ភ្នំពេញ៖ កម្ពុជាត្រូវការអ្នកវិនិយោគទុនលើវិស័យចំនួន ៥ សំខាន់ៗ ដើម្បីឱ្យសេដ្ឋកិច្ច ប្រទេសមានសន្ទុះការរីកចម្រើន និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាននាថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីជំនួបពាណិជ្ជករកម្ពុជា-ថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា ការវិនិយោគលើវិស័យចម្បងៗ ទាំង ៥ ដែលកម្ពុជាកំពុងត្រូវការ រួមមាន៖ ទី១ វិស័យកែច្នៃវត្ថុធាតុដើម និងការកែច្នៃម្ហូបអាហារ, ទី២ វិស័យឧស្សាហ៍កម្មធុនស្រាល, ទី៣ វិស័យទេសចរណ៍, ទី៤ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ, និងទី៥ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាបានផ្តល់ឱកាសទូលំទូលាយដល់អ្នកវិនិយោគបរទេសទាំងអស់ដែលចង់មកវិយោគទុននៅកម្ពុជា។ លោកថា ក្រសួងពាណិជ្ជនឹងដើរតួជាអ្នកសម្របសម្រួលក្នុងការចុះបញ្ជីពាណិជ្ជកម្មផ្សេងៗ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសដល់វិស័យឯកជន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរផងដែរ៕