en     km
en     km

យុទ្ធនាការ Green Wave បណ្តុះស្មារតីអ្នកចូលរួមស្រលាញ់បរិស្ថានតាមរយៈការដាំកូនឈើ ៣០០ ដើម

Share

ខេត្តត្បូងឃ្មុំ៖ យ៉ាងហោចណាស់មានអ្នកចូលរួមជិត១០០នាក់ បានចូលរួមយុទ្ធនាការរលកបៃតង (Green Wave) ដោយបានដាំកូនឈើចំនួន ៣០០ ដើមក្នុងបរិវេណសាលាបឋមសិក្សាភូមិកណ្តាល ស្ថិតនៅភូមិកណ្តាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅ។ តាមរយៈសកម្ម ភាពដាំកូនឈើក្នុងយុទ្ធនាការនេះ អ្នកចូលរួមមានទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងយុវជនស្ម័គ្រចិត្តផង បានបង្ហាញក្តីសប្បាយរីករាយ ត្រេកអរ ដោយបានដាំកូនឈើដែលជាផ្នែកមួយនៃការចូលរួមចំណែកថែរក្សានិរន្តភាពធនធានធម្មជាតិ រក្សាលំនឹងភពផែនដី និងកាត់បន្ថយការឡើងកម្តៅភពផែនដីផងដែរ។

សកម្មភាពក្រុមការងារអង្គការអយស្កាដឹកនាំសិស្សដាំកូនឈើក្នុងយុទ្ធនាការរលកបៃតង។រូបភាពពី អោក យ៉ុង។

សិ្ថតនៅចំងាយប្រហែល ៤៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម តាមផ្លូវចូលអបដោយវាលស្រែពណ៌បៃតងនិងដើមកៅស៊ូ ដើមឈើហូបផ្លែខៀវស្រងាត់នាដើមរដូវវស្សាផងដែលនោះ ទេសភាពបែបនេះកាន់តែបង្អូតសម្រស់ សាលាបឋមសិក្សាភូមិកណ្តាលថែមមួយកម្រិតទៀត ក្រោយពីសាលាទើបបញ្ចប់សកម្មភាពដាំកូនឈើកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

សាលាបឋមសិក្សាភូមិកណ្តាល ស្ថិតនៅភូមិកណ្តាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទើបតែបញ្ចប់យុទ្ធនាការរលកបៃតង (Green Wave) ហើយអ្នកចូលរួមមានប្រមាណជិត១០០នាក់ក្នុងនោះ មានសិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រ បាននាំគ្នាដាំកូនឈើចំនួន៣០០ដើមក្នុងបរិវេណសាលា។

អ្នកចូលរួមកម្មវិធីដាំកូនឈើ។រូបភាពពី អោក យ៉ុង។

បើតាមលោក ឈួង សុវណ្ណែត អ្នកសម្របសម្រួលកម្មវិធីព្រៃឈើកុមារនៃអង្គការអយស្កាកម្ពុជា ដែលដឹកនាំកម្មវិធីយុទ្ធនាការនេះលើកឡើងថា គោលបំណងនៃយុទ្ធនាការរលកបៃតង (Green Wave)នេះ ធ្វើឡើងដើម្បីបង្រៀនដល់ក្មេងជំនាន់ក្រោយអំពីសារៈប្រយោជន៍នៃព្រៃឈើ និងផលវិបាកនៃការបាត់បង់ព្រៃឈើ។ ក្នុងនោះកម្មវិធីក៏ចង់បណ្តុះស្មារតីដល់សិស្សានុសិស្សឲ្យស្រលាញ់ធនធានធម្មជាតិតាមរយៈការដាំដើមឈើ ការថែរក្សាកូនឈើ ពិសេសជំរុញធ្វើឲ្យសាលារៀន រួមទាំងសហគមន៍មានពណ៌បៃតងស្រស់បំព្រង។ ជាងនេះទៀត ការដាំដើមនេះ ក៏ជាប្រយោជន៍ដល់បរិស្ថាន ដោយសារពិភពលោកបច្ចុប្បន្ននេះកំពុងជួបប្រទះនូវវិបត្តិវិនាសហិនហោចព្រៃឈើ បង្កឲ្យកើនកម្តៅភពផែនដី និងបាតុភូតធម្មជាតិជាដើម។

លោក ឈួង សុវណ្ណែត បន្ថែមទៀតថា មកទល់ពេលនេះក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការអយស្កាកម្ពុជា ​បាននាំយកកូនឈើសរុបជាង ០២ ម៉ឺនដើមដាំតាមសាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗដោយមិនគិតប្រាក់កម្រៃនោះឡើយ។

សកម្មភាពជុំជួបរបស់អ្នកចូលរួមកម្មវិធីដាំកូនឈើ។រូបភាពពី អោក យ៉ុង។

ដោយឡែកលោក ចាន់ អូន វ័យជាង ៥០ ឆ្នាំជានាយកសាលាបឋមសិក្សាខាងលើមានប្រសាសន៍ថា កន្លងមកនេះលោកបានខិតខំប្រឹងប្រែងជាមួយលោកគ្រូ អ្នកគ្រូ និងពលរដ្ឋក្នុងសហគមន៍ដើម្បីអភិវឌ្ឍន៍សាលារៀនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺការងារទាក់ទងបរិស្ថាន។ លោកនាយកសាលាបន្ថែមថា យុទ្ធនាការដាំកូនឈើនេះ ពិតជាមានសារៈប្រយោជន៍ណាស់ដល់សិស្សានុសិស្សនិងអ្នកជំនាន់ក្រោយ ពិសេសសាលារៀននឹងមានដើមឈើច្រើនផ្តល់ជាម្លប់ត្រជាក់កាត់បន្ថយកម្តៅ ខណៈប៉ុន្មានខែកន្លងមកនេះអាកាសធាតុឡើងកម្តៅខ្លាំង។

លោកនាយកសាលាចូលរួមដាំកូនឈើជាមួយសិស្សានុសិស្ស។រូបភាពពី អោក យ៉ុង។

ចំណែកអ្នកគ្រូ កទៀត នាសីហ្វាស់ ជាគ្រូបង្រៀនខ្មែរ-អ៊ីស្លាម លើកឡើងដែរថា អ្នកគ្រូនិងសិស្សៗពេញចិត្តនូវយុទ្ធនាការដាំកូនឈើនេះណាស់ ដោយទីធ្លាសាលារៀនមានដើមឈើច្រើន ពិសេសសិស្សានុសិស្សអាចសិក្សាពីប្រយោជន៍នៃព្រៃឈើ និងរបៀបនៃការថែទាំកូនឈើ។ អ្នកគ្រូបញ្ជាក់បន្ថែមថា អ្នកគ្រូនឹងចូលរួមដឹកនាំសិស្សថែរក្សាកូនឈើទាំងនេះឲ្យបានល្អ ដើម្បីជាម្លប់នារដូវប្រាំងការពារកម្តៅសម្រាប់សិស្ស។

លោកគ្រូ អ្នកគ្រូ ចូលរួមសកម្មភាពដាំកូនឈើ។រូបភាពពី អោក យ៉ុង។

សូមរំលឹកថា យុទ្ធនាការរលកបៃតង (Green Wave)នេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ០៩ នាក់, សិស្សានុសិស្សចំនួន ៨០ នាក់ និង ក្រុមយុជនស្ម័គ្រចិត្តចំនួន ០៥ នាក់មកពីអង្គការអយស្កាកម្ពុជា (OISCA-Cambodia)។ កូនឈើសរុបចំនួន ៣០០ ដើម មានប្រភេទឈើបេង១៥០ដើម នាងនួន ១០០ដើម និងកកោះ ៥០ ដើមត្រូវបានចែកដល់អ្នកចូលរួមដាំរួចរាល់ប្រកបដោយបរិយាកាសសប្បាយរីករាយ។

សិស្សានុសិស្សចូលរួមដាំកូនឈើ។រូបភាពពី អោក យ៉ុង។

សូមញ្ជាក់ថា អង្គការអយស្កាកម្ពុជា(OISCA-Cambodia) គឺជាអង្គការយុវជនស្ម័គ្រចិត្តមួយ ដែលផ្តោតលើការងារបរិស្ថាន ការដាំដើមឈើ ដោយមិនមគិតប្រាក់កម្រៃ មិនមាននិន្នាការនយោបាយ។ ជាងនេះអង្គការនេះទទួលបានការឧបត្ថម្ភពីប្រជាពលរដ្ឋជប៉ុនផងដែរ៕

 

 

អត្ថបទខ្លី សរសេរដោយ អោក យ៉ុង  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image