en     km
en     km

យុវជនកម្ពុជានឹងមានឱកាសផ្លាស់ប្តូរបទពិសោធក្នុងវិស័យការពារជាតិសហរដ្ឋអាមេរិក

Share

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd James Austin III បានក្លាយជាចម្ងល់សម្រាប់សាធារណជននៅតាមបណ្តាញផ្សព្វផ្សាយសង្គមនានា។ នៅក្នុងនោះ លោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិករូបនេះ បានជួបពិភាក្សាដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក្រោមរបៀបវារៈជាច្រើនដែលនឹងនាំកម្ពុជាឆ្ពោះរកសម្ព័ន្ធភាពកាន់តែជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក ពិសេសត្រួសត្រើយផ្លូវដល់យុវជនកម្ពុជានាថ្ងៃអនាគត។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

នៅក្នុងឱកាសនៃជំនួបដែលប្រព្រឹត្តឡើងកាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក Lloyd Austin បានលើកឡើងពីគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ ដោយភាគីខាងសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែប្រសើរឡើង។

រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកមានភាពថមថយ និងនៅតែមានភាពប្រទាំងប្រទិសគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែលោក Lloyd Austin បានបង្ហាញពីជំហរនៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាដើម។ ជាងនេះ លោកថា នេះជាឱកាសដែលសហរដ្ឋអាមេរិកអាចធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា កែប្រែឥរិយាបថដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងគ្នានិងគ្នា។

រូបភាព៖ CNN

 

ជាមួយគ្នានេះ លោក Lloyd Austin និងរាជរដ្ឋាភិបាលបានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនា ដើម្បីគូសខ្សែបន្ទាត់ដើររួមគ្នាឱ្យកាន់តែប្រសើរបន្ថែមដើម្បីសម្ព័ន្ធភាពនាថ្ងៃអនាគត។ ខណៈនោះ លោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តបើកឡើងវិញនូវការអនុញ្ញាតឱ្យយុវជនកម្ពុជាមានឱកាសទៅសិក្សាជំនាញទ័ពជើងគោក ទ័ពជើងទឹក និងទ័ពជើងអាកាសនៅក្នុងសាលា West Point របស់សហរដ្ឋអាមេរិក និងផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗទៅដល់យុវជនដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរបទពិសោធនិងពង្រឹងចំណេះជំនាញបន្ថែម។

រូបភាព៖ U.S. Embassy Phnom Penh, Cambodia

 

បន្ថែមពីនេះដែរ សហរដ្ឋអាមេរិកបានកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀតតាមរយៈការបណ្តុះបណ្តាលកងទ័ពកម្ពុជាលើវិស័យដោះមីននិងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះបន្ថែម។ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធមួយកម្រិតទៀត លោក Lloyd Austin បានជឿជាក់ថា ការធ្វើសមយុទ្ធរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សា សន្តិភាព ការលើកកម្ពស់ការចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី(យេនឌ័រ) និងហ្វឹកហ្វឺនកងរក្សាសន្តិភាពជាដើម នឹងអាចជាឈ្នាន់ត្រួសត្រើយផ្លូវសម្រាប់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ និងផ្តល់ឱកាសឱ្យយុវជនកម្ពុជានិងសហរដ្ឋអាមេរិកអាចបើកកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា។

រូបភាព៖ ក្រសួងការពារជាតិ

 

រាជរដ្ឋាភិបាលកម្ពុជា និងលោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ឈ្វេងយល់រួមគ្នាថា ប្រទេសទាំងពីរគប្បីបន្តកិច្ចសន្ទនានិងពិនិត្យលើព័ត៌មានដែលទទួលបានជៀសវាងការខ្វែងគំនិត ឬទទួលបានព័ត៌មានក្លែងក្លាយដែលអាចប៉ះពាល់ដល់ទំនាក់ទំនង និងផ្តល់ប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងសហរដ្ឋអាមេរិក។ ក្នុងនោះ សម្តេច តេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា ការសន្ទនា គឺជាអទិភាពចម្បងសម្រាប់រក្សាសម្ព័ន្ធភាព ជាពិសេសនៅក្នុងវិស័យការពារជាតិ ដែលធ្វើយ៉ាងណានិយាយឱ្យអស់ការសង្ស័យអស់មន្ទិល និងកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំបន្ថែម។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកទី២របស់លោក Lloyd Austin ដែលកាលពីលើកទី១ គឺលោកអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាបកាលពីឆ្នាំ២០២២។ ចំណែកលើកទី២នេះ លោកអញ្ជើញមកពិភាក្សាកិច្ចការងារដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព និងលោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ ដែលជំនួបទាំងនេះប្រព្រឹត្តឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕

Share

ព័ត៌មានទាក់ទង

Image