ពលលករខ្មែរនេសាទដែលលិចទូកនៅប្រទេសថៃ ក្រោយពីសង្រ្គោះជិវិត
ពលករខ្មែរ ៤ នាក់ដែលចំណាកស្រុកទៅធ្វើការជាអ្នកនេសាទក្ដាមនៅសមុទ្រប្រទេសថៃ បានប្រកាសសុំកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធឱ្យជួយផ្តល់ជំនួយផ្សេងៗ បន្ទាប់ពីពួកគេត្រូវបានសង្គ្រោះជីវិតពីករណីព្យុះបោកបក់វាយពន្លិចទូកនេសាទកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ។ នេះជាការបញ្ជាក់របស់អ្នកស្រី រី សាង បណ្តាញពលករកម្ពុជា នៅប្រទេសថៃ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
« ទូកលិចគឺខ្យល់ព្យុះសមុទ្រ ហើយប៉ុន្មានថ្ងៃហ្នឹងព្យុះ ភ្លៀង រលកគឺពិបាករកគាត់មែនទែន លិចទាំងទូក លិចអ្វីៗទាំងអស់ ហើយពួកគាត់មកធ្វើជាពលករនេសាទផ្នែករកក្តាម។ ទូកហ្នឹងលិចទៅទាំងទូកគឺបាត់ទាំងអស់គ្នា អ្នកខ្លះជ្រុះបាត់ប៉ាស្ទ័រ បាត់ឯកសារ បាត់លុយ បាត់ទូរសព្ទ បាត់ទាំងអស់ហ្មង ដំបូងគេរកឃើញតែម្នាក់ទេ ព្រោះគាត់មានកំលាំងហែល តែបាត់១យប់២ថ្ងៃដូចគ្នា»។
នេះការលើកឡើងរបស់ អ្នកស្រី រី សាង បណ្តាញពលករកម្ពុជា បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តី ឱ្យដឹងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ពលករខ្មែរទាំង ៤ នាក់ត្រូវបានជួយសង្រ្គោះបន្ទាប់ពីពួកគេបានតោងធុងមួយត្រាំក្នុងទឹកសមុទ្រអស់រយៈ ២ថ្ងៃ ១យប់ ខណ:តៃកុងទូកជាជនជាតិថៃ អាយុជាង៦០ឆ្នាំ (អ្នកបើកបរទូក)បាត់បង់ជីវិតក្នុងសមុទ្រក្នុងឧប្បត្តិហេតុនេះ។ ពលករខ្មែរ ទាំងបួននាក់បានអំពាវនាវសុំជំនួយពីសប្បុរសជន ដើម្បីវិលត្រលប់ទៅប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ។
អ្នកស្រី រី សាង៖ «ក្រោយពេលដែលគេស្រង់គាត់បានមកគេដាក់សេរ៉ូមឱ្យគាត់កន្លងបានមួយយប់ ខ្ញុំទៅមើលគាត់ដល់ថែទូករបស់គាត់ ហើយខ្ញុំយកខោអាវទៅឱ្យពួកគាត់ កន្សែងប្រើសិន តែនីតិវិធីច្បាប់ពួកយើងនៅតែបន្ត និងចាំមើលសិនដោយសារតែអ្នកខ្លះក៏មានភាពស្មុគស្មាញដោយសារតែអ្នកខ្លះគាត់មានប័ណ្ណធានារ៉ាប់រងសុខភាព អ្នកខ្លះគាត់អត់មាន ហើយក៏មិនឃើញភាគីណាមួយថាមកជួយគាត់ក៏មិនឃើញទេ ដូចជាស្ថានទូត និងអនុព័ន្ធការងារអ្វីក៏អត់មានទេ»។
អ្នកស្រី រី សាង បន្ថែមទៀតថា បណ្តាញពលករកម្ពុជា បានសហការគ្នាជួយដល់ក្រុមអ្នកនេសាទខ្មែរដែលរងគ្រោះក្នុងហេតុការណ៍លិចទូកនៅខេត្តចាន់ថៈបុរី ដោយជួយជាសំលៀកបំពាក់ អាហារហូបចុកតិចតួច។ ចំណែកជំហានបន្ទាប់ ក្រុមការងារនឹងផ្សព្វផ្សាយឱ្យមានការចូលរួមពីពលករបណ្តាញ,ពលករចំណាកស្រុកឱ្យជួយជាថវិកាតាមលទ្ធភាព ដើម្បីឱ្យជនរងគ្រោះមានសោហ៊ុយខ្លះៗត្រឡប់មកស្រុកកំណើតវិញ។ ជាងនេះទៀត បណ្តាញពលករកម្ពុជា នៅខេត្តចាន់ថៈបុរី នឹងបានផ្តល់ព័ត៌មាននេះដល់ស្ថាប័នមានសមត្ថកិច្ចប្រចាំប្រទេសថៃ(HRDF)ដើម្បីបន្តទទួលបានសិទ្ធិតាមនីតិវិធីច្បាប់ផ្នែកសន្តិសុខសង្គមរបស់ប្រទេសថៃផងដែរ។
អ្នកស្រី រី សាង ៖ «គោលបំណងរបស់គាត់ត្រូវការឱ្យមានការប្រកូកប្រកាសដើម្បីស្វែងរកជំនួយក៏ដូចជាភាគីផ្សេងៗ សប្បុរសធម៌ ដែលមានចិត្តចង់ជួយពួកគាត់ៗខ្វះខាតដោយសារតែអ្នកខ្លះ គាត់ទើបមកធ្វើការកាលពីចូលឆ្នាំហើយ ធ្វើការអត់ទាន់បានលុយផងក៏ជួបហេតុការបែបនេះ»។
យោងតាមឯកសារ ដែលវិទ្យុស្រ្តីទទួលបានពីបណ្តាញពលករកម្ពុជា បញ្ជាក់ថា ពលករខ្មែរទាំងបួននាក់ មានស្រុកកំណើតនៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយជនរងគ្រោះទី១មានឈ្មោះ វ៉ោន ទី២ឈ្មោះ អុន ទី៣ឈ្មោះលាង និងទី៤ឈ្មោះលី៕
រូបភាពប្រភព៖ រី សាង