
ក្នុងកម្មវិធីជំនួបពាណិជ្ជករកម្ពុជា-ថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃពុធម្សិលម៉ិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគទុនថៃចូលមកវិនិយោគក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីជំរុញឱ្យវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជារីកចម្រើន។
ទន្ទឹមគ្នានេះដែរ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសយ៉ាងទូលំទូលាយដល់អ្នកវិនិយោគបរទេសទាំងអស់ដែលចង់មកវិយោគទុននៅកម្ពុជា។ លោកថា ក្រសួងពាណិជ្ជនឹងដើរតួជាអ្នកសម្របសម្រួលក្នុងការចុះបញ្ជីពាណិជ្ជកម្មផ្សេងៗ ជាពិសេសរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសដល់វិស័យឯកជន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកានតែប្រសើរផងដែរ។
លោក Suvit Maesincee អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃមានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះថា រដ្ឋាភិបាលថៃបានលើកទឹកចិត្តដល់អ្នកវិនិយោគទុនប្រទេសទាំងអស់ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ាន ជាពិសេសជំរុញឱ្យអ្នកវិយោគថៃចូលមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន តាមរយៈការសម្របសម្រួលរវាងភាគីទាំងពីរ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃរូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលថៃនឹងជំរុញឱ្យមានការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ឧស្សាហ៍កម្ម និងសេវាកម្មដល់កម្ពុជា។ ទន្ទឹមគ្នានេះដែរ ក្រៅតែពីការធ្វើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ក្នុងនោះដែរ ទាក់ទងនឹងវិស័យសេវាកម្មវិញ រដ្ឋាភិបាលថៃក៏នឹងជំរុញដល់អ្នកវិនិយោគថៃឱ្យចូលមកកម្ពុជា មានដូចជា សេវាកម្មទេសចរណ៍ សេវាកម្មចំណីអាហារមានសុវត្ថិភាព សេវាកម្មអគ្គីសនី ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគន៍ ព្រមទាំងសេវាកម្មទឹកស្អាតនៅកម្ពុជាជាដើម។ លោកថា កម្ពុជាជាប្រទេសដៃគូពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃទាំងនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។
លោក Nuttavut Chaiarrikij តំណាងក្រុមហ៊ុនមកពីប្រទេសថៃ បាននិយាយថា បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនល្អប្រសើរ ក្នុងនោះដែរ ប្រទេសកម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់អាចឱ្យអ្នកវិនិយោគបរទេស ចូលមកវិនិយោគទុនបានកាន់តែច្រើនជាងមុន។
សូមជម្រាបថា កម្ពុជាត្រូវការអ្នកវិនិយោគទុនបរទេស លើវិស័យចម្បងៗចំនួនប្រាំរួមមាន៖ វិស័យកែច្នៃវត្ថុធាតុដើម និងការកែច្នៃម្ហូបអាហារ, វិស័យឧស្សាហ៍កម្មធុនស្រាល, វិស័យទេសចរណ៍, វិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ, ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈជាដើម។ កន្លងទៅការវិនិយោគទុនរវាងប្រទេសកម្ពុជានិងថៃ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥ពាន់លានដុល្លារអាមេរិច ដោយភាគច្រើនជាទំនិញនាំចូលពីប្រទេសថៃចូលមកកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕