ដោយសារតែ ធ្លាប់ជួបការលំបាក ខ្វះខាតក្នុងជីវភាព កញ្ញា សែត ចំប៉ា បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី១០ តែដោយយល់អំពីអារម្មណ៍ចង់ជួយដល់សិស្សដទៃទៀត ដែលបានបោះបង់ការសិក្សាដូចគ្នា មានចិត្តចង់រៀន តែមិនមានអ្នកជួយទំនុកបម្រុង ទើបធ្វើ កញ្ញា សែត ចំប៉ា បានបេ្តចិត្តជាថ្មីងាកមកសិក្សាឡើងវិញបន្ទាប់ពីរកថវិកាបានមួយចំនួន ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
អតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រិត និងមានស្រុកកំណើតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កញ្ញា សែត ចំប៉ា បានឱ្យអ្នកសារព័ត៌មានវិទ្យុស្រ្តី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាដឹងថា ដោយសារតែកត្តាជីវភាពមានការខ្វះខាត កញ្ញាបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី១០ រួចទៅធ្វើការនៅភ្នំពេញមួយរយៈ ដើម្បីរកថវិកាមួយចំនួនសម្រាប់ជួយផ្គត់ផ្គង់គ្រួសារផង និងមួយចំណែកទៀតសម្រាប់ទុកខ្លួន។
កញ្ញា សែត ចំប៉ា ៖ «បើតាមខ្ញុំវិញ ក៏ធ្លាប់បានបោះបង់ការសិក្សាដែរ ប៉ុន្តែខ្ញុំចង់រៀន តែអត់មានអ្នកជួយ អ៊ីចឹងវាប៉ះពាល់ផ្លូវចិត្តមួយដែរ អ៊ីចឹងខ្ញុំខំប្រឹងរកលុយដើម្បីបន្តការសិក្សា ដើម្បីធ្វើការរកលុយអាចនឹងជួយគ្រួសារខ្លះ និងទុករៀនខ្លួនឯងខ្លះ »។
ធ្វើការនៅភ្នំពេញមួយរយៈ ស្រពពេលកំឡុងកូវីត១៩ កញ្ញា សែត ចំប៉ា ក៏បានផ្អាកការងារនៅទីក្រុងភ្នំពេញរួច ហើយត្រលប់មកស្រុកកំណើតវិញមកជួយការងារបងប្រុស ជាមួយគ្នានោះ កញ្ញា នៅតែមានក្តីស្រមៃថាចង់បម្រើការងារសង្គម ធ្វើជាស្ពាន ដើម្បីជួយដល់សិស្សដែលបោះបង់ការសិក្សាដូចគ្នា បានទទួលនូវឱកាសសិក្សា និង អ្នកដែលមានជីវភាពលំបាក បានទទួលការជួយទំនុកបម្រុងពីអាជ្ញាធរមូលដ្ឋាន ឬក៏ថ្នាក់ដឹកនាំផ្សេងៗ តាមរយៈក្តីស្រមៃនេះ ទើបធ្វើឱ្យកញ្ញា សែត ចំប៉ា ត្រលប់មកបន្តការសិក្សាវិញ។
ជាកូនស្រីពៅ ក្នុងចំណោមបងប្អូនប្រុស ស្រីចំនួន ៨នាក់ កញ្ញា សែត ចំប៉ា បានឱ្យដឹងបន្ថែមថា ពេលត្រឡប់មកស្រុកកំណើតវិញ កញ្ញាបានស្វែងរកសាលាបំពេញវិជ្ជាមួយដើម្បីបានចូលរៀន ហើយនៅសាលារៀននោះក៏មានអាហារូបករណ៍បន្ថែមទៀត ដោយសារការសិក្សារបស់កញ្ញា ទទួលបានពិន្ទុខ្ពស់ទើបធ្វើឱ្យកញ្ញា ទទួលបានអាហារូបករណ៍បន្តរៀននៅ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង រហូតមកដល់បច្ចុប្បន្ននេះ។
កញ្ញាសែត ចំប៉ា៖ « ខ្ញុំរៀនតនៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ឆ្នាំទី៣ ការរៀនរបស់ខ្ញុំគឺខ្ញុំជាប់អាហារូបករណ៍ តាមក្តីស្រមៃរបស់ខ្ញុំរៀនចប់ ខ្ញុំអាចធ្វើការងារជួយដល់សង្គម ធ្វើជាស្ពាន ធ្វើជាអ្នកនាំទៅឱ្យសប្បុរសធម៌ឬថ្នាក់ដឹកនាំគាត់បានជួយអ្នកដែលលំបាកៗ អ្នកដែលបោះបង់ការសិក្សា។ ចង់ធ្វើជាអ្នកសារព័ត៌មានដែរ ដោយសារអ្នកសារព័ត៌មានអាចជាស្ពានដើម្បីនាំទៅដល់អ្នកដែលមានលទ្ធភាពអាចជួយដល់សិស្សដែលបោះបង់ចោលការសិក្សាបានរៀនចប់ តាមក្តីស្រមៃរបស់គាត់ ព្រោះ មនុស្សយើងម្នាក់ៗតែងមានបំណងចង់រៀនចប់ដូចគេដូចឯង ហើយបំពេញក្តីស្រមៃ យើងចង់បាន យើងចង់ធ្វើអ៊ីចឹង»។
ជាចុងក្រោយកញ្ញា សែត ចំប៉ា បានផ្តាំផ្ញើដល់យុវតី ជំនាន់ក្រោយបើធ្លាប់បោះបង់ចោលការសិក្សា កុំអស់សង្ឃឹម ក្នុងការបន្តការសិក្សាឡើងវិញ ព្រោះការសិក្សានឹងអាចធ្វើឱ្យជីវិតរបស់យើងមាននូវពន្លឺ ចាកចេញពីភាពងងឹត៕