en     km
en     km

ស្ថាប័នពាក់ព័ន្ធគ្រោងបើកវេទិកាកិច្ចសន្ទនាថ្នាក់ជាតិជុំវិញ«ការងារសមរម្យ និង ប ស ស របស់កម្មការិនីរោងចក្រម៉ៅការដេរបន្ត»

Share

រូបភាព៖ឯកសារ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ វេទិកាកិច្ចសន្ទនាគោលនយោបាយ និងការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពី« ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងកម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា»និងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ វេទិកាថ្នាក់ជាតិនេះ ដែលរំពឹងមានអ្នកចូលរួមប្រមាណ១៦០ នាក់មកពីស្ថាប័នជិត ៨០ផ្សេងគ្នានេះ នឹងលើកឡើងនូវក្តីកង្វល់ ឈានទៅរកដំណោះស្រាយឱ្យបានសមស្របក្នុងចំណោមកម្មករនិយោជិតជាស្ត្រីនៅក្នុងរោងចក្រម៉ៅការដេរបន្ត។(អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍)

វេទិកាថ្នាក់ជាតិស្តីពីកិច្ចសន្ទនាគោលនយោបាយ និងការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ« ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងកម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា»គ្រោងនឹងរៀបចំនៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៤ដោយអង្គការអុកស្វាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាទទួលបាននាថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៤ ។

តាមការគ្រោងទុកវេទិកាថា្នក់ជាតិនេះនឹងមានអ្នកចូលរួមចំនួន១៦០នាក់មកពីស្ថាប័នជិត៨០ផ្សេងៗគ្នា រួមមានអ្នកតាក់តែងគោលនយោបាយ តំណាងក្រសួងជំនាញរបស់រដ្ឋាភិបាល អ្នកជំនាញការ ដៃគូអភិវឌ្ឍន៍ និងសមាជិកនៃអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិ សហជីព និងតំណាងកម្មករនិយោជិត អង្គទូត ស្ថាប័នស្រាវជ្រាវ រួមទាំងតំណាងនិយោជក និងក្រុមហ៊ុនបញ្ជាទិញផងដែរ ដើម្បីសហការគ្នាស្វែងរកដំណោះស្រាយឱ្យបានសមស្រប។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលវេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងជួយជ្រោមជែ្រងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យ និងកែសម្រួលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ដើម្បីការពារសិទ្ធិ និងធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត(ស្ត្រី)នៅក្នុងរោងចក្រម៉ៅការដេរបន្ត។ បន្ថែមពីនេះក៏ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទីដ៏ចម្បងនៃការងារសមរម្យ និងរបបសន្តិសុខសង្គម ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការពង្រឹងប្រព័ន្ធធានារ៉ាប់រងសាធារណៈនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ វេទិកានេះនឹងពិភាក្សាគោលនយោបាយមួយជូនដល់អ្នកតាក់តែងច្បាប់ តំណាងក្រសួង ដៃគូអភិវឌ្ឍន៍ តំណាងកម្មករនិយោជិត និងក្រុមហ៊ុនបញ្ជាទិញ ដើម្បីផ្លាស់ប្តូរការយល់ដឹងអំពីស្ថានភាពនៃការអនុវត្ត។

គួររំលឹកថា ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា បានបន្តតួនាទីជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចប្រទេសដែលជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង។ វិស័យកាត់ដេររបស់កម្ពុជាមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏នៅបន្តជាប្រភពចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់កម្មករនិយោជិតរាប់ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងយុវនារី។ ទាំងនេះសបញ្ជាក់ពីសារៈសំខាន់របស់វិស័យនេះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។

ក្នុងនោះផងដែរ រោងចក្រម៉ៅការដេរបន្តដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិតជាស្ត្រី ជាច្រើននាក់នៅទូទាំងប្រទេស។ រោងចក្រទាំងនេះ ភាគច្រើនជាខ្នាតតូច មានជំនាញលើទិដ្ឋភាពជាក់លាក់ច្រើនផ្នែកនៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់ពីការដេររហូតដល់ការតុបតែង ដើម្បីបំពេញតម្រូវការចម្រុះ របស់អតិថិជនជាសកល។ ខណៈដែលការចុះកិច្ចសន្យាបន្ត ផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាព វាក៏បង្កើនការព្រួយបារម្ភទាក់ទងនឹងស្តង់ដាការងារ និងលក្ខខណ្ឌការងារ និងការទទួលបានរបបសន្តិសុខសង្គម ក្នុងចំណោមកម្មករនិយោជិតផងដែរ។

ដោយហេតុនេះហើយ ទើបបានជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនពីក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពនៅទូទាំងខ្សែសង្វាក់កិច្ចសន្យាបន្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិកម្មករ និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកាត់ដេររបស់កម្ពុជា៕

 

Share

ព័ត៌មានទាក់ទង

Image