en     km
en     km

ក្រុមយុវជន GREN តស៊ូការពារសិទិ្ធមនុស្ស និងការពារធនធានធមម្មជាតិ ទោះប្រឈមឧបសគ្គ

Share

ដោយមើលឃើញថា យុវជនគឺជាទំពាំងស្នងឫស្សីដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពារធនធានធម្មជាតិ សព្វថ្ងៃក្រុមGRENតែងតែព្យាយាមធ្វើការផ្សព្វផ្សាយ និងចងក្រងយុវជនឲ្យយល់ដឹងពីសិទ្ធិ និងធនធានធម្មជាតិឲ្យបានច្បាស់លាស់។ ពីព្រោះនៅក្នុងប្រទេសកម្ពុជាមានអត្រាយុវជនខ្ពស់ជាងគេធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។ ក្រុមGREN បង្កើតឡើងដោយក្រុមនិស្សិតដែលយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងធនធានធម្មជាតិ។ កញ្ញា រមាស រស្មី រាយការណ៍

 

យុវជន ជា រក្សា ភេទ ប្រុស អាយុ២១ ឆ្នាំ សិក្សាឆ្នាំទី៣ ជំនាញវិទ្យាសាស្រ្តព្រៃឈើ។ ក្រៅពីការសិក្សា រក្សាមានតួនាទីជាប្រធានគ្រប់គ្រងនៃអ្នកការពារសិទ្ធិ និងធនធានធម្មជាតិនៃក្រុមGREN។ ក្រុមGREN មានសមាជិកស្នូល៨នាក់។ GREN ជាឈ្មោះកាត់ភាសាអង់គ្លេសមកពីពាក្យពេញ Guardians of Right and Eco-Nature ដែលមានន័យថា «អ្នកការពារសិទ្ធិ និងធនធានធម្មជាតិ»។ ក្រុមនេះបានបង្កើតឡើងនៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ មូលហេតុដែលបង្កើតក្រុមGRENនេះឡើងដោយសារមើលឃើញពីបញ្ហាការបាត់បង់ធនធានព្រៃឈើ ជីវចម្រុះ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការរំលោភសិទ្ធិមនុស្សនៅតែកើតមានឡើង។ ក្រុមនេះមានបេសសកម្ម ផ្សព្វផ្សាយ ចងក្រង និងពង្រឹងសមត្ថភាពការយល់ដឹងទៅដល់សិស្សានុសិស្ស(កម្រិតបឋមសិក្សាដល់ឧត្តមសិក្សា) យុវជន និងសហគមន៍មូលដ្ឋានគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាឱ្យមានការយល់ដឹង អំពីសិទ្ធិមនុស្ស ធនធានធម្មជាតិ បរិស្ថាន និងស្វែងរកដំណោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ដែលគោលដៅ ពង្រឹងសមត្ថភាពសិស្សានុសិស្ស យុវជន និងសហគមន៍មូលដ្ឋាន នៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន ដែលចង់ឃើញប្រទេសកម្ពុជា មានប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនិរន្តភាពធនធានធម្មជាតិ។

កម្មវិធីយុវជនស្ដីពី សារៈសំខាន់នៃព្រៃឈើ និងបម្រែបម្រួលអាកាសធាតុ នៅវិទ្យាល័យអង្គពពាយ ខេត្តកណ្ដាល

សម្រាប់ការធ្វើគម្រោងរបស់ក្រុម GREN កន្លងមកបានស្វែងរកជំនួយពីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សនិងធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ ក្នុងនេះដែរក៏មានការគាំទ្រពីសមាគមបណ្ដាលយុវជនកម្ពុជាហៅថា(CYN) ដែលបានគាំទ្ររាល់សកម្មរបស់ក្រុមដែលបានធ្វើឡើង។ រក្សាឱ្យដឹងថា ចំពោះការធ្វើសកម្មភាពតែងតែមានឧបសគ្គខ្លះៗក្នុងការបង្កើតក្រុមគឺពិបាកក្នុងការរកមនុស្សដែលមានគោលបំណងឬក៏គោលដៅរួមជាមួយគ្នា ក្នុងកិច្ចការងារសង្គមរួមគ្នា។ ចំពោះឧបសគ្គក្នុងការធ្វើគម្រោងម្ដងៗគឺការពិបាករកយុវជនដែលមានគោលបំណងចង់យល់ដឹងពីបញ្ហាសង្គម និងធនធានធម្មជាតិ ដោយសារយុវជនមួយចំនួនមានភាពភ័យខ្លាច មិនមានចំចាប់អារម្មណ៍លើកិច្ចការពារធនធម្មជាតិ ជាពិសេសការយល់ខុសចំពោះអ្នកការពារធនធានធម្មជាតិ ។

កម្មវិធីបោះជំរំស្ដីពី ភាពជាអ្នកដឹកនាំវ័យក្មេងក្នុងកិច្ចការពារធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិព្រៃសង់រុក្ខាវ័នខេត្តឧត្តរមានជ័យ។ រូបភាពពី យុវជន ជា រក្សា ។

ទោះយ៉ាងណាកន្លងមកក្រុមនេះបានធ្វើសកម្មភាពជាច្រើនដូចជា ការចុះទស្សនកិច្ចសិក្សាជាមួយយុវជនដែលមកពីសកលវិទ្យាល័យផ្សេងៗគ្នា និងយុវជនមកពីជុំវិញប្រទេសកម្ពុជា ជាពិសេសយុវជនដែលបានសិក្សានិងកំពុងសិក្សាជំនាញផ្សេងៗគ្នាផងដែរ។ យុវជនទាំងអស់ដែលបានចូលរួមជាមួយក្រុមយល់ដឹងទៅលើសារសំខាន់នៃព្រៃឈើ និងជីវចម្រុះទន្លេមេង្គដែលបានធ្វើនៅខេត្តក្រចេះ កំឡុងខែកុម្ភៈ ក្នុងឆ្នាំ២០២៤កន្លងមក។ ចំណែកនៅក្នុងខែមីនាឆ្នាំ២០២៤ ក្រុមបានរៀបចំសកម្មភាពទស្សនកិច្ចសិក្សាស្ដីពីសារសំខាន់នៃព្រៃឈើ ដែលមានទីតាំងនៅសហគមន៍ព្រៃក្បាលខ្លា ក្នុងខេត្តកំពង់ធំ ដែលបង្ហាញដល់យុវជនដែលបានចូលឲ្យពីប្រវត្តនៃសហគមន៍ ការបំបួសដើមឈើញជាដើម។ នៅក្នុខែមេសាឆ្នាំ២០២៤ ក្រុមបានធ្វើកម្មពិធីបោះជំរំដែលក្រោមប្រធានបទ ភាពជាអ្នកដឹកនាំវ័យក្មេង ក្នុងកិច្ចការពារធនធានធម្មជាតិ ដែលបានធ្វើឡើងក្នុងតំបន់ការពារធម្មជាតិព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ។​ ជាពិសេសកន្លងមកក្នុងការធ្វើទស្សនកិច្ចនីមួយៗ ពួកគេបានជួបប្រទះបញ្ហាផ្ទាល់នៅនឹងកន្លែងតែម្ដងដូចជា ភ្លើងចេះព្រៃ ការដាក់អន្ទាក់សត្វព្រៃ ករណីសត្វព្រៃស្លាប់ផងដែរ។ ថ្មីៗនេះក្នុងខែមិថុនា ឆ្នាំ២០២៤ ក្រុមGrenបានរៀបចំកម្មពិធីអប់រំសារសំខាន់នៃព្រៃឈើ និងបម្រែបម្រួលអាកាសធាតុផ្សារភ្ចាប់ជាមួយការដាំកូនឈើ១០០ដើម ដើម្បីភពផែនដី ដែលបានធ្វើក្នុងវិទ្យាល័យអង្គពាយ ខេត្តកណ្ដាល ។

រក្សាបានលើកឡើងថាសមាជិកក្រុ​ម GRENម្នាក់ៗមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារស្ម័គ្រចិត្ត ជាពិសេសសាមគ្គីភាពក្នុងការសហការគ្នា ការគោរពវិន័យ និងការផ្ដល់គុណតម្លៃឲ្យគ្នាទៅវិញទៅមក។ ក្រុមGREN មានន័យណាស់ចំពោះរក្សានិងសមាជិកទាំងអស់ផងដែរ។ ។ រក្សាសូមលើកទឹកចិត្តដល់អ្នកធ្វើការងារសង្គមនិងផ្ដាំទៅដល់យុវជនយុវជនដទៃទៀត គួរស្វែងយល់់អត្ថន័យគិតដល់ធនធានធម្មជាតិថា «អ្នកជួយគេ គេនឹងជួយអ្នកវិញ»៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image Not Found
Image

ព័ត៌មានទាក់ទង