពេញយើងឥឡូវអគារ Office (ការិយាល័យ) មួយចំនួន គឺថ្លៃៗ ការជួលរបស់គាត់មួយការ៉េ ៨រៀល ១០រៀល អ៊ីចឹងពេលគាត់ទុករបស់យើង គឺធ្វើឱ្យបាត់នូវទំហំ space (កន្លែងទីធ្លា) ធ្វើការងាររបស់គាត់។ ទាំងអស់នេះជាឧបសគ្គ ដែលធ្វើឱ្យយើងនិយាយថាមិនជាជោគជ័យនូវការដែលយើងងាកមិនមកប្រើរបស់ច្រើនដង ហើយមិនប្រើការវេចខ្ចប់ទាំងអស់នេះ។ ជាការអំពាវនាវ សូមបងជួយរួមគ្នាលំបាកដើម្បីប្រយោជន៍ទាំងអស់គ្នា ទាំងសេដ្ឋកិច្ច ទាំងបរិស្ថាន។ ហើយក៏លើកតម្លៃជាតិសាសន៍យើងដែរ ដែលថាជាតិសាសន៍យើងគិតបានវែង ហើយមានការលះបង់នូវធនធាន និងគេហៅថាកម្លាំងកាយទាំងអស់នេះដើម្បីរួមគ្នាជាការជួយទៅដល់បរិស្ថាន។»។
ផលិតផលក្រដាសអនាម័យកងបន្ទប់ទឹករបស់ MG ដោយដាក់ក្នុងប្រអប់ជ័រ។ រូបភាព៖ WMC/កែវ សុជាតា
ជាមួយនេះ លោកថា កត្តាប្រឈមទាំងនេះមិនមែនជាឧបសគ្គរបស់ក្រុមហ៊ុនឡើយ ដ្បិតដើម្បីសម្រេចនូវមហិច្ឆតានិងគោលដៅគឺត្រូវការពេលវេលា។ ម្យ៉ាងទៀត លោកអះអាងថា ឆន្ទៈរបស់ក្រុមហ៊ុនមិនត្រឹមតែរកចំណូលដោយការលក់ផលិតផលនិងបញ្ជ្រាបចំណេះដឹងមួយមុខទេ តែជាការផ្តួចផ្តើមនូវជំហានមួយដែលអាចមានឥទ្ធិពលមួយផ្នែកទៅលើអាជីវករតូចធំទាំងឡាយ ឱ្យផ្លាស់ប្តូរផ្នត់គំនិតកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នា។ ជាងនេះ គម្រោងនេះបានអនុវត្តនៅក្នុងគ្រឹះស្ថានអប់រំដែលជាសាលារៀន មន្ទីរពេទ្យ និងស្ថាប័នមួយចំនួននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្រៀនមនុស្សម្នាក់ៗពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈរូបភាពតូចៗ។
«វាគឺជាការស្រឡាញ់ ហើយនិងជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គម និងបរិស្ថាន។ យើងឃើញហើយមួយរយៈនេះ គឺបម្រែបម្រួលអាកាសធាតុគឺខ្លាំងណាស់ គឹដោយសារការប្រើហួសនៃមនុស្ស និងហួសចំនួន(ដែលចាំបាច់ត្រូវប្រើ)។ យើងថាម្នាក់ៗឥឡូវគឺប្រើអ្វីក៏ដោយ គឺលើស ដូចថាពីមុនកែវកាហ្វេមួយ យើងដាក់តែកែវប្លាស្ទិកទេ បន្ទាប់មកយើងថែមថង់(ប្លាស្ទិក)មួយទៀត ថង់ហើយថែមស្រយ៉ូ(បំពង់បឺតប្លាស្ទិក)មួយទៀត ស្រយ៉ូហើយស្រោប(ថង់ខ្ចប់)ពីក្រៅមួយទៀត។ នេះគឺជាការប្រើលើស ហើយចូលរួមទាំងអស់គ្នាដូចខ្ញុំប្រើនូវកែវបរិស្ថាន ហើយកែវដែកអីទុកដាក់កាហ្វេអីរាល់ថ្ងៃនេះ ជួយគ្នាកាត់បន្ថយការប្រើលើសបរិមាណទាំងអស់នេះ ដោយសារយើងឃើញហើយថានេះគឺជាទំនោរនៃទំនើប ធ្វើឱ្យមនុស្សកាន់តែស៊ីវិល័យ ការវេចខ្ចប់នេះគឺមនុស្សយើងឱ្យតម្លៃទៅលើការវេចខ្ចប់ខ្លាំងណាស់ តែយើងត្រូវគិតថាការវេចខ្ចប់ ការរុំអីច្រើននេះគឺនឹងហុចផលអាក្រក់មកយើងវិញដោយសារអី យើងប្រើលើសតម្រូវការធម្មតា។»។
ផលិតផលក្រដាសអនាម័យកងបន្ទប់ទឹករបស់ MG ។ រូបភាព៖ WMC/កែវ សុជាតា
ដោយឡែក លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម យល់ថា គម្រោងខាងលើនេះផ្តល់ផលវិជ្ជមានទៅកាន់សង្គម ពិសេសលើបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដែលអាចបង្រៀនឱ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់នូវបរិស្ថានស្អាតល្អ។ បន្ថែមពីនេះ នៅពេលដែលមានសិប្បកម្មផលិតរបស់របរមិនប្រើប្រាស់ប្លាស្ទិក អាចជួយទៅដល់បរិស្ថាននៅជុំវិញរោងចក្រនោះផង និងមិនប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះផង ដោយហេតុថារោងចក្រដែលមានផលិតរបស់របរចេញពីសារធាតុប្លាស្ទិកអាចភាយទៅកាន់ផ្ទៃអាកាស និងផ្ទៃទឹក ពិសេសអាចប៉ះពាល់ទៅដល់មច្ឆាជាតិទៀតផង។
«មនុស្សទូទាំង នៅពេលគាត់ទៅផ្សារ គាត់តែងតែត្រូវការថង់ច្រើន ហើយអ្នកលក់ក៏ត្រូវការចំណាយថង់ច្រើនសម្រាប់ទៅអ្នកទិញ។ អ៊ីចឹងណាបង មិនថាបន្លែមិនថាសាច់អីនោះទេ ហើយទាមទារដាក់ឱ្យថង់ច្រើន អ៊ីចឹងក៏គាត់ត្រូវការចំណាយថវិកាមួយផ្នែកដែលសម្រាប់ផ្គត់ផ្គង់អ្នកទិញ។ ខ្ញុំផ្ទាល់ហើយ នៅពេលដែលខ្ញុំទៅទិញអ្វីមួយ នៅពេលដែលគេដាក់ថង់ឱ្យបន្លែសាច់អីហ្នឹងណាបង បន្លែសាច់ខ្ញុំអត់ត្រូវការប្លាស្ទិកទេបើខ្ញុំត្រូវការថង់ខ្ញុំត្រូវការតែមួយទេ តែអ្នកលក់ព្យាយាមដាក់ពីរបីថង់ ហើយពេលដែលយើងនិយាយជាមួយគាត់ គាត់ចាប់ផ្តើមភ្ញាក់ផ្អើលថាហេតុអ្វីបានអត់ត្រូវការប្លាស្ទិកឬយើងត្រូវការថង់តែមួយទេ។ អ៊ីចឹងខ្ញុំប្រាប់គាត់ថាខ្ញុំអត់ត្រូវការច្រើនទេដោយសារតែខ្ញុំមិនចង់ឱ្យមានសំរាមផ្តេសផ្តាសនៅតាមទីសាធារណៈអីអ៊ីចឹងទៅ។»។
លោក ជុំ ហួត (រូបភាព៖ ជុំ ហួត)
លើសពីនេះ ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម បានលើកឡើងពីឥទ្ធិពលនៃប្លាស្ទិកផងដែរថា ប្លាស្ទិកមួយចំនួនត្រូវការរយៈពេលយូរដើម្បីរលាយទៅវិញ ដូចនេះនៅពេលសំណល់ប្លាស្ទិកកប់នៅក្នុងដីអាចធ្វើឱ្យខូចគុណភាពដី។ ដើម្បីចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាទូទៅ ត្រូវការការខ្នះខ្នែងចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមន្រ្តីថ្នាក់ក្រោមជាតិ ដោយលោក ជុំ ហួត បញ្ជាក់ថា យើងអាចចាប់ផ្តើមតាមរយៈការមិនប្រើប្លាស្ទិកដោយប្រើរបស់កែច្នៃផ្សេងជំនួសវិញ ដូចជាស្លឹកចេកជាដើម ជាងនេះប្រជាពលរដ្ឋគប្បីចូលរួមរើសសំរាមរក្សាអនាម័យនៅតាមទីសាធារណៈដើម្បីសោភ័ណ្ឌភាពទាំងអស់គ្នា។
ចំពោះយុវតី ម៉ៅ សុខ ជាបុគ្គលបម្រើការនៅក្នុងសាលាឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា ទោះថង់ប្លាស្ទិកយឺតទុន ងាយស្រួលប្រើប្រាស់ និងទុកបានយូរក្តី តែក៏បង្កជាផលប៉ះពាល់ទៅដល់បរិស្ថាននិងសុខភាពមនុស្សផងដែរ។ កញ្ញា បានលើកឡើងស្រដៀងនឹងលោក ជុំ ហួត ដែរថា ការកែច្នៃផលិតផលដោយមិនប្រើប្លាស្ទិកវេចខ្ចប់នេះជារឿងល្អមួយសម្រាប់អ្នកប្រើប្រាស់ ដោយសារកាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយការកើនឡើងនៃកំដៅផែនដី បើទោះបីជាបានមួយផ្នែកតូចក្តី តែនេះជាការចាប់ផ្តើមដ៏ល្អប្រសើរ។
«គឺពួកគាត់អាចចូលរួមពីចំណុចតូចៗទៅ ហើយនៅក្នុងចំណុចតូចៗគឺពួកគាត់អាចបដិសេធមិនប្រើប្រាស់ថង់ប្លាស្ទិក ឬក៏មិនប្រើប្រាស់ផលិតផលដែលផលិតពីថង់ប្លាស្ទិក។ ទី២ គឺពួកគាត់អាចប្រើប្រាស់ដបទឹក ដបទឹកហ្នឹងគឺដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន បានន័យថាដបទឹកដែលធ្វើពីបំពង់ឫស្សីឬក៏ដបទឹកដែលធ្វើពីដែកអ៊ីណុក។ ទី៣គឺប្រើប្រាស់ថង់ដែលផលិតពីក្រណាត់ជំនួសឱ្យថង់ប្លាស្ទិកវិញ។ ទី៤ គឺពួកគាត់អាចកាត់បន្ថយនូវការប្រើប្រាស់ប្រអប់ស្នោរ ឬក៏ប្រអប់ជ័រ។»។
កញ្ញា ម៉ៅ សុខ (រូបភាព៖ ម៉ៅ សុខ)
សូមជម្រាបថា សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ ថង់ក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រសួងបរិស្ថានឆ្នាំ ២០១៨៕