សារមន្ទីរ ដែលតាំងបង្ហាញវាយនភណ្ឌប្រពៃណីអាស៊ីបែបបុរាណ បង្ហាញពីការឆ្លើយឆ្លងគ្នា ទៅវិញទៅមករវាងវប្បធម៌របស់ប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅតំបន់អាស៊ី បានដាក់ឱ្យ សាធារណជនចូលទស្សនាហើយ ចាប់ពីថ្ងៃទី១ ខែកុម្ភះ តទៅ។
បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៦ បានឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសារមន្ទីរវាយនភណ្ឌប្រពៃណីលើកទី១ និងដំបូង របស់គម្រោងនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ និងទន្លេគង្គា តាំងបង្ហាញ វាយនភណ្ឌ ប្រពៃណីមកពីប្រទេសតំន់ទន្លេគង្គា ដែលមានប្រទេសឥណ្ឌា និងប្រទេសតំបន់ទន្លេមេគង្គ រួមមាន៖ ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរាដដែល សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ីនេះ និងតាំងបង្ហាញពីវាយនភណ្ឌប្រពៃណីបែបុរាណ សហសម័យ វត្ថុធាតុដើម ឧបករណ៍សម្រាប់ផលិតវាយនភណ្ឌ និងដំណើរការផលិត ដែលបង្ហាញពីការប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមករវាងវប្បធម៌ របស់ប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា វៀតណាម និងប្រទេស ឡាវ តាមរយៈវិស័យវាយនភណ្ឌ ចាប់តាំងពីសម័យបុរាណ រហូតដល់សម័យបច្ចុប្បន្ន។
គួរបញ្ជាក់ដែរថា ចំពោះតម្លៃទិញប័ណ្ណចូលទស្សនានៅសារមន្ទីរវាយនភណ្ឌប្រពៃណី អាស៊ីនេះ គឺមានតម្លៃ៣ដុល្លារ សំរាប់ភ្ញៀវអន្ដរជាតិ ១ពាន់រៀល សំរាប់ភ្ញៀវជាតិ និងឥតគិតថ្លៃសំរាប់កុមារដែលមានអាយុ១២ឆ្នាំចុះក្រោម៕