en     km
en     km

សង្គមស៊ីវិល២០ស្ថាប័ន អំពាវនាវ ក្រសួងជំរុញ ក្រុមហ៊ុន ឱ្យអ្នកស្រី រឿន កូលាប ចូលធ្វើការងារវិញ

Share

រូបភាពអ្នកស្រី រឿន កូលាប ពីហ្វេសប៊ុកអង្គការសង់ត្រាល់។

 

ក្រុមអង្គការសង្គមស៊ីវិល ដែល​ធ្វើការងារ​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារជិត ២០ស្ថាប័ន អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងការងារ​ ​ជួយ​អន្តរាគមន៍​ ​និង​សូម​ឱ្យ​ក្រុមហ៊ុន​ ​សេង​បូ​ ហ្គា​មិន ត្រូវ​ទទួលយក​ ​អ្នកស្រី​ រឿន កូ​លាប​ ដែលជាប្រធានសហជីពការពារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុននេះ ឱ្យ​ចូល​ធ្វើការងារ​វិញ ដោយបញ្ឈប់​នូវ​ការរើសអើង​សហជីព​ ​និង​គោរព​សិទ្ធិ​សេរីភាព​សហជីព​នៅកន្លែង​ការងារ។ ក៏ប៉ុន្តែក្រសួងការងារ អះអាងថា ករណីបញ្ឈប់អ្នកស្រី រឿន កូលាប គឺមិនមែនជាការរើសអើងសហជីពនោះទេ ហើយក្រសួង ក៏គ្មានភារកិច្ចអន្តរាគមន៍ករណីនេះដែរ។ កញ្ញា ជា សុខនី រាយការណ៍

 

 

ក្រុម​អង្គការសង្គម​ស៊ីវិលទាំង២០ស្ថាប័ននោះ មានដូចជា អង្គការ​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សហព័ន្ធសហជីពសេរីកម្មករ (FTUWKC) សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI) និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ជាដើម បានបង្ហាញការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​ ​សេង​បូ​ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ដែល​បាន​បញ្ឈប់​អ្នកស្រី​ ​រឿន​ កូ​លាប​ ពីការងារអស់រយៈពេលមួយឆ្នាំហើយ​ ​ខណៈ​អ្នកស្រី កូលាប ​បានប្ដឹងទៅតុលាការ ប៉ុន្តែនៅ​ពុំទាន់​ទទួល​បាន​យុត្តិធម៌​។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការទាំងនោះ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងសេចក្ដីថ្លែងការណ៍នេះ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកការបញ្ឈប់​អ្នកស្រី​ កូ​លាប​ ​ដែល​ទើប​ក្លាយ​ជា​ប្រធាន​សហជីព​ជាប់ឆ្នោត​ថ្មីនៅក្នុងក្រុមហ៊ុន ​គឺជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ ​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ស្រប​ច្បាប់​នៅកន្លែង​ការងារ​។

អង្គការទាំងនោះ បញ្ជាក់ថា៖ «យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​តាមរយៈ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សូម​ជួយ​អន្តរាគមន៍​ ​និង​សូម​ឱ្យ​ក្រុមហ៊ុន​ ​សេង​បូ​ ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​ត្រូវ​ទទួលយក​ ​អ្នកស្រី​ កូ​លាប​ ​ចូល​ធ្វើការងារ​វិញ​។​ ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ទៅ​ក្រុមហ៊ុន​ ​អ្នកបញ្ជា​ទិញ​ ​ជំរុញ​ទៅកាន់​ក្រុមហ៊ុន​ ​សេង​បូ​ហ្គា​មិន​​ ឱ្យ​បញ្ឈប់​នូវ​ការរើសអើង​សហជីព​ ​និង​គោរព​សិទ្ធិ​សេរីភាព​សហជីព​នៅកន្លែង​ការងារ​»។

លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១៣ ខែមិថុនាថា ប្រសិនជាតុលាការ ឫក៏អ្នកពាក់ព័ន្ធ នៅតែបន្តមិនជួយរកយុត្តិធម៌ លើករណីអ្នកស្រី កូលាប ជាមួយនឹងក្រុមហ៊ុនទេ គឺផលប៉ះពាល់ខ្លាំងបំផុតទៅលើក្រុមគ្រួសាររបស់អ្នកស្រី កូលាប។ ក្រៅពីគ្រួសាររបស់អ្នកស្រី កូលាប គឺនឹងប៉ះពាល់ដល់សហជីពសេរីនៅក្នុងរោងចក្រផ្សេងទៀត ដែលធ្វើការពារសិទ្ធិជូនកម្មករ អាចត្រូវបានថៅកែរោងចក្រ ប្រើលេសបែបនេះដដែល ដើម្បីបញ្ឈប់សហជីពទាំងនោះ ប្រសិនជាក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ បន្តមិនជួយរកយុត្តិធម៌។

លោកស្រី ទូច សើ ៖ «ចំពោះខាងខ្ញុំវិញគឺនៅតែបន្តនៅតែដើរដំណើរឆ្ពោះទៅមុខ ដើម្បីរកយុត្តិធម៌ឱ្យគាត់ មិនមែនតែចំពោះតែគាត់មួយទេ ប្រសិនជាយើងរកយុត្តិធម៌ យើងឃើញហើយជាក់ស្ដែងនៅក្នុងស្រុកយើង រោងចក្រណាដែលមានសហជីពរបស់ប្រជាធិបតេយ្យគាត់ការពារសិទ្ធិកម្មករ គឹរោងចក្រអត់ចង់ឱ្យមាន គឺថៅកែ រឹតមិនចង់ឱ្យមាន។ តែប្រសិនជារោងចក្រណារបស់ថៅកែ គឺគាត់សប្បាយចិត្ត និងរីករាយ ទីមួយដោយសារអីបានជាខ្ញុំហ៊ាននិយាយដល់ថ្នាក់ហ្នឹង គាត់ប្រសិនជាគាត់បើកលុយ បាត់លុយ ឬមួយក៏គាត់តវ៉ាអីមួយ គឺខាងក្រុមហ៊ុនហ្នឹងអត់ហ៊ានតវ៉ា អត់ហ៊ានចេញមុខទេ តែបើយើងបង្កើតដោយគាត់ស្ម័គ្រចិត្តខ្លួនគាត់ គាត់នឹកឃើញថាគាត់ឈរការពារសិទ្ធិកម្មករ គឺក្រុមហ៊ុនមិនអាចទុកគាត់បានទេ»។

ទោះបីជាយ៉ាងណាហេតុផលដែលក្រុមហ៊ុនបានបញ្ឈប់អ្នកស្រី កូលាប ពីការងារ គឺវាមិនសមស្របសោះ ពីព្រោះ​តាមលទ្ធផល​ការងារ​ជាក់ស្តែង​របស់អ្នកស្រី​ គឺតែងតែ​ទទួល​បាន​ប្រាក់​រង្វាន់​រាល់​ខែ ​ដូច​កម្មករ​ដទៃទៀត​ ​ហើយ​អ្នកស្រី​មិនដែល​ទទួលការ​ស្តីបន្ទោស​ ​ឬ​ព្រមាន​អ្វី​ពី​ថ្នាក់លើ​ម្តងណា​នោះ​ទេ ប៉ុន្តែ បែរជាក្រុមហ៊ុនថា អ្នកស្រី កូលាប ​មិនបានបំពេញការងារ​គ្រប់​ចំនួន​កំណត់​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន ទើបត្រូវបញ្ឈប់។

អ្នកស្រី រឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ អ្នកស្រីធ្លាប់បានប្រាប់វិទ្យុស្ត្រីថា រយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ។

អ្នកស្រី រឿន កូលាប និងលោក ហាក់ ហៀង ពេលទៅបំភ្លឺនៅនាយកដ្ឋានវិវាទ នៃក្រសួងការងារ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុស្ដ្រីដែរថា ករណីលោកស្រី រឿន កូលាប ដែលជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីពសេរីកម្មករ គឺនាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារបានទទួលពាក្យបណ្ដឹងពីអ្នកស្រី រឿន កូលាប កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងបានធ្វើការផ្សះផ្សាគ្នា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផលមិនសះជានឹងគ្នា។ នៅថ្ងៃផ្សះផ្សា លោកថា អ្នកស្រី កូលាប ក៏បានទទួលស្គាល់ថា អ្នកស្រីពិតជាបានផ្តិតមេដៃលាឈប់ពីការងារ និងបានទទួលប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងាររួចហើយ។

ម្យ៉ាងវិញទៀតការបញ្ឈប់អ្នកស្រី កូលាប ពីការងារ គឺក្រុមហ៊ុន បានធ្វើមុនទទួលបានលិខិតជូនដំណឹងថាអ្នកស្រី បានជាប់ឆ្នោតជាប្រធានសហជីពសេរីកម្មករនៅក្នុងក្រុមហ៊ុននេះ។ ដូច្នេះ ករណីនេះពុំមែនជាការរើសអើងសហជីពនោះទេ ប៉ុន្តែគឺជាការបង្កើតសហជីពដោយពុំបានបំពេញកាតព្វកិច្ចជូនដំណឹងស្ដីពីការបង្កើតសហជីពទៅក្រុមហ៊ុន និងចម្លងជូនក្រសួងការងារឱ្យបានត្រឹមត្រូវតាមស្មារតីនៃច្បាប់ស្ដីពីសហជីព។

លោក កត្តា អ៊ន ៖ «សូមជំរាបថា យើងកុំភ្ជាប់ករណីបុគ្គលណាក៏ដោយទៅនឹងករណីនៃការប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងសហជីព នៅកម្ពុជាយើង គឺយើងមានសហជីពជាង ៦ពាន់ ហើយពួកគាត់បានបំពេញការងាររបស់ខ្លួនដោយសេរី ត្រឹមត្រូវ និងមានលំហសេរីភាពយ៉ាងធំទូលាយ។ យើងអាចនិយាយថានៅកម្ពុជា គឺជាឋានសួគ៌នៃសហជីព»។

បន្ថែមពីនេះ លោកថា ករណីនេះ អ្នកស្រី រឿន កូលាប បានប្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺរួចដែរ ដូច្នេះក្រសួងការងារគ្មានភារកិច្ចអ្វីត្រូវអន្តរាគមន៍ទេ ពីព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។

លោកស្រី ទូច សើ អះអាងថា អ្វីដែលក្រសួងការងារថាអ្នកស្រី កូលាប បានផ្ដិតមេដៃលាឈប់ពីការងារ និងបានទទួលប្រាក់ទូទាត់បញ្ចប់កិច្ចសន្យាការងាររួចហើយពីក្រុមហ៊ុន ដែលទាំងនេះគ្រាន់តែជាលេសរបស់ក្រសួងមិនចង់ស្វែងរកភាពយុត្តិធម៌ប៉ុណ្ណោះ ពីព្រោះអ្នកស្រីកូលាប ពិតជាបានផ្ដិតមេដៃមែន ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឱ្យអ្នកស្រីកូលាបត្រឹមត្រូវតាមច្បាប់កំណត់នោះទេ។

អ្នកស្រី ទូច សើ ៖ «ខ្ញុំមើលទៅ ប្រម៉ើលមើលទៅ គឺនៅស្រុកខ្មែរសហជីពឯករាជ្យ មិនអាចនឹងបង្កើតបានគឺដោយសារអី ដោយសារទីមួយខាងក្រុមហ៊ុនគេការរើសអើង គេមិនចង់ឱ្យមានខាងសហជីពឯករាជ្យទេ គេចង់បានតែសហជីពណាដែលគេអាចទទួលស្គាល់ ដែលអាចមានខ្សែមានអីអញ្ចឹងគេអាចរកបាន។ តែបើសិនសហជីពឯករាជ្យ​ គេអត់ និយាយរួមគេមិនទទួលម៉ងឱ្យតែយើងបង្កើតគេយកលេសរហូត»។

សេចក្ដីថ្លែងការណ៍របស់អង្គការទាំងនោះ បានឱ្យដឹងទៀតថា តាមច្បាប់​ស្តីពី​ការងារ ក្នុងមាត្រា​ ១​២​ ​មាត្រា​ ​២​៦​៦​ ​និង​ មាត្រា​ ​២​៦​៧ បានចែងថា​ហាមឃាត់​រាល់​ទម្រង់​នៃ​ការរើសអើង​សហជីព​ ​ដែល​រួម​មាន​ ​ការ​ពិន័យ​ ​ការ​ផ្តាច់​កិច្ចសន្យា​ការងារ និងច្បាប់​ស្តីពី​សហជីព ក្នុងមាត្រា​៦​៧​ ​និង​មាត្រា​ ​៤​៣ បានចែងថា បេក្ខជន​ដែល​ជាប់ឆ្នោត​ជា​ថ្នាក់​ដឹកនាំ​សហជីព​ ​ត្រូវ​ទទួល​បានការ​ការពារ​ពិសេស​ ​ហើយ​រាល់​ការបញ្ឈប់​បេក្ខជន​ណា​ម្នាក់​ ​លុះត្រាតែ​មានការ​យល់ព្រម​ពី​អធិការកិច្ច​ការងារ​។

អ្នកស្រី រឿន កូលាប ត្រូវបានក្រុមហ៊ុន សេង​បូ​ហ្គា​មិន​ (ខេ​ម​បូ​ឌា) ​ឯ​.​ក​ ​បញ្ឈប់ពីការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមហេតុផលថា អ្នកស្រី កូលាប មិនបានបំពេញការងារឱ្យ​គ្រប់​ចំនួន​កំណត់​តាម​តម្រូវ​ការ​របស់​ក្រុមហ៊ុន​៕​

 

Share

ព័ត៌មានទាក់ទង

Image