សារៈមន្ទីរក្រោមទឹកដំបូងគេបង្អស់នៅអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងទាក់ទងនឹងបញ្ហាដែលកើតមានឡើងក្នុងមហាសមុទ្រ។
មានរូបចម្លាក់ចំនួនជាង ៣០០ កំពុងត្រូវបានគេរៀបចំដាក់នៅបាតទឹកឈូងសមុទ្រ LAS COLORADAS ជាតំបន់អភិរក្សមួយរបស់អង្គការយូនីស្កូ ស្ថិតក្នុងប្រទេសអេស្បាញ។ រូបចម្លាក់កំពុងត្រូវបានគេទម្លាក់ទៅក្នុងទឹកដែលមានជម្រៅពី១២ ទៅ ១៥ ម៉ែត ហើយសារៈមន្ទីរក្រោមទឹកទី១នេះនឹងគ្របដណ្តប់ផ្ទៃទឹកប្រមាណ ៥០*៥០ ម៉ែតក្រឡា។
គម្រោងសាងសង់នេះផ្តួចផ្តើមដោយសិល្បករម្នាក់ឈ្មោះ Jason Decaires Taylor ហើយគាត់ធ្លាប់បានកសាងស្នាដៃស្រដៀងគ្នានេះនៅតំបន់ផ្សេងជាច្រើនមកហើយ។ ចម្លាក់មួយចំនួនធ្វើឡើងដើម្បីតំណាងឲ្យប្រជាពលរដ្ឋសព្វថ្ងៃ ក្នុងន័យឆ្លុះបញ្ចាំងពីជីវភាពប្រចំាថ្ងៃរបស់ពួកគេ ហើយសារៈមន្ទីរនេះនឹងបើកឲ្យចូលទស្សនាជាសាធារណៈនៅឆ្នាំ២០១៧។
គួរបញ្ជាក់ផងដែរថា Taylor បានធ្វើរូបចម្លាក់យ៉ាងពិសេសតម្រូវបរិយាកាសក្រោមទឹកដែលមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រឡើយ។ ផ្ទុយទៅវិញរូបទាំងនោះនឹងប្រែខ្លួនប្រៀបដូចជាផ្កាថ្មមានជីវិតយ៉ាងរស់រវើកទៅវិញតាមរយៈការរស់នៅជាមួយរុក្ខជាតិ និងសត្វក្រោមសមុទ្រ ហើយចម្លាក់ទាំងនោះដើរតួជាកន្លែងដ៏ពិសេសក្នុងឈូងសមុទ្រ នៃដែនមហាសមុទ្រអាល្លង់ទិកទៀតផង៕
ប្រែសម្រួលដោយ៖ អ៊ុង គឹមអ៊ាន់/ ប្រភព៖ CNN