en     km
en     km

សិក្ខាកាមខេត្តកំពង់ធំយល់ដឹងកាន់តែច្បាស់ពីការផលិតព័ត៌មានទាក់ទងតម្រូវការពលរដ្ឋក្រោយឆ្លងកាត់វគ្គសិក្សាជាមួយ WMC

Share

កំពង់ធំ៖ យ៉ាងហោចណាស់អត្ថបទចំនួន ៤ ត្រូវបានក្រុមសិក្ខាកាមក្នុងខេត្តកំពង់ធំបានផលិតឡើងដោយអត្ថបទនីមួយៗសុទ្ធតែបានបង្ហាញពីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការឆ្លើយតបពីសំណាក់អាជ្ញាធរ បន្ទាប់ពីក្រុមសិក្ខាកាមបានសិក្សាវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មានជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។ ការលើកយករឿងរ៉ាវជាតម្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋានមកសរសេរជាព័ត៌មានបែបនេះ កើតឡើងបន្ទាប់ពីសិក្ខា កាមបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈ ៣ ថ្ងៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីតាំងស្នាក់ការបុរីសុខសាន្ត៨៨៨ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុង ទីរួមខេត្តកំពង់ធំ។

សកម្មភាពសិក្សាក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននៅខេត្តកំពង់ធំ។រូបភាពWMC។

វគ្គបណ្តុះបណ្តាលដែលមានសិក្ខាកាមចូលរួមប្រមាណ ៣០ នាក់ក្នុងនោះមានស្រ្តីចំនួន ១០នាក់ ក្រុមគ្រូបង្គោលនៃWMC បានចែករំលែកនូវមេរៀនមួយចំនួនដូចជា ដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ របៀបថតរូប ការសរសេរព័ត៌មាន(5W1H) របៀបធ្វើបទសម្ភាសន៍ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយផងដែរ។

អ្នកគ្រូ គឹម សិទ្ធី គ្រូបង្គោលនៃWMCកំពុងធ្វើបទបង្ហាញពីប្លង់ថតក្នុងវគ្គបណ្តុះបណ្តាល។រូបភាពWMC។

ក្នុងពេលសិក្សាមេរៀននីមួយៗគ្រូបង្គោលបានបែងចែកសិក្ខាកាមជាក្រុមតូចៗឱ្យអនុវត្តលំហាត់ដូចជាការចាប់ប្លង់ថត  ចេះស្វែងរកព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមមកផ្ទៀងផ្ទាត់ របៀបចុះសម្ភាសប្រភពផ្ទាល់ៗនៅតាមមូលដ្ឋាន និងការសហការគ្នាសរសេរជាអត្ថបទព័ត៌មានផងដែរ។

សកម្មភាពសិក្ខាកាមចុះសម្ភាសន៍ពលរដ្ឋដើម្បីសរសេរព័ត៌មានក្នុងវគ្គសិក្សា។រូបភាពពីសិក្ខាកាម។

ក្នុងការអនុវត្តលំហាត់នីមួយៗក៏មានការចាត់តំណាងក្រុមឡើងធ្វើបទបង្ហាញផងដែរ ហើយជាការអង្កេតសិក្ខាកាមម្នាក់ៗបានធ្វើបទបង្ហាញបានយ៉ាងល្អ ហើយអ្នកចូលរួមក៏បានលើកជាសំនួរ និងមតិកែលម្អគ្នាយ៉ាងសកម្ម ប្រកបដោយក្តីសប្បាយរីករាយនិងការស្ថាបនាគ្នាទៅវិញទៅមក។

សកម្មភាពសិក្ខាកាមឡើងធ្វើបទបង្ហាញកិច្ចការរបស់ក្រុមរៀងៗខ្លួន។រូបភាពWMC។

អ្វីជាពិសេសជាងនេះ សិក្ខាកាមមួយចំនួនដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានក៏បានចែករំលែកចំណេះដឹងដល់យុវជនក្មេងៗជំនាន់ក្រោយផងដែរ ដោយប្រការនេះញុំាងឱ្យកម្មវិធីកាន់តែមានភាពចម្រុះមតិយោបល់និងគន្លឹះល្អៗពីរៀមច្បងអ្នកសារព័ត៌មាន។

សិក្ខាកាមក្រុមផ្សេងៗផ្តល់មតិយោបល់យ៉ាងផុសផុលប្រកបដោយការស្ថាបនាគ្នាទៅវិញទៅមក។រូបភាពWMC។

ជាការកត់សម្គាល់ទៀតនោះ អ្នកសិក្សាទាំងអស់បានចុះផលិតព័ត៌មានទាក់ទងនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានលើកឡើងនូវប្រធានទាក់ទងការបង្កបង្កើនផលរបស់កសិករ បញ្ហាផ្លូវលំបាកធ្វើដំណើរ និងដំណើរការអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋាន ការបង្រ្កាបករណីគ្រឿងញៀននិងក្មេងទំនើងជាដើម។

សកម្មភាពក្រុមសិក្ខាកាមចុះសម្ភាសន៍ប្រភពអាជ្ញាធរមានសមត្ថកិច្ចពីបញ្ហាគ្រឿងញៀនក្នុងសហគមន៍។រូបភាពពីសិក្ខាកាម។

នៅចុងកម្មវិធីនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍និងមានមតិយោបល់ប្រហាក់ប្រហែលគ្នាថា ពួកគេសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមវគ្គសិក្សាដ៏មានសារៈសំខាន់នេះ ពិសេសទទួលបានចំណេះដឹងថ្មីៗក្នុងវិស័យសារព័ត៌មាន និងបានស្គាល់មនុស្សថ្មីៗផងដែរ។

សិក្ខាកាមថ្លែងអំណរគុណដល់WMCដែលបានមកបណ្តុះបណ្តាលផ្នែកព័ត៌មានដល់យុវជនខេត្តកំពង់ធំ។រូបភាពWMC។

មួយទៀតផងដែរ សិក្ខាកាមខ្លះយល់ថា របៀបក្នុងការបង្រៀនរបស់គ្រូបង្គោលនៅWMC គឺងាយស្រួលយល់ដោយមានបញ្ចូលសកម្មភាពលេងល្បែងកម្សោន្តនានាជាច្រើន ធ្វើឱ្យអ្នកចូលរួមអាចបញ្ចេញមតិយោបល់ដោយគ្មានការធុញទ្រាន់ក្នុងពេលសិក្សា។ បន្ថែមពីនេះ ក្រុមសិក្ខាកាមសន្យាថា នឹងយកមេរៀននេះទៅចែករំលែកបន្តដល់អ្នកនៅជុំវិញខ្លួន ពិសេសប្រឹងប្រែងស្វះស្វែងរករឿងរ៉ាងក្នុងសហគមន៍ដើម្បីផ្សព្វផ្សាយធ្វើយ៉ាងណាជួយជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាជូនពលរដ្ឋបានសមរម្យ។

សកម្មភាពការធ្វើការងារជាក្រុមៗដែលគ្រូបានដាក់ឱ្យ។រូបភាពWMC។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានអញ្ជើញអ្នកសារព័ត៌មានស្រ្តីម្នាក់ប្រចាំខេត្តកំពង់ធំចូលរួមចែករំលែកបទពិសោធន៍ការងារជាអ្នកសារព័ត៌មាន ពិសេសបទពិសោធន៍ផលិតព័ត៌មានតាមសហគមន៍នាពេលកន្លងមក។ អ្នកស្រី ស៊ុំ ស៊ីថាវរី អ្នកសារព័ត៌មានទូរទស្សន៍CNC ប្រចាំខេត្តកំពង់ធំ សម្តែងក្តីសប្បាយរីករាយដែល WMC បានមកចែករំលែកចំណេះដឹងផ្នែកសារព័ត៌មានជូនយុវជនក្នុងខេត្តកំពង់ធំ ដែលកន្លងមកអ្នកស្រីឃើញថា ពុំសូវមានស្ថាប័នណាមកបណ្តុះបណ្តាលផ្នែកព័ត៌មានដូច្នេះនោះទេ។

អ្នកស្រី ស៊ុំ ស៊ីថាវរី ថ្លែងចំណាប់អារម្មណ៍និងចែករំលែកបទពិសោធន៍ក្នុងអាជីពជាអ្នកសារព័ត៌មានជិត២០ឆ្នាំដល់សិក្ខាកាម។រូបភាពWMC។ 

អ្នកស្រីជំរុញដល់សិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ពិសេសរាល់ការផ្តល់ព័ត៌មានត្រូវប្រមូលប្រភពឱ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុនធ្វើការផ្សព្វផ្សាយ។ អ្នកស្រីរំពឹងថា តាររយៈវគ្គសិក្សានេះសិក្ខាកាមនឹងអាចមានសមត្ថភាពកាន់តែល្អប្រសើរក្នុងការរាយការណ៍ព័ត៌មាននៅតាមមូលដ្ឋានប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសវគ្គសិក្សានេះនឹងក្លាយជាទុនអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត។

សិក្ខាកាមកំពុងចែករំលែកចំណេះដឹងនិងពិភាក្សាការងារក្រុម។រូបភាពWMC។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីចែករំលែកចំណេះផ្នែកព័ត៌មានដល់យុវជនតាមបណ្តាលខេត្តគោលដៅក្នុងនោះមានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ចាម និងខេត្តកំពង់ធំ ជំរុញធ្វើយ៉ាងណាឱ្យសិក្ខាកាមក្លាយជាពលរដ្ឋអ្នកសារព័ត៌មានផងដែរ។ មួយទៀតដែល សិក្ខាកាមនឹងអាចមានសមត្ថភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានជុំវិញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងឱ្យមានដំណោះស្រាយជាវិជ្ជមានពីសំណាក់អាជ្ញាធរដែនដី៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង