កំពង់ចាម៖ នៅចុងឆ្នាំ២០២៤នេះ សកម្មភាពដេញថ្លៃសាងសង់ស្ពានបេតុងចំនួនពីរខ្សែ ដែលជាការរំពឹងទុករបស់ប្រជាពលរដ្ឋជាប់ព្រំប្រទល់ខេត្តកំពង់ចាម និង ព្រៃវែង អាចនឹងកើតជារូបរាងឡើង ក្រោយការស្នើរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរមូលដ្ឋានឱ្យជួយគិតគូរស្ពានឆ្លងកាត់ទន្លេតូច ដើម្បីភាពងាយស្រួលក្នុងការដឹកជញ្ជួន និងធ្វើដំណើរ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបង្ហាញក្តីសង្ឃឹមថ្មី ដោយចុងឆ្នាំនេះពលរដ្ឋជាប់ព្រំខេត្តនឹងអាចទទួលបានសមិទ្ធផលដ៏ធំមួយ នោះគឺស្ពានបេតុងចំនួន ២ តភ្ជាប់ពីស្រុកកោះសូទិន ខេត្តកំពង់ចាម ទៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
រូបភាពផ្ទះប្រជាពលរដ្ឋជាប់ព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តព្រៃវែង។រូបភាពពី ជា ចាន់រ៉ន។
អ្វីដែលប្រជាពលរដ្ឋជាច្រើនគ្រួសារទន្ទឹងរង់ចាំនេះ គឺស្ពានដែលមានសមត្ថភាពអាចឱ្យពលរដ្ឋនៅតំបន់នោះធ្វើការដឹកជញ្ជូនទំនិញ និងធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបានដោយងាយស្រួល ពិសេសសិស្សានុសិស្សអាចទៅរៀនបានទាន់ពេល។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅបន្តធ្វើដំណើរឆ្លងកាត់ទន្លេតូចនេះដោយទូកដរតូចៗ និងស្ពានឈើចាស់ដែលមិនអាចមានលទ្ធភាពទ្រទ្រង់យានយន្ត និងអ្នកថ្មើរជើងបានច្រើន។
ទិដ្ឋភាពសិស្សៗឆ្លងទូកដរទៅមកសាលារៀននាពេលបច្ចុប្បន្ននេះ។រូបភាពពី ជា ចាន់រ៉ន។
ប្រជាពលរដ្ឋដែលផ្តល់បទសម្ភាសន៍មកកាន់ក្រុមសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមនិយាយថា សមិទ្ធផលដែលអាចលេចរូបរាងនៅដើមឆ្នាំ ២០២៥ខាងមុខនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗ ដើម្បីឆ្លើយតបតាមសំណើររបស់ពលរដ្ឋដែលធ្លាប់ស្នើកន្លងទៅ។
ប្លង់ស្ពានបេតុងស្ពានព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល មកឃុំកោះសូទិន ខេត្តកំពង់ចាម។រូបភាពពី ជា ចាន់រ៉ន។
លោក ប៊ួយ ថន វ័យ ៦៥ ឆ្នាំរៀបរាប់ថា ស្ទើរពេញមួយជីវិតរបស់លោក លោកឆ្លងកាត់ទន្លេតូចដោយប្រើទូក និងស្ពានឈើ។ លោក ប៊ួយ ថន ចង់ឃើញស្ពានបេតុងដែលមានគុណភាពមួយអាចឆ្លងកាត់ទន្លេតូចបានប្រកបដោយភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋទាំងខេត្តកំពង់ចាម និងខេត្តព្រៃវែង។ លោកថា ស្ពានបេតុងដែលគ្រោងធ្វើនាពេលខាងមុខនេះ អាចបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានលឿនរហ័ស មិនបារម្ភខ្លាចបញ្ហាលង់ទឹក មិនចំណាយពេលរង់ចាំទូកដរដូចមុន។ លោក ថន បន្ថែមទៀតថា បច្ចុប្បន្នក្នុងភូមិមានផ្លូវបេតុង ភ្លើងអគ្គិសនីរួចអស់ហើយ នៅឡើយតែស្ពានឆ្លងកាត់ទៅត្រើយម្ខាងទៀតដែលភ្ជាប់ពីស្រុកមួយទៅស្រុកមួយតែប៉ុណ្ណោះ។
ស្ពានឈើចាស់ដែលប្រជាពលរដ្ឋឆ្លងទៅមករវាងស្រុកស៊ីធរកណ្តាលនិងស្រុកកោះសូទិន។រូបភាពពី ជា ចាន់រ៉ន។
ទាក់ទងរឿងនេះ លោក ឡុច លីម មេឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម លើកឡើងថា ការសាងសង់ស្ពានបេតុងនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចធ្វើដំណើរដោយសុវត្ថិភាពជាងមុន កាត់បន្ថយការចំណាយទាំងថវិកានិងពេលវេលា។ ជាងនេះ សមិទ្ធផលថ្មីនេះ ក៏ជាផ្នែកមួយនៃការឆ្លើយតបរបស់អាជ្ញាធរដែនដីទៅកាន់ប្រជាពលរដ្ឋតាមការសន្យាពេលជាប់ឆ្នោតផងដែរ។ លោកបញ្ជាក់ថា គម្រោងសាងសង់ស្ពានបេតុងពីរខ្សែឆ្លងកាត់ទន្លេតូចពីត្រើយនៃទីដីខេត្តកំពង់ចាមនិងព្រៃវែងនេះ នឹងធ្វើការដេញថ្លៃជាមួយភាគីពាក់ព័ន្ធនៅត្រីមាសទី៤ ឬចុងឆ្នាំ២០២៤នេះ។ ចំណែកដំណើរការសាងសង់អាចប្រព្រឹត្តិទៅនៅដើមឆ្នាំ២០២៥ខាងមុខ។
លោក ឡុច លីម មេឃុំល្វេ ស្រុកកោះសូទិន។រូបភាពពី ជា ចាន់រ៉ន។
សូមរំលឹកថា ក្នុងលិខិតដែលចេញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ធ្លាប់បានស្នើឲ្យក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យលទ្ធភាពស្ថាបនាស្ពានបេតុងទាំង ២ កន្លែងនេះ ដែលឆ្លងកាត់ទន្លេតូចដូចខាងក្រោម៖ ទី១.នៅចំណុចផ្សារព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងទៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានប្រវែង១១០ម៉ែត្រ។និងស្ពានបេតុងទី ២.ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង តភ្ជាប់ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែង១១០មែត្រដូចគ្នា៕
អត្ថបទខ្លី សរសេរដោយ ជា ចាន់រ៉ន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។