en     km
en     km

ហេតុអ្វីកម្មករខ្លះអូសទំនិញ នៅច្រកព្រំដែនប៉ោយប៉ែតបាន ប៉ុន្តែកម្មករខ្លះទៀត ត្រូវបានហាមឃាត់?

Share

មន្ត្រីគយ បានសួរនាំស្ដ្រីដែលជាកម្មករអូសរទេះ ដោយបានអូសទំនិញនាំចូលពីថៃតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ WMC/Cheasokny

នៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមានកម្មករអូសរទេះខ្លះ កំពុងប្រកបរបរអូសអ៊ីវ៉ាន់របស់ភ្ញៀវទេសចរ និងត្រូវបានអនុញ្ញាតអូសទំនិញនាំចូលតិចតួចពីប្រទេសថៃ ចំណែកកម្មករខ្លះទៀត មិនត្រូវបានអនុញ្ញាតឱ្យអូសទំនិញនាំចូលឡើយ។ ហេតុអ្វីបានជាកម្មករអូសរទេះខ្លះអាចបន្តប្រកបរបរនេះបាន ប៉ុន្តែខ្លះទៀតត្រូវបានហាមឃាត់មិនឱ្យអូសរទេះដឹកទំនិញឆ្លងកាត់ច្រកព្រំដែនដ៏ធំនេះ? កញ្ញា ជា សុខនី រាយការណ៍

 

 

ការមិនអនុញ្ញាតឱ្យកម្មករអូសរទេះឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរអះអាងថា ដោយសារទំនិញទាំងនោះ មិនមានការបង់ពន្ធជូនរដ្ឋ។ ទោះជាយ៉ាងណាកន្លងមកទំនិញនាំចូលដែលកម្មករធ្លាប់អូស ពួកគាត់អះអាងថា មិនមានក្នុងអត្រាពន្ធនោះទេ ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីគយ និងសមត្ថកិច្ចនៅតាមច្រកព្រំដែនមួយនេះ ចាត់ទុកទំនិញទាំងនោះជាទំនិញគេចពន្ធ និងមិនអនុញ្ញាតឱ្យកម្មករអូសគ្រប់ទំនិញនាំចូលឡើយ។

សកម្មភាពកម្មករអូសអ៊ីវ៉ាន់ឱ្យភ្ញៀវទេសចរ។ WMC/kimchanchav

អ្នកស្រី តូយ ម៉េត ជាកម្មករអូសរទេះដែលត្រូវបានមន្ត្រីគយមិនអនុញ្ញាតឱ្យអូសទំនិញនាំចូលជាកម្មករដែលត្រូវបានមន្ត្រីគយមិនអនុញ្ញាតអូសទំនិញញទាំងនោះ មិនមានការបង់ពន្ធជូនរដ្ឋ។ ាដុំមាសដុំប្រាក់នោះទេ។ បានរៀបរាប់ថា ទំនិញដែលអ្នកស្រីអូសជញ្ជូនកន្លងមក គឺមន្ត្រីគយថាជាទំនិញគេចពន្ធ និងជាទំនិញដែលខុសច្បាប់ មិនបានផ្ដល់ជាចំណូលចូលក្នុងសេដ្ឋកិច្ចជាតិនោះទេ ហើយសកម្មភាពអូសជញ្ជូនទំនិញទាំងនោះដែរ ក៏មន្ត្រីគយថាអ្នកស្រីបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ប្រសិនជាទំនិញទាំងនោះជាទំនិញគេចមែន អ្នកស្រីនឹងព្រមបង់ពន្ធជូនរដ្ឋ ប៉ុន្តែសុំឱ្យមន្ត្រីគយព្រមអនុញ្ញាតឱ្យអ្នកស្រីបន្តអូសទំនិញទាំងនោះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយ ដោយកុំឱ្យអ្នកស្រីបញ្ជូនទំនិញរបស់ខ្លួនដាក់តាមឡាននៅតាមច្រកស្ទឹងបត់។

អ្នកស្រី តូយ ម៉េត ៖ «អ៊ីវ៉ាន់អីក៏គេចពន្ធដែរអ៊ីវ៉ាន់អីក៏គេចដូចគ្នា អញ្ចឹងបានថាពួកយើងបាននាំគ្នាជញ្ជូនធ្វើឱ្យរដ្ឋមន្ត្រីក្រ អ៊ីវ៉ាន់អីក៏គេថាយើងខុសច្បាប់ដែរ ចេញមកយើងសុំគេបង់ពន្ធគេមិនព្រម គេឱ្យយើងដាក់ឡាន ដាក់ឡាន គេឱ្យដាក់ឡានថៃតាមច្រកស្ទឹងបត់គេឱ្យដាក់ឡាន តែបើអូសគេមិនឱ្យអូសដែរតាមច្រកផ្សេង»។

បើតាមស្ដ្រីដែលជាកម្មកររូបនេះ បានបញ្ជាក់ថា ទំនិញដែលអ្នកស្រី និងគ្រួសារ បានអូសកន្លមក ហើយត្រូវបានមន្ត្រីគយចាប់មិនឱ្យនាំចូលមានដូចជា៖ ស្បែកជើងជជុះ កាបូបជជុះ សំលៀកបំពាក់ជជុះ និងប្រហិតតិចតួចសម្រាប់លក់ឱ្យអ្នកប្រកបរបរបុកល្ហុងជាដើម។ ការនាំចូលទំនិញទាំងនោះ អ្នកស្រីថា មិនមែនអូសទាំងតោនៗនោះទេ ប៉ុន្តែសម្រាប់តែផ្គត់ផ្គង់ឱ្យអាជីវករលក់ដូរចល័តតូចតាចប៉ុណ្ណោះ។

អ្នកស្រី តូយ ម៉េត ៖ «មានតែអូសកាបូបអូសអីហ្នឹង គេមិនឱ្យទៀត ដូចខ្ញុំថាគេសុទ្ធតែមានឡាន បេនឡានបេនអីគេ គេមានកូនចៅគេ យើងទៅអូសក៏មិនបានដែរ គេឱ្យកូនចៅគេអូសអស់ហើយ គេមិនឱ្យយើងអូសទេ។ សង្ឃឹមតើអ៊ីវ៉ាន់ហ្នឹងដល់ពេលឥលូវមកអញ្ចឹង មានអីរំពឹងទៀតអត់រលីងអូន ចៅបីបួនបៅទឹកគោអីផង កូនប្រាំពីរកូននៅតូចពីរធំប្រាំ ឥលូវអត់ការងារទាំងអស់នៅផ្ទះទាំងអស់»។

ចំណែកកម្មករអូសរទេះម្នាក់ទៀត គឺអ្នកស្រី ផៃ សម័យ បានរៀបរាប់ដែរថា មន្ត្រីគយចាត់ទុកគ្រួសារអ្នកស្រី ជាកម្មករអូសទំនិញខុសច្បាប់ ទំនិញដែលមិនបង់ពន្ធជូនរដ្ឋ ដើម្បីទទួលចំណូលបានច្រើន ប៉ុន្តែចំណូលទាំងនោះអ្នកស្រីថាគ្រាន់តែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនមែនប្រមូលបានសល់ជាដុំមាសដុំប្រាក់នោះទេ។ អ្នកស្រីថាទំនិញដែលអូសកន្លងមកមានដូចជា៖ សាប៊ូកក់សក់ ស្បែកជើងជជុះ និងគ្រឿងក្រអូបជាដើម ដែលគយថាសុទ្ធតែជាទំនិញគេចពន្ធ។

អ្នកស្រី ផៃ សម័យ និងស្វាមី បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្ដ្រី។ WMC/Kimchanchav

អ្នកស្រី ផៃ សម័យ ៖ «ខ្ញុំសួរថាស្បែកជើងជជុះមានអត្រាពន្ធទេ? អត់មានទេពួកខ្ញុំរកស៊ីអូសរទេះជាង ១០ឆ្នាំហើយ មិនដែលមានស្បែកជើងឯណាមានអត្រាពន្ធនោះទេ ឥលូវនេះគឺមាន ឥលូវនេះសូម្បីតែផ្លែឈើ បន្លែ ក៏ចាប់ដែរមិនឱ្យចេញដើរចេញតាមណា។ ខ្ញុំសួរថាដែលគ្នាទិញយកមកលក់ផ្សារអគ្គ បួនដប់ថង់ ពីរបីថង់ បួនប្រាំថង់ហ្នឹង ខ្ញុំសួរថាយើងត្រូវតែបង់ពន្ធទេ តើយើងត្រូវបង់ពន្ធកន្លែងណា ហើយយកទៅដាក់ឡាន ដាក់កើតទេ បន្លែ ផ្លែឈើ ទម្រាំគ្នាប្រមូលពេញឡានតាំងពីព្រឹករហូតដល់ល្ងាច សូម្បីតែអ៊ីវ៉ាន់ក៏ពីរថ្ងៃ ឬមួយថ្ងៃដែរបានមកដល់ ចុះបន្លែ ប្រសិនជាវ៉ៃថាតែមួយថ្ងៃ ឬមួយព្រឹក ក៏គ្នាត្រូវស្វិតអស់ដែរ អានេះគាត់មិនគូរដល់ផលលំបាករបស់ប្រជាជន ប្រជាពលរដ្ឋ អ្នកអូសរទេះរាប់រយគ្រួសារនេះ ដែលគ្នារស់បាននេះ ខ្ញុំសួរថាឱ្យចំណាកស្រុក ចំណាកស្រុកទៅណារួច ដូចខ្ញុំអញ្ចឹងចំណាកស្រុកទៅណា ចៅកូន វាទីពឹងតែយើងទេកូន!»។

បច្ចុប្បន្ននេះ រាល់ទំនិញនាំចូលទាំងអស់ដែលមានអត្រាពន្ធ និងទំនិញដែលគ្មានអត្រាពន្ធ គឺអ្នកស្រីថា មន្ត្រីគយចាប់យកទាំងអស់ ចៀសវាងតែការអូសអ៊ីវ៉ាន់របស់ភ្ញៀវទេសចរ និងពលករប៉ុណ្ណោះ ដែលកម្មករអាចអូសបានដោយមិនមានការហាមឃាត់ឡើយ។

តាមដែលវិទ្យុស្ដ្រីបានចុះទៅយកព័ត៌មានជាក់ស្ដែងនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺឃើញមានកម្មករខ្លះ ត្រូវបានគយអនុញ្ញាតឱ្យអូសទំនិញតិចតួចនាំចូលពីថៃបាន និងកម្មករខ្លះទៀត ក៏មិនត្រូវបានការអនុញ្ញាតឱ្យអូសទំនិញនាំចូលនោះទេ។ អ្នកអាចបន្តអូសរទេះកាត់ច្រកព្រំដែននេះ ពួកគាត់បានងាកមកអូសអ៊ីវ៉ាន់របស់ភ្ញៀវទេសចរ និងពលករ។ ការអនុញ្ញាតឱ្យអូសទំនិញនាំចូលបានតិចតួចនេះ គឺកម្មករដែលកំពុងអូសទំនិញនៅតាមច្រកព្រំដែននេះ បានប្រាប់ថាពួកគាត់បានសុំគយយូរៗម្ដងនោះទេ គឺនៅពេលដាច់បាយ មិនមែនអូសបានជារៀងរាល់ថ្ងៃឡើយ។

សកម្មភាពកម្មករអូសអ៊ីវ៉ាន់ឱ្យភ្ញៀវទេសចរ។ WMC/cheasokny

លោក ផម តឿ ជាកម្មករកំពុងអូសអ៊ីវ៉ាន់ឱ្យភ្ញៀវទេសចរនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់វិទ្យុស្ដ្រីថា បច្ចុប្បន្ននេះ លោកអូសបានតែអ៊ីវ៉ាន់ធ្វើដំណើររបស់ភ្ញៀវ និងពលករប៉ុណ្ណោះ។ ចំពោះអ៊ីវ៉ាន់នាំចូល លោកថា​ គយមិនអនុញ្ញាតនោះឡើយ ប៉ុន្តែយូរៗម្ដងពេលរកចំណូលមិនបានពីការអូសអ៊ីវ៉ាន់ធ្វើដំណើរឱ្យភ្ញៀវ គឺលោកបានសុំគយអូសម្ហូប បន្លែ នាំចូលបានមួយគីឡូ ឬពីរគីឡូផងដែរ។

លោក ផម តឿ ៖ «និយាយថាទំនិញដែលចេញពីថៃមក គេចាប់ទាំងអស់ អូសបានតិចតែបន្លែមួយដុំ នេះមួយដុំៗអញ្ចឹងទៅ យួរខ្លះអីខ្លះអញ្ចឹងទៅ»។

រីឯកម្មករម្នាក់ទៀតដែលកំពុងអូសអ៊ីវ៉ាន់ដែរ គឺលោក ស៊ុំ បញ្ញា បានប្រាប់ដែរថា ឥលូវនេះទំនិញថ្មីៗចូលមិនបានទេ គឺមន្ត្រីគយចាប់ទាំងអស់ មិនដូចពីមុននោះទេ លោកអាចអូសទំនិញនាំចូលបាន ដោយមិនមានការហាមឃាត់ឡើយ។

លោក ស៊ុំ បញ្ញា ៖ «អ៊ីវ៉ាន់ថ្មីចាប់ទាំងរទេះហ្នឹង ទាំងអីយកទៅកន្លែងគេបាត់អស់ឥលូវ អ៊ីវ៉ាន់ថ្មីៗ ខោអាវៗអីហ្នឹងឱ្យតែនាំចេញពីថៃគេចាប់យក អូសបានកាបូបទេសចរណ៍ធម្មតាទៅ គ្រាន់បានយើងដឹកអ្នកដើរលេងអ្នកអីអញ្ចឹងកាបូបមួយពីរ»។

ទាក់ទងរឿងនេះលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឱ្យកម្មករអូសរទេះ អូសអ៊ីវ៉ាន់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺដោយសារច្រកនេះជាច្រកទ្វារសម្រាប់ភ្ញៀវទេសចរឆ្លងកាត់ ហើយទំនិញដែលកម្មករទាំងនោះអូស គឺជាទំនិញដែលមិនបង់ពន្ធ។

លោក ញឹម ផឿង ថ្លែងថា៖ «គយរឹតបន្ដឹង រឿងដឹកទំនិញ ព្រោះបងប្អូនកម្មករភាគច្រើនគាត់ដឹកទំនិញ ដឹកទំនិញរបៀបដែលអត់បង់ពន្ធ។ និយាយជារួមគាត់ក៏ជាជនរងគ្រោះដែរ និយាយជារួមចាញ់បោកឈ្មួញដឹកអ៊ីវ៉ាន់ទេ គាត់ហ្នឹង បានន័យថាគេប្រើប្រាស់គាត់អូសរទេះ បានតែថ្លៃឈ្នួល ១០០ ២០០បាតអញ្ចឹងណា តែពន្ធគឺជាបានន័យថាម្ចាស់ដែលជាសម្ភារដឹកជញ្ជូនមក គាត់អត់បានបង់ពន្ធទេ គាត់ប្រើប្រាស់កម្មករអញ្ចឹងទៅ»។

ទោះបីជាយ៉ាងណា សម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗនេះ លោកបន្ថែមថា អាជ្ញាធរក៏មានច្រកមួយទៀត ដែលហៅថាច្រកស្ទឹងបត់ ខណៈច្រកមួយនេះ គឺអាជ្ញាធរបានណែនាំឱ្យកម្មករអូសរទេះទាំងនោះ ត្រូវយកអ៊ីវ៉ាន់មកដាក់តាមឡានដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ដោយឈប់ប្រើប្រាស់ច្រកព្រំដែនអន្តរជាតិ។

មកដល់ពេលនេះ វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺពីលោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជុំវិញការអនុវត្តរបស់មន្ត្រីគយ ទាក់ទងនឹងការចាប់ទំនិញគេចពន្ធដែលជញ្ជូនដោយកម្មករអូសរទេះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានឡើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង