en     km
en     km

សាលាឧទ្ធរណ៍​ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​សំណុំរឿង​កម្មករ​ផ្លូវ​ វេ​ង​ស្រេង​ទាំង​១៣​រូប​

Share

(​ភ្នំពេញ​)៖​ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​បដិសេធ​ ចំពោះ​សំណើសុំ​ទម្លាក់​ចោលការ​ចោទប្រកាន់​របស់​ក្រុម​កម្មករ​ទាំង​១៣​រូប​ ទាក់ទង​ទៅ​នឹង​សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើម​ឆ្នាំ​ ២០១៤​។​

​ចៅក្រម​សាលាឧទ្ធរណ៍​ លោក​ ឆាយ​ ច័ន្ទ​តារា​វណ្ណ​ បាន​ចេញ​សាលដីកា​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ បន្ទាប់​ពី​មានការ​ប្តឹង​ជំទាស់​របស់​កម្មករ​១៣​រូប​ ដែល​ស្នើ​ ឱ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ពួក​គេ​ ដោយ​អះអាង​ថា​ ខ្លួន​ពុំ​មានទោស​នោះ​ទេ​។​

ព្រឹត្តិការណ៍វាយបង្ក្រាប់បាតុករ ដែលទាមទារតម្លើងប្រាក់ខែនៅផ្លូវ វេង ស្រេង កាលពីដើមឆ្នាំ​២០១៤
ព្រឹត្តិការណ៍បង្ក្រាបបាតុករ ដែលទាមទារតម្លើងប្រាក់ខែនៅផ្លូវវេង ស្រេង កាលពីដើមឆ្នាំ​២០១៤។ រូបភាព៖ RFA

​ទាក់ទង​នឹង​ការ​ចេញ​សាលា​ដីកា​នេះ​ដែរ​ ប្រធាន​ផ្នែក​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចេញ​សាលដីកា​របស់​ចៅក្រម​សាលាឧទ្ធរណ៍​នេះ​ ពុំ​បាន​ផ្តល់​ភាព​យុត្តិធម៌​ទៅ​លើ​ជនជាប់ចោទ​ទាំង​ ១៣​ រូប​នោះ​ ទេ​។​ លោក​ អំ​ សំអាត​ បន្ត​ ថា​ ទាក់ទង​នឹង​ការ​ចេញ​សាលដីកា​នេះ​ដែរ​ ជនជាប់ចោទ​ទាំង​១៣​រូប​ អាច​ធ្វើការ​ប្តឹង​ជំទាស់​ទៅ​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​ឲ្យ​ បើក​សវនាការ​នេះ​ទ្បើ​ង​វិញ​។​

​លើស​ពី​នេះ​ទៀត​ លោក​ អំ​ សំអាត​ សង្ឃឹមថា​ ជនជាប់ចោទ​ទាំង​១៣​រូប​នេះ​អាច​នឹង​ធ្វើ​តាម​នីតិវិធី​ក្នុង​ការ​ប្តឹង​ជំទាស់​ទៅ​នឹង​សាលដីកា​នេះ​ ហើយ​ជឿជាក់​ថា​ នៅ​ពេល​ដែល​មានការ​ជំនុំជម្រះ​សា​ជា​ថ្មី​នោះ​ សាលាឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ទៅ​ដល់​អ្នក​ទាំង​១៣​រូប​នេះ​ ដោយ​ធ្វើការ​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​ពួក​គេ​។​

​លោក​ អំ​ សំអាត​៖​ «​លទ្ធផល​ព្រឹក​មិ​ញ​នេះ​យើង​យល់​ថា​វា​អត់​មាន​ភាព​យុត្តិធម៌​សំរាប់​អ្នក​ទាំង​១៣​នាក់​ហ្នឹង​ទេ​ ទី​០១​ នៅ​ពេល​សវន​ការ​យើង​ឃើញ​ថា​នៅ​ពេល​សវន​ការ​យើង​ឃើញ​ថា​ពេល​សវន​ការ​គឺ​គ្មាន​វត្តមាន​អ្នក​ទាំង​១៣​នាក់​ហ្នឹង​ ហើយ​ក៏​គ្មាន​វត្តមាន​មេធាវី​របស់​គាត់​ទាំង​១៣​នាក់​ហ្នឹង​ដើម្បី​ជជែក​ដេញដោល​ និង​ការពារ​ឬ​ក៏​ដោះ​បន្ទុក​របស់​ខ្លួន​នៅ​ក្នុង​សវន​ការ​ដែរ​ អ​ញ្ចឹ​ង​បើ​យើង​និយាយ​ពី​ភាព​យុត្តិធម៌​វា​ទាល់តែ​មាន​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ចូលរួម​នៅ​ក្នុង​សវន​ការ​…​ »​។​

​ចំណែកឯ​លោក​មេធាវី​ ហម​ សុ​ន​រិ​ទ្ធិ​ ដែល​ជា​អ្នក​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំង​១៣​រូប​នោះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​ ០៤​ ខែកុម្ភៈ​ នេះ​ថា​ លោក​មិន​អាច​ធ្វើការ​បកស្រាយ​បាន​ទេ​ទៅ​នឹង​នីតិវិធី​ ជុំវិញ​ការ​ចេញ​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​។​ តែ​លោក​ត្រូវ​រង់ចាំ​សាកសួរ​កូនក្តី​របស់​លោក​ជា​មុន​សិន​ អំពី​បញ្ហា​នេះ​។​

​លោក​ ហម​ សុ​ន​រិ​ទ្ធិ​ បន្ត​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កាត់ក្ដី​សំនុំរឿង​នេះ​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ អោយ​អ្នក​ទាំង​ ១៣​នាក់​នោះ​ មានទោស​ ប៉ុន្តែ​ទោស​ត្រូវ​បាន​ព្យួរ​។​ សូម​បញ្ជាក់​ថា​ ក្នុង​ចំនោម​អ្នក​ ទាំង​១៣​នាក់​នោះ​ មាន​ស្ថាន​ទំងន់ទោស​ដូច​ជា​៖​ ៤​នាក់​ ផ្តន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​ ៤​ឆ្នាំ​ ក្នុង​រយៈពេល​ឃុំខ្លួន​ ហើយ​សល់​ទោស​ប៉ុន្មាន​ត្រូវ​ព្យ្ជួ​រ​។​ចំណែក​ ៤​នាក់​ទៀត​ ផ្តន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​ ៣​ឆ្នាំ​ ៦​ ខែ​ ក្នុង​រយៈពេល​ឃុំខ្លួន​ ហើយ​ទោស​នៅ​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​។​ រីឯ​ ៤​នាក់​ទៀត​ ផ្តន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​៣​ឆ្នាំ​ ក្នុង​យៈ​ពេល​ឃុំខ្លួន​ ហើយ​ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​ និង​១​នាក់​ចុង​ក្រោយ​ ផ្តន្ទាទោស​ដាក់​ក្នុង​ព​ន្ធា​គារ​ ១​ឆ្នាំ​ ក្នុង​រយៈពេល​ឃុំខ្លួន​ ហើយ​ទោស​សល់​ប៉ុន្មាន​ព្យួរ​៕

Share

Image
Image
Image