en     km
en     km

កម្មករអូសរទេះ៣នាក់ ត្រូវបានតុលាការបន្ទាយមានជ័យឃុំខ្លួន ក្រោយតវ៉ាសុំប្រកបរបរអូសរទេះឡើងវិញ

Share

 

រូបភាពពីពលរដ្ឋ

កម្មករអូសរទេះ ៣នាក់ ដែលប្រកបរបរអូសទំនិញឱ្យភ្ញៀវនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួន ក្រោយពីតវ៉ាសុំទំនិញដែលរឹបអូសដោយមន្ត្រីគយ និងសុំអនុញ្ញាតឱ្យប្រកបរបរអូសរទេះនេះឡើងវិញ។ ស្របពេលមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់នោះ ចាត់ទុកសកម្មភាពរបស់អាជ្ញាធរ ដែលយកប្រព័ន្ធតុលាការមកដោះស្រាយ គឺជាការបំភិតបំភ័យ បំបាក់ស្មារតីកម្មករអូសរទេះឱ្យបញ្ឃប់សកម្មភាពតវ៉ា។ កញ្ញា ជា សុខនី រាយការណ៍

 

 

កញ្ញា សែត គឹម អាយុ ២២ឆ្នាំ ត្រូវជាកូនរបស់អ្នកស្រី អោម ឡាច ដែលជាកម្មករអូសរទេះ និងត្រូវបានតុលាការឃុំខ្លួន បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១១ ខែមិថុនាថា ម្ដាយរបស់កញ្ញាត្រូវសមត្ថកិច្ចខេត្តចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ហើយមកដល់ពេលនេះ សមត្ថកិច្ចបានបញ្ជូនម្ដាយរបស់កញ្ញា មកកាន់តុលាការ។ កញ្ញាអះអាងថា ម្ដាយរបស់ខ្លួន មិនបានប្រព្រឹត្តអំពើអ្វីខុសច្បាប់នោះទេ គ្រាន់តែកន្លងមកបានធ្វើការតវ៉ាជាមួយកម្មករផ្សេងទៀត ដែលទាមទារឱ្យមន្ត្រីគយ បានចាប់ទំនិញរបស់ម្ដាយកញ្ញាសងត្រឡប់មកវិញប៉ុណ្ណោះ ហើយនិងទាមទារឱ្យមន្ត្រីគយ អនុញ្ញាតឱ្យម្ដាយកញ្ញា បានអូសរទេះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ។

កញ្ញាបន្តទៀតថា សកម្មភាពទាំងនេះ បានធ្វើឱ្យម្ដាយកញ្ញា ត្រូវបានតុលាការខេត្ត ចោទប្រកាន់ថាញុះញង់ឱ្យកម្មករផ្សេងទៀត មកធ្វើបាតុកម្មជាមួយអាជ្ញាធរ ក្នុងការទាមទារឱ្យបើកច្រកអន្តរជាតិនេះ ដើម្បីប្រកបរបរអូសរទេះឡើងវិញ។

កញ្ញា សែត គឹម ៖ «ខ្ញុំគ្រាន់តែចង់ឱ្យជួយដោះលែងម៉ែខ្ញុំអញ្ចឹង ម៉ែខ្ញុំគាត់គ្រាន់តែជាអ្នកអូសរទេះបានលុយតិចតួចក្នុងមួយថ្ងៃ ហើយត្រូវគេចាប់។ ខ្ញុំឆ្ងល់តែរឿងប៉ុណ្ណឹងសោះគេចាប់យើងមកតុលាការ គ្រាន់តែតវ៉ាសុំអ៊ីវ៉ាន់អញ្ចឹងណា ហើយគេចោទយើងហ្នឹងថាជាអ្នកហៅគេមកបាតុកម្ម ញុះញង់អញ្ចឹងណា»។

បើតាមកញ្ញា សែត គឹម មកដល់ពេលនេះ ម្ដាយរបស់កញ្ញា ត្រូវបានសមត្ថកិច្ចនៅតែបន្តឃុំខ្លួន មិនទាន់ត្រឡប់មកផ្ទះវិញទេ ដែលកញ្ញាសូមសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យម្ដាយរបស់ខ្លួន និងសូមឱ្យដោះលែងម្ដាយរបស់ខ្លួន ពីព្រោះម្ដាយកញ្ញាមិនបានប្រព្រឹត្តអំពើអ្វីខុសច្បាប់នោះទេ។

ចំណែកក្រុមគ្រួសារមួយទៀតដែលប្រកបរបរអូសរទេះដែរ គឺលោក ទុំ រ៉េន ជាស្វាមីរបស់អ្នកស្រី តូយ ម៉េត ដែលត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនដែរនោះ បានប្រាប់ថា សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធរបស់លោក គឺពាក់ព័ន្ធនឹងការតវ៉ាសុំឱ្យមន្ត្រីគយអនុញ្ញាតឱ្យកម្មករបានប្រកបរបរអូសរទេះឡើងវិញ។ ក្រោយពីមានការចាប់ខ្លួនដោយស្នងការខេត្តបន្ទាយមានជ័យ លោកថា ប្រពន្ធរបស់លោកត្រូវបានបញ្ជូនមកតុលាការនៅពេលព្រឹក ប៉ុន្តែតុលាការមិនសួរនាំ បំភ្លឺអ្វីនោះទេ ដូច្នេះក៏បញ្ជូនមកឃុំខ្លួននៅស្នងខេត្តដដែល។

លោក ទុំ រ៉េន ៖ «ចង់រកយុត្តិធម៌ដែរ តែមិនដឹងទៅទាក់ទងខាងណាឱ្យជួយអញ្ចឹងណា ព្រួយបារម្ភដែរ ពីព្រោះអីកូនច្រើន បើកាលណាជាប់មេគ្រួសារអញ្ចឹងទៅ វាពិបាកដែរ។ ការសំណូមពរឱ្យតែបានរួចពីនេះវិញទៅ ឱ្យគេបានដោះលែង ដោះអីវិញទៅ អូសរទេះបានតែមាណហូបៗ រួចថ្លៃដល់ខែថ្លៃផ្ទះគេ ទឹកភ្លើង»។

ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្នុងនាមជាក្រុមគ្រួសាររបស់អ្នកស្រី តូយ ម៉េត លោកមិនទាន់ដឹងថាប្រពន្ធរបស់ខ្លួន ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទល្មើសអ្វីនោះទេ ខណៈដែលសមត្ថកិច្ចបានចាប់ខ្លួនហើយ ក៏នៅតែបន្តឃុំខ្លួន។

ជុំវិញការឃុំខ្លួនកម្មករអូសរទេះទាំង ៣នាក់នេះ លោក អ៊ិន គង់ជិត មន្ត្រី​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនស្ត្រី ៣នាក់ មកកាន់តុលាការខេត្តបន្ទាយមានជ័យ ក្នុងនោះមានទី១ អ្នកស្រី តូយ ម៉េត ទី២ អ្នកស្រី ហួត វណ្ណៈ និងទី៣ អ្នកស្រី អោម ឡាច។ ស្ដ្រីទាំង ៣នាក់នេះ គឺសុទ្ធតែជាកម្មករអូសរទេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ តាមការសង្កេតរបស់លោក ការចាប់ខ្លួនស្ដ្រីទាំងនោះ ប្រហែលសមត្ថកិច្ចចោទប្រកាន់ពីបទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ជេរប្រមាថ និងហិង្សាដោយចេតនា» ដែលបទចោទនេះ គឺទាក់ទងនឹងសកម្មភាពរបស់ពួកគាត់ ធ្លាប់ប្រមូលផ្ដុំគ្នាតវ៉ានៅច្រកអន្តរជាតិប៉ោយប៉ែតពាក់ព័ន្ធមន្ត្រីគយចាប់ទំនិញរបស់ពួកគាត់ ហើយនិងមិនអនុញ្ញាតឱ្យពួកគាត់ប្រកបរបរអូសរទេះ។

លោក អ៊ិន គង់ជិត ៖ «អ៊ីចឹង!ខ្ញុំជឿថាពួកគាត់មិនអាចនឹងហ៊ានប្រើហិង្សាអ្វីធ្ងន់ធ្ងរទៅលើសមត្ថកិច្ចនោះទេ គ្រាន់តែថាគាត់អាចនិយាយតវ៉ាបញ្ចេញមតិសំណូមពរអីនៅពេលហ្នឹង។ ហើយអញ្ចឹងទៅដើម្បីបំបាក់ស្មារតីរបស់ពួកគាត់ ដើម្បីបញ្ឈប់សកម្មភាពពួកគាត់មិនឱ្យតវ៉ាមានតែប្ដឹងពួកគាត់តាមផ្លូវតុលាការហ្នឹងឯង ដើម្បីបញ្ចប់សកម្មភាពរបស់ពួកគាត់ហ្នឹងណា អាហ្នឹងគោលបំណងដែលប្ដឹងអញ្ចឹងឯង»។ 

ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា ការតវ៉ារបស់កម្មករអូសរទេះទាំងនោះ គឺពួកគាត់ជាជនរងគ្រោះ មិនមែនជាអាជ្ញាធរជាជនរងគ្រោះនោះទេ ពីព្រោះសកម្មភាពរបស់កម្មករអូសរទេះ គ្រាន់តែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារត្រឹមមួយរស់ប៉ុណ្ណោះ ដែលសុំឱ្យអាជ្ញាធរគយជួយអនុញ្ញាតឱ្យកម្មករ បានប្រកបរបរអូសរទេះឡើងវិញ។ ប៉ុន្តែលោកថា មិនគួរអាជ្ញាធរយកប្រព័ន្ធតុលាការ មកដោះស្រាយដោយធ្វើការប្ដឹងទៅកាន់កម្មករអូសរទេះទាំងនោះ ដើម្បីបំភិនបំភ័យកម្មករឱ្យបញ្ឈប់សកម្មភាពតវ៉ានោះឡើយ។

កម្មករតវ៉ាសុំឱ្យអូសរទេះឡើងវិញនៅច្រកព្រកដែនអន្តរជាតិប៉ោយប៉ែត។

 

លោក អ៊ិន គង់ជិត៖ «វាប៉ះពាល់ទីមួយទៅលើជីវភាពរស់នៅរបស់គាត់ ប្រសិនជាមានការឃុំខ្លួនគាត់ ពួកគាត់ដាច់បាយ ដាច់ទឹកហើយ ហើយយើងមើលកន្លែងណាដែលមានលក្ខណៈមនុស្សធម៌ថាយើងជួយទៅលើពួកគាត់ក្នុងនាមអាជ្ញាធរអីហ្នឹងដែលពួកគាត់មានមុខរបរអូសរទេះអូសអីហ្នឹង។ ហើយបើចង់បង្វែរ ឬក៏ចង់បង្វែរពួកគាត់ឱ្យទៅប្រកបរបរផ្សេងគួរតែមានការផ្ដល់ឱកាសការងារឱ្យគាត់ ដើម្បីជំនួសនូវមុខរបរជាកម្មករអូសរទេះ អញ្ចឹងកាលណាដែលអនុវត្តវិធានការប្ដឹងពួកគាត់ ចាប់ខ្លួននេះ វាជារឿងដែលបំបាក់ស្មារតីឱ្យចុះញ៉ោមទៅមិនហ៊ានតវ៉ាអីទៅ ហើយសមត្ថកិច្ចបិទច្រកថែមទៀត ពួកគាត់ដាច់ឆ្នាំងបាយគាត់ទៅ រកចំណូលលែងបាន ហើយអញ្ចឹងបញ្ហាទាំងអស់ហ្នឹងដែលធ្វើគាត់រងទុក្ខលំបាកតទៅទៀតទៅវាមិនមានដំណោះស្រាយអីដែលជួយឱ្យគាត់មានជីវភាពប្រសើរឡើង»។

ជុំវិញរឿងនេះ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់វិទ្យុស្ដ្រីដែរថា លោកមិនបានដឹងសមត្ថកិច្ចឃាត់ខ្លួនស្ដ្រីទាំង ៣នាក់ ដែលជាកម្មករអូរទេះនេះ ពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ ពីព្រោះលោកជារដ្ឋបាលក្រុង មិនបានដឹងការងារសមត្ថកិច្ចជាមួយមន្ត្រីគយនោះទេ។

លោក ញឹម ផឿង ៖ «ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំនៅរដ្ឋបាលក្រុងអញ្ចឹងណា សមត្ថកិច្ចសហការជាមួយខាងគយខាងអី គឺយើងអត់ដឹងរឿងទេ អារឿងការចាប់ខ្ញុំអត់ទាន់បានទទួលព័ត៌មានផង»។

ចំណែក លោក រឿន លីណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបដិសេធថាលោកមិនទាន់ដឹងពីករណីនេះច្បាស់នៅឡើយ ដោយលើកឱ្យទៅសួរព្រះរាជអាជ្ញាវិញ។

រីឯលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់ថា ករណីស្ដ្រីទាំង ៣នាក់ ដែលជាកម្មករអូសរទេះ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត បញ្ជូនមកតុលាការ គឺឥលូវនេះករណីរបស់ស្ដ្រីទាំង ៣នាក់នោះ កំពុងស្ថិតក្នុងដំណាក់កាលអយ្យការស៊ើបសួរ។ ដោយសារករណីខាងលើស្ថិតក្នុងដំណាក់កាលស៊ើបសួរ ដូច្នេះលោកបានបដិសេធមិន ឆ្លើយចំពោះបទចោទយ៉ាងណាមកលើស្ដ្រីទាំងនោះទេ។

លោក សំរិទ្ធ សុខុន ៖ «អាហ្នឹងខ្ញុំឆ្លើយអត់បានទេប្អូន ព្រោះគ្រាន់តែខ្ញុំឆ្លើយបានតែនីតិវិធីកំពុងចាត់ការគេអត់ទាន់ចោទទេអញ្ចឹងយើងទៅឆ្លើយ ឬចោទបទអីអត់បានទេណា បាទ!ព្រោះសាច់រឿងប្អូនឯងដឹងពីណោះខ្លះហើយថាគេឃាត់មូលហេតុអី តែរឿងព្រះរាជអាជ្ញាឃាត់បទអី ដោយសារអត់ទាន់ចោទនៅដំណាក់កាលអយ្យការនៅឡើយខ្ញុំឆ្លើយអត់បាន»។

លោក អ៊ិន គង់ជិត យល់ថា ជាដំណោះស្រាយ អាជ្ញាធរគួរតែមានការជំរឿនកម្មករអូសរទេះទាំងនោះថា មានភាពក្រីក្រយ៉ាងណា ក្នុងគ្រួសារជួបផលលំបាកអ្វីខ្លះ ដើម្បីអាចផ្ដល់ប័ណ្ណក្រីក្រជូនកម្មករដែលមានភាពជីវភាពខ្សត់ខ្សោយ ឬក៏អាចជួយស្វែងរកឱកាសការងារជូនពួកគាត់ជំនួសរបរអូសរទេះនេះ ដូច្នេះដំណោះស្រាយទាំងអស់នេះ ទើបជាការសង្គ្រោះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

ស្ដ្រីដែលជាកម្មករអូសរទេះទាំង ៣នាក់នេះ ស្ថិតក្នុងចំណោមកម្មករអូសរទេះ រាប់រយនាក់ ដែលបានធ្វើការតវ៉ាជាមួយសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធនឹងមន្ត្រីគយ បានមករឹតបន្ដឹង និងត្រួតពិនិត្យទំនិញនៅតាមច្រកព្រំដែន ដោយមិនអនុញ្ញាតឱ្យកម្មករអូសរទេះ ដែលដឹកជញ្ជូនទំនិញឱ្យឈ្មួញ បន្តមុខរបរអូសទំនិញនេះទៀតឡើយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ការតវ៉ានេះដែរ បានបង្កជាហិង្សារវាងសមត្ថកិច្ចប៉ោយប៉ែត និងក្រុមកម្មករ ដែលធ្វើឱ្យខាងកម្មករមួយចំនួន ត្រូវបានរងរបួស៕

Share

ព័ត៌មានទាក់ទង

Image