en     km
en     km

សន្និបាត«ស្រ្តីនិងទន្លេនៅអាស៊ី»៖មានស្រ្តី១២៥នាក់អំពាវនាវឲ្យមានសមធម៌ និងយុត្តិធម៌

Share

ភ្នំពេញ៖ ក្នុងជំនួបរវាងស្រ្តីដែលធ្វើការងារលើបរិស្ថានមកពី១៨ប្រទេស បានអំពាវនាវឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសធ្វើយ៉ាងឱ្យសកម្មភាពរបស់ស្ដ្រីក្នុងកិច្ចការពារបរិស្ថានទទួលបានសមធម៌និងយុត្តិធម៌។ការអំពាវនាវពីសំណាក់ក្រុមស្រ្តីតាមដងទន្លេនៅអាស៊ីនេះ បន្ទាប់ពីក្រុមស្រ្តីដែលជាអ្នកការពារបរិស្ថាន កំពុងប្រឈមនឹងការយារយី និងអំពើហិង្សា ខណៈចង់ឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ផ្តល់សុវត្ថិភាពដល់អ្នកការពារបរិស្ថាន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍)

ស្រ្តីជាអ្នកដឹកនាំជាង១២៥នាក់ មកពីប្រទេសចំនួន១៨ បានជួបជុំគ្នានៅខេត្តឈៀងរៃ ប្រទេសថៃ ដើម្បីចូលរួមសន្និបាតស្តីពី ស្រ្តី និងទន្លេនៅអាស៊ី ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដើម្បីកំណត់គោលដៅបេសកម្មនាំឲ្យមានសមធម៌ យេនឌ័រ នៅក្នុងការគ្រប់គ្រងធនធានទឹក និងភាពធន់ផ្នែកអាកាសធាតុ។

សន្និបាតនេះ បានបង្ហាញពីភាពអង់អាចក្លាហ៊ាន ជំនាញ និងការប្តេជ្ញាចិត្ត ដែលមិនអាចកាត់ថ្លៃបានរបស់ស្រ្តីជាអ្នកដឹកនាំ មកពីសហគមន៍ជនជាតិ ដើមភាគតិច និងសហគមន៍ដែលរស់នៅតាមដងទន្លេ អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយ។

លោកស្រី អាយស្សា ឌូហ្សា អ្នកដឹកនាំកម្មវិធីស្រ្តី និងទន្លេនៃអង្គការទន្លេអន្តរជាតិ និយាយថា ស្រ្តីជាអ្នកធ្វើការងារលើបញ្ហាបរិស្ថានកំពុងសិ្ថតនៅក្នុងពេលដ៏ស្រួចស្រាវមួយ ដែលត្រូវតែធ្វើការដោះស្រាយជាបន្ទាន់ និងប្រកបដោយការតាំងចិត្តនូវបញ្ហាយេនឌ័រ និងបរិស្ថាន ។ លោកស្រីបន្ថែមថា អំណាចប្រមូលផ្តុំ ជំនាញ និងចំណេះដឹងរបស់ស្រ្តី ដែលបានមកជួបជុំគ្នានៅក្នុងសន្និបាតនេះ គឺជាភស្តុតាងមួយដែលបង្ហាញ ពីការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែលយើងកំពុងតែបោះជំហ៊ានទៅមុខ។

នៅអំឡុងពេលសន្និបាតនោះ សិក្ខាកាមបានប្រារព្ធទិវាបរិស្ថានពិភពលោក ហើយបានរៀបរៀង នូវសេចក្តីថ្លែងការណ៍សាមគ្គី ដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរជុំវិញតួនាទីដ៏សំខាន់របស់ស្រ្តីជាអ្នកការពារបរិស្ថាន ក្នុងកិច្ចការពារទន្លេ ដែនដី និងសហគមន៍។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ ពីតម្រូវការជាបន្ទាន់ជាច្រើន និងដំណោះស្រាយដែលរួមមាន ៖ កិច្ចការពារទន្លេ និងដែនដី សំខាន់ដើម្បីសកម្មភាពអាកាសធាតុ និងធានានូវអន្តរកាល ថាមពលប្រកបដោយភាពយុត្តិធម៌ និងបរិយាបន្ន។

សេចក្តីថ្លែងការណ៍កត់សម្គាល់បន្ថែមថា ស្រ្តីដែលជាអ្នកការពារបរិស្ថាន កំពុងប្រឈមនឹងការយារយី និងអំពើហិង្សា ដោយតម្រូវឱ្យរដ្ឋាភិបាល ក្រុមហ៊ុននានា និងសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដើម្បីផ្តល់សុវត្ថិភាព ដល់អ្នកការពារបរិស្ថាន។

ជាងនេះអ្នកពាក់ព័ន្ធត្រូវតែមានការប្តេជ្ញាចិត្តពិតប្រាកដ និងសកម្មភាពដើម្បីគណនេយ្យភាព និងការសងជម្ងឺចិត្ត សម្រាប់ការបាត់បង់ និងការខូចខាត។ ការផ្លាស់ប្តូរ ត្រូវតែកើតឡើង ដើម្បីឲ្យមានការគោរពដល់ជនជាតិដើមភាគតិច និងសិទ្ធិស្រ្តី អ្នកការពារបរិស្ថាន និងតួនាទីដ៏សំខាន់របស់ពួកគេក្នុងការគ្រប់គ្រងធនធានក្នុងសហគមន៍។

ជុំវិញរឿងនេះកញ្ញា ស៊ឹម សុជាតា ប្រធានកម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គនៃអង្គការអុកស្វាម មានប្រសាសន៍ថា ៖«សន្និបាតស្រ្តី និងទន្លេនៅអាស៊ីនេះ បានផ្តល់នូវមាគ៌ាថ្នាក់តំបន់សម្រាប់ស្រ្តីដែលជាអ្នកការពារបរិស្ថាន។ គុណប្រយោជន៍ននោះ គឺដើម្បីចែករំលែកពីស្ថានភាពបច្ចុប្បន្ន កសាងទំនាក់ទំនងឡើងវិញ និងសាងសាមគ្គីភាព ក្នុងការគាំទ្រគ្នាទៅវិញទៅមក។ ដូចគ្នាទៅនឹងទន្លេឆ្លងដែននានានៅអាស៊ីនាពេលបច្ចុប្បន្ននេះ ស្រ្តីអ្នកការពារបរិស្ថានកំពុងស្ថិតក្រោមការគំរាមកំហែង និងប្រឈមទៅនឹង អំពើហិង្សា និងការបៀតបៀន»។ កញ្ញា ស៊ឹម សុជាតា បន្ថែមថា ទន្លេដែលមានជីវិត គឺសំខាន់ណាស់ សម្រាប់ការរស់នៅជាមួយគ្នា នឹងភាពធន់ នៅក្នុងពេលដែលមានវិបត្តិអាកាសធាតុ។ ប្រធានកម្មវិធីអភិបាលកិច្ចទឹកតំបន់មេគង្គនៃអង្គការអុកស្វាមរូបនេះ សូមលើកទឹកចិត្តឲ្យរដ្ឋាភិបាល ទីភ្នាក់ងារអន្តររដ្ឋាភិបាល និងក្រុមហ៊ុន ធ្វើការងារបន្ថែមដើម្បីការពារស្រ្តីអ្នកការពារទន្លេ និងទន្លេដែលប្រៀបដូចជាម្តាយ ។

សូមបញ្ជាក់ថា សន្និបាតនេះ គឺជាកិច្ចផ្តួចផ្តើមនៃបណ្តាញសកលមួយ ដែលដឹកនាំដោយស្រ្តីដែលជាអ្នកដឹកនាំ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីអង្គការអុកស្វាម អង្គការទន្លេអន្តរជាតិ វិទ្យាស្ថានអភិរឌ្ឍន៍បើកទូលាយ វិទ្យាស្ថានសហគមន៍មេគង្គ បណ្តាញស្រ្តីជនជាតិដើមភាគតិចនៅអាស៊ី និងដៃគូដទៃទៀត។ ដៃគូទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿន  បេសកម្មនៃបណ្តាញស្រ្តី និងទន្លេ ដែលជាកិច្ចផ្តួចផ្តើមកាលពីឆ្នាំ២០១៩ ជាមួយនឹងការប្តេជ្ញាចិត្តមួយ ដើម្បីការពារទន្លេឲ្យហូរដោយសេរី ព្រមទាំងដី ព្រៃឈើ និងដែនដី ដែលទ្រទ្រង់ការរស់រានរបស់ពួកគេ។ បណ្តាញនេះមានគោលបំណងលើកកម្ពស់ការដឹកនាំរបស់ស្រ្តី ក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត ទៅលើធនធានទឹកសាប ការពង្រឹងបណ្តាញ និងការរីកចម្រើននៃការងារការពាររបស់ស្រ្តី៕

រូបភាព៖ អង្គការអុកស្វាម

Share

ព័ត៌មានទាក់ទង

Image