ភ្នំពេញ៖ អ្នកតាមដានពីបញ្ហាសង្គមលើកឡើងថា ករណីឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃមិនមែនជារឿងថ្មីនោះទេ ហើយក៏ពុំមែនកើតមានតែកម្ពុជានោះដែរ តែអ្វីជាចំណោទបញ្ហាក្នុងសង្គមកម្ពុជាត្រង់ថា ករណីបាញ់សម្លាប់គ្នាច្រើនតែបង្កឡើងពីសំណាក់ក្រុមមនុស្សមានឋានៈ បុណ្យស័ក្កិ ធនធាន និងមានតួនាទីក្នុងសង្គម។ ដោយឡែកករណីបាញ់សម្លាប់បុរសនិងស្រ្តីពីរនាក់ក្នុងខណ្ឌច្បារអំពៅ ដែលបង្កហេតុដោយបុរសម្នាក់មានគោរមងារជា«ឧកញ៉ា» ត្រូវបានអ្នកតាមដានបញ្ហាសង្គមដាក់ការសន្និដ្ឋានថា បណ្តាលមកពីការអនុវត្តការដាក់ទោសទណ្ឌនៅមានកម្រិតហើយការកាន់កាប់អាវុធជាតិផ្ទុះក៏នៅអនាធិបតេយ្យនៅឡើយ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ករណីឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃមួយករណីទៀតហើយ បានកើតឡើងនៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយបុរសនិងស្ត្រីមួយគូដែលគ្រោងជិតចូលរោងការឆាប់ៗនេះ ត្រូវបានបាញ់ប្រហារដោយបុរសម្នាក់មានងារជាឧកញ៉ា។
ភ្លាមៗសមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្កហេតុ ហើយតាមរយៈចម្លើយសារភាពពីជនសង្ស័យដែលមានងារឧកញ៉ារូបនោះ ការដែលឈានដល់ការដកកាំភ្លើងបាញ់សម្លាប់នេះ គឺគ្រាន់តែទាស់ពាក្យសម្តីគ្នាដែលកើតចេញពីរឿងពាក់ស្បែកជើងចូលផ្ទះជនរងគ្រោះ ករណីសួរនាំរឿងការហាលសម្លៀកបំពាក់និងដើមឈើចូលព្រំដីគ្នា។
ឧកញ៉ា ស្រី ស៊ីណា ត្រូវសមត្ថកិច្ចឃាត់ខ្លួន។រូបភាពពីហ្វេសប៊ុក។
សម្រាប់អ្នកវិភាគនិងអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ករណីប្រើអាវុធក្នុងរូបភាពគម្រាម និងបាញ់សម្លាប់គ្នាពីសំណាក់អ្នកមានឋានៈ បុណ្យស័ក្តិ និងមានតួនាទីបែបនេះ ពុំមែនជារឿងថ្មីនោះឡើយ ហើយករណីបែបនេះអាចដរចេញពីការដាក់ទោសទណ្ឌនៅធូររលុងមិនព្រមរឹតបន្តឹង និងអាចមកពីភាពអនាធិបតេយ្យនៃការកាន់កាប់អាវុធជាតិផ្ទុះ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍន៍សង្គមយល់ថា បញ្ហាការបាញ់សម្លាប់គ្នាបែបនេះមិនមែន មានតែនៅប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសជឿនលឿនមួយចំនួនក៏ធ្លាប់មានបញ្ហាស្រដៀងគ្នានេះដូចគ្នា។ ក៏ប៉ុន្តែលោកបណ្ឌិត កត់សម្គាល់ឃើញថា នៅកម្ពុជាបញ្ហាបាញ់សម្លាប់គ្នានេះតែងកើតឡើងក្នុងរូបភាពជនបង្កហេតុជាជនមានឋានៈ បុណ្យស័ក្តិ និងមានអំណាច តួនាទីក្នុងសង្គម។ លោកបណ្ឌិត មាស នី មើលឃើញពីដើមចមដំបូងឬអាចនិយាយបានថាជាដំបៅរបស់សង្គម គឺត្រង់ជនប្រព្រឹត្តិដែលជាក្រុមមនុស្សមានលុយមានអំណាច ឋានៈទាំងនោះ មិនសូវទទួលបានការផ្តន្ទាទោសឱ្យបានតឹងរឹងនោះទេ ហើយជនខ្លះនៅក្រៅឃុំច្រើនជាងជាប់ក្នុងពន្ធនាគារទៅទៀត។
លោកបណ្ឌិត មាស នី ៖«កាលណាមានបញ្ហាចឹង គេឃើញច្រកសំខាន់គឺលុយ គេយកលុយទៅបោះឱ្យអ្នកអំណាចដែលមានសិទ្ធិអំណាចធ្វើការលើរឿងហ្នឹងបាន អាហ្នឹងភ្លេចៗត្រចៀកមកនៅផ្ទះវិញ។ យើងមើលឃើញរឿងមេគយមួយដែលបុកមនុស្សស្លាប់បីបួននាក់ ឥឡូវហ្នឹងវាស្ងាត់ទៅវិញ យើងអត់ដឹងថាតុលាការគេកាត់យ៉ាងម៉េច គេកាត់ទោសហើយមានលុយអីបង់គ្មាននរណាដឹងទេ។ហើយមន្ទីរឃុំឃាំងនៅស្រុកយើងក៏មិនសូវបង្ហាញតម្លាភាព គឺមានភាពលំបាកក្នុងការចូលទៅតាមដានត្រួតពិនិត្យ ចឹងយើងអត់ដឹងថាមានអ្នកក្រប៉ុន្មានសិបនាក់គ្មានលទ្ធភាព ត្រូវជាប់គុកម្នាក់ខ្លះដល់ម្ភៃ សាមសិបឆ្នាំចឹងទៅ។រីឯអ្នកមានគេដេកម៉ាស៊ីត្រជាក់ហើយស្ងាត់ក៏ឃុំនៅក្រៅ ហើយស្ងាត់ៗក៏លាចេញមកវិញបាត់។នៅស្រុកយើងឧកញ៉ាគេជាប់ឃុំមិនសូវយូរទេ មិនដឹងគេធ្វើបុណ្យអ្វីពីជាតិមុនមកទេគេជាប់គុកមិនសូវយូរទេ នេះទិដ្ឋភាពច្បាប់ស្រុកយើង »។
លោកបណ្ឌិត មាស នី។រូបភាពពីបណ្តាញសង្គម។
ត្រង់ចំណុចទាក់ទងការអនុវត្តផ្លូវច្បាប់នេះដែរ លោកបណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានិងជាអ្នកតាមដានបញ្ហាសង្គមមួយរូបក៏យល់ឃើញផងដែរថា អ្នកមានទ្រព្យសម្បត្តិ មានឋានៈតួនាទី ហាក់ពុំសូវខ្លាចច្បាប់និងគោរពច្បាប់នោះទេ។ លោកថា បើសិនជាការអនុវត្តការដាក់ទោសទណ្ឌទៅលើជនប្រព្រឹត្តិនៅតែមិនបានតឹងរឹង នោះបញ្ហានឹងក្លាយជាគំរូមិនល្អដល់អ្នកដទៃ ពោលគឺក្រុមអ្នកមានអំណាច មានលុយ នៅតែហ៊ានធ្វើទង្វើសាហាវព្រៃផ្សៃបែបនេះបន្តទៀត។
លោកបណ្ឌិត ឈត ប៊ុនថង៖«បុគ្គលមួយចំនួនដែលមានទ្រព្យសម្បត្តិ មានតួនាទីហ្នឹង ហាក់មិនសូវមានគុណធម៌ សីលធម៌ផង និងមិនសូវខ្លាចច្បាប់ហ្នឹងដែរ និងមិនសូវមានមេត្តា ករុណា អាណិតអាសូរទេ មានរឿងអីតិចច្រើនតែឆេវឆាវ អាងទ្រព្យសម្បតិ្ត អាងអំណាចប្រើហិង្សា ការបាញ់បោះ»។
លោកបណ្ឌិត ឈត ប៊ុនថង។
ចំណោទបញ្ហាមួយទៀត ជុំវិញករណីបាញ់ប្រហារជីវិតដែលតែងតែកើតមានឡើងជារឿយៗក្នុងសង្គមកម្ពុជា នោះគឺសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ។ សម្រាប់លោក មាស នី កម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវក្នុងការអនុញ្ញាតឱ្យប្រើប្រាស់អាវុធ តែផ្ទុយទៅវិញរូបភាពកន្លងមកនេះ ហាក់ស្តែងឱ្យឃើញភាពឆកល្វែងនៃការត្រួតពិនិត្យពីសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធរបស់ក្រុមអ្នកមានឋានៈ មានតួនាទីទាំងនោះ។
លោកបណ្ឌិត មាស នី៖«នេះជារឿងធ្ងន់ធ្ងរបំផុតដែលខ្ញុំឃើញភ្លាម ខ្ញុំសម្គាល់ភ្លាមថាតើមានឧកញ៉ាប៉ុន្មាននាក់ទៀតមានកាំភ្លើងទុកដាក់ក្នុងខ្លួន។ធម្មតាមសម្រាប់គេជាឧកញ៉ា គេមានមានច្រើនគេជៀសមិនផុតពីមានកងការពារអាចមានកាំភ្លើង តែការប្រើកាំភ្លើងមានការហ្វឹកហាត់ត្រឹមត្រូវ មានច្បាប់ទម្លាប់ ប៉ុន្តែនេះ ឧកញ៉ាគាត់កាន់កាំភ្លើងខ្លួនឯង ខ្ញុំអត់ដឹងថាគាត់មុខងារគាត់ជាស្អីខ្ញុំអត់ដឹងហេតុអ្វីបានជាមានសិទ្ធិកាន់កាំភ្លើង។ហើយបើយើងជាប្រជាពលរដ្ឋធម្មតា ឧទារណហ៍បើយើងមិនទៅសម្លាប់នរណាក៏ដោយតែបើគេចាប់យើងបាន ក៏យើងមានទោសដែរ»។
ជុំវិញបញ្ហាក្រុមឧកញ៉ាអាចប្រើប្រាស់អាវុធនេះ វិទ្យុស្រ្តីបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តែមិនទទួលទូរស័ព្ទ។
រូបភាពជនរងគ្រោះដែលត្រូវឧកញ៉ាបាញ់សម្លាប់។រូបភាពពីបណ្តាញសង្គម។
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថន អាជ្ញាធររដ្ឋគប្បីត្រួតពិនិត្យឡើងវិញនូវការគ្រប់គ្រង ការប្រើប្រាស់អាវុធជាតិផ្ទុះឡើងវិញ ដ្បិតលោកសង្កេតឃើញថា ការប្រើប្រាស់អាវុធរបស់បុគ្គលមួយចំនួនហាក់ពុំសូវត្រឹមត្រូវតាមច្បាប់កំណត់នៅឡើយ។
លោក ឈត ប៊ុនថន៖«ការប្រើប្រាស់អាវុធជាតិផ្ទុះហ្នឹង ហាក់ដូចជាមិនត្រឹមត្រូវតាមការអនុញ្ញាតរបស់រដ្ឋាភិបាលដែលឱ្យទៅបុគ្គលដែលមានសិទ្ធិប្រើប្រាស់អាវុធហ្នឹង។ហើយទី៣ការគ្រប់គ្រងអាវុធជាតិផ្ទុះក៏ត្រូវមានការត្រួតពិនិត្យច្បាស់លាស់ឡើងវិញដែរ»។
បើតាមអ្នកឃ្លាំមើលបញ្ហាសង្គមខាង ស្ថាប័នមានសមត្ថកិច្ចគប្បីត្រួតពិនិត្យឡើងវិញនូវការអនុវត្តច្បាប់ ពិសេសការដាក់ទោសទណ្ឌលើបុគ្គលដែលប្រព្រឹត្តិទង្វើអមនុស្សធម៌ ព្រៃផ្សៃ ឱ្យតឹងរឹងបំផុត ដ្បិតមានតែការដាក់ពិន័យធ្ងន់ធ្ងរនោះទេ ដែលធ្វើឱ្យមនុស្សរៀងចាល។ មួយទៀត ការត្រួតពិនិត្យឡើងវិញនូវសិទ្ធិលើបុគ្គលដែលអាចប្រើប្រាស់អាវុធជាតិផ្ទុះបានត្រូវតែធ្វើជាបន្ទាន់ បើពុំដូច្នេះទេ បុគ្គលមួយក្តាប់តូចដែលបង្កហេតុនឹងទៅបំផ្លាញមុខមាត់ប៉ះពាល់ដល់កិត្តិយសស្ថាប័នសាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នមានសមត្ថកិច្ចជាបន្តទៀត៕