(ភ្នំពេញ)៖ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដោយបដិសេធ ចំពោះសំណើសុំទម្លាក់ចោលការចោទប្រកាន់របស់ក្រុមកម្មករទាំង១៣រូប ទាក់ទងទៅនឹងសំណុំរឿងបាតុកម្មនៅផ្លូវវេងស្រេងកាលពីដើមឆ្នាំ ២០១៤។
ចៅក្រមសាលាឧទ្ធរណ៍ លោក ឆាយ ច័ន្ទតារាវណ្ណ បានចេញសាលដីកា នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីមានការប្តឹងជំទាស់របស់កម្មករ១៣រូប ដែលស្នើ ឱ្យសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់លើពួកគេ ដោយអះអាងថា ខ្លួនពុំមានទោសនោះទេ។
ទាក់ទងនឹងការចេញសាលាដីកានេះដែរ ប្រធានផ្នែកបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ការចេញសាលដីការបស់ចៅក្រមសាលាឧទ្ធរណ៍នេះ ពុំបានផ្តល់ភាពយុត្តិធម៌ទៅលើជនជាប់ចោទទាំង ១៣ រូបនោះ ទេ។ លោក អំ សំអាត បន្ត ថា ទាក់ទងនឹងការចេញសាលដីកានេះដែរ ជនជាប់ចោទទាំង១៣រូប អាចធ្វើការប្តឹងជំទាស់ទៅនឹងសាលដីការបស់សាលាឧទ្ធរណ៍ ដើម្បីសុំឲ្យ បើកសវនាការនេះទ្បើងវិញ។
លើសពីនេះទៀត លោក អំ សំអាត សង្ឃឹមថា ជនជាប់ចោទទាំង១៣រូបនេះអាចនឹងធ្វើតាមនីតិវិធីក្នុងការប្តឹងជំទាស់ទៅនឹងសាលដីកានេះ ហើយជឿជាក់ថា នៅពេលដែលមានការជំនុំជម្រះសាជាថ្មីនោះ សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ទៅដល់អ្នកទាំង១៣រូបនេះ ដោយធ្វើការលើកលែងការចោទប្រកាន់ទៅលើពួកគេ។
លោក អំ សំអាត៖ «លទ្ធផលព្រឹកមិញនេះយើងយល់ថាវាអត់មានភាពយុត្តិធម៌សំរាប់អ្នកទាំង១៣នាក់ហ្នឹងទេ ទី០១ នៅពេលសវនការយើងឃើញថានៅពេលសវនការយើងឃើញថាពេលសវនការគឺគ្មានវត្តមានអ្នកទាំង១៣នាក់ហ្នឹង ហើយក៏គ្មានវត្តមានមេធាវីរបស់គាត់ទាំង១៣នាក់ហ្នឹងដើម្បីជជែកដេញដោល និងការពារឬក៏ដោះបន្ទុករបស់ខ្លួននៅក្នុងសវនការដែរ អញ្ចឹងបើយើងនិយាយពីភាពយុត្តិធម៌វាទាល់តែមានគ្រប់ភាគីដែលពាក់ព័ន្ធចូលរួមនៅក្នុងសវនការ… »។
ចំណែកឯលោកមេធាវី ហម សុនរិទ្ធិ ដែលជាអ្នកការពារក្តីឲ្យជនជាប់ចោទទាំង១៣រូបនោះ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី ០៤ ខែកុម្ភៈ នេះថា លោកមិនអាចធ្វើការបកស្រាយបានទេទៅនឹងនីតិវិធី ជុំវិញការចេញសាលដីការបស់សាលាឧទ្ធរណ៍នេះ។ តែលោកត្រូវរង់ចាំសាកសួរកូនក្តីរបស់លោកជាមុនសិន អំពីបញ្ហានេះ។
លោក ហម សុនរិទ្ធិ បន្តថា សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្ដីសំនុំរឿងនេះ កាលពីខែឧសភា ឆ្នាំ២០១៤ អោយអ្នកទាំង ១៣នាក់នោះ មានទោស ប៉ុន្តែទោសត្រូវបានព្យួរ។ សូមបញ្ជាក់ថា ក្នុងចំនោមអ្នក ទាំង១៣នាក់នោះ មានស្ថានទំងន់ទោសដូចជា៖ ៤នាក់ ផ្តន្ទាទោសដាក់ក្នុងពន្ធនាគារ ៤ឆ្នាំ ក្នុងរយៈពេលឃុំខ្លួន ហើយសល់ទោសប៉ុន្មានត្រូវព្យ្ជួរ។ចំណែក ៤នាក់ទៀត ផ្តន្ទាទោសដាក់ក្នុងពន្ធនាគារ ៣ឆ្នាំ ៦ ខែ ក្នុងរយៈពេលឃុំខ្លួន ហើយទោសនៅសល់ប៉ុន្មានត្រូវព្យួរ។ រីឯ ៤នាក់ទៀត ផ្តន្ទាទោសដាក់ក្នុងពន្ធនាគារ៣ឆ្នាំ ក្នុងយៈពេលឃុំខ្លួន ហើយទោសសល់ប៉ុន្មានត្រូវព្យួរ និង១នាក់ចុងក្រោយ ផ្តន្ទាទោសដាក់ក្នុងពន្ធាគារ ១ឆ្នាំ ក្នុងរយៈពេលឃុំខ្លួន ហើយទោសសល់ប៉ុន្មានព្យួរ៕