en     km
en     km

កម្មករអូសរទេះជាច្រើនជួបជីវភាពខ្វះខាតក្រោយអាជ្ញាធរច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមិនអនុញ្ញាតឱ្យអូសរទេះ

Share

កម្មករអូសរទេះ តវ៉ារឿងសមត្ថកិច្ច មិនអនុញ្ញាតឱ្យកម្មករអូសអ៊ីវ៉ាន់ឈ្មួញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ រូបភាពពី៖ ពលរដ្ឋ។

កម្មករអូសរទេះជាច្រើននាក់ ដែលប្រកបមុខរបរជាអ្នកស៊ីឈ្មួលអូសទំនិញនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងប្រឈមជីវភាពខ្វះខាត ក្រោយអាជ្ញាធរច្រកព្រំដែនមិនអនុញ្ញាតឱ្យប្រកបរបរអូសរទេះ។ បញ្ហានេះក្រុមកម្មករអូសរទេះស្នើឱ្យអាជ្ញាធរ ជួយបន្ធូរបន្ថយឱ្យពួកគេបានប្រកបរបរនេះឡើងវិញ។ ប៉ុន្តែខាងអាជ្ញាធរក្រុងប៉ោយប៉ែត អះអាងថា ការមិនអនុញ្ញាតនេះ គឺជាការឹតបន្ដឹងរបស់មន្ត្រីគយចំពោះការនាំទំនិញដែលមិនការបង់ពន្ធជូនរដ្ឋ ស្របពេលសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ ចង់ឱ្យអាជ្ញាធរ ពិចារណាអនុញ្ញាតឱ្យកម្មករអូសរទេះបានប្រកបរបរឡើងវិញ ដោយត្រូវផ្សព្វផ្សាយឱ្យកម្មករទាំងនោះ បានដឹងថាទំនិញណាស្របច្បាប់ និងទំនិញណាមិនស្រប។ កញ្ញា ជា សុខនី ជូនសេចក្ដីរាយការណ៍

 

 

អ្នកស្រី វណ្ណា អាយុ ៣៩ឆ្នាំ ជាកម្មករអូសរទេះដឹកទំនិញនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយសុំមិនប្រាប់ឈ្មោះពេញ បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី៤ ខែមិថុនាថា អ្នកស្រីបានប្រកបរបរនេះតាំងពីអាយុ ៥ឆ្នាំ រហូតមកដល់ឥលូវ គឺមានរយៈពេលជាង ៣០ឆ្នាំហើយ។ ចំពោះទំនិញដែលអ្នកស្រី អូសរទេះដឹកជញ្ជូនឱ្យភ្ញៀវដែលមកទិញ មានដូចជា៖ គ្រឿងជ័រ នំកញ្ចប់ និងរបស់របរសម្រាប់ក្មេងលេងជាដើម។ អ្នកស្រីបន្តទៀតថា មុខរបរអូសរទេះនេះ ក្នុងមួយថ្ងៃអ្នកស្រីរកចំណូលបានពី ៣០០បាត ទៅ ៤០០បាត ស្មើប្រមាណ ៣ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល។

អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីមានការតវ៉ាកាលពីថ្ងៃទី២៨ ខែឧសភា មកដល់ពេលនេះ គឺមានរយៈពេល ៨ថ្ងៃហើយ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញ អាចប្រកបរបរនេះ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបាន ស្របពេលដែលជីវភាពរបស់កម្មករអូសរទេះទាំងនោះ អាស្រ័យតែមុខរបរមួយនេះ ដែលជាហេតុធ្វើឱ្យពួកគេកំពុងប្រឈមនឹងភាពលំបាកខ្លាំង ដោយសារបាត់បង់ចំណូលប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត អ្នកស្រីថា ចំណូលប្រចាំថ្ងៃ ដែលបានមកពីរបរអូសរទេះនេះ គឺបានជួយផ្គត់ផ្គង់ការសិក្សារបស់កូនៗអ្នកស្រី។

អ្នកស្រី វណ្ណា ៖ «អត់មានអ្នកណាជួយដោះស្រាយផង ព្រោះឥលូវកំពុងដាច់បាយដាច់ទឹកហើយ គ្មានអ្នកណាជួយដោះស្រាយទេ មានតែបំបាត់អ្នកក្រីក្រ អត់មានអ្នកណាជួយបណ្ដោះដោះស្រាយនោះទេពួកខ្ញុំអត់មានអីរកផងនៅផ្ទះ។ ឥលូវលែងចង់ឱ្យកូនទៅរៀនហើយ ចង់ឱ្យកូនដើររកការងារធ្វើម្ដង»។

ទោះបីជាយ៉ាងណា អ្នកស្រី និងកម្មករអូសរទេះផ្សេងទៀត ចង់ឱ្យអាជ្ញាធរជួយដោះស្រាយ និងរកកន្លែងណាសមរម្យជូនកម្មករ ពោលកុំបំបិទពួកគេជាកម្មករអូសរទេះ ឬក៏ទៅជំរុញឱ្យកម្មករប្រើប្រាស់ឡានដឹកជញ្ជូនទំនិញធំៗ។ អ្នកស្រីបន្ថែមថា ការប្រើប្រាស់ឡានដឹកជញ្ជូនទំនិញនេះ គឺកម្មករអូសរទេះត្រូវបង់ថ្លៃសេវាដឹកជញ្ជូនឱ្យទៅឡាននេះ ដូច្នេះចំណូលដែលបានពីភ្ញៀវដែលមកទិញ គឺគ្រាន់បង់សេវាឱ្យឡានប៉ុណ្ណោះ មិនសល់ប្រាក់សម្រាប់កម្មករអូសរទេះនោះទេ។

រូបភាពពី៖ ពលរដ្ឋ។

ចំណែកកម្មករអូសរទេះម្នាក់ទៀត គឺអ្នកស្រី ឈៀង ធីតា បានប្រាប់ដែរថា អ្នកស្រីប្រកបរបរនេះ អស់រយៈពេលជាង ២០ឆ្នាំហើយ ដោយក្នុងមួយថ្ងៃអាចចំណូលពី ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ដែលចំណូលរកបានទាំងនោះ បានជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសារ។ បើសិនជាអាជ្ញាធរ មិនអនុញ្ញាតឱ្យកម្មករអូសរទេះ បន្តរបរនេះទេ គឺប៉ះពាល់ខ្លាំងណាស់ដល់ជីវភាពរបស់អ្នកស្រី ជាពិសេសប៉ះពាល់ដល់ការសិក្សារបស់កូនៗ ដូច្នេះហើយអ្នកស្រីសុំឱ្យអាជ្ញាធរខាងព្រំដែន ជួយបន្ធូរបន្ថយឱ្យកម្មករអូសរទេះ អាចមានលទ្ធភាពអូសរទេះដឹកទំនិញបន្តិចបន្ដួចតាមច្រកព្រំដែននេះ ដើម្បីបានខ្លះចំណូលអាចផ្គត់ផ្គង់អាហារប្រចាំថ្ងៃ។

អ្នកស្រី ឈៀង ធីតា ៖ «សំណូមពរថាចង់ឱ្យគាត់បន្ធូរបន្ថយឱ្យពួកយើងតិច ប្រលែងឱ្យពួកយើងតិចៗ មិនចាំបាច់ឱ្យពួកយើងអូសរទេះច្រើនក៏បានដែរ ប្រលែងឱ្យពួកយើងកាន់កណ្ដៀតអីតិចៗគ្រាន់បានសល់លុយទិញបានហូបក៏បានដែរ»។

រីឯកម្មករម្នាក់ទៀត គឺលោក ទុំ រ៉េន អាយុ ៤៧ឆ្នាំ ជាពលរដ្ឋដែលមានស្រុកកំណើតមកពីខេត្តកំពត បានបញ្ជាក់ថា លោកបានប្របករបរអូសរទេះដឹកទំនិញឱ្យភ្ញៀវ អស់រយៈប្រមាណ ២០ឆ្នាំមកហើយ តាមច្រកព្រំដែនប៉ោយប៉ែតមួយនេះ។ ប៉ុន្តែបច្ចុប្បន្ននេះអាជ្ញាធរ ដែលជាមន្ត្រីគយ បែរជាមិនអនុញ្ញាតឱ្យលោក និងកម្មករអូសរទេះផ្សេងទៀត អាចអូសទំនិញភ្ញៀវតាមច្រកនេះបន្តទៀតបាន។ ការមិនអនុញ្ញាតនេះ លោកថា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពក្រុមគ្រួសាររបស់លោក តាំងពីអាហារ និងការជួលផ្ទះនៅផងដែរ។

លោក ទុំ រ៉េន ៖ «ធ្វើមិចបើគេមិនឱ្យអូសផង កំពុងដាច់បាយបួនប្រាំថ្ងៃហើយ សុទ្ធតែអ្នកអត់ តែបើគេប្រាប់ហើយគេបិទមិនឱ្យរកបានអីហូប។ គេមិនឱ្យអូសរទេះណា គេឱ្យយើងយកអ៊ីវ៉ាន់មកដាក់ឡាន ដាក់ឡានអី បើគ្នាមានមួយកេះ ពីរកេះ ហើយឱ្យយកដាក់ឡានគ្នាបានអី»។

ចំពោះការតវ៉ារបស់លោក និងកម្មករផ្សេងទៀត ហាក់ដូចជាសៀមស្ងាត់ពីសំណាក់អាជ្ញាធរ មិនមានការឆ្លើយតបអ្វីនោះទេ ខណៈកម្មករជាច្រើនកំពុងរង់ចាំដំណោះស្រាយពីអាជ្ញាធរថា មានការគិតគូរចំពោះពួកគាត់យ៉ាងណា បើជីវភាពម្នាក់ៗត្រូវការចំណាយច្រើន និងអាស្រ័យទៅលើតែមុខរបរមួយនេះ។

លោក ទុំ រ៉េន ៖ «ខ្ញុំស្នើតែអាជ្ញាធរជួយដោះស្រាយឱ្យគ្នាបានរកអូសបានតិចៗវិញមក ដាច់បាយងាប់ហើយប្រាំប្រាំមួយថ្ងៃ អត់មានអីរកនៅតែផ្ទះសុទ្ធ ឱ្យគាត់ជួយដោះស្រាយដាក់លើឱ្យមក ឱ្យគ្នាកម្មករបានអូសវិញមក»។

ជុំវិញការស្នើនេះដែរ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់វិទ្យុស្ដ្រីដែរថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឱ្យកម្មករអូសរទេះ អូសអ៊ីវ៉ាន់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺដោយសារច្រកនេះជាច្រកទ្វារសម្រាប់ភ្ញៀវទេសចរឆ្លងកាត់។ សម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗនោះលោកថា អាជ្ញាធរក៏មានច្រកមួយទៀត ដែលហៅថាច្រកស្ទឹងបត់ ខណៈច្រកមួយនេះ អាជ្ញាធរបានណែនាំឱ្យកម្មករអូសរទេះទាំងនោះ ត្រូវយកអ៊ីវ៉ាន់មកដាក់តាមឡានដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ដោយឈប់ប្រើប្រាស់ច្រកព្រំដែនអន្តរជាតិ។

លោក ញឹម ផឿង ថ្លែងថា៖ «បច្ចុប្បន្ននេះ ទំនិញធំៗភាគច្រើន គឺនៅស្ទឹងបត់ ដោយសារគេមានគយសម្រាប់ត្រួតពិនិត្យទំនិញនៅច្រកស្ទឹងបត់នេះ ដឹកទាំងឡានៗ ព្រោះឡានដឹកអ៊ីវ៉ាន់អី ខ្ញុំគិតថាដូចមិនមានទេនៅច្រកប៉ោយប៉ែតហ្នឹង ដែលអាចមានឡានតូចៗចេញ-ចូលជាលក្ខណៈគាត់លក់ក្នុងផ្សារថៃ លក់អញ្ចឹងទៅណា ជាលក្ខណៈគ្រួសារអាចមាន»។

ដោយឡែកសម្រាប់ច្រកស្ទឹងបត់ដែលអាជ្ញាធរ អះអាងថា ជាផ្លូវទុកសម្រាប់ដឹកជញ្ជូនទំនិញនោះ គឺអ្នកស្រី ឈៀង ធីតា ថា ច្រកនេះពិតជាសម្រាប់ផ្លូវដឹកជញ្ជូនទំនិញមែន ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឱ្យកម្មករអូសរទេះ អូសទំនិញភ្ញៀវតាមច្រកនេះនោះទេ បានតែឡានក្រុមហ៊ុនដឹកទំនិញធំៗប៉ុណ្ណោះ។ រីឯកម្មករ អាជ្ញាធរថា ត្រូវយកទំនិញទាំងនោះ ដែលភ្ញៀវបានទិញ ដាក់តាមឡានក្រុមហ៊ុន ដោយមិនអនុញ្ញាតឱ្យអូសរទេះឡើយ។

អ្នកស្រី ឈៀង ធីតា បន្ថែមថា៖ «ច្រកហ្នឹង (ច្រកស្ទឹងបត់) គេមិនឱ្យអ្នកអូសរទេះទៅផង បានតែដាក់ឡាន តែអ៊ីវ៉ាន់ គឺឱ្យចេញតាមច្រកហ្នឹងទាំងអស់។ តែបើអាជ្ញាធរ គាត់ប្រាប់ថា ឥលូវរទេះអាចអូសទៅខាងហ្នឹង ក៏គេព្រមទៅដែរ ប៉ុន្តែគាត់មិនឱ្យអូស»។

ទោះបីជាកម្មករអូរទេះទាំងនោះ បានអះអាងថាខ្លួន បានប្រកបមុខរបរនេះជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតថា ការមិនអនុញ្ញាតនេះ គឺជាការងាររឹតបន្ដឹងរបស់មន្ត្រីគយ ពីព្រោះកម្មករអូសរទោះទាំងនោះ សុទ្ធតែអូសទំនិញដែលមិនមានការបង់ពន្ធត្រឹមត្រូវ។

លោក ញឹម ផឿង ៖ «គយរឹតបន្ដឹង រឿងដឹកទំនិញ ព្រោះបងប្អូនកម្មករភាគច្រើនគាត់ដឹកទំនិញ ដឹកទំនិញរបៀបដែលអត់បង់ពន្ធ។ និយាយជារួមគាត់ក៏ជាជនរងគ្រោះដែរ និយាយជារួមចាញ់បោកឈ្មួញដឹកអ៊ីវ៉ាន់ទេ គាត់ហ្នឹង បានន័យថាគេប្រើប្រាស់គាត់អូសរទេះ បានតែថ្លៃឈ្នួល ១០០ ២០០បាតអញ្ចឹងណា តែពន្ធគឺជាបានន័យថាម្ចាស់ដែលជាសម្ភារដឹកជញ្ជូនមក គាត់អត់បានបង់ពន្ធទេ គាត់ប្រើប្រាស់កម្មករអញ្ចឹងទៅ»។

ចំពោះការស្នើរបស់កម្មករអូសរទេះនេះដែរ ក្នុងនាមលោកជាអ្នកនាំពាក្យរដ្ឋបាលក្រុងប៉ោយប៉ែត គឺលោកមិនទាន់អាចប្រាប់បានថាត្រូវមានដំណោះស្រាយយ៉ាងណានោះទេ ពីព្រោះបញ្ហានេះ មិនមែនស្ថិតក្រោមតែអាជ្ញាធរក្រុងមួយនោះទេ មានអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតផងដែរ។

រូបភាពពី៖ ពលរដ្ឋ

ស្របពេលដែលភាគីអាជ្ញាធរមិនទាន់មានដំណោះស្រាយ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មើលឃើញថា ការមិនអនុញ្ញាតរបស់អាជ្ញាធរក្រុង និងអាជ្ញាធរតាមច្រកព្រំដែនប៉ោយប៉ែតនេះ គឺហាក់ដូចវាយបំបែកឆ្នាំងបាយរបស់កម្មករអូសរទេះរាប់រយនាក់។ ហើយម្យ៉ាងទៀត លោកថា ក៏ហាក់ដូចជាបច្ចុប្បន្ននេះប្រាក់ចំណូលសេដ្ឋកិច្ចកំពុងធ្លាក់ចុះស្រាប់ហើយ បែរជាមិនឱ្យកម្មករអូសរទេះប្រកបអាជីវកម្មមួយនេះ ដូច្នេះហើយលោកបានចោទជាសំណួរថា តើអាជ្ញាធរក្រុងប៉ោយមប៉ែត មានយន្តការអ្វីដើម្បីជួយកម្មករអូសរទេះទាំងនោះ ក្រៅពីការប្រកបមុខរបរផ្សេងដែលអាចឱ្យពួកគាត់ចិញ្ចឹមជីវិតបាន។

លោក វន់ ពៅ ៖ «មុខរបរស្រុកយើង គឺពិបាករកណាស់ បើសិនមិនឱ្យគាត់រកអញ្ចឹង គួរតែមានមុខរបរអីដើម្បីឱ្យគាត់ចិញ្ចឹមជីវិតបាន។ ហើយបើសិនជាមិនមានលទ្ធភាពរកមុខរបរឱ្យគាត់ហើយ ថែមទាំងបិទអាជីវកម្មអូសរទេះរបស់គាត់ទៀត អាហ្នឹងមិនខុសពីសម្លាប់គាត់ទាំងរស់នោះទេបាទ!»។

បើតាមលោក វន់ ពៅ ថា អាជីវកម្មអូសរទេះនេះ ជាមុខរបរមួយដែលមិនសូវធូរធានោះទេ ពោលមុខរបរមួយនេះត្រឹមអាចរកចំណូលបានតិចតួច សម្រាប់ជួយរំដោះជីវភាពរស់នៅបានមួយគ្រាៗតែប៉ុណ្ណោះ។

លោក វន់ ពៅ ៖ «ជាដំណោះស្រាយ ខ្ញុំគិតថាអាជ្ញាធរច្រកទ្វារព្រំដែន គួរតែបើកឳកាសឱ្យគាត់ប្រកបមុខរបរចិញ្ចឹមជីវិតអូសរទេះនេះបន្តទៅទៀត ហើយពិនិត្យមើលដែរថា តើទំនិញណាដែលស្របច្បាប់ ទំនិញណាមិនស្របច្បាប់។ ហើយគួរតែផ្សព្វផ្សាយទូលំទូលាយប្រាប់គាត់ឱ្យច្បាស់ថាទំនិញណាស្របច្បាប់មាន១២៣៤៥អញ្ចឹងមក ហើយទំនិញណាមិនស្របច្បាប់មានស្អីៗ១២៣៤៥ អញ្ចឹងដែរមក ប្រាប់ពលរដ្ឋឱ្យច្បាស់ទៅ ខ្ញុំគិតថាពលរដ្ឋ គាត់នឹងមិនដឹកទំនិញខុសច្បាប់នោះទេ»។

យោងតាមអ្នកស្រី វណ្ណា បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានកម្មករអូសរទេះ រាប់រយនាក់ បានផ្ទុះការតវ៉ាជាមួយសមត្ថកិច្ចតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធនឹងមន្ត្រីគយ បានមករឹតបន្ដឹង និងត្រួតពិនិត្យទំនិញនៅតាមច្រកព្រំដែន ដោយមិនអនុញ្ញាតឱ្យកម្មករអូសរទេះ ដែលដឹកជញ្ជូនទំនិញឱ្យឈ្មួញ បន្តមុខរបរអូសទំនិញនេះទៀតឡើយ។ ការតវ៉ានេះដែរ អ្នកស្រីបន្ថែមថា បានបង្កជាហិង្សារវាងសមត្ថកិច្ចប៉ោយប៉ែត និងក្រុមកម្មករ ដែលធ្វើឱ្យខាងកម្មករមួយចំនួន ត្រូវបានរងរបួស៕

Share

ព័ត៌មានទាក់ទង

Image