en     km
en     km

គ្រោះថ្នាក់ចរាចរណ៍មិនថមថយ ពលរដ្ឋនៅតែមិនស្ងប់ចិត្តនៅពេលធ្វើដំណើរតាមដងផ្លូវ

Share

នៅពេលដែលបញ្ហាចរាចរណ៍នៅតែបន្តកើតឡើង ធ្វើឱ្យអ្នកដំណើរតាមដងផ្លូវសាធារណៈ មានការព្រួយបារម្ភ ពេលដែលកាន់ចង្កូតធ្វើដំណើរតាមដងផ្លូវតែងតែមានអារម្មណ៍មិនស្ងប់ ជួនកាលអាចនាំឱ្យមានជំងឺផ្លូវចិត្ត ស្រ្តេសដោយសារតែ ភ័យខ្លាច គេជិះមកបុកទាំងដែលខ្លួនជិះតាមគន្លងត្រឹមត្រូវហើយ ។ ការព្រួយបារម្ភនេះ ខណៈពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ និងកាន់តែសាហាវឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ អ្នកខ្លះបើកបរបុកជនរងគ្រោះ​ហើយមិនទទួលខុសត្រូវ ព្យាយាមរត់គេចជាដើម និងបញ្ហាខ្វះខាតមួយចំនួនដែលទាមទារឱ្យមានការចូលរួមកែប្រែ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

«បើសិនជាស្ថានភាពបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍តែងកើតញឹកញាប់ បង្កឱ្យមនុស្សស្លាប់ របួស មិនថមថយទេ ធ្វើឱ្យការធ្វើដំណើរតាមដងផ្លូវសាធារណៈនៅកម្ពុជាមិនមានសុវត្ថិភាពទេ ព្រោះមនុស្សនៅតែបន្តបាត់បង់ »។ ​​

នេះជាការលើកឡើង របស់លោកបណ្ឌិត ឈត ប៊ុន​ថង ជាអ្នកតាមដានបញ្ហាសង្គមមួយរូបនៅកម្ពុជា  នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។ លោកលើកឡើងបែបនេះដោយហេតុថា ​ពេលនិយាយអំពីបញ្ហាចរាចរណ៍ លោកមានការព្រួយបារម្ភមែនទែន ដ្បិតក្នុងមួយថ្ងៃៗគ្រោះថ្នាក់ចរចរចរណ៍បានកើតឡើងច្រើន បណ្តាលឱ្យមានអ្នកស្លាប់ជាមធ្យមចំនួនពី៥ទៅ៦នាក់ក្នុងមួយថ្ងៃ វាជាការព្រួយបារម្ភជាងពេលដែលប្រទេសកម្ពុជាកំពុងឆ្លងជំងឺកូវីដ១៩ និងឆ្លងជំងឺផ្សេងៗទៅទៀតព្រោះថាជំងឺខ្លះមានឱកាសព្យាបាលជាសះស្បើយ​ ឬមិនសះស្បើយក៏មានពេលវេលាយូរដើម្បីព្យាបាល ។ តែបើបញ្ហាគ្រោះថ្នាក់ចរចរណ៍វិញ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ធ្វើឱ្យមនុស្សស្លាប់បាត់បង់ជីវិត សូម្បីតែពាក្យផ្តាំផ្ញើមួយម៉ាត់ក៏គ្មាន បន្ថែមពីលើនេះ អាចធ្វើឱ្យមនុស្សពិការអស់មួយជីវិត ឬក៏ខូចខាតទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិអ្នកទៃ និងទ្រព្យសម្បត្តិសាធារណៈជាដើម។

«បាត់បង់មនុស្សមានន័យថា​ បាត់បង់ ធនធានមនុស្ស  មនុស្សខ្លះដែលជាសិស្សកំពុងរៀន ជានិស្សិត អ្នកធ្វើការ អ្នកជំនាញ ស្រាប់តែមួយប៉ប្រិចភ្នែកក៏ស្លាប់បាត់ទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍​។ ក្រៅពីហ្នឹង បន្តខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិអ្នកដទៃ និងទ្រពសម្បត្តិរដ្ឋជាដើម   ហើយអាចដែរប្រសិនជាព័ត៌មាន អំពីគ្រោះថ្នាក់ចរាចរណ៍នេះញឹកញាប់វាលឺដល់បរទេស គេក៏អាចញញើតដែរ ព្រោះទេសចរបរទេសញញើតមិនចង់ធ្វើដំណើរមកស្រុកហើយ ព្រោះខ្លាចអំពីសុវត្ថិភាពចរាចរណ៍»។

ជុំវិញបញ្ហាគ្រោះថ្នាកចរាចរណ៍នេះដែរ អ្នកស្រី លឹម សាវី  ដែលចាំទទួលកូនពេលចេញពីសាលារៀនបានឱ្យដឹងថា មូលហេតុដែលអ្នកស្រី ដឹកកូននិងមកទទួលនៅសាលារៀនជារាល់ថ្ងៃ​ដោយសារតែអ្នកស្រីមានព្រួយបារម្ភពីបញ្ហាសុវត្ថិភាពចរាចរណ៍រាល់ថ្ងៃនេះមានភាពកកស្ទះ និងមមាញឹកខ្លាំង ទើបអ្នកស្រី មិនហ៊ានបណ្តោយឱ្យកូនជិះកង់ ឬម៉ូតូមកដោយខ្លួនឯងនោះឡើយ។

​អ្នកស្រី លឹម សាវី ៖ «ចរាចរណ៍រាល់ថ្ងៃយើងព្រួយបារម្ភខ្លាំងតើ យើងប្រយ័ត្ន គេអត់ប្រយ័ត្នអាចប៉ះពាល់មកលើយើង ខ្ញុំដឹកកូនមកសាលារៀនរាល់ថ្ងៃហ្នឹងព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍សំណូមពរ ​ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរចរាចរណ៍លើផ្លូវសុំជួយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។ ​

ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍នេះដែរ លោក ថៃ រួត ដែលជាអាណាព្យាបាលម្នាក់ទៀតដែលចាំយកកូនពីសាលា យល់ថានៅពេលដែលសិស្សចេញពីសាលារៀន មន្រ្តីចរាចរណ៍គួរតែរៀបចំសណ្តាប់ធ្នាប់ជួយសម្រួលចរាចរណ៍ដល់សិស្ស។

លោក ថៃ រួត៖«បើតាមយោបល់របស់ខ្ញុំនៅពេលដែលក្មេងចេញពីសាលា មន្រ្តីចរាចរណ៍គួរតែរៀបចំសណ្តាប់ធ្នាប់មួយ ធ្វើចរាចរណ៍ឱ្យក្មេងឆ្លងកាត់ នៅតាមស្តុប មុខសាលា  ពេលខ្លះប៉ូលីសចរាចរណ៍មួយចំនួនអត់ដែលឈរនៅលើស្តុបផង ហើយគាត់អត់យល់ថា ចរាចរណ៍របៀបយ៉ាងម៉េចផង គាត់ដឹងតែថាកូនសិស្សខុសគាត់ចាប់តែម្តង នេះជាទូទៅខ្ញុំឃើញជាក់ស្តែងក្នុងសង្គមយើងអ៊ីចឹងហ្មង»។

បញ្ហាចរាចរណ៍ បច្ចុប្បន្ន​ មានភាពកកស្ទះ និងមមាញឹកដោយម៉ោង ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នេះ ដែរ លោក ទូច កែវលតា ដែលមកទទួលកូនចេញពីសាលារៀន បានលើកឡើងថា គួរតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់។

«ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនមែនតែសមត្ថកិច្ច ប្រជាពលរដ្ឋទេ គឺជាការរួមគ្នាគោរពច្បាប់ចរាចរណ៍ ទី១សិស្សានុសិស្សត្រូវតែយល់អំពីច្បាប់ចរាចរណ៍​ អ្នកធ្វើដំណើរត្រូវមានការយោគយល់ ច្បាប់ចរាចរណ៍សំខាន់ហើយ តែការបើកបរនៅលើដងផ្លូវត្រូវតែមានសីលធម៌ សីលធម៌បើកបរហ្នឹងសំខាន់ជាងច្បាប់ ប្រសិនមនុស្សអត់មានសីលធម៌ ការគោរពច្បាប់នៅតែប្រទាំងប្រទើស នៅតែមានបញ្ហាដដែល  កាលណាមនុស្សមានសីលធម៌ មនុស្សមានការយោគយល់ អាធ្យាស្រ័យ គោរពគ្នាទៅវិញទៅមក គោរពសិទ្ធិ គោរពសិទ្ធិអ្នកបើកបរ គោរពសិទ្ធិអ្នកឆ្លងថ្នល់»។

ជាមួយគ្នានេះ លោក ទូច កែវលតា បានសំណូមពរដល់អ្នកបើកបរនៅលើដងផ្លូវទាំងអស់ទាំងអ្នកជិះម៉ូតូ បើកឡាន អ្នកឆ្លងថ្នល់ គោរពសិទ្ធិ គ្នាទៅវិញទៅមក មានន័យថា​បើកបរគោរពល្បឿនកំណត់ទៅតាមច្បាប់ តាមស្លាកសញ្ញាចរាចរណ៍ តាមភ្លើងសញ្ញាចរាចរណ៍ដើម្បីសុខសុវត្ថិភាព បើបើកបរទាំងមិនគោរពច្បាប់ ប្រញាប់ប្រទាំងប្រទើសនោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ដូច្នេះសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពសង្គមជាតិ។

ដោយសារតែ កន្លងមកជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានមតិរិះគន់មួយចំនួនទៅលើអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ អ្នកបើកឡានលើគន្លងផ្លូវម៉ូតូ អ្នកបើកម៉ូតូលើគន្លងផ្លូវឡាន ហើយជាពិសេស អ្នកជិះម៉ូតូដឹកជញ្ជូនម្ហូបអាហារ បើកបរលឿន មិនមើលឆ្វេងស្តាំ ដែលជាហេតុងាយបង្កគ្រោះថ្នាក់ដល់អ្នកដែលជិះក្បែរខាង ជាដើម។ ជួបជាមួយលោក តាន់ ចាន់ពន្លឺ  មកពីខេតត្តកំពត ប្រកបរមុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារមួយរូប បានប្រាប់ឱ្យដឹង  ពេលជិះម៉ូតូដឹកម្ហូបឱ្យភ្ញៀវ ក្រុមហ៊ុន ក៏បានបង្ហាត់បង្រៀននិងណែនាំអំពីច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរនៅលើដងផ្លូវឱ្យបានដឹងផងដែរ។

លោក ចាន់ ពន្លឺ៖ « ក្រុមហ៊ុនមានបង្រៀនអំពីច្បាប់ចរាចរណ៍ មើលភ្លើងស្តុប និងហាមមើលទូរសព្ទពេលបើកបរ បើមើលត្រូវឈប់ម៉ូតូសិន កន្លងមកប៉ូលីលមិនដែលផាកពិន័យទេ ព្រោះគោរពច្បាប់ចរាចរណ៍ល្អ ខ្ញុំចង់សំណូមពរអតិថិជន ពេលខ្លះឱ្យគាត់អាធ្យាស្រ័យោគយល់ផង ព្រោះផ្លូវពេលខ្លះស្ទះ អ្នកដឹកចេះតែចង់លឿនហើយ តែផ្លូវស្ទះទៅមុខអត់រួច ហើយណាមួយយើងក៏ត្រូវការគោរពច្បាប់ចរាចរណ៍ដែរ បើយើងជិះទៅទាំងភ្លើងក្រហមក៏ពិបាកដែរ»។ 

ស្រដៀងគ្នានេះដែរ សម្រាប់ការដឹកជញ្ជូនម្ហូបអាហារនៅលើដងផ្លូវ   លោក​ ញ៉ែម ហេង ដែលជាបុគ្គលិកផ្នែកដឹកជញ្ជូនម្ហូបអាហារម្នាក់ទៀត បានប្រាប់ថា​ ក្រុមការងារក៏មានការណែនាំដល់បុគ្គលិកផ្នែកដឹកជញ្ជូនអំពីការប្រុងប្រយ័ត្នលើសុវត្ថិភាពចរាចរណ៍ផងដែរ។

«ជាទូទៅ ប្រធានក្រុមគាត់ប្រាប់ឱ្យយើងគោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ពីព្រោះ​ធម្មតា តែប៉ះពាល់ បើយើងជិះលឿនពេក ឬល្មើលច្បាប់ ពេលមានបញ្ហាៗ​ខ្លួនឯងមួយហើយ វាប៉ះពាល់ដល់អ្នកដទៃ បើយើងដឹកម្ហូបវាធ្វើឱ្យកំពប់ម្ហូប លឿនពេកក៏មិនបានដែរ ធ្វើម៉េចតាមអ្វីដែលយើងអាចធ្វើបាន»។ ​

ផ្អែកតាមទិន្នន័យពីគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយ។ ហេតុការណ៍គ្រោះ​ថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន៣៨៧នាក់ និងរបួសចំនួន១.០៨៤នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃមានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួនលើ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ទាំងនេះកើតឡើងពីមូលហេតុ បើកបរលើសល្បឿន កំណត់៤១ភាគរយ មិនគោរពសិទ្ធិ ២៥ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់ ៨ ​ភាគរយ វ៉ាជែង៧ ​​​​ភាគរយ ស្រវឹង៣​ ភាគរយ ងងុយ១ ភាគរយ និងកត្តាផ្លូវ១ភាគរយ។

លោកបណ្ឌិត ឈត ប៊ុនថង បានបន្តថាជាវិធានការណ៍ដើម្បីរួមចំណែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ទី១គឺការរឹតបណ្តឹងច្បាប់ចរាចរណ៍ ត្រូវធ្វើយ៉ាងណាដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តិឱ្យរាងចាល ដើម្បីជាគំរូដល់អ្នកដទៃ បានឃើញអ្នកប្រព្រឹត្តខុសមានទោសទណ្ឌនោះ គាត់ក៏ខ្លាចញញើតដែរ​។ទី២ ត្រូវមាននគរបាលចរាចរណ៍ ឬអ្នកសម្រួលចរាចរណ៍នៅតាមកន្លែងសំខាន់ៗ ពីព្រោះថា នគរបាលចរាចរណ៍មិនមែនចាំតែផាកពិន័យទេ ពោលគឺ គាត់ត្រូវជួយសម្រួល និងជួយរារាំងនៅពេលដែលឃើញអ្នកណាម្នាក់គ្រោង ឬបម្រុងបើកបរមានភាពជ្រុលល្បឿន។ ជាមួយគ្នានោះ អ្នកបើកបរខ្លួនឯងទាំងអស់ ទាំងអ្នកជិះកង់ ម៉ូតូ រថយន្ត ក៏ត្រូវរួមគ្នាគោរពច្បាប់បើកបរ និងសីលធម៌ក្នុងការបើកបរ បើយើងមិនគោរពទេនោះគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឡើង ។ មួយវិញទៀតត្រូវរឹតបណ្តឹងការរៀនបើកបរ ដោយត្រូវពិនិត្យឡើងវិញចំពោះសាលាបង្រៀនបើកបរ ទាំងបង្រៀនផ្នែកទ្រឹស្តី និងដៃចង្កូត  និងពិនិត្យមួយទៀតទៅលើការប្រឡងបើកបរ នៅតាមទីតាំងប្រឡងត្រូវតែរឹតបណ្តឹងការប្រឡងនោះឱ្យបានត្រឹមត្រូវ មុននឹងចេញបណ្ណឱ្យ ព្រោះកន្លងមកក៏មានធ្លាយថាមានការឃុបឃិតទិញបណ្ណបើកបរ ពីអតីតកាល ជាដើម ប្រសិនជាអ្នកចេញបណ្ណបើកបរឱ្យទៅមនុស្សដែលមិនចេះបើកបរ រៀនមិនចេះច្បាស់លាស់នោះ ហើយទៅបើកបរនៅលើដងផ្លូវសាធារណៈ នោះគ្រោះថ្នាក់នឹងកើតឡើង ។

«វិធានការណ៍ជាបន្តទៀតនោះ គឺទប់ស្កាត់កុំឱ្យ អ្នកដែលស្រវឹងសា្រ ឬញៀនថ្នាំបើកបរ ព្រោះកន្លងមកបញ្ហាហ្នឹងក៏បានកើតឡើង ហើយរដ្ឋាភិបាលក៏បានប្រកាសអាសន្ន និងទប់បានមួយចំនួនធំហើយ តែឥឡូវនេះនៅតែមានកើតឡើងជាបន្តបន្ទាប់ទៀត។ ចំណុចបន្ទាប់ទៀត​​ ត្រូវពិនិត្យមើលការបំពាក់ភ្លើងសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ឱ្យបានគ្រប់ច្រកល្ហក គ្រប់ផ្លូវសំខាន់ៗ និងផ្លូវមមាញឹក ។ រីឯនៅក្នុងសាលារៀន និងនៅក្នុងគ្រួសារត្រូវបង្កើន ការអប់រំសីលធម៌ ដើម្បីជួយ​កាលណាមនុស្សមានសីលធម៌ គាត់អាចក្លាយទៅជាកូនល្អ សិស្សល្អ ក៏ជាអ្នកបើកបរល្អដែរ។»

លោក ឈត ប៊ុនថង បន្តថាក្នុង​នាមឪពុកម្តាយ ត្រូវរំលឹកកូន​រាល់ថ្ងៃរាល់ពេលចេញពីផ្ទះ បើកបរដោយគោរពច្បាប់ចរាចរណ៍ ឱ្យមានសីលធម៌ ឱ្យមានការអាធ្យាស្រ័យ អត់អោន ជាដើម។ បើកូនមិនទាន់គ្រប់អាយុឱ្យប្រើប្រាស់ម៉ូតូ ឬរថយន្តទេ កុំទាន់ទិញម៉ូតូ ឬរថយន្តឱ្យ។ បើមិនដូច្នេះទេ បើកូនមានម៉ូតូ ឬរថយន្តបើកបរនៅលើដងផ្លូវ អាចនឹងបង្កទៅជាគ្រោះថ្នាក់ដល់អ្នកដទៃឬក៏អាចនឹងគ្រោះថ្នាក់ខ្លួនឯង។

តាមច្បាប់ចរាចរណ៍ផ្លូវគោក អ្នកដែលអាចបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្តបានចាប់ពីអាយុ១៤ ដល់១៧ឆ្នាំ ហើយអ្នកដែលបើករថយន្តត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង៕

 

 

 

Share

ព័ត៌មានទាក់ទង

Image