ភ្នំពេញ៖ ក្នុងជំនួបរវាងអ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនាឱកាសខួបលើកទី១៣ នៃទិវាអន្តរជាតិកម្មករការងារតាមផ្ទះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ អ្នកចូលរួមបានលើកឡើងនូវស្ថានភាពនិងបញ្ហាប្រឈមនានានៅកន្លែងការងារដែលពួកគេបានជួបប្រទះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» របស់អង្គការអុកស្វាម និង សមាគមអាយឌា(IDEA) ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី១៧ខែមិថុនានេះ។ បើតាមអង្គការអុកស្វាមលទ្ធផលនៃកិច្ចពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេនឹងត្រូវដាក់ជូនភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
បញ្ហាសិទ្ធិការងារ ការតស៊ូមតិជាមួយថៅកែក្នុងការទទួលបានប្រាក់បៀរវត្តន៍សមរម្យ និងអត្ថប្រយោជន៍នានា ត្រូវបានលើកឡើងក្នុងជំនួបមួយនៅរាជធានីភ្នំពេញនាឱកាសខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ស្តីពី “គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ“។ នេះជាអ្វីដែលត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមនិងសមាគមអាយឌា(IDEA) ដែលវិទ្យុស្ត្រីទទួលបាននៅថ្ងៃទី១៧ ខែមិថុនានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ ជំនួបនោះមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ២៧០នាក់ រួមមានកម្មករការងារតាមផ្ទះ អ្នកធ្វើការថែទាំមិនមានប្រាក់កម្រៃ អ្នកប្រកបរបរសេវាកំសាន្ត អ្នកលក់ដូរតាមដងផ្លូវ អ្នកតំណាងភាគីនិយោជក កម្មករដឹកជញ្ជូន ព្រមទាំងតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។
អ្វីដែលជាកម្មវត្ថុនៃការជជែកពិភាក្សានោះ អ្នកចូលរួមបានលើកឡើងនូវ សិទិ្ធរបស់កម្មករការងារតាមផ្ទះ និងពិភាក្សាអំពីស្ថានភាព បញ្ហាប្រឈមនានា ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍ទាក់ទិននឹងគោលនយោបាយ និងការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គមផងដែរ។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមបានមានប្រសាសន៍ថា «អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយយុត្តិធម៌ និងគ្មានភាពក្រីក្រ ដោយមានកិច្ចសហការ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត និងក្រុមប្រជាជនងាយរងគ្រោះ។ អ្នកស្រីថា កម្មករធ្វើការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមពីនោះ ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសារ និងអាចត្រៀមបម្រុងសម្រាប់សមាជិកគ្រួសារក្នុងការប្រឈមនឹងហានិភ័យឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ។
ដោយឡែក លោក វន់ ពៅ ប្រធានសមាគម IDEA និយាយថា បច្ចុប្បន្ន សមាគម IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ដែលមានក្រុមកម្មករការងារតាមផ្ទះចំនួន ២០ ក្រុម និងផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក។ កិច្ចសម្របសម្រួលនេះ ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ។
អ្នកចូលរួមម្នាក់ទៀត គឺលោកស្រី យ៉ុង ស្រីមុំ ជាចុងភៅសម្រាប់គ្រួសារឯកជនមួយនៅភ្នំពេញ និងបានធ្វើការជាកម្មករតាមផ្ទះរយៈពេលជាង៥ឆ្នាំហើយមកហើយនោះនិយាយថា លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីឪ្យមានលក្ខខណ្ឌការងារល្អប្រសើរ។ អ្វីដែលពិសេសនោះ គឺលោកស្រីបានចរចាជាមួយថៅកែឪ្យចុះបញ្ជីកម្មករទៅក្នុងប.ស.ស។
យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១៨ របស់អង្គការពលកម្មអន្តរជាតិ កម្ពុជាមានកម្មករការងារតាមផ្ទះចំនួនប្រមាណ ២៤០.០០០ នាក់។ ប្រាក់ចំណូលរបស់ពួកគេបានរួមចំណែកផ្នែកសេដ្ឋកិច្ចមួយភាគយ៉ាងសំខាន់ដល់ប្រាក់ចំណូលរបស់សមាជិកគ្រួសារកម្ពុជា ហើយដែលជាផ្នែកមួយសំខាន់រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ។
កម្មករការងារតាមផ្ទះ ក៏ដូចជាស្ត្រីដ៏ទៃទៀតដែលមានរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាក្រុមងាយទទួលរងគ្រោះបំផុតពីហានិភ័យ ពិសេសអ្នកតាមផ្ទះ។ ករណីប្រសិនបើពួកគេស្នាក់នៅ២៤ម៉ោង ជាមួយនិយោជក គឺអាចប្រឈមនឹងការរំលោភបំពាន គ្មានពេលសម្រាក គ្មានការហូបចុកត្រឹមត្រូវ មានបញ្ហាសុខភាព។
ចំពោះអ្នកដែលស្នាក់នៅខាងក្រៅផ្ទះខ្លួនឯង ពួកគេក៏ងាយប្រឈមបញ្ហាពេលធ្វើដំណើរពេលយប់ ផ្លូវឆ្ងាយលំបាកធ្វើដំណើរពេលភ្លៀង ព្រមទាំងគ្មានស្ថេរភាពប្រាក់ចំណូល និងសុខភាពផ្លូវចិត្ត និងផ្លូវកាយមិនល្អ ដោយសារការរើសអើង អសុវត្ថិភាព និងអស្ថេរភាពនៃលក្ខខណ្ឌការងារ ប្រាក់ចំណូលទាប ព្រមទាំងសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងសមាគមនៅមានកម្រិត។
សូមរំលឹកថា កម្មករការងារតាមផ្ទះ មានតម្លៃស្មើគ្នានឹងកម្មករនិយោជិតដទៃទៀតដែរ។ ដូច្នេះពួកគេមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម ជាពិសេសរបបសន្តិសុខសង្គម សេរីភាព ។ ក្នុងការចងក្រងសមាគម ដែលធានាថា ពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករនិយោជិត ក្នុងវិស័យដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជាដែរ នៅក្រោមអភិក្រម «មិនទុកពួកគេម្នាក់ណាចោលឡើយ»៕
រូបភាព៖ អង្គការអុកស្វាម