en     km
en     km

កំពង់ចាម៖ ប្រជាពលរដ្ឋ​ឃុំកោះសំរោង​ស្នើសុំអាជ្ញាធរសង់ស្ពានឆ្លងទន្លេសម្រួលការធ្វើដំណើរឆាប់រហ័ស

Share

ខេត្តកំពង់ចាម៖​ អាជ្ញាធរ​និងប្រជាពលរដ្ឋ​ក្នុងឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម ឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋលើដីកោះមួយនេះ ត្រូវពឹងផ្អែកលើស្រឡាងដើម្បីឆ្លងទន្លេទៅត្រើយម្ខាងទៀត ដែលប្រការនេះនាំឱ្យយឺតយ៉ាវក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុ ស្រ្តីប្រចាំខេត្តកំពង់ចាម ប្រជាពលរដ្ឋព្រមជាមួយអាជ្ញាធរក្នុងឃុំកោះសំរោងខាងលើ ស្នើសុំទៅកាន់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍សាងសង់ស្ពានឆ្លងទន្លេ ដើម្បីភាពងាយស្រួលធ្វើដំណើរកាន់តែឆាប់រហ័ស។

ឃុំកោះសំរោង ជាឃុំមួយស្ថិតនៅតំបន់ដីកោះ ហើយក៏ជាឃុំមួយក្នុងចំណោមឃុំទាំង ១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ផងដែរ។ ឃុំកោះសំរោងហ៊ុមព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ មានផ្ទៃដី២៩៩៧ហិចតា។

បច្ចុប្បន្នប្រជាពលរដ្ឋលើដែនដីកោះមួយនេះ ភាគច្រើនប្រកបការងារដំាដំណាំរួមផ្សំផ្សេងៗជារបរប្រចាំថ្ងៃ។ ចំណែកការធ្វើដំណើរលើកោះសំរោងវិញពុំសូវមានបញ្ហាចោទនោះទេ ព្រោះអាជ្ញាធរបានស្ថាបនាផ្លូវជាច្រើនកន្លែង ហើយបណ្តាញអគ្គិសនីក៏មានប្រើប្រាស់គ្រប់គ្រាន់។ តែយ៉ាងណា ប្រជាពលរដ្ឋចង់ស្នើទៅកាន់អាជ្ញាធរថ្នាក់លើ ធ្វើយ៉ាងជួយអន្តរាគមន៍សាងសង់ស្ពានឆ្លងទន្លេមួយ ដើម្បីបង្កភាពងាយស្រួលធ្វើដំណើរ ដ្បិតសព្វថ្ងៃប្រជាពលរដ្ឋត្រូវខាតពេលវេលារង់ចាំ និង​ចំណាយទាំងថវិកាលើការជិះស្រឡាងឆ្លងទៅត្រើយម្ខាងទៀត។

ទិដ្ឋភាពឃុំកោះសំរោង ដែលបច្ចុប្បន្នលើកោះមានផ្លូវងាយស្រួលធ្វើដំណើរនិងមានអគ្គិសនីគ្រប់គ្រាន់។រូបភាពី លី​ ស៊ាវឡុង ។

អ្នកស្រី​ ហាយ​ លាងអេង​ វ័យ ៧៣ឆ្នាំ​ រស់នៅភូមិទី៣​ លើដីកោះសំរោងនេះប្រាប់ឱ្យដឹងថា​ បច្ចប្បន្នលើដែនដីកោះមួយនេះ មានការអភិវឌ្ឍន៍លើហេដ្ឋានរចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធទឹកបានល្អប្រសើរ។ ក៏ប៉ុន្តែ អ្វីនូវជាចំណោទបញ្ហាគឺឃុំកោះសំរោងខ្វះស្ពានឆ្លងទន្លេទៅត្រើយម្ខាងទៀត ខណៈប្រជាពលរដ្ឋត្រូវចំណាយពេលនិងថវិកាច្រើនលើការជិះស្រឡាងម្តងៗ។ អ្នកស្រី លាងអេង បន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំត្រូវចំណាយពេលជាច្រើនម៉ោងរង់ចាំជិះស្រឡាងដឹកជញ្ជួនកសិផលទៅលក់នៅផ្សារ ទៅបំពេញការងារ និងទៅសិក្សារៀនសូត្រជាដើមនៅទីរួមខេត្តកំពង់ចាមនិងទៅតំបន់ផ្សេងៗ។

ដោយឡែកករណីប្រជាពលរដ្ឋឈឺស្កាត់ធ្ងន់ពេលយប់ព្រលប់ម្តងៗ គឺត្រូវចំណាយលុយប៉ាវស្រឡាងដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ហើយជួនកាលទៅមន្ទីរពេទ្យ យឺតពេលក៏មាន។ ចំពោះមុខបញ្ហានេះ អ្នកស្រី លាងអេង សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយ ដើម្បីភាពងាយស្រួលរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។

រូបភាពស្រឡាងដឹកអ្នកដំណើរនៅឃុំកោះសំរោង។លី​ ស៊ាវឡុង។

ជុំវិញរឿងនេះ​លោក​ សន​ សុខ​ មេឃុំកោះសំរោង​ ឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរដែនដីបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលសមិទ្ធផលទាំងនេះ គឺតបតាមការសន្យាជាមួយពលរដ្ឋពេលលោកជាប់ឆ្នោតជាមេឃុំ។ លោកថា សព្វថ្ងៃលើកោះសំរោងនេះមានផ្លូវបេតុងខ្វែងខ្វាត់ និងសូម្បីតែផ្លូវទៅកាន់ចម្ការរបស់អ្នកភូមិក៏មានភាពងាយស្រួលផងដែរ។ ក្នុងនាមជាអាជ្ញាធរដែនដី លោក សន សុខ ក៏មានជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំផងដែរ ពោលគឺសុំឱ្យមានកិច្ចអន្តរាគមន៍សាងសង់ស្ពានឆ្លងដីកោះនេះ ដើម្បីកុំឱ្យពលរដ្ឋខាតពេលរង់ចាំស្រឡាងយូរ។ សម្រាប់លោកមេឃុំកោះសំរោង ស្ពានគឺប្រៀបដូចជាសរសៃឈាមតភ្ជាប់ពីតំបន់ដីកោះដែលដាច់ស្រយាលឱ្យមកកាន់តែជិតទីប្រជុំជន និងទីក្រុង។

ទិដ្ឋភាពឃុំកោះសំរោង ដែលបច្ចុប្បន្នលើកោះមានផ្លូវងាយស្រួលធ្វើដំណើរនិងមានអគ្គិសនីគ្រប់គ្រាន់។រូបភាពី លី​ ស៊ាវឡុង ។

ទាក់ទងរឿងនេះ ក្រុមការងារវិទ្យុស្រ្តីបានសុំការបញ្ជាក់បន្ថែមពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម តាមប្រព័ន្ធតេឡេក្រាមជាច្រើនលើកតែលោកមិនទាន់អាចឆ្លើយតប។

សូមបញ្ជាក់ថា​ ឃុំកោះសំរោង​ ស្ថិតនៅក្នុងស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ​មានប្រជាជនរស់នៅជាង ១ពាន់ ៥រយគ្រួសារ​។ ឃុំនេះមានភូមិចំនួន ៨ ភូមិ​ មានសាលាបឋមសិក្សា ៣ កន្លែង​ និងអនុវិទ្យាល័យ ១កន្លែង​ និងវត្តចំនួន ៤ ផងដែរ៕​

អត្ថបទខ្លីសរសេរដោយ  លី​ ស៊ាវឡុង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង