លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងក្នុងពិធីផ្សព្វផ្សាយ
ការរៀបការដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង បានបង្កផលប៉ះពាល់ជាច្រើន ដូចជាការមានផ្ទៃពោះនៅវ័យក្មេង ផលវិបាកផ្នែកសុខភាព ភាពក្រីក្រ និងចំណូលទាប ការកើតមានអំពើហិង្សាក្នុងគ្រួសារ ការរំលោភលើសិទ្ធ និងសេរីភាពរបស់ក្មេងស្រី ការទទួលបានការអប់រំ ការផ្តាច់ទំនាក់ទំនងពីសង្គម ការចូលរួមក្នុងនាមជាពលរដ្ឋ និងការចូលរួមការងារសង្គមជាដើម។ នលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានបង្ហាញអំពីការរំលោភបំពានសិទ្ធិកុមារ ក្មេងស្រី និងស្រ្តីជាពិសេស ការបង្កគ្រោះថ្នាក់ដល់សុខភាពបន្តពូជ និងរារាំងក្មេងស្រី និងស្រ្តីក្នុងការទទួលបានឱកាសអប់រំ។ (អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍)
«ខ្ញុំគិតថា ការរៀបការក្នុងវ័យជំទង់វាមានគ្រោះថ្នាក់សំខាន់មែនទែនចំពោះយុវវ័យ ព្រោះមនុស្សយើងកើតមកតែងមានផែនការនៃជីវិតរបស់យើង បើសិនជាគាត់រៀបការវ័យក្មេងមានន័យថា គាត់បាត់បង់ផែនការនៃជីវិតរបស់គាត់ពាក់កណ្តាលរួចហើយ!»។
យុវតី ជាតិ សារិទ្ធិដាយអេណាក្នុងសកម្មភាពផ្តល់បទសម្ភាសន៍
នេះជាការយល់ឃើញរបស់យុវតី ជាតិ សារិទ្ធិដាយអេណា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលអំពិលដែលបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ស្តីពីអាពាហ៍ពិពាហ៌វ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការស់នៅជាប្តីប្រពន្ធនៅវ័យក្មេង ដែលរៀបចំដោយក្រសួងកិច្ចការនារីបានសហការជាមួយអង្គការភ្លែនអន្តរជាតិ និងបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤។
យុវតី ជាតិ សារិទ្ធិដាយអេណា បានឱ្យដឹងទៀតថា ការរៀបការវ័យក្មេងធ្វើឱ្យក្មេងស្រីបាត់បង់ឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់ នឹងអាចបាត់បង់ជីវិតដោយសាររងនូវឥទ្ធិពលផ្សេងពីមជ្ឈមដ្ឋានជុំវិញខ្លួន។
យុវតី ជាតិ សារិទ្ធិដាយអេណា៖«ចំពោះខ្ញុំផ្ទាល់ខ្ញុំចង់លើកទឹកចិត្តឱ្យនារីគ្រប់រូបកុំអាលរៀបការវ័យក្មេងពេកធ្វើយ៉ាងម៉េចឱ្យយើងផ្ទាល់មានចំណេះដឹង មានអ្វីជាខ្លួនឯងសិន ស៊ឹមចាប់ផ្តើមមានគ្រួសារ ខ្ញុំចង់ឱ្យម្តាយឪពុកដែលជាគោលជំហរដ៏រឹងមាំរបស់កូនៗឱ្យគាត់គិតអំពីផលវិបាករឿងហ្នឹងផង កុំឱ្យគិតតែពីឱ្យកូនមានគ្រួសារ ឆាប់មានប្តី ឆាប់មានចៅ កុំផ្តល់សម្ពោធដល់កូន»។
លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការភ្លែននៅកម្ពុជាបានមានប្រសាសន៍ថា ការរៀបការវ័យក្មេង ប៉ះពាល់លើសិទ្ធិកុមារ ព្រោះនៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីកុមារនិយាយថា មនុស្សក្រោមអាយុ១៨ឆ្នាំគឺជាកុមារ ។
លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការភ្លែននៅកម្ពុជាក្នុងពេលផ្តល់បទសម្ភាសន៍
«អ៊ីចឹងបើសិនយើងមើលពីលទ្ធផលនៃការស្រាវជ្រាវឃើញកុមារខ្លះអាយុក្រោម១៥ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ និងកុមារខ្លះក្រោមអាយុ១៨ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ អ៊ីចឹងបានន័យថាការងារហ្នឹងកំពុងតែកេងប្រវ័ញ្ច ឬក៏រំលោភបំពានសិទ្ធិកុមារ ព្រោះគាត់នៅកុមារនៅឡើយ រឿងអីគាត់ត្រូវទៅរៀបអាពាហ៍ពិពាហ៍ គាត់ត្រូវទៅទទួលកាតព្វកិច្ច ទៅលើការមើលថែទាំកូន ទៅលើសុខភាពរបស់គាត់ ហើយវាប៉ះពាល់ទៅលើសិទ្ធិទទួលបានការអប់រំ ព្រោះគាត់រៀបការគាត់អត់បានទៅរៀនទេ ប៉ះពាល់ដល់សិទ្ធិលើការអភិវឌ្ឍរបស់កុមារ សិទ្ធិទទួលបានសេវាផ្សេងៗទាំងអស់នេះហើយប៉ះពាល់ទៅលើសិទ្ធិកុមារ»។
ផលប៉ះពាល់នៃការរៀបការវ័យក្មេង ការរៀបការដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង រួមមានការមានផ្ទៃពោះនៅវ័យក្មេង ផលវិបាកផ្នែកសុខភាព ភាពក្រីក្រ និងចំណូលទាប ការកើតមានអំពើហិង្សាក្នុងគ្រួសារ ការរំលោភលើសិទ្ធ និងសេរីភាពរបស់ក្មេងស្រី ការទទួលបានការអប់រំ ការផ្តាច់ទំនាក់ទំនងពីសង្គម ការចូលរួមក្នុងនាមជាពលរដ្ឋ និងការចូលរួមការងារសង្គមជាដើម។ នេះតាមលទ្ធផលពីរបាយការណ៍ស្រាវជ្រាវពីស្ថានភាពការរៀបការវ័យក្មេង ការរៀបការដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេងនៅកម្ពុជា ដែលក្រសួងកិច្ចការនេះបានចេញផ្សាយ ក្រោមការគាំទ្រពីអង្គការភ្លែន។
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានទទួលស្គាល់ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានបង្ហាញអំពីការរំលោភបំពានសិទ្ធិកុមារ ក្មេងស្រី និងស្រ្តីជាពិសេស ការបង្កគ្រោះថ្នាក់ដល់សុខភាពបន្តពូជ និងរារាំងក្មេងស្រី និងស្រ្តីក្នុងការទទួលបានឱកាសអប់រំ ការចូលរួមក្នុងសង្គម សិទ្ធិ អំណាចផ្នែកសេដ្ឋកិច្ចដែលជាកត្តានាំឱ្យរក្មងស្រីជួបប្រទះ អំពើហិង្សា ហើយជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់មនុស្ស និងសង្គមជាតិផងដែរ។
លោកស្រី ហ៊ូ សាមិត្ត ៖ «របកគំហើញនៃការសិក្សាស្រាវជ្រាវ បង្ហាញថាអត្រានៃអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធនៅវ័យក្មេង ជាទូទៅបានថយចុះ តែតំបន់ភូមិសាស្រ្តមួយចំនួន អាត្រាប្រេវ៉ាឡង់នៃការរៀបការមុនអាយុ១៨នៅតែខ្ពស់នៅឡើយ ដោយសារតែសេដ្ឋកិច្ចគ្រួសារក្រីក្រ កង្វះ ចំណេះដឹង វិសមភាពយេនឌ័រ បទដ្ឋានសង្គមនិងវប្បធម៌ ឥទ្ធិពលនៃប្រព័ន្ធអ៊ិនធឺណែត និងបណ្តាញព័ត៌មាន សង្គម»។
លោកស្រី បានបញ្ជាក់បន្ថែមថា ក្រសួងកិច្ចការនារី នឹងបន្ត ប្រើប្រាស់របកគំហើញនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍ រួមទាំងអង្គការសង្គមស៊ីវិល ក្នុងការររៀបចំផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ការរៀបអាពាហ៍ ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង នៅកម្ពុជាសម្រាប់ ឆ្នាំ២០២៤-២០៣០ ដែលបានឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦៕
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍