en     km
en     km

ពលរដ្ឋផ្សារព្រែកសណ្តែក​ត្អូញត្អែរបញ្ហាសំរាមអូសបន្លាយច្រើនឆ្នាំ ខណៈអ្នកគ្រប់គ្រងសំរាមសុំពេលសិក្សា១៥ថ្ងៃទៀត

Share

ព្រៃវែង​​៖​ បញ្ហាសំរាមនៅចំណុចដងទន្លេ​តូច ស្ថិតនៅចំណុចព្រំប្រទល់ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ជាប់រវាងឃុំល្វេ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ នៅតែចោទជាបញ្ហាបង្កឱ្យខូចសោភណ្ឌភាព និងបញ្ហាអនាម័យជាច្រើនឆ្នាំ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងអាជីវករផ្សារ​ព្រែកសណ្តែក​ បានបន្តត្អូញត្អែរដោយដាក់បន្ទុកចំពោះអាជ្ញាធរមូលដ្ឋាន​ ដែលហាក់គ្មានចំណាត់ការច្បាស់លាស់លើបញ្ហាការចោលសំរាមនេះ ធ្វើឱ្យបច្ចុប្បន្នមានបញ្ហាក្លិនស្អុយជុំវិញតំបន់នោះ និងបង្កឱ្យខូចសោភណ្ឌដងទន្លេតូចផងដែរ។

បញ្ហាសំរាមក្នុងម្តុំផ្សារព្រែកសណ្តែកនៅពុំទាន់ត្រូវបានដោះស្រាយ។រូបភាពពីលោក ជា ចាន់រ៉ន។

អ្នកស្រី​ នាង​ ជាអាជីវករលក់ដូរក្នុងផ្សារព្រែកសណ្តែកមួយរូប​លើកឡើងថា​ បញ្ហាសំរាមចោលនៅទីតាំងខាងលើ អ្នកស្រីតែងឃើញប្រជាពលរដ្ឋយកសំរាមទៅបោះចូលក្នុងទន្លេតូច​នេះ​ជាយូរឆ្នាំមកហើយ។​ ចំពោះបញ្ហានេះ អ្នកស្រីយល់ថា អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងសំរាមហាក់​គ្មានដំណោះស្រាយសមរម្យនៅឡើយ ដែលជាហេតុបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងខូចបរិស្ថាន ដែលបញ្ហានេះតម្រូវឱ្យមានការប្រមូលសំរាមឡើងវិញនិងរៀបចំកន្លែងទុកដាក់ឱ្យបានសមរម្យ។

ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឆ្លងកាត់ទីកន្លែងចាក់សំរាមដែលបង្កមានក្លិនស្អុយ។រូបភាពពីលោក ជា ចាន់រ៉ន។

ដោយឡែក​អ្នកស្រី​ រ័ត្ន​ ជាអាជីវករលក់សម្លៀកបំពាក់​ក្នុងផ្សារព្រែកសណ្តែកមួយរូបទៀត​ លើកឡើងដែរថា​ ការបោះចោលសំរាមនេះ បានបង្កជាបញ្ហានៅរដូវទឹកជន់ឡើង ដ្បិតសំរាមនៅទីតាំងនោះបានអណ្តែតឡើងតាមផ្ទៃទឹកធ្វើឱ្យប៉ះពាល់ដល់សុខភាព និងធ្វើឱ្យបាត់បង់សោភណ្ឌភាពនៅតំបន់នោះ។

ឆ្លើយតបក្នុងរឿងនេះ លោកស្រី​ ណយ​ គន្ធា​ ជាមេឃុំព្រែកចង្ក្រាន​ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ បានបញ្ជាក់ប្រាប់ក្រុមការងារវិទ្យុស្រ្តី​ថា​ អាជ្ញាធរឃុំធ្លាប់បានកោះហៅនិងណែនាំជាច្រើនលើកទៅកាន់អ្នកគ្រប់គ្រងសំរាមឬម្ចាស់ភាស៊ីផ្សារពីការអនុវត្តការប្រមូលសំរាម​ ប៉ុន្តែមិនទទួលបានលទ្ធផលតាមគោលការណ៍នៃកិច្ចសន្យាដែលបានព្រមព្រៀង។ ជាងនេះទៀត លោកស្រីមេឃុំព្រែកចង្ក្រានធ្លាប់បានបញ្ចូនបញ្ហានេះទៅអាជ្ញាធរថ្នាក់ស្រុកឱ្យជួយដោះស្រាយផងដែរ តែនៅពុំទាន់ទទួលបានលទ្ធផលនៅឡើយ។

សាលាឃុំព្រែកចង្រ្កាន។រូបភាពពីលោក ជា ចាន់រ៉ន។

លោកស្រីមេឃុំខាងលើរំលឹកបន្ថែមថា កន្លងមកអាជ្ញាធរឃុំធ្លាប់ប្រជុំដោះស្រាយរឿងប្រមូលសំរាមនេះជាមួយភាគីភាស៊ីផ្សារព្រែកសណ្តែក ដោយមានគម្រោងផែនការប្រមូលសំរាមក្នុងផ្សារនិងតាមខ្នងផ្ទះពលរដ្ឋក្នុងតំបន់នោះ ដោយតម្រូវឱ្យពលរដ្ឋបង់ថ្លៃប្រមូលសំរាមក្នុងមួយខែចំនួន១៥០០០រៀល។

​ពាក់ព័ន្ធក្នុងរឿងនេះលោក អេង វិបុល អ្នកគ្រប់គ្រងភាស៊ីផ្សារព្រែកសណ្តែកនិយាយថា បច្ចុប្បន្នខាងភ្នាក់ងារភាស៊ីផ្សារបានចរចាជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីសិក្សាលើការប្រមូលសំរាមរបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅមូលដ្ឋានផ្សារព្រែកសណ្តែក ប៉ុន្តែក្រុមហ៊ុនសុំពន្យារពេលចុះសិក្សារយៈប្រមាណ ១៥ ថ្ងៃបន្ថែមទៀត។ តាមការគូសបញ្ជាក់បន្ថែមពីលោក វិបុល មូលហេតុដែលខាងភាស៊ីផ្សារបង្វែរការប្រមូលសំរាមឱ្យខាងក្រុមហ៊ុនជាអ្នកសិក្សាចុះប្រមូលសំរាម ដ្បិតខាងភាស៊ីផ្សារខ្វះលទ្ធភាពរកកន្លែងទុកដាក់សំរាម និងលំបាកប្រមូលប្រាក់ថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋតាមខ្នងផ្ទះ។

លោក វីបុល បញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋមួយចំនួនតាមខ្នងផ្ទះ មិនព្រមសហការបង់ថ្លៃប្រមូលសំរាមចំនួន ១៥០០០រៀលក្នុងមួយខែនោះទេ ដោយបែរជាវ៉ិចខ្ចប់សំរាមយកទៅបោះចោល​ដោយខ្លួនឯងនៅចំណុចដងទន្លេតូច ដែលបញ្ហានេះបង្កឱ្យបាត់បង់សោភណ្ឌភាព និងអនាម័យ ពិសេសធ្វើឱ្យមានការលើកឡើងតាមទំព័រសារព័ត៌មានជារឿយៗ។ លោកថា បច្ចុប្បន្នភាស៊ីផ្សារប្រមូលសំរាមតែក្នុងរង្វង់តូបរបស់អាជីករផ្សារព្រែកសណ្តែកតែប៉ុណ្ណោះ។

បញ្ហាសំរាមនេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។រូបភាពពីលោក ជា ចាន់រ៉ន។

សម្រាប់ដំណោះស្រាយក្នុងរឿងនេះ បើតាមលោក វិបុល ជាអ្នកគ្រប់គ្រងភាស៊ីផ្សារព្រែកសណ្តែកលោកស្នើឱ្យប្រជាពលរដ្ឋត្រូវមានឆន្ទៈចូលរួមចំណាយថវិកាធនធានផ្ទាល់ខ្លួនចំនួន១៥០០០រៀលក្នុងមួយខែ ដើម្បីបង់ឱ្យក្រុមអ្នកប្រមូលសំរាម អាចមានលទ្ធភាពបន្តនិរន្តភាពការងារចុះប្រមូលសំរាមជាប់លាប់ជាប្រចាំ។ រីឯលោកស្រីមេឃុំព្រែកចង្ក្រាន ណយ គន្ធា ក៏សំណូរពរនិងបន្តចុះអប់រំផ្សព្វផ្សាយពីបញ្ហាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការបង់វិភាគទានទៅក្រុមអ្នកប្រមូលសំរាមតាមគោលការណ៍ស្ម័គ្រចិត្ត១៥០០០រៀលក្នុងមួយខែផងដែរ៕

អត្ថបទខ្លី សរសេរដោយ ជា ចាន់រ៉ន  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

Share

ព័ត៌មានទាក់ទង

Image