en     km
en     km

ភរិយាលោក ស៊ុន ចន្ធី និងតំណាងគណបក្សរបស់លោក ថាលិខិតសុំទោសរបស់ប្រធានគណបក្សរូបនេះ មានភាពមិនច្បាស់លាស់

Share

រូបភាពហ្វេសប៊ុក៖ គណបក្សកម្លាំងជាតិ

ភរិយាលោក ស៊ុន ចន្ធី និងតំណាងគណបក្សរបស់លោក ថាលិខិតសុំទោសរបស់ប្រធានគណបក្សកម្លាំងជាតិរូបនេះ មានភាពមិនច្បាស់លាស់ ដ្បិតថាលិខិតនេះ គឹមិនបានចុះកាលបរិច្ឆេទកំណត់ត្រឹមត្រូវនៅឡើយទេ។ ក៏ប៉ុន្តែគណបក្សកាន់អំណច ចាត់ទុកលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ជាការទទួលស្គាល់កំហុស ដែលប្រធានគណបក្សប្រឆាំងរូបនេះ បានផ្ដល់ភាពយុត្តិធម៌មកដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ដែលបានចេញផ្សាយដោយសារព័ត៌មានដែលស្នីទ្ធរាជរដ្ឋាភិបាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងជិត ១១យប់ គឺមិនមានកំណត់កាលបរិច្ឆេទត្រឹមត្រូវក្នុងលិខិតនេះនោះទេ និងបានបង្ហាញនូវខ្លឹមសារថា លោក ស៊ុន ចន្ធី ពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិត ចំពោះមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ២០នាក់​ នៅខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កញ្ញា ជា សុខនី រាយការណ៍

 

 

លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១០ ខែមិថុនាថា ចំពោះលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី នេះ គឺលោកមើលឃើញថាមិនមានទម្រង់ត្រឹមត្រូវនោះទេ ទាំងកាលបរិច្ឆេទមិនមានកំណត់ច្បាស់លាស់ និងបានចេញផ្សាយនៅវេលាពាក់កណ្ដាលអធ្រាត្រ ខណៈតុលាការ ក៏មិនទាន់កំណត់ទោសរបស់ប្រធានគណបក្សរូបនេះយ៉ាងណានោះដែរ។ ចំពោះការមិនទាន់កំណត់ទោសនេះ លោកថា ដោយសារតែក្នុងនាមជាគណបក្សនយោបាយមួយ មានសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ រិះគន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយមិនបានរំលោភទៅលើសិទ្ធិបុគ្គលណាមួយទេ ប៉ុន្តែបើសិនជាសិទ្ធិសេរីភាពមួយនេះ ត្រូវកំណត់ថាមានទោសនោះ គឺបានន័យថាមិនមែនជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។

លោកបន្តថា មួយវិញទៀត មកដល់ពេលនេះ គណបក្សកម្លាំងជាតិ ក៏មិនមានការអនុញ្ញាតពីពន្ធនាគារ​ឱ្យចូលជួបជាមួយលោក ស៊ុន ចន្ធី នៅឡើយទេ ដូច្នេះចំពោះលិខិតនេះពិត ឬមិនពិត ឬជាការបង្ខិតបង្ខំយ៉ាងណានោះ គណបក្សកម្លាំងជាតិ កំពុងធ្វើការស្រាវជ្រាវដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ថា លោក ស៊ុន ចន្ធី ជាមនុស្សម្នាក់ដែលធ្វើកិច្ចការងារច្បាស់លាស់ណាស់ មុននឹងចេញសេចក្ដីសម្រេចអ្វីមួយ មិនមែនដូចលិខិតនេះ គ្មានកំណត់កាលបរិច្ឆេទទេ។

លោក ជា មុនី ៖ «គណបក្សគ្រាន់តែជំរាបថា បើសិនជាវាពិត អាហ្នឹងគ្រាន់តែសិទ្ធិបុគ្គលរបស់លោក ស៊ុន ចន្ធី គណបក្សមានគោលជំហគោលការណ៍ គោរពតាមលក្ខន្ដិកប្បញ្ញត្តិផ្សេងៗរបស់គណបក្ស ជាជំហរបស់គណបក្សរឿងផ្សេង ជាជំហរបស់បុគ្គលរឿងផ្សេង អញ្ចឹងទម្រង់នៃលិខិតតរបស់លោក ស៊ុន ចន្ធី ដែលធ្វើការបង្ហោះព្រោងព្រាត ហើយមានការងើយឆ្ងល់ គឺគណបក្សកម្លាំងជាតិសូមបញ្ជាក់ដែរថា យើងមិនទាន់ប្រមូលទិន្នន័យ ព័ត៌មានពិតពីក្រុមគ្រួសាររបស់លោក ស៊ុន ចន្ធី ដែលគាត់ធ្លាប់ជួបលោក ស៊ុន ចន្ធី នៅពេលដែលអនុញ្ញាតទីមួយ។ ទីពីរ កិច្ចការដែលលោក ស៊ុន ចន្ធី ធ្វើគឺច្បាស់លាស់ណាស់ មិនមែនជាលិខិតអត់បានចុះកាលបរិច្ឆេទថ្ងៃខែអីអត់មានហ្នឹងទេ ទីបីយើងមើលថាលិខិតអី បានជាចេញកណ្ដាលយប់អញ្ចឹង លិខិតស្នាម ហើយលិខិតហ្នឹងក្នុងពន្ធនាគារ មានកំព្យូទ័រវ៉ៃទៀត បើគាត់សរសេរដៃអីទៅខ្ញុំមើលទៅមិនមានការសង្ស័យ»។

ដូច្នេះក្នុងលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី គឺមានចំណុចសង្ស័យជាច្រើន ដែលលោកក្នុងនាមជាគណបក្សកម្លាំងជាតិ មិនទាន់អាចសន្និដ្ឋានបានថា ពិត ឬមិនពិតនោះទេ។ យ៉ាងណាលោក ក៏កំពុងរង់ចាំសាច់ញាត្តិលោក ស៊ុន ចន្ធី ឆ្លើយតបចំពោះលិខិតនេះផងដែរ។

ចំណែក ភរិយាលោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន បានប្រាប់វិទ្យុស្ដ្រីដែរថា ការចេញលិខិតសុំទោសរបស់ស្វាមីអ្នកស្រីនេះ គឺក្នុងនាមជាភរិយារបស់លោក ស៊ុន ចន្ធី អ្នកស្រីមិន​បានទទួលដឹងពីលិខិតនោះទេ ហើយអ្នកស្រីក៏មិនអាចធ្វើអត្ថាធិប្បាយបាននោះដែរថាលិខិតនោះ ជាការពិត ឬមិនពិត មានតែរង់ចាំសវនាការនៅថ្ងៃទី១១ ខែមិថុនា នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ប៉ុន្តែប្រសិនជាលិខិតនោះជាការពិត និងជាផ្លូវការ អ្នកស្រីថា គួរតែមានការចុះកាលបរិច្ឆេទថ្ងៃខែត្រឹមត្រូវ។

អ្នកស្រី យាន ស្រីយ៉ាន ៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានជួបគាត់នោះទេ ក្រោយពីចេញលិខិតហ្នឹង។ ដូច្នេះទាល់តែខ្ញុំជួបគាត់ហើយ បានជាខ្ញុំអាចនឹងដឹងរឿង ដល់ពេលខ្ញុំមិនអាចនឹងដឹងរឿង ខ្ញុំមិនអាចផ្ដល់សេចក្ដីអត្ថាធិប្បាយឱ្យបានទេបង»។

ដោយឡែក លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ  ចាត់ទុកលិខិតសុំទោសនេះ គឺជាសិទ្ធិរបស់បុគ្គលក្នុងការសម្រេច ពីព្រោះបុគ្គលគ្រប់រូបមានសិទ្ធិក្នុងការសម្រេចចិត្តធ្វើអ្វីមួយដែលខ្លួនឯងចង់។ ប៉ុន្តែក្រឡេកទៅមើលស្ថានភាពបច្ចុប្បន្ននេះទាក់ទងនឹងមេដឹកនាំគណបក្សប្រឆាំង មេដឹកនាំគណបក្សនយោបាយ និងសកម្មជនគណបក្សប្រឆាំង លោកថា សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺមើលឃើញថា លំហសេរីភាពផ្នែកនយោបាយ ហាក់ដូចជាមានការរឹតត្បិត ដោយលើកឡើងពីមេដឹកនាំគណបក្សប្រឆាំង សកម្មជនគណបក្សនយោបាយ ត្រូវបានទទួលរងនៅការធ្វើទុក្ខបុកម្នេញ បំភិតបំភ័យ គំរាមកំហែង ដោយការចាប់ដាក់ពន្ធនាគារជាដើម។

លោក អំ សំអាត ៖ «ខ្ញុំយល់ឃើញថា អាហ្នឹងវាជាការសម្រេចរបស់គាត់ ហើយនិងការយល់ឃើញរបស់គាត់ យើងមិនអាចធ្វើអត្ថាធិប្បាយជំនួសគាត់បានណាក្នុងការចេញលិខិតអីមួយវាជាសិទ្ធិ និងការយល់ឃើញរបស់គាត់ណា។ ខ្ញុំនៅតែបញ្ជាក់ដដែលថា សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស គេមើលឃើញថា លំហសេរីភាពនយោបាយនៅកម្ពុជាហ្នឹង ហាក់បីដូចជាមានការរឹតត្បិត តាមរយៈការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ទៅលើសកម្មជន ឬក៏មេដឹកនាំគណបក្សប្រឆាំងហ្នឹងដាក់ពន្ធនាគារ អានេះបើយើងមើលតាមការជាក់ស្ដែងនោះបាទ»។

ជុំវិញលិខិតសុំទោសរបស់លោក ស៊ុន ចន្ធីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុស្ដ្រីថា លោកចាត់ទុកការចេញលិខិតសុំទោសរបស់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថាជារឿងផ្ដល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជា ដែលកន្លងមកប្រធានគណបក្សប្រឆាំងរូបនេះ បានវាយប្រហារ និងរិះគន់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងអយុត្តិធម៌។ ទោះបីយ៉ាងណា ការសុំទោសរបស់លោក ស៊ុន ចន្ធី ក៏មិនអាចធ្វើឱ្យប្រធានគណបក្សប្រឆាំងរូបនេះ មានសេរីភាពឡើងវិញនោះឡើយ ពីព្រោះករណីលោក ស៊ុន ចន្ធី ត្រូវបានតុលាការកាត់ទោសរួចហើយ។

លោក សុខ ឥសាន្ត ៖ «អញ្ចឹងទេការដែលគាត់សារភាពសុំទោស អាហ្នឹងមិនមែនជារឿងរួចខ្លួនទេ ពីព្រោះគាត់ករណីគាត់ត្រូវបានតុលាការកាត់ទោសរួចហើយមានសាលក្រមរបស់តុលាការរួចហើយ។ ដូច្នេះការសុំទោសជារឿងដោយឡែក អាហ្នឹងវាឆ្លុះបញ្ចាំងថាគាត់ទទួលស្គាល់កំហុសរបស់គាត់ ក៏ប៉ុន្តែកំហុសទោសរបស់គាត់ដែលមានសាលក្រមរួចហើយ អាហ្នឹងមិនអាចលុបលែងបានទេ ពីព្រោះសាលក្រមរបស់តុលាការចូលជាស្ដាពររួចហើយ»។

ការចេញលិខិតសុំទោសនេះដែរ ក៏បានន័យថាសមីខ្លួនព្រមទទួលកំហុសដែលបានប្រព្រឹត្ត ដូច្នេះរាល់ការវាយតម្លៃរបស់អ្នកសង្កេតការណ៍នានា និងការអះអាងពីអ្នកឃ្លាំមើលជាតិ និងអ​ន្តរជាតិ ដែលចោទការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាជាការរឹតត្បិតលំហសេរីភាពអ្នកនយោបាយ និងធ្វើទុក្ខម្នេញទៅលើគណបក្សប្រឆាំង គឺជារឿងមិនសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនោះទេ។

លោក សុខ ឥសាន្ត បញ្ជាក់បន្ថែមថា៖ «ការចាប់លោក ស៊ុន ចន្ធី ឬការកាត់ទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគារនេះ គឺថាវាមិនដូចអ្នកដែលវិភាគនិយាយ ឬមួយអ្នកសង្កេតការណ៍សេដ្ឋកិច្ចសង្គមអីនិយាយទេបាទ! ពីព្រោះគាត់និយាយលម្អៀងខាងនយោបាយ តែសមីខ្លួនគេទទួលស្គាល់កំហុសរបស់គេការពិតគេបានធ្វើខុសមែន អាហ្នឹងមានអ្នកណាដែលកត្តាកំណត់​ជាងសមីខ្លួនគេ ជាអ្នកក្រៅអត់មានកត្តាកំណត់លើសមីខ្លួនគេទេ»។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ មកដល់ពេលនេះ លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៤ ឫហៅកាត់ថា ពន្ធនាគារ ម៤ នៅខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវបានចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង៕

 

Share

ព័ត៌មានទាក់ទង

Image