en     km
en     km

កសិករខេត្តព្រះវិហារផ្តើមក្តីសង្ឃឹមថ្មីក្រោយមន្រ្តីជំនាញចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងស៊ីដំណាំកសិករ

Share

ព្រះវិហារ៖ ប្រជាកសិករនៅស្រុកមួយចំនួនក្នុងខេត្តព្រះវិហារដែលរងការខាតបង់ក្រោយដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងដំឡូងមី បានសម្តែងការសាទរក្រោយក្រុមមន្រ្តីជំនាញចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងពីស្រែចម្ការរបស់កសិករ។ ចំពោះមុខដំណោះស្រាយពីក្រុមមន្រ្តីជំនាញនេះ ប្រជាកសិករហាក់ទទួលបានក្តីសង្ឃឹមថ្មីក្នុងការចាប់ផ្តើមបង្កបង្កើនផលឡើងវិញ តែកសិករចង់ស្នើឱ្យមានមន្រ្តីជំនាញនៅជាប់ប្រចាំដើម្បីអាចដោះស្រាយបញ្ហារបស់កសិករទាន់ពេលវេលា។

ដង្កូវហ្វូងងាប់បន្ទាប់ពីបាញ់ថ្នាំសម្លាប់។រូបភាពពី មាន សុវណ្ណារិទ្ធ។

ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួននៃខេត្តព្រះវិហារប្រាប់ក្រុមសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា ពួកគេអស់ក្តីព្រួយបារម្ភចំពោះបញ្ហាសត្វដង្កូវហ្វូងស៊ីបំផ្លាញដំណាំទៀតហើយ ក្រោយពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធបានចុះមកបាញ់ថ្នាំសម្លាប់ទាន់ពេល។ បន្ថែមពីលើវិធានការបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងនោះ គឺប្រជាកសិករបានយល់ដឹងពីវិធានការទប់ស្កាត់បញ្ហានេះ ក្រោយក្រុមមន្រ្តីជំនាញណែនាំនិងផ្តល់បច្ចេកទេស។

សកម្មភាពក្រុមមន្រ្តីចុះជួបកសិករអន្តរាគមន៍រឿងដង្កូវហ្វូងស៊ីដំណាំ។រូបភាពពី មាន សុវណ្ណារិទ្ធ។

អ្នកស្រី ច ធង អាយុ ៤៤ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីកាលពីរសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤ថា អ្នកស្រីរីករាយដែលថ្មីៗនេះមានក្រុមមន្រ្តីជំនាញបានចុះមកបាញ់ថ្នាំសម្លាប់ដង្កូវហ្វូវពីក្នុងស្រែរបស់ប្រជាកសិករ។ អ្នកស្រីថា នៅមុនពេលមានកិច្ចអន្តរាគមន៍នេះ សត្វដង្កូវហ្វូងបានបំផ្លាញស្រូវរបស់អ្នកស្រីអស់ជាង ៣០ភាគរយត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ។ អ្នកស្រីបន្តថា ក្រោយពីទទួលបានការណែនាំពីវិធីបាញ់ថ្នាំសម្លាប់សត្វដង្កូវហ្វូងពីមន្រ្តីជំនាញរួចមក អ្នកស្រីបានបាញ់ថ្នាំចំនួនពីរលើកក្នុងរយៈ ៥ ថ្ងៃ ទើបសត្វដង្កូវហ្វូងងាប់អស់។

អ្នកស្រី ច ធង ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។រូបភាពពី មាន សុវណ្ណារិទ្ធ។

ដោយឡែកកសិករមួយរូបទៀតរស់នៅភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង បានឲដឹងថា៖ខេត្តព្រះវិហារ ដែលមានបញ្ហាដង្កូវហ្វូងស៊ីត្រួយនិងស្លឹកដំឡូងមីគឺលោក លី សៅ អាយុ៣៥ឆ្នាំ និយាយថា ដំឡូងមីក្នុងចម្ការរបស់លោកត្រូវដង្កូវហ្វូងស៊ីស្លឹកនិងត្រួយខ្ទេចស្ទើរគ្មានសល់ ហើយប្រការនេះធ្វើឱ្យលោកបាក់ទឹកចិត្តអស់សង្ឃឹមជាខ្លាំង។ យ៉ាងណាបន្ទាប់ពីមន្រ្តីជំនាញចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងរួចមកលោកថា ដំណាំបានដុះលូតលាស់ប្រសើរឡើងវិញជាង ៨០% ហើយ។ ចំពោះមុខវិធានការនេះ លោកថ្លែងអំណរគុណដល់មន្រ្តីជំនាញដែលបានអន្តរាគមន៍ទាន់ពេល និងចុះផ្សព្វផ្សាយពីវិធានគ្រប់គ្រងដង្កូវហ្វូងកុំឱ្យកើតឡើងពេលក្រោយ។

លោក លី សៅ ស់នៅភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។រូបភាពពី មាន សុវណ្ណារិទ្ធ។

ទាក់ទិនក្នុងរឿងនេះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តព្រះវិហារបានប្រាប់ក្រុមសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា ក្រោយពីទទួលបានដំណឹងខាងលើលោកក៏បានចាត់មន្រ្តីពាក់ព័ន្ធចុះអន្តរាគមន៍ភ្លាមៗ ហើយក្រុមមន្រ្តីជំនាញថែមទាំងបានណែនាំពីវិធីបង្ការទប់ស្កាត់បញ្ហាដង្កូវហ្វូងនេះជូនកសិករទៀតផង។ លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបន្ថែមថា ក្រុមមន្រ្តីជំនាញតែងចុះជាប់ជាប្រចាំ និងតាមដានការវិវត្តន៍ថ្មីៗក្រែងអាចកើតមានដង្កូវហ្វូងជាថ្មី។ លោកបញ្ជាក់ថា ដង្កូវហ្វូងនេះអាចកើតមានឡើងជាថ្មីករណីអាកាសធាតុឡើងក្តៅ មេឃស្រអាប់មានពពកច្រើនតែមិនភ្លៀង ដែលអាកាសធាតុបែបនេះធ្វើឱ្យមេអំបៅពងញាស់ក្លាយជាដង្កូវ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តព្រះវិហារ។រូបភាពពី មាន សុវណ្ណារិទ្ធ។

សូមបញ្ជាក់ថា ចាប់តាំងពីដើមខែមិថុនាមក ដង្កូវហ្វូងបានបំផ្លិចបំផ្លាញដំណាំនៅក្នុងខេត្តសរុបចំនួន ៤៥៩២ហិកតា ក្នុងនោះស្រូវ មានចំនួន ១ ២២១ ហិកតា ស្មើនឹង ២,១ %  និងដំឡូងមី ៣ ៣៧១  ហិកតា ស្មើនឹង ៧,៦%។

ដំណាំស្រូវបានលូតលាស់ល្អវិញក្រោយបាញ់ថ្នាំសម្លាប់សត្វដង្កូវហ្វូង។រូបភាពពី មាន សុវណ្ណារិទ្ធ។

ជុំវិញបញ្ហាដង្កូវហ្វូងស៊ីដំណាំប្រជាពលរដ្ឋនេះមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ចំនួន១០វគ្គផងដែរ ស្ដីពីវិធានការគ្រប់គ្រង និងកម្ចាត់សមាសភាពចង្រៃ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ  និងមន្ត្រីកសិកម្មឃុំ-សង្កាត់។ ក្រៅពីនោះទៀត មន្ទីរកសិកម្មខេត្តបានចែកជូនដល់អាជ្ញាធរមូលដ្ឋាន កសិករ និងអ្នកពាក់ព័ន្ធ នូវឯកសារបច្ចេកទេស ខិតប័ណ្ណ សៀវភៅគោលការណែនាំ ស្តីអំពីវិធីសាស្ត្រប្រើប្រាស់ថ្នាំកសិកម្ម ផ្ទាំងរូបភាពបច្ចេកទេសគ្រប់គ្រងសមាសភាពចង្រៃលើដំណាំ និងឯកសារបច្ចេកទេសកសិកម្មមួយចំនួនទៀត។

មន្រ្តីជំនាញចុះណែនាំប្រជាកសិករពីរបៀបទប់ស្កាត់បញ្ហាដង្កូវហ្វូងស៊ីដំណាំ។រូបភាពពី មាន សុវណ្ណារិទ្ធ។

តាមរយៈការចុះអន្តរាគមន៍ និងការខិតខំប្រឹងប្រែងរបស់ប្រជាកសិករជាម្ចាស់ស្រែចម្ការ និងដោយសារមានភ្លៀងធ្លាក់ជាប្រចាំប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធ្វើឲ្យវត្តមានដង្កូវហ្វូងនៅក្នុងស្រុកទាំង ៧ ក្នុងខេត្តព្រះវិហារ ហាក់ថមថយ និងស្ទើរបាត់ទាំងស្រុង។ តាមការវាយតម្លៃ ស្រូវមានការដុះលូតលាស់ឡើងវិញបានស្ទើរ ១០០% រីឯដំឡូងមី ដុះលូតលាស់ចេញត្រួយថ្មីប្រមាណ៩០%៕

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង