ស្រ្តីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងថា ការគាំទ្រកសិផល កសិកម្មផលិតផលរបស់ខ្មែរ ធ្វើតែម្នាក់ឯងមិនជោគជ័យនោះឡើយ ទាមទារឱ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងបុគ្គលខ្លួនឯងផ្ទាល់ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន ដូចជាក្រុមហ៊ុនម្ហូបការ ភោជនីយដ្ឋាន សមាគមចុងភៅ សហគមន៍ កសិករដំាំដុះ អាជីវករ និងសណ្ឋាគារ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ផលិតផល កសិផលរបស់ខ្មែរ។ តែទន្ទឹមនឹងនេះក៏មានការលើកឡើងអំពីបញ្ហាប្រឈមនៃការផ្គត់ផ្គង់ កសិផលខ្មែរ មិនគ្រប់តម្រូវការ ដែលនាំឱ្យនៅតែមានការនាំចូលផលិតផលពីក្រៅស្រុកជំនួសឱ្យផលិតផលក្នុងស្រុក។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍
ការជំរុញរបស់ស្ត្រីទី១កម្ពុជាបែបនេះស្របពេលដែលចំណុចខ្វះខាតច្រើននៅក្នុងវិស័យកសិកម្ម ជាពិសេសគឺបញ្ហាទីផ្សារ លើកឡើងមកជជែកវែកញែកយ៉ាងផុសផុល។ នៅក្នុងឱកាសអញ្ជើញចូលរួមពិព័រណ៌ភូមិកសិផលខ្មែរដែលរៀបចំឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានអំពាវនាវដល់ មន្រ្តីរាជរដ្ឋាភិបាលដែលមានឱកាសអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសណាមួយនោះ ដែលអាចឆ្លៀតយកផលិតផល កសិផលខ្មែរ ដូចជាស្វាយចន្ទី ឬស្វាយកែវរល្មៀតក្រៀម ធ្វើជាកាដូជូនដល់ភ្ញៀវដើម្បីភ្លក្សរសជាតិ នោះគួរតែយកឱកាសនោះធ្វើដើម្បីគាំទ្រនូវផលិផលកសិផលខ្មែរ ព្រោះនេះជាលទ្ធភាពមួយផ្ទាល់ខ្លួន ជាអ្នកដើរតួនាទីផ្សព្វផ្សាយនូវកសិផលរបស់ខ្មែរ ដោយមិនចាំបាច់ទាល់តែមានការរៀបចំធ្វើការតាំងពិព័រណ៌ធំៗទើបអាចផ្សព្វផ្សាយបាននោះឡើយ។ លោកស្រី បានលើកជាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងឱកាសអញ្ជើញចេញទៅទស្សនកិច្ចនៅក្រៅប្រទេស ៖ «ចំពោះនាងខ្ញុំផ្ទាល់ធ្វើទស្សនកិច្ចលក្ខណៈឯកជនប្រទេសអង់គ្លេសនាំកូនទៅមើលសាលារៀន នាងខ្ញុំបានវិចខ្ចប់គ្រាប់ស្វាយចន្ទី និងស្វាយស្ងួតៗកញ្ចប់ៗជូនកាដូឱ្យសាស្រ្តាចារ្យនៅCambridge London នៅពេលដែលគាត់បានសាក និងភ្លក្សគ្រាប់ស្វាយចន្ទីររបស់យើងគាត់ថា អូហ៍ឆ្ងាញ់មែនទែនគាត់មិនដែលញ៉ាំគ្រាប់ស្វាយចន្ទីរណាឆ្ងាញ់អ៊ីចឹង ហើយជាពិសេស្រស់ៗតែម្តង ពេលណាគាត់មកស្រុកខ្មែរគាត់នឹងទិញគ្រាប់ស្វាយចន្ទីររបស់ខ្មែរយើង ខ្ញុំគិតថានេះគឺជាលទ្ធភាពមួយផ្ទាល់ខ្លួន ដែលយើងជាអ្នកដើរតួនាទីផ្សព្វផ្សាយកសិផលរបស់ខ្មែរយើង»។
បន្ថែមពីលើនេះ លោកស្រីបន្តថា «ម៉្យាងទៀតការលើកទឹកចិត្ត ការជំរុញនូវការគាំទ្រការប្រើប្រាស់កសិផល ដែលជាបន្លែ ផ្លែឈើ ត្រីសាច់ នេះគឺមិនអាចធ្វើបាន បើសិនជាគ្មានការចូលរួមពីវិស័យឯកជនបើទោះបីជានាងខ្ញុំ ទោះបីជាទាំងអស់គ្នាខំប្រឹងប្រែងផ្សព្វផ្សាយ សរសេរដាក់Caption នៅលើបណ្តាញសង្គម ខ្ញុំគាំទ្រ នូវកសិផល និងកសិកម្មផលិតផលរបស់ខ្មែរ ប៉ុន្តែយើងធ្វើតែម្នាក់ឯង មិនទទួលបានជោគជ័យនោះទេ គឺត្រូវតែមានការគាំទ្រពីវិស័យឯកជន ដូចជាក្រុមហ៊ុន ម្ហូបការ ភោជនីយដ្ឋាន សមាគមចុងភៅ សហគមន៍ និងក្រុមហ៊ុនផ្សេងៗទៀតដែលទាក់ទងនឹងការធ្វើម្ហូបនេះឯង»។
លោកស្រីពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា ភោជនីយដ្ឋានទាំងអស់ដែលបើកជាលក្ខណៈធំក្តី តូចក្តី សូម្បីតែអ្នកលក់ម្ហូបតាមផ្លូវ តាមចិញ្ចើមថ្នល់ ឬអ្នកលក់តាមអនឡាញ គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រនៅក្នុងការប្រើប្រាស់នៅផលិតផល កសិផលរបស់ខ្មែរ។
ទន្ទឹមនេះលោកស្រី ទទួលស្គាល់នឹងបញ្ហាប្រឈមខ្លះ ដូចជា កសិផលមួយចំនួនការផ្គត់ផ្គង់មិនគ្រប់តម្រូវការទីផ្សារ និងកសិផលខ្លះទៀតមិនសូវមាន កសិករចង់ដាំទៅវិញ ដូចជាម្ទេសដៃនាង ជាដើម ដែលតម្រូវឱ្យមានការនាំចូលពីប្រទេសជិតខាង។ លោកស្រី បានជ្រាបបញ្ហានេះដោយសារតែ លោកស្រីមានបងប្អូនកំពុងធ្វើអាជីវកម្ម ផលិតទឹកម្ទេស ដោយ ខ្វះផ្លែម្ទេសដៃនាងយកមកធ្វើជាទឹកម្ទេស ៖ «ខ្ញុំមានបងប្អូនកំពុងធ្វើទឹកម្ទេសម៉ារី ម៉ារ៉ា គាត់បានត្អូញត្អែរថាបច្ចុប្បន្ននេះមានការពិបាកក្នុងការប្រមូលទិញម្ទេសដៃនាងដើម្បីយកមកធ្វើទឹកម្ទេស ខ្ញុំគិតថាគ្រាន់តែម្ទេសហេតុអ្វីក៏ពិបាកក្នុងការដើររកទិញ អត់មានអ្នកដាំ គាត់ថា ម្ទេសដៃនាង ពិបាកក្នុងដាំទើបកសិករមិនចង់ដាំទេ អ៊ីចឹងគាត់ពិបាកក្នុងការប្រមូលទិញគាត់អត់ជម្រើសមានតែទិញនៅប្រទេសជិតខាង គាត់ថាប្រសិនបើមានកសិករដាំ គាត់សុខចិត្តប្រមូលទិញយកមកធ្វើទាំងអស់ នេះគឺជាបញ្ហាមួយដែលយើងគិតថា ទីផ្សារត្រូវការ ប៉ុន្តែអត់មានអ្នកដាំ»។
កញ្ញា នី ធារី គឺជាស្ថាបនិក ឡាឡា ហ្គាឌិន ដែលធ្វើការងារជាមួយសហគមន៍កសិករដាំដំណាំសុវត្ថិភាព ចំនួន១៥ សហគមន៍មកពីខេត្តក្រុងមួយចំនួន ដូចជា ខេត្ត សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ បាត់ដំបង កណ្តាល តាកែវ និងកំពង់ឆ្នាំងផងដែរ។ កញ្ញា នី ធារី មានចិត្តសប្បាយរីករាយជាខ្លាំង នៅពេលដែលបានឃើញ ថ្នាក់ដឹកនាំគិតគូរ និងជួយជ្រោមជ្រែងធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយឱ្យមានការគាំទ្រកសិផលក្នុងស្រុក កាន់តែច្រើនឡើង និងធ្វើការលើកទឹកចិត្ត ដល់អ្នកដាំដុះ និងអាជីវករផងដែរ ។
ក្រោយពីបញ្ចប់ការសិក្សាផ្នែកកសិកម្ម និងធ្វើជាអ្នកបច្ចេកទេសជូនកសិករ មួយរយៈកន្លងមក កញ្ញាធារី បានមើលឃើញពីចំណុចខ្វះខាតច្រើននៅក្នុងវិស័យកសិកម្ម ជាពិសេសគឺបញ្ហាទីផ្សារ តែម្តង ហេតុនេះហើយទើប កញ្ញា ធារី បានបង្កើតទីផ្សារដោយខ្លួនឯង នូវឡាឡាហ្គាឌិន នេះឡើងដើម្បីងាយស្រួលដល់កសិករក្នុងការប្រមូលទិញផលិតផលកសិកម្មផង និងដោយសេចក្តីស្រឡាញ់របស់ខ្លួនឯងផង។
កញ្ញា ធារី ៖ «ខ្ញុំសំណូមដល់ប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនពីព្រោះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាគឺជាកម្លាំងចិត្តដល់កសិករ ព្រោះគាត់ពិតជាលំបាកមែនទែន តែបើមានការគាំទ្រច្រើនគាត់នៅតែបន្តប្រឹងដាំទៀត ។ ខ្ញុំ មិនចង់ឱ្យពួកគាត់បាក់ទឹកចិត្ត ហើយគាត់ឈប់ដាំនោះទេ អ៊ីចឹងដូចបងប្អូន តែងតែនិយាយ ចង់ឱ្យមានការកាត់បន្ថយការនាំចូល អ៊ីចឹងលុះត្រាតែយើងចូលរួមទាំងអស់គ្នា សម្រាប់បងប្អូនអតិថិជនអ្នកញ៉ាំ ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនហើយសម្រាប់អ្នកដាំដុះ សុំឱ្យគាត់កុំបាក់ទឹកចិត្ត ហើយខំប្រឹងបន្តទៀត ព្រោះនៅក្នុងវិស័យ ដាំដុះហ្នឹងគឺពិបាក ត្រូវការ ការជួយគ្នាច្រើនមែនទែន»។
សូមបញ្ជាក់ផងដែរថា បន្លែសុវត្ថិភាពដែលបានប្រមូលពីសហគមន៍កសិករទាំងនោះរួមមាន បន្លែមើម បន្លែស្លឹក បន្លែផ្កា ដូចជាផ្កាខាត់ណា ខ្ញី ត្រាវ ដំឡូង ស្ពៃ ផ្លែឈើតាមដូវកាលដូចជា ចំប៉ាដក់ ក្រូចពោធិ៍សាត់ ផាស់សិន ស៊ាវម៉ាវ មង្ឃុត និងបន្លែព្រៃភ្នំ បន្លែធម្មជាតិ ដូចក្រវាញ ជាដើម៕