នៅក្នុងសវនាការលើក១០ ថ្ងៃទី៦ ខែមិថុនានេះ សហមេធាវីការពារក្ដីលោក កឹម សុខា បានឱ្យដឹងថា តុលាការ នៅតែបន្តឱ្យអានកំណត់ហេតុរបស់ប៉ូលីស និងអានគតិចរិករបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ នៅប្រទេសអូស្ដ្រាលី ដោយមិនមានការសួរដេញដោលលោក កឹម សុខា ដូចសវនាការមុនៗឡើយ។ ក៏ប៉ុន្តែជុំវិញសវនាការនេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាតិ ស្នើឱ្យរាជរដ្ឋាភិបាល បើកទូលាយឱ្យសាធារណជន និងអ្នកសារព័ត៌មានចូលរួមស្ដាប់សវនាការរបស់លោក កឹម សុខា។
សវនាការលោក កឹម សុខា នៅសាលាដំបូងក្រុងភ្នំពេញ គឺមិនសូវមានអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានចូលរួមច្រើនដូចសវនាការមុនៗនោះទេ ប៉ុន្តែក៏មានក្រុមអ្នកគាំទ្រលោក និងអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិមួយស្ថាប័ន និងមន្ត្រីអង្គការសហប្រជាជាតិ (UN) នៅតែបន្តមកតាមដានសវនាការអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។
សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ផែង ហេង បានប្រាប់វិទ្យុស្ដ្រីថា សវនាការលើកទី១០ នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ គឺនៅតែបន្តអានរបាយការណ៍របស់ប៉ូលីស និងបន្ទាប់មកបន្តអានគតិចរិក ឬប្រសាសន៍របស់លោក កឹម សុខា នៅប្រទេសអូស្ដា្រលី។ នៅក្នុងសវនាការនេះដែរ លោកថា ការអានគតិចរិកប្រសាសន៍របស់លោក កឹម សុខា គឺនឹងបន្តនៅសវនាការក្រោយទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោកបន្តទៀតថា ចំពោះការអានគតិចរិក និងអានរបាយការណ៍របស់ប៉ូលីលនេះដែរ សហមេធាវីការពារក្ដីរបស់លោក កឹម សុខា បានកត់សម្គាល់ឃើញថា ជាការយកគណនីហេ្វសប៊ុកមួយដែលមានឈ្មោះថា កូនខ្មែរ ដែលជាគណនីមួយមិនមានអត្តសញ្ញាណច្បាស់លាស់ មកចោទប្រកាន់លោក កឹម សុខា។
លោក ផែង ហេង ៖ «អាខោនអស់នេះ ដែលជាភស្ដុតាងមិនមានប្រភពហ្នឹង គឺយើងធ្លាប់បានបដិសេធនៅសាលាដំបូងហើយ ប៉ុន្តែតុលាការ បានច្រានចោលកាលនៅសាលាដំបូង ហើយយើងក៏បានជជែកគ្នាដេញដោលរឿងភស្ដុតាងដែលមិនពេញលេញ បើយើងមិននិយាយភស្ដុតាងដែលខុសច្បាប់ តែយើងភស្ដុតាងដែលមិនពេញលេញ ភស្ដុតាងមិនពិត ភស្ដុតាងកាត់ត។ ហើយយើងនៅតែឃើញយកកិច្ចការហ្នឹងមកប្រើប្រាស់ដដែល»។
ទោះបីយ៉ាងណា លោក ផែង ហេង បានបញ្ជាក់ថា តុលាការ ក៏បានលើកឡើងពីគតិចរិក ឬជាសម្ដីដើមរបស់លោក កឹម សុខា នៅប្រទេសអូស្ដ្រាលី ដែលចៅក្រមគួរតែពិចារណានោះ គឺលោក កឹម សុខា បាននិយាយថា ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកមិនប្រើហិង្សានោះទេ ដោយត្រូវធ្វើអ្វីដោយអហិង្សា។
ជុំវិញការជំនុំជម្រះក្ដីនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមស្ដាប់សវនាការ បានប្រាប់ដែរថា ក្នុងសវនាការនេះ លោកបានកត់សម្គាល់ឃើញថា ការអានរបាយការណ៍របស់ប៉ូលីស ហាក់ដូចតាងឈ្មោះមិនច្បាស់លាស់រវាងជនជាប់ចោទ (លោក កឹម សុខា) ដែលមានទំនាក់ទំនងជាមួយអង្គការណា និងប្រទេសណាដែលមិនមានបញ្ជាក់ឈ្មោះច្បាស់លាស់។
លោក យី សុខសាន្ត ៖ «ចំណុចហ្នឹងហើយដែលយើងពិបាក ពីព្រោះរឿងនេះជារឿងរួមគំនិតក្បត់រឿងធំណាស់ មិនមែនយកមកតាងយកមកឧទាហរណ៍អញ្ចឹងទេ។ យើងស្នើសុំក៏ទទូចដែរដល់រាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នតុលាការ គួរតែផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន បានចូលទៅផ្ដិតយក ដោយសារនេះទុកជាគំរូដល់ក្មេងជំនាន់ឥលូវ ក្មេងជំនាន់ក្រោយថាតើរឿងក្បត់ជាតិហ្នឹងវាពាក់ព័ន្ធនឹងប្រទេសណាខ្លះ ហើយយើងមិនអាចមកផ្សព្វផ្សាយ និងតាងអក្សរអញ្ចឹងទេ ចំណុចហ្នឹងហើយដែលយើងមើលរបាយការណ៍ ហាក់ដូចជានៅខ្វះចន្លោះមិនទាន់អាចជាភស្ដុតាងយកមកចោទប្រកាន់ពួកគាត់បាន»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ពីបទ «បទគប់គិតជាមួយបរទេស» កាលពីឆ្នាំ២០១៧។ ហើយសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ក្នុងបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕