en     km
en     km

កម្មការិនីរោងចក្រម៉ៅការដេរបន្ត ប្រឈម មិនទទួលបានលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ

Share

ដោយសាររោងចក្រកាត់ដេរព្យួរការងារមួយរយៈ  កម្មការិនី គឹមលី ក៏បានទៅធ្វើការនៅរោងចក្រម៉ៅការដេរបន្តមួយកន្លែងនៅភ្នំពេញបានប្រហែលជិត២ខែ។ អ្នកស្រីថា កម្មករបានប្រឈមនឹងបញ្ហា ជាច្រើនដូចជា មិនមានប័ណ្ណ ប .ស.ស គ្រោះថ្នាក់ការងារត្រូវចេញលុយព្យាបាលដោយខ្លួនឯង ហើយត្រូវក្រុមហ៊ុនកាត់លុយបន្ថែមទៀត។ ដោយសារកត្តាបែបនេះហើយ នៅពេលដែលកម្មករឈឺក៏ខ្វះខាតលុយប្រើប្រាស់ ដែលធ្វើឱ្យគាត់លុងខ្លួនក្នុងបំណុល។​ (អ្នកស្រី វ៉ាយ វត្តី​ជូនសេចក្តីរាយការណ៍)

កម្មការិនី គឹម លី  ដែលធ្លាប់បានទៅដេរឱ្យរោងចក្រម៉ៅដេរបន្ត មួយកន្លែងនៅរាជធានីភ្នំពេញដោយទទួលបានប្រាក់ឈ្នួលគិតជាប្រចាំថ្ងៃ  បានឱ្យដឹងថា រោងចក្រម៉ៅការដេរបន្តនោះ មិនមានលក្ខខណ្ឌការងារទេ ដែលអ្នកស្រី រួមទាំងកម្មករប្រមាណជិត៥០០នាក់ប្រឈមនឹងបញ្ហាដូចជា ការមិនអនុវត្តតាមច្បាប់ការងារ និងមិនមានប័ណ្ណបសស បើទោះបីជារោងចក្រនោះបានបើកជាយូរឆ្នាំហើយក្តី។

អ្នកស្រី គឹម លី ៖ « ពាក់ព័ន្ធនឹងអ្នកដេរស៊ីថ្ងៃ គាត់មិនទទួលបានអត្ថប្រយោជន៍អ្វីដែលច្បាប់ផ្តល់ឱ្យទេ ជាទូទៅក្នុងមួយឆ្នាំយើងមានចរចារតម្លើងប្រាក់ឈ្នួលម្តង គាត់អត់ទេ ឧទាហរណ៍យើងដេរបានមួយថ្ងៃ៥ម៉ឺនរៀល គឺ៥ម៉ឺនរៀល តែមានថែមទៅតាមគោលការណ៍កន្លែងខ្លះ៥ម៉ឺនរៀលត្រឹមម៉ោង៦ល្ងាច ខ្លះត្រឹមម៉ោង៧ល្ងាច តែភាពជាក់ស្តែងកន្លែងដែលខ្ញុំធ្វើ ៥ម៉ឺនរៀលត្រឹមម៉ោង៦ល្ងាច»។

ការលើកឡើងពីផលលំបាករបស់កម្មករនេះ ធ្វើឡើងនៅក្នុងវេទិកាកិច្ចសន្ទនាគោលនយោបាយ និងការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី« ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងកម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការអុកស្វាម។ វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងជួយជ្រោមជែ្រងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យ និងកែសម្រួលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ដើម្បីការពារសិទ្ធិ និងធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត(ស្ត្រី)នៅក្នុងរោងចក្រម៉ៅការដេរបន្ត។ បន្ថែមពីនេះក៏ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទីដ៏ចម្បងនៃការងារសមរម្យ និងរបបសន្តិសុខសង្គម ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការពង្រឹងប្រព័ន្ធធានារ៉ាប់រងសាធារណៈនៅកម្ពុជាផងដែរ។

សម្រាប់រោងចក្រម៉ៅការដេរបន្ត ដែលមិនគោរពលក្ខខណ្ឌការងារនោះ អ្នកស្រី គឹម លី បានឱ្យដឹងបន្ថែមថា​​ អ្នកស្រី ក៏ដូចជាកម្មករដទៃទៀតគឺមិនទទួលបាននូវអត្ថ​ប្រយោជន៍ផ្សេងៗដូចជាមិនទទួលបានប័ណ្ណប.ស.ស និងការបើកលុយមិនបានទៀងទាត់ជាដើម។​ អ្នកស្រីថា នៅក្នុងរោងចក្រម៉ៅការដេរបន្តនោះមានកម្មករប្រមាណ៥០០នាក់ តែសម្រាប់កម្មករដេរបន្តគិតប្រាក់ឈ្នួលជាប្រចាំថ្ងៃមានជាង១០០នាក់ទេ ហើយសម្រាប់កម្មករទាំងអស់ ទាំងកម្មករ ដែលទទួលប្រាក់ឈ្នួលគិតជាខែ ឬជាថ្ងៃក្នុងមួយថ្ងៃៗ នោះបានប្រឈមនឹងបញ្ហា ជាច្រើនដូចជា មិនមានប័ណ្ណ ប .ស.ស គ្រោះថ្នាក់ការងារត្រូវចេញលុយព្យាបាលដោយខ្លួនឯង ហើយត្រូវក្រុមហ៊ុនកាត់លុយបន្ថែមទៀត។ ដោយសារកត្តានេះហើយទើបពួកគេសម្រេចចិត្តខ្ចីប្រាក់ដោយការចងការគេ ដែលធ្វើឱ្យបំណុលចេះតែកើនឡើង។

​ អ្នកស្រី គឹម លី ៖ «ខ្ញុំទៅដេរស៊ីថ្ងៃនៅរោងចក្រគាត់ (កម្មករ)ប្រឈមទី១គ្រោះ​ថ្នាក់ការងារ គឺពួកគាត់ត្រូវចេញលុយដោយខ្លួនឯង ហើយក្រុមហ៊ុនកាត់លុយគាត់ទៀត ទី២ ពេល គាត់(កម្មករ)ឈឺថ្កាត់លុយដែលប្រើប្រាស់មិនបានគ្រប់គ្រាន់ ក៏ទៅខ្ចីចងការគេ ធ្វើឱ្យបំណុលចេះតែកើនឡើង អ្វីដែលជាបញ្ហាប្រឈមខ្លាំង គឺកន្លែងដែលដេរស៊ីថ្ងៃនោះបើកលុយមិនបានទៀងទាត់ទេ»។​

របាយការណ៍របស់អង្គការអុកស្វាមដែលបានផ្សព្វផ្សយនាពេលនោះបានធ្វើការសិក្សាស្រាវជ្រាវទៅលើរោងចក្រម៉ៅការបន្តចំនួន៣ កន្លែងមាននៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ បានបង្ហាញឱ្យដឹងថា បញ្ហាប្រឈមជាច្រើនដែលកម្មករ កម្មការិនី ដែលបម្រើការនៅរោងចក្រម៉ៅការដេរបន្តជួបប្រទះដូចជា ការអនុវត្តការងារស្ថិតនៅក្នុងទម្រង់ការងារមិនមានសុវត្ថិភាព និងមិនច្បាស់លាស់ ដោយក្នុងនោះរួមមានប្រាក់ឈ្នួល និងប្រាក់បៀរវត្សរ៍សម្រាប់កម្មករនិយោជិតមានភាពមិនទៀងទាត់កម្រិតខ្ពស់ ហើយប្រាក់ឈ្នួលអប្បបរមាតិចជាងការកំណត់ដោយច្បាប់ការងារនៅកម្ពុជា ជាមធ្យម ត្រឹមតែ១៧២ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ បន្ថែមពីលើនេះ កម្មករនិយោជិតភាគច្រើនមិនទទួលបានបុព្វលាភ និងប្រាក់ឧបត្ថម្ភដែលពួកគេមានសិទ្ធទទួលបាន ដូចជារបបសន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ច្បាប់ឈប់សម្រាកការងារ សុខភាព​ និងសុវត្ថិភាពការងារជាដើម។

កញ្ញា អៀន សុភឿន មន្រ្តីសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា(CFSWF) ដែលបានចូលរួមស្តាប់របាយការណ៍ដែលបានធ្វើការផ្សេព្វផ្សាយនាពេលនោះ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ការទទួលបានការងារសមរម្យសម្រាប់កម្មករនោះទាល់តែប្រាក់ឈ្នួលរបស់កម្មករធានាបានអំពីការរស់នៅប្រចាំថ្ងៃបានគ្រប់គ្រាន់និងអាចនៅសល់ថវិកាមួយចំនួនថែមទៀត។

កញ្ញា អៀន សុភឿន៖ « ចាស៎ សម្រាប់ខ្ញុំយល់ឃើញជុំវិញការងារសមរម្យសម្រាប់កម្មករ មានន័យថា​ប្រាក់ឈ្នួលរបស់កម្មករ ធានាបានអំពីការរស់នៅរបស់គាត់ប្រចាំថ្ងៃ ការចំណាយទៅលើការហូបចុក ឬការរស់នៅគឺអាចគ្រប់គ្រាន់ ហើយបន្ថែមពីហ្នឹងក៏អាចមានថវិកាមួយចំនួនសម្រាប់សន្សំនៅថ្ងៃអនាគតរបស់ពួកគាត់ផងដែរ ប្រសិនបើប្រាក់ឈ្នួលរបស់កម្មករសព្វថ្ងៃមិនអាចធានាអំពីជីវភាពរស់នៅ ពួកគាត់មិនអាចស្នាក់នៅកន្លែងសមរម្យបាន មិនមានអាហារហូបចុកប្រចាំថ្ងៃបានទេ បន្ថែមពីហ្នឹងពួកគាត់ក៏អត់មានប្រាក់ក្នុងការសន្សំ ប្រាក់ក្នុងការមើលថែសុខភាព ហ្នឹងក៏យើងមិនអាចធានាអំពីប្រាក់ឈ្នួលសមរម្យបាននោះទេ»។

អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមរំពឹងថា ​លទ្ធផលនៃការស្រាវជ្រាវនេះ នឹងពង្រឹកចំណេះដឹងទាក់ទងវិស័យកាត់ដេរមានតួអង្គរោងចក្រច្រើនទៀត ក្រៅពីរោងចក្រដែលបានចុះឈ្មោះ ចុះបញ្ជី ទាក់ទងនឹងអាជីវកម្មម៉ៅការដេរបន្តនេះអ្នកខ្លះទើបតែលឺដំបូង ដោយភាគច្រើនមិនបានដឹងថានៅស្រុកខ្មែរ​ មានអាជីវកម្មម៉ៅការដេរបន្ត ដូច្នេះ ពួកគាត់អាចស្វែងយល់បន្ថែមថាន នៅមានកម្មកររាប់រយ រាប់ម៉ឺន នាក់ ដែលកំពុងបំពេញការងារក្នុងអាជីកម្មម៉ៅការបន្ត។

អ្នកស្រី ភាណ សោភ័ណ៖«អ្វីដែលយើងចង់ឃើញគឺថា​កម្មករទោះបីជានៅក្នុងរោងចក្រ ដែលបានចុះបញ្ជី ឬក៏នៅក្នុងអាជីវកម្មម៉ៅការបន្តនេះគឺទទួលបាន ការគោរពសិទ្ធិ ទទួលបានលក្ខខណ្ឌការងារ ក៏ដូចជាការគាំទ្រសង្គមស្នើគ្នាផងដែរ។ ហេតុដូច្នេះហើយតាមរយៈការសិក្សាស្រាវជ្រាវនេះយើងចង់រំលេចអំពីបញ្ហាដែលជាបញ្ហាប្រឈមរបស់កម្មករ ក៏ដូចជាការទទួលបានលទ្ធភាពក្នុងការទទួលបានកិច្ចគាំពារនៅក្នុងសង្គមរបស់កម្មករនៅក្នុងអាជីវកម្មម៉ៅការបន្តនេះ»។

អ្នកស្រី ភាណ សោភ័ណក៏បានបញ្ជាក់បន្ថែមថា​«​នេះរបាយការណ៍នេះក្រៅពីការប្រកាសជូននៅថ្ងៃនេះ ក៏នឹងផ្ញើផ្ទាល់ទៅដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដាក់ផ្សាយផ្ទាល់នៅក្នុងវេបសាយរបស់អង្គការអុកស្វាមផងដែរ»។

លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមក្នុងវេទិកាកិច្ចសន្ទនាគោលនយោបាយ និងការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃរបាយការណ៍នេះក្នុងការរួមចំណែកផ្តល់ជាធាតុចូលដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយ ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារដើម្បីធានាថា កម្មករ និយោជិតគ្រប់រូប ដែលបំពេញការងារនៅគ្រប់វិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធទទួលបានការងារ និងប្រាក់ចំណូលសមរម្យ។

គួរបញ្ជាក់ផងដែរថា  វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប នៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ដោយគិតមកត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះវិស័យនេះបានផ្ដល់ការងារដល់កម្មករនិយោជិតប្រមាណជាង ៩៥ម៉ឺន នាក់៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង