en     km
en     km

យុវជនមួយក្រុមបង្កើតអំណាន«តស់អាន»នៅសួនមាត់ទន្លេខេត្តកំពង់ចាមជំរុញទម្លាប់អានសៀវភៅកាន់តែច្រើន

Share

ភ្នំពេញ៖ ដោយមើលឃើញពីទម្លាប់នៃការអានសៀវភៅហាក់មាននិន្នាការធ្លាក់ចុះ យុវជនមួយក្រុមបានផ្តួចផ្តើមរៀបចំជាវេទិកាអំណានមួយឈ្មោះថា «តស់អាន»។ វេទិកាអំណាន«តស់អាន» ដែលរៀបចំឡើងនៅទីតាំងសួនមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាមនេះ ធ្វើឡើងក្នុងគោលបំណង បណ្តុះទម្លាប់អានសៀវភៅដែលអាចបង្កើនចំណេះដឹងថ្មីៗដល់សាធារណជន។

សៀវភៅរបស់ក្រុមយុវជនអំណាន«តស់អាន»ដាក់ឱ្យសាធារណជនអាចអានបានតាមចិត្តនៅមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាម។ រូបភាពពី ស ទឹង។ 

យុវជន ថេង ធី ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ជាអ្នកផ្តើមគំនិតបង្កើតវេទិកាអំណាន «តស់អាន»នេះឡើង ដោយមានសមាជិក ៣ រូបផ្សេងទៀតចូលរួមសហការក្នុងនោះ មានកញ្ញា កែម កញ្ញា កញ្ញា នន់ មន្ទីរតនា និងលោក នួន អ៊ា។ មូលហេតុដែលញុំាងចិត្តឱ្យក្រុមយុវជនចង់បង្កើតទីតាំងអានសៀវភៅដោយមិនគិតកម្រៃបែបនេះ ដ្បិតពួកគេយល់ថា ទម្លាប់នៃការអានសៀវភៅហាក់កាន់តែបាត់បង់ និងការថយចុះនាពេលបច្ចុប្បន្ននេះ។

អ្នកមកកំសាន្តនៅមាត់ទន្លេឆ្លៀតចូលមកអានសៀវភៅរបស់ក្រុមការងារអំណាន«តស់អាន»។រូបភាពពី ស ទឹង។ 

ស្ថាបនិកអំណាន«តស់អា​ន»យុវជន ថេង ធី ប្រាប់ក្រុមសិក្ខាកាមWMCប្រចាំខេត្តកំពង់ចាមថា ការបង្កើនទីតាំងសម្រាប់ឱ្យសាធារណជនអាចមកយកសៀវភៅអាននៅសួនមាត់ទន្លេនេះ គឺរៀបចំឡើងជាលក្ខណៈសាមញ្ញ ដោយគ្រាន់តែក្រាលកន្ទេល និងមានដាក់សៀវភៅប្រមាណជាង ៤០ក្បាលតែប៉ុណ្ណោះ។ ចាប់ផ្តើមបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមយុវជនជ្រើសរើសយកទីតាំងក្បែរស្លាកខេត្តកំពង់ចាម ស្ថិតតាមបណ្តោយផ្លូវមាត់ទន្លេនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥:០០នាទី ដល់ម៉ោង៨:០០នាទីល្ងាច។

អ្នកមកកំសាន្តនៅមាត់ទន្លេឆ្លៀតចូលមកអានសៀវភៅរបស់ក្រុមការងារអំណាន«តស់អាន»។រូបភាពពី ស ទឹង។ 

យុវជន ថេង ធី បន្ថែមថា​ ដំបូងឡើយលោកបានឃើញតាមហ្វេសប៊ុកពីសកម្មភាពនានា ដែលយុវជនបង្កើតជាបណ្ណាល័យចល័តនៅតាមសួន ទើបធ្វើឱ្យក្រុមយុវជនចង់បង្កើតឱ្យមានកន្លែងអានសៀវភៅនៅក្នុងខេត្តកំពង់ចាមដូចគេដែរ។ លោកថា ការសម្រេចយកទីតាំងសួនមាត់ទន្លេរៀបចំកម្មវិធីអានសៀវភៅបែបនេះ ព្រោះទីតាំងនេះមានមនុស្សម្នាមកលេងកម្សាន្តនិងដើរហាត់ប្រាណច្រើន រួមផ្សំជាមួយខ្យល់អាកាសល្អផង ដូច្នេះងាយស្រួលអ្នកមកលេងចាប់អារម្មណ៍យកសៀវភៅអាន។

អ្នកមកកំសាន្តនៅមាត់ទន្លេឆ្លៀតចូលមកអានសៀវភៅរបស់ក្រុមការងារអំណាន«តស់អាន»។រូបភាពពី ស ទឹង។ 

ចាប់ដំណើរការបានប្រមាណ ៧ខែ កម្មវិធីអំណាន«តស់អាន»ក៏កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ហើយក៏មានសប្បុរសជនមួយចំនួនបានចូលរួមបរិច្ចាគជាសៀវភៅ ថវិកា និងសម្ភារៈខ្លះៗមកក្រុមការងារ ដើម្បីជាការលើកទឹកចិត្ត ពង្រីកសក្តានុពលឱ្យក្រុមយុវជនបន្តប្រឹងប្រែងអភិវឌ្ឍកម្មវិធីអំណានកាន់តែរីកចម្រើនបន្ថែមទៅពេលអនាគត។

រីឯកញ្ញា នន់ មន្នីរតនា សមាជិកម្នាក់ក្នុងក្រុមយុវជនអំណាន “តស់អាន” លើកឡើងថា ការបង្កើតនូវអំណានមួយនេះឡើង ដើម្បីជំរុញឲ្យយុវជន យុវនារី ប្អូនៗសិស្សានុសិស្សត្រឡប់មកចាប់អារម្មណ៍នូវការអានសៀវ ភៅវិញ ជាជាងយកពេលទំនេរនាំគ្នាកាន់ទូរស័ព្ទឥតប្រយោជន៍។ កញ្ញា នន់ មន្នីរតនា បន្ថែមទៀតថា ការរៀបចំនូវកម្មវិធីអំណាន “តស់អាន” នេះ ក្រុមការងារក៏ជួបការលំបាកមួយចំនួនផងដែរ ដូចជា ការបាត់សៀវភៅ ព្រោះអ្នកអានខ្លះយកសៀវភៅទៅអាននៅកន្លែងផ្សេងៗគ្នានិងនៅឆ្ងាយ ហើយខ្លះមិនបានយកមកប្រគល់ជូនក្រុមការងារវិញនោះឡើយ។ មួយទៀតនោះ គឺពេលមេឃភ្លៀងៗអ្នកអានពិបាករកកន្លែងជ្រកដែលជាហេតុធ្វើឱ្យគេបញ្ឈប់ការអានពាក់កណ្តាលទី។ ប្រឈមមុខបញ្ហានេះ ក្រុមយុវជនសំណូរពរដល់អ្នកដែលយកសៀវភៅទៅអាន សូមប្រគល់ត្រឡប់មកវិញ ដើម្បីឱ្យកម្មវិធីអាចបន្តនរិន្តភាពការងារលើកស្ទួយការអាននេះបានរឹតតែល្អប្រសើរ។

សៀវភៅរបស់ក្រុមយុវជនអំណាន«តស់អាន»ដាក់ឱ្យសាធារណជនអាចអានបានតាមចិត្តនៅមាត់ទន្លេក្រុងកំពង់ចាម ខេត្តកំពង់ចាម។ រូបភាពពី ស ទឹង។ 

តាមការឱ្យដឹងពីក្រុមការងារ អំណាន«តស់អាន»បានឱ្យដឹងថា ពួកគេបានទទួលការសាទរពីអ្នកមកអានសៀវភៅយ៉ាងច្រើន ដោយអ្នកអានខ្លះលើកឡើងថា កម្មវិធីនេះធ្វើឱ្យពួកគេអាចឆ្លៀតឱកាសបានទទួលចំណេះដឹងបន្ថែមតាមរយៈការអានសៀវភៅបន្ថែមពេលល្ងាចរៀងរាល់ចុងសប្តាហ៍។ មួយទៀត ការរៀបចំឱ្យមានកន្លែងអានសៀវភៅតាមមាត់ទន្លេបែបនេះ គឺអាចឱ្យពួកគេមានអាម្មរណ៍ធូរស្រាលផងដែរ ព្រោះសៀវភៅប្រៀបដូចជាមិត្តភក្តិយល់ចិត្តមួយអាចជួយណែនាំផ្លូវ និងអាចអភិវឌ្ឍន៍ខ្លួនបានកាន់តែល្អប្រសើរ៕

អត្ថបទខ្លី សរសេរដោយ  ស ទឹង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង