en     km
en     km

គ្រូនិងសិស្សជិត២០០នាក់នៅបឋមសិក្សាបុសល្វេ​ផ្តើមយុទ្ធនាការរួមគ្នាការពារបរិស្ថានកម្ពុជា“កម្ពុជាស្អាតខ្មែរធ្វើបាន”

Share

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ គ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាបឋមសិក្សាបុសល្វេ ដែលមានទីតាំងស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានផ្តើមធ្វើយុទ្ធនាការមួយលើប្រធានបទ” យើងរួមគ្នាការពារបរិស្ថានកម្ពុជា”’ កម្ពុជាស្អាតខ្មែរធ្វើបាន” “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។

សកម្មភាពសិស្សានុសិស្សចាប់ផ្តើមយុទ្ធនាការដើររើសសំរាមសម្អាតទីធ្លាសាលារៀន។រូបភាពពី អោក យ៉ុង។

យុទ្ធនាការខាងលើនេះមានសិស្សចូលរួមចំនួន ១៨៥ នាក់ក្នុងនោះមានស្រី ១១០ នាក់ ដែលដឹកនាំដោយលោកគ្រូ អ្នកគ្រូចំនួន ០៨ នាក់ផងដែរ។

តាមការបញ្ជាក់ពីគ្រូៗដឹកនាំកម្មវិធីនេះបានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះស្មារតីសិស្សឲ្យស្រលាញ់បរិស្ថានស្អាត មានទម្លាប់សម្អាតបរិស្ថានដោយឯករាជ។ ម្យ៉ាងវិញទៀត យុទ្ធនាការនេះក៏ជាចំណែកមួយដើម្បីបំផុសស្មារតីសហគមន៍ឲ្យស្រលាញ់បរិស្ថាន ចេះសម្អាតទីធ្លាសាធារណៈ និងផ្ទះសម្បែងរបស់ពួកគេផងដែរ។

សាលាបឋមសិក្សាបុសល្វេ។រូបភាពពី អោក យ៉ុង។

នៅព្រឹកម៉ោង៧ បន្ទាប់ពីគោរពទង់ជាតិរួច លោកគ្រូ អ្នកគ្រូ បានណែនាំ ព្រមទាំងពន្យល់សិស្សានុសិស្សអំពីសារៈសំខាន់នៃបរិស្ថាន និង សោភណ្ឌភាពស្អាតនៃបរិស្ថានសិក្សា ហើយបន្ទាប់មកសិស្សទាំងអស់ត្រូវបានបែងចែកជាក្រុមៗ រួចនាំគ្នាកាន់ធុងសំរាមដើររើសសំរាមនៅបរិវេណសាលា និងតាមផ្លូវលំជុំវិញសាលារៀន រួចយកសំរាមទាំងនោះទៅចាក់គរក្រោយសាលាដើម្បីដុតចោល និងខ្លះ​ធ្វើជីសម្រាប់ដាំដំណាំក្នុងសាលារៀន។

សកម្មភាពសិស្សដើរសំរាមសម្អាតទីធ្លានានាតាមគោលដៅដែលគ្រូដាក់ឱ្យ។រូបភាពពី អោក យ៉ុង។

សិស្សឈ្មោះ ហុង សីហា ភេទ ប្រុស អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី ៥ លើកឡើងថា ប្អូនចូលរួមសកម្មភាពសម្អាតបរិស្ថានរៀងរាល់សប្តាហ៍ ដោយនាំគ្នាស្តាប់គ្រូណែនាំរបស់គ្រូ និងនាំគ្នាជាក្រុមៗដើររើសសំរាមដោយរីករាយ។

ចំណែកសិស្សស្រីម្នាក់ទៀតឈ្មោះ យ៉ង់ ស្រីពេជ្រ អាយុ ១០ ឆ្នាំ និង រៀនថ្នាក់ទី ៥ ដែរនោះ បាននិយាយថា ក្រុមរបស់ខ្លួនក៏ដូចជាសិស្សផ្សេងៗទៀតដែរគឺ នាំគ្នាដើររើសសំរាមនៅតាមផ្លូវលំក្បែរៗសាលា ទើបបន្តចូលរៀនទាំងអស់គ្នា ។ ស្រីពេជ្រ សម្តែងក្តីរីករាយ និងសប្បាយចិត្ត ដែលសាលារៀនគ្មានសំរាម ហើយប្អូននឹងបន្តការថែរក្សាបរិស្ថានតាមរយៈការកាត់បន្ថយការប្រើថង់ប្លាស្ទិកនិងការទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ។

ដោយឡែកលោក យី សារូ ជាគ្រូបង្រៀនថ្នាក់ទី ៥ នៅសាលាខាងលើបានមានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាការផ្តួចផ្តើមថ្មីរបស់សាលាស្រុក និង ការិយាល័យអប់រំស្រុកពញាក្រែក ដែលតម្រូវឲ្យគ្រប់សាលាទាំងអស់ក្នុងស្រុកណែនាំសិស្សពីបរិស្ថាន និង ដឹកនាំសិស្សរើសសម្រាម ដែលត្រូវធ្វើឲ្យបានម្តងក្នុងមួយសប្តាហ៍រៀងរាល់ខែ។ មានសម្បុរខ្មៅស្រអែម និងពាក់វ៉ែនតាផងនោះ លោកគ្រូបានបន្តថា លោកនឹងដឹកនាំសិស្សរបស់លោកអនុវត្តយុទ្ធនាការមួយនេះ ឲ្យបានជាប់ជាប្រចាំ ដើម្បីជាប្រយោជន៍ដល់សាលា និង បណ្តុះទម្លាប់វិជ្ជមានរបស់សិស្ស ឱ្យពួកគេនឹងក្លាយជាសិស្សល្អ និង កុមារគម្រូក្នុងសហគមន៍។

លោក យី សារូ ជាគ្រូបង្រៀនថ្នាក់ទី ៥ នៅសាលាខាងលើ។រូបភាពពី អោក យ៉ុង។

សូមរំលឹកជូនថា យុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងអាណត្តិថ្មី គឺលោក អ៊ាង សុផល្លែត ដោយប្រកាសអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមក​ដល់​ខែឧសភា ឆ្នាំ២០២៤ ។ ផ្អែកតាមរបាយការណ៍ រយៈពេល៨ខែនៃយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់ថង់ប្លាស្ទិកទេ» ​​មាន​ប្រជាពលរដ្ឋ និង​សិស្សា​នុសិស្ស​ជាង ​៨លាននាក់ ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃចំនួន​ប្រជាពលរដ្ឋ​សរុប បានចូលរួម​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក​ក្នុងមួយ​ថ្ងៃ​ប្រមាណជាង៣០​លានថង់។

តួលេខនេះ បើតាមលោករដ្ឋមន្រ្តីបរិស្ថាន គឺជាលទ្ធផលជោគជ័យមួយលើសពីការរំពឹងទុក និងបង្ហាញ​ការសាទរ​ចំពោះកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួម​ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៕

អត្ថបទខ្លី សរសេរដោយ អោក យ៉ុង  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image