en     km
en     km

សិក្ខាកាមខេត្តកំពង់ចាមបេ្តជ្ញាលើករឿងរ៉ាវក្នុងសហគមន៍មកផ្សព្វផ្សាយក្រោយសិក្សាពីរបៀបសរសេរព័ត៌មានពីWMC

Share

កំពង់ចាម៖ សិក្ខាកាមក្នុងខេត្តកំពង់ចាមជាង ២០អង្គនិងនាក់បានបេ្តជ្ញាចិត្តប្រហាក់ប្រហែលគ្នាថា ពួកគេនឹងស្វែងរករឿងរ៉ាវដែលកើតមានឡើងក្នុងសហគមន៍ដើម្បីផ្សព្វផ្សាយ ជំរុញយ៉ាងណារកដំណោះស្រាយសមរម្យជូនប្រជាពលរដ្ឋ។ ការតាំងចិត្តបែបនេះ បន្ទាប់ពីក្រុមយុវជនបានសិក្សាពីរបៀបផលិតព័ត៌មាន ឬ អក្ខរកម្មព័ត៌មានជាមួយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)រយៈបីថ្ងៃពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពង់ចាម។

សកម្មភាពបណ្តុះបណ្តាលដែលរៀបចំដោយWMCស្តីពីអក្ខរកម្មព័ត៌មាននៅភោជនីយដ្ឋានគុជកាហ្វេ ក្រោយសាលាខេត្តកំពង់ចាម។

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)បានបន្តបេសកកម្មរបស់ខ្លួន ចុះបណ្តុះបណ្តាលយុវជនជាង ២០អង្គនិងនាក់នៅទីរួមខេត្តកំពង់ចាម ស្តីពីការសរសេរព័ត៌មាន ដែលជាផ្នែកមួយនៃការជំរុញឱ្យយុវជនក្លាយជាអ្នកសារព័ត៌មានពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគេ។

វគ្គបណ្តុះបណ្តាលដែលមានរយៈបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូបង្គោលនៃ WMC បានធ្វើបទបង្ហាញនូវមេរៀនមួយចំនួនដូចជា ដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ របៀបថតរូបនិងវីដេអូ ការសរសេរព័ត៌មាន(5W1H) របៀបធ្វើបទសម្ភាសន៍ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយផងដែរ។

លោក កែវ សុខា ធ្វើបទបង្ហាញពីមេរៀនការសរសេរព័ត៌មានខ្លី។

សិក្ខាកាមមួយរូបអ្នកស្រី ង៉ូវ រស្មី និយាយថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្រីនិងយុវជន ព្រោះជាឱកាសអាចកសាងទំនាក់ទំនងថ្មីៗជាមួយអ្នកដទៃ យល់ដឹងពីវិធីសាស្រ្តផលិតព័ត៌មាននិងការថតរូប ថតវីដេអូបានត្រឹមត្រូវ។អ្នកស្រី រស្មី សន្យាថានឹងស្វែងរករឿងរ៉ាវក្នុងសហគមន៍ដើម្បីអាចផលិតជាព័ត៌មាន ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសមរម្យ។អ្នកស្រី ង៉ូវ រស្មី ៖«ខ្ញុំពិតជាសប្បាយរីករាយដែលបានរួមវគ្គបណ្តុះបណ្តាលហ្នឹង ហីយើងបានដោះដូរមតិយោបល់គ្នា យើងបានធ្វើការងារជាក្រុមជាមួយគ្នាយ៉ាងល្អ។ក្នុងរយៈបីថ្ងៃនេះ ខ្ញុំចេះពីទិចនិចផលិតវីដេអូខ្លី និងព័ត៌មានខ្លីសម្រាប់ជួយដល់សហគមន៍ខ្ញុំ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ខ្ញុំនឹងអាចបង្កើតជាព័ត៌មានខ្លីៗ ឬក៏មើលឃើញជ្រុងណាមួយដែលមានបញ្ហាក្នុងសហគមន៍ ដើម្បីលើកឡើងរបស់ដំណោះស្រាយទាំងអស់គ្នា»

អ្នកស្រី ង៉ូវ រស្មី ជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែងបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ដោយឡែកយុវជនមួយរូបទៀតគឺលោក គង់ សុវណ្ណរតនៈ លើកឡើងដែរថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដល់យុវជនក្នុងខេត្តកំពង់ចាម បានយល់ដឹងកាន់តែច្បាស់ពីបច្ចេកទេសនានាជុំវិញការថតរូបនិងវីដេអូ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយជាដើម។ យុវជន រតនៈ បន្ដថា ខ្លួននឹងយកចំណេះជំនាញនេះចែករំលែកដល់មនុស្សជុំវិញខ្លួន ពិសេសនឹងផលិតព័ត៌មានពីក្នុងមូលដ្ឋានរបស់ខ្លួន។

លោក គង់ សុវណ្ណរតនៈ ៖«អ្វីដែលខ្ញុំចង់និយាយនោះ គឺខ្ញុំនឹងយកជំនាញដែលខ្ញុំរៀនរយៈពេលបីថ្ងៃហ្នឹង អាចនឹងទៅយកបន្តចែករំលែកដល់យុវជនក្នុងសហគមន៍បន្តទៀតទាក់ទងនិងការស៊ែរព័ត៌មាន និងទិចនិចដែលបានរៀនរយៈបីថ្ងៃទៅកាន់អ្នកនៅជុំវិញខ្លួន»

លោក គង់ សុវណ្ណរតនៈ ជាអ្នកធ្វើការងារនៅអង្គការក្រៅរដ្ឋាភិបាលមួយក្នុងខេត្តកំពង់ចាមបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។

ក្នុងកម្មវិធីបណ្តុះបណ្តាលនោះផងដែរ វិទ្យុស្រ្តីក៏បានអញ្ជើញវាគ្មិនមួយរូបគឺលោក ថុង សីហា អ្នកសារព័ត៌មានរបស់ទូរទស្សន៍បាយ័នប្រចាំខេត្តកំពង់ចាម មកចែករំលែកបទពិសោធន៍ផ្ទាល់ និងឧបសគ្គនានាជុំវិញការចុះទៅប្រមូលព័ត៌មាននាពេលកន្លងមក។ លោក សីហា ក៏បានលើកឡើងនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ ពិសេសពលរដ្ឋអ្នកសារព័ត៌មានក្នុងការលើកឡើងរឿងរ៉ាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យមានការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកពាក់ព័ន្ធ។

សកម្មភាពសិក្ខាកាមពិភាក្សាក្រុមធ្វើការងារដែលគ្រូដាក់ឱ្យ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះផងដែរលោក សីហា រំពឹងថា សិក្ខាកាមដែលបានចូលរួមនឹងអាចមានលទ្ធភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលកើតមានក្នុងមូលដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធបានដឹងលឺ និងអាចឆ្លើយតាមតម្រូវការរបស់ពលរដ្ឋបានល្អប្រសើរ។

សកម្មភាពសិក្ខាកាមចុះសម្ភាសន៍ប្រភពពេលអនុវត្តលំហាត់ក្រុម។

គួររំលឹកបន្តិចថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញឱ្យយុវជនអាចផលិតព័ត៌មានក្នុងមូលដ្ឋានរបស់ពួកគេ និងជំរុញធ្វើយ៉ាងណាឱ្យពួកគេចូលរួមចំណែកលើកឡើងនូវរឿងរ៉ាវ និងតម្រូវការរបស់ពលរដ្ឋ និងអាចឱ្យអាជ្ញាធរកាន់តែយកចិត្តទុកដាក់លើសំណើរបស់ពលរដ្ឋតាមរយៈអត្ថបទព័ត៌មាន។

សិក្ខាកាមថតរូបអនុស្សាវរីយ៍ក្រោយវគ្គបណ្តុះបណ្តាល។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជានេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីម្ចាស់ជំនួយពីបរទេស ដោយក្នុងឆ្នាំ ២០២៤នេះ អង្គការមានបេសកកម្មចុះបើកវគ្គសិក្សាក្នុងខេត្តចំនួន៤ មានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងខេត្តកំពង់ចាម៕

Share

ព័ត៌មានទាក់ទង

Image