ភរិយា និងមេធាវី របស់លោក នី ណាក់ សោកស្ដាយក្រោយពីតុលាការកំពូល ដែលប្រកាសសម្រេចច្រានចោលសំណើរបស់មេធាវី ឱ្យដោះលែងលោក នី ណាក់ នៅក្រៅឃុំ។ ក៏ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា ការបន្តឃុំខ្លួននេះ ជារឿងមិនសមហេតុផល ខណៈសមត្ថកិច្ចមិនព្យាយាមស្រាវជ្រាវរកភស្ដុតាងពីបទចោទនេះឡើយ។
សំណើរបស់មេធាវី ឱ្យដោះលែងលោក នី ណាក់ នៅក្រៅឃុំនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានបើកសវនាការរបស់លោក នី ណាក់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដោយសំណើដោះលែងនេះ ត្រូវបានភ្ជាប់លក្ខខណ្ឌឱ្យលោក នី ណាក់ បញ្ឈប់សកម្មភាពបង្ហោះសារដែលមានលក្ខណៈញុះញង់នៅលើទំព័រហ្វេសប៊ុករបស់លោកទៀត។ លោក គឹម ចាន់ចាវ រាយការណ៍
មេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ គឺលោក ជូង ជូងី បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែមិថុនាថា ការប្រកាសសាលក្រមរបស់លោក នី ណាក់ នៅតុលាការកំពូលព្រឹកនេះ គឺប្រធានក្រុមប្រឹក្សាជំនុំជំនះ គ្រាន់តែអានសេចក្ដីប្រកាសសម្រេចតម្កល់សំណុំរឿងលោក នី ណាក់ ឱ្យនៅក្រៅឃុំប៉ុណ្ណោះ ប៉ុន្តែប្រធានក្រុមប្រឹក្សានោះ គឺមិនមានបញ្ជាក់លើកពីមូលហេតុនៃការសម្រេចតម្កល់ពាក្យបណ្ដឹងសាទុក្ខនេះឡើយ។ លោកថា តុលាការ មិនបានប្រាប់ឱ្យរូបលោកជាមេធាវី ត្រូវបន្តនីតិវិធីអ្វីទៀតដែរ ពីព្រោះសំណុំរឿងលោក នី ណាក់ ដែលស្នើនៅក្រៅឃុំនេះ បានបញ្ចប់អស់ហើយ ខណៈលោកបានបដិសេធសុំមិនបកស្រាយចំពោះការដាក់លក្ខខណ្ឌផ្សេងៗឱ្យលោក នី ណាក់អនុវត្ត ដើម្បីអាចនៅក្រៅឃុំបាន។
លោក ជូង ជូងី ៖ «គាត់គ្រាន់តែប្រកាសសេចក្ដីសម្រេចទេ ប៉ុន្តែគាត់អត់អាន ឬក៏អត់លើក អត់បង្ហាញជាសារសម្លេងជាសម្ដីថា មូលហេតុអ្វីទេ គាត់គ្រាន់តែប្រកាសសេចក្ដីសម្រេចច្រានចោលពាក្យបណ្ដឹងសាទុក្ខ តម្កល់សាលដីកា គឺបានន័យថាមិនដោះលែងលោក នី ណាក់ នោះទេ»។
ចំពោះការសម្រេចតម្កល់សំណុំរឿងលោក នី ណាក់ មិនឱ្យនៅក្រៅឃុំនេះដែរ ក្នុងនាមលោកជាមេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ មានតែរង់ចាំសាលាដំបូងរាជធានីភ្នំពេញ ដំណើរការនីតីវិធីអង្គសេចក្ដី ដែលបានន័យថា ត្រូវបើកសវនាការ ដើម្បីស្វែងរកភស្ដុតាងថាលោក នី ណាក់ ពិតជាប្រព្រឹត្តខុសដូចការចោទប្រកាន់ ឬក៏មិនបានប្រព្រឹត្តខុសតាមការចោទប្រកាន់។ ដោយឡែកការបើកសវនាការជំនុំជំនះក្ដីលោក នី ណាក់ នេះ គឺលោកមិនទាន់ដឹងថាសាលាដំបូងរាជធានី កំណត់ពេលវេលាច្បាស់ថ្ងៃណានោះទេ។
លោក ជូង ជូងី ៖ «ការសម្រេចតម្កល់នេះ គឺខ្ញុំជាមេធាវីយល់ឃើញថាមិនសមស្របនោះទេ ខ្ញុំបានស្នើឱ្យ ពីព្រោះតុលាការគេឃុំខ្លួនគាត់ហ្នឹង ខ្លាចគាត់រត់គេចខ្លួន ខ្លាចគាត់បង្ហោះសារតាមហ្វេសប៊ុកទៅទៀត។ ហើយនៅក្នុងផ្លូវច្បាប់ គឺគេមានជម្រើសលក្ខខណ្ឌតើ បើខ្លាចគាត់រត់គេចខ្លួន ឬក៏ខ្លាចគាត់បង្ហោះសារតាមបណ្ដាញសង្គមទៀត គឺអាចដាក់លក្ខខណ្ឌគាត់តើ គឺដាក់លក្ខខណ្ឌឱ្យគាត់គោរព ឱ្យគាត់មកបង្ហាញខ្លួននៅតុលាការតាមការកំណត់ ហាមមិនឱ្យគាត់បង្ហោះនៅតាមបណ្ដាញសង្គមអីអញ្ចឹងទៅ»។
លោកមេធាវីរូបនេះ បានបន្ថែមទៀតថា ដូច្នេះហើយតាមផ្លូវច្បាប់ គឺមានចែងរាល់លក្ខខណ្ឌទាំងអស់នោះ ប៉ុន្តែលោកពិតជាសោកស្ដាយដែលតុលាការ មិនបានជ្រើសរើសជម្រើសលក្ខខណ្ឌទាំងអស់នោះដាក់ឱ្យលោក នី ណាក់ នៅក្រៅឃុំបណ្ដោះអាសន្ន បែរជាតុលាការសម្រេចឃុំខ្លួនលោក នី ណាក់ បន្តទៅវិញ ដែលជាការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គល ពីព្រោះមិនទាន់មានសេចក្ដីសម្រេចណាថា លោក នី ណាក់ មានទោសនៅឡើយទេ។
ចំណែកឯភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត បានប្រាប់វិទ្យុស្ដ្រីនៅមុខតុលាការកំពូលថា ការសម្រេចរបស់តុលាការ នៅតែឱ្យប្ដីអ្នកស្រីជាប់ឃុំខ្លួនដដែលនៅពន្ធនាគារខេត្តត្បូងឃ្មុំនេះ គឺមិនមែនជាផលចំណេញអ្វីនោះទេ ប៉ុន្តែកាន់តែប៉ះពាល់ដល់ជីវភាពរបស់អ្នកស្រី ដោយសារបាត់បង់មេគ្រួសារ ដែលជាប្រភពចំណូល និងថែមទាំងត្រូវការរ៉ាប់រងការចំណាយក្នុងគ្រួសារប្រចាំថ្ងៃ និងការចំណាយច្រើនក្នុងការធ្វើដំណើរការទៅសួរសុខទុក្ខផងដែរ។ ចំពោះការសម្រេចនេះដែរ អ្នកស្រីមានអារម្មណ៍សោកស្ដាយ និងខកចិត្ត ដែលតុលាការ មិនដោះលែងប្ដីរបស់អ្នកស្រីឱ្យនៅក្រៅឃុំ មកជួបជុំក្រុមគ្រួសារឡើងវិញ។
អ្នកស្រី សុខ ស៊ីណែត ៖ «អារម្មណ៍បងមានតែសោកស្ដាយ ហើយសុំសុំស្នើសុំឱ្យដល់តុលាការ គាត់ទម្លាក់បទចោទ និងដោះលែងឱ្យគាត់មានសេរីភាពវិញ ឱ្យគាត់បានបន្តកិច្ចការងាររបស់គាត់ដូចជា កន្លងមកដែលគាត់មានសេរីភាពហ្នឹង គាត់ចែករំលែកបទពិសោធន៍ ចំណេះជំនាញផ្នែកកសិកម្មហ្នឹងទៅប្រជាកសិករអញ្ចឹងណាតិចឬច្រើន គឺគាត់ធ្វើបានរាល់ថ្ងៃអញ្ចឹងទៅ។ អញ្ចឹងប្រសិនជាតុលាការបន្តឃុំខ្លួនគាត់ បងគិតថាវាអត់មានផលចំណេញអីទេ ចង់និយាយថាបើដោះលែងគាត់ទៅគាត់បានមកជួបជុំគ្រួសារវិញ ហើយបានបន្តការងារដែលគាត់ធ្វើមុនអញ្ចឹងទៅ»។
ទាក់ទងនឹងការប្រកាសសាលក្រមនេះដែរ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានមកចូលរួមស្ដាប់ការប្រកាសនេះ បានប្រាប់ដែរថា ការបង្ហោះសារ និងការនិយាយរបស់លោក នី ណាក់ នៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿងដីមួយកន្លែង មិនដឹងថាជាការពិត ឬមិនពិតនោះទេ ហើយប្រសិនជាការនិយាយរបស់លោក នី ណាក់ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ឬក៏បុគ្គលដែលបានប្ដឹងលោក នី ណាក់ទេ តុលាការគួរតែឱ្យលោក នី ណាក់ នៅក្រៅឃុំ។ មួយវិញទៀតលោកមើលឃើញថា សមត្ថកិច្ច ក៏មិនបានស្រាវជ្រាវស្វែងរកភស្ដុតាងអំពីការនិយាយរបស់លោក នី ណាក់ ថាជាពិត ឬមិនមែនជាការពិតដែរ។
លោក យី សុខសាន្ត ៖ «គាត់បាននិយាយពាក់ព័ន្ធនឹងដីមួយកន្លែង ដែលលោកថា ទទួលបានពីអ្នកនេះអ្នកនោះអញ្ចឹង ខ្ញុំមិនចង់និយាយចំឈ្មោះនោះទេ ដោយសារតែចំណុចហ្នឹង នៅពេលដែលសមត្ថកិច្ចចង់រករឿងគាត់ ចង់ប្ដឹងគាត់ គួរតែទៅស្រាវជ្រាវមើលថាវាមានមែនអត់ អានេះជាការកត់សម្គាល់របស់ខ្ញុំ»។
ទោះបីជាយ៉ាងណា លោកថា ករណីលោក នី ណាក់ នេះ គឺសមត្ថកិច្ចចាប់ខ្លួនឃុំតែម្ដង មិនមានការស៊ើបអង្កេតស្រាវជ្រាវរកភស្ដុតាងនៃការចោទប្រកាន់នោះទេ ខណៈការនិយាយរបស់លោក នី ណាក់ លើកឡើងពីមន្ត្រីសាធារណៈនេះ គឺលោកចាត់ទុកជារឿងធម្មតានោះទេតែងតែមានការរិះគន់ហើយ ពីព្រោះមនុស្សដែលលោក នី ណាក់ រិះគន់នោះជាមន្ត្រីសាធារណៈ។
លោក យី សុខសាន្ត ៖ «អញ្ចឹងបើសិនមាន ឬមិនមាន គួរតែមានលទ្ធផលមកឱ្យគាត់វិញ ហើយបង្ហាញដាក់បន្ទុកមកឱ្យគាត់បាន ពេលខ្លះយើងមើលឃើញនៅពេលគាត់មានបណ្ដឹងបរិហារកេរ្តិ៍ ស្រាប់តែប៉ូលីសចាប់តែម្ដង អត់បានស្រាវជ្រាវថាតើអ្វីដែលគាត់និយាយហ្នឹងថាពិត ឬមិនពិត?»។
នេះជាលើកទី២ ដែលត្រូវជាប់ពន្ធនាការ កាលពីឆ្នាំ២០២១ លោក នី ណាក់ ក៏ធ្លាប់ជាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈ ១៨ខែ ពីបទ «ជេរប្រមាថ ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការសរសេរសារបង្ហោះហ្វេសប៊ុកប្រមាថអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវេង សាខុន៕