en     km
en     km

បញ្ហាគ្រឿងញៀននិងការរៀបការវ័យក្មេងទាញជីវិតគ្រួសារស្ត្រីជនជាតិដើមភាគតិចម្នាក់ធ្លាក់ក្នុងអណ្តូងកម្ម

Share

ខេត្តរតនគិរី៖ អាពាហ៍ពិពាហ៍វ័យក្មេងនៅសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី នៅតែមិនទាន់មានការថមថយខ្លាំងនោះទេ ពោលបុរសនារី បានសាងគ្រួសារនៅអាយុចន្លោះ១៥ ដល់១៨ឆ្នាំ ដោយមានរហូត ៣៧,៣% ខ្ពស់ជាងខេត្តមួយចំនួនដែលមានជនជាតិដើមភាគតិចរស់នៅ។ តាមរបាយការណ៍បញ្ជាក់ថា ការរៀបការវ័យក្មេងបានបង្កផលប៉ះពាល់ដល់ស្រ្តីយ៉ាងខ្លាំង ក្នុងនោះ ការពរពោះក្នុងវ័យជំទង់ដែលជៈឥទ្ធិពលមិនល្អដល់សុខភាព ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រ។ ជាងនេះក្មេងស្រីក៏បាត់បង់ឱកាសសិក្សាបានខ្ពង់ខ្ពស់ផងដែរ។

តាមរយៈការរកឃើញនេះ វិទ្យុស្រ្តីសូមលើកយកដំណើរជីវិតពិតរបស់សស្រ្តីជនជាតិដើមភាគតិចចារ៉ាយម្នាក់រស់នៅក្នុងខេត្តរតនគិរី ដែលបានចែកផ្លូវពីស្វាមីរបស់ខ្លួនបន្ទាប់ពីរងការប្រើហិង្សា។ បើតាមការរៀបរាប់ ការចែកផ្លូវពីស្វាមីនេះ អាចបណ្តាលមកពីការរៀបការវ័យក្មេង។

ចង់ដឹងថាតើការរៀបការវ័យក្មេងជៈឥទ្ធិពលមិនល្អយ៉ាងណាក្នុងជីវិតគ្រួសារ?តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលចងក្រងដោយលោក កែវ សុខា និងកញ្ញា រម៉ាស់ រស្មី ហើយរាយការណ៍ដោយកញ្ញា យឿន ស្រីមុំ ដូចតទៅ!

កង្កែបក្នុងអណ្តូងកម្ម ជាដំណើរជីវិតដ៏សែនងងឹតសូន្យសុងរបស់តួអង្គស្រីក្នុងបទ អស់សង្ឃឹម។ បទ អស់សង្ឃឹម ជាស្នាដៃនិពន្ធរបស់កវី ម៉ា ឡៅពី និងបង្ហើរសំនៀងដោយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា។

ឆាកល្ខោនស្នេហាប្រេះស្រាំនេះ បានក្លាយជារឿងពិតមួយ ដូចជីវិតស្នេហារបស់ស្ត្រីជនជាតិភាគតិចចារ៉ាយខេត្តរតនគិរីមួយរូបមានឈ្មោះថា សង្ឃឹម។ សង្ឃឹម ជាឈ្មោះថ្មីដែលវិទ្យុស្ត្រីតាំងនាមឱ្យប្រភពខាងលើដើម្បីលាក់អត្តសញ្ញាណ។

ជីវិតគូរបស់ សង្ឃឹម បានដើរដល់ផ្លូវបំបែកបន្ទាប់ពីស្វាមីរបស់នាងធ្លាក់ខ្លួនជាអ្នកញៀនថ្នាំញៀន និងថែមទាំងបានប្រើហិង្សាលើ សង្ឃឹម គ្មានលួសថ្ងៃ។ សង្ឃឹម៖«គេបានជក់ហើយគេមកផ្ទះវិញជាគេ គេបានធ្វើធ្វើបាបយើងគេបានបំផ្លាញរបស់របរក្នុងផ្ទះគេបានរករឿងវ៉ៃធាក់យើង ហើយអើ!គាត់បានច្របាច់កយើងប្រើអំពើហិង្សាគ្រប់បែបយ៉ាង ខាងផ្លូវភេទដែរគាត់ធ្វើដាក់សព្វគ្រប់បែបយ៉ាងហើយបានធ្វើដាក់យើងគាត់ធ្វើដូចជាអត់ស្រ្តីជាប្រពន្ធគាត់ចេញអ៊ីចឹងទៅអារឿងអំពើហិង្សាឬសព្វបែបយ៉ាង។»

ចាប់ផ្តើមពន្លកស្មេហ៍ដំបូង សង្ឃឹម ក៏មានភាពល្អូកល្អិនក្នុងចំណងគ្រួសារមួយនេះផងដែរ ហើយអ្វីៗនៅគ្រានោះគឺល្អប្រសើរត្បិតស្វាមីចេះស្រលាញ់ថ្នាក់ថ្នម។ ប៉ុន្តែពេលវេលាល្អៗបែបនេះមិនបានស្ថិតស្ថេរយូរអង្វែងឡើយក្រោយរូបភាពហិង្សាក្នុងគ្រួសារកាន់តែអាក្រក់ឡើងៗ។ សង្ឃឹម៖«ស្នេហាដែលយើងក៏ស្រលាញ់គ្នាដំបូងនោះវាបែរជាកែប្រែខុសស្រឡះពីមុនដោយសារគេថាខ្ញុំគេលែងឃើញខ្ញុំគេលេងឃើញខ្ញុំស្អាតហើយគេមើលស្រីក្រៅស្អាតហែតុអ្វីខ្ញុំពិបាកចិត្តខ្លាំងហើយខ្ញុំស្រឡាញ់ខ្លាំងស្រឡាញ់ប្ដីខ្ញុំខ្លាំងមេនទែន»។

សង្ឃឹមបច្ចុប្បន្នកំពុងស្នាក់នៅកន្លែងសំអាងការមួយកន្លែងនិងកំពុងសិក្សាជំនាញផ្នែកសាឡននៅទីរួមខេត្តរនតគិរិ។រូបភាពដោយ  រម៉ាស់ រស្មី។

រៀបរាប់ប្រវត្តិស្នេហាជូរចត់កាលណា ទុក្ខសោកខ្សិបខ្សួរក៏ចាប់ផ្តើមចេញមក ហើយ សង្ឃឹម ហាក់យល់ថា ការសម្រេចចិត្តរៀបការទាំងក្មេងខ្ចីវ័យទើប ១៦ ឆ្នាំបែបនេះ អាចជាចំណែកមួយនាំឱ្យជីវិតគូរបស់ខ្លួនឈានដល់ទីបញ្ចប់។សង្ឃឹម៖«ខ្ញុំជួបភ្លាមហើយឃើញភ្លាមក៏ស្រឡាញ់ភ្លាមហើយដាក់ចិត្តចង់យកគាត់ធ្វើជាប្ដីម៉ងខ្ញុំអត់ដែលសួរនាំថាគ្រួសារគេម៉េចហើយប្រវត្តិគេម៉េចម៉េចខ្ញុំអត់បានសួរទេ ព្រោះអីកាលនោះខ្ញុំអត់ដឹងអីទេ អត់ចេះគិតគូរដោយសារតែយើងវា វាអត់ចេះគិតអត់មានគំនិតកាលនោះខ្ញុំអាយុ ដប់ប្រាំមួយឆ្នាំខ្ញុំយកប្ដីតែខ្ញុំអត់ចេះគិតទេថាខ្លួនឯងហ្នឹង ខាងមុខវាទៅជាលំបាកយ៉ាងណា ឬក៏ស្រណុកយ៉ាងណាខ្ញុំអត់ដែលគិត បើខាងចំណេះដឹងអីខ្ញុំអត់សូវ អត់សូវចេះទេដោយសារយើងអត់ដែលចូលសាលា បើនិយាយពីរឿងរៀនវិញខ្ញុំស្រលាញ់ការរៀនណាស់កាលនៅក្មេងខ្ញុំរៀនត្រឹមថ្នាក់ទី២ទេ»

ការលើកឡើងរបស់ សង្ឃឹម ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់វិទ្យុស្រ្តីជាចំណែកមួយនៃបទពិសោធន៍ជីវិតដែលសង្ឃឹមបានឆ្លងកាត់ ហើយចង់ចែករំលែកទៅកាន់អ្នកស្តាប់ពីផលលំបាកនានាដែលសង្ឃឹមបានរៀបការនៅវ័យក្មេង។

អាពាហ៍ពិពាហ៍វ័យក្មេងនៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៅភូមិភាគឦសាននៃប្រទេសកម្ពុជានៅតែជាចំណោទបញ្ហានៅឡើយ ហើយខេត្តរតន គិរីបានឈរនៅលំដាប់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមបណ្តាខេត្តមួយចំនួនដែលមានករណីរៀបការវ័យក្មេង ពោលមានរហូតដល់ទៅ ៣៧,៣%។ នេះបើតាមរបាយការណ៍បញ្ចេញដោយលោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានក្នុងកម្មវិធីបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មានទៅខេត្តរតនគិរីកាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ។

មូលហេតុដែលបណ្ដាលឱ្យមានការរៀបការនៅវ័យក្មេង បើតាមរបាយការណ៍ខាងលើដោយសារតែកត្តាជាច្រើនរួមផ្សំគ្នា ក្នុងនោះមានដូចជា បញ្ហាវិសមភាពយេនឌ័រ កង្វះខាតការយល់ដឹងអំពីការរៀបការវ័យក្មេង ទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិចមួយចំនួន សេដ្ឋកិច្ចគ្រួសារ ភាពក្រីក្រ ឥទិ្ធពលនៃអ៊ីនធឺណិត។ ក្នុងនោះផងដែរ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅមិនទាន់មានភាពទូលំទូលាយក្នុងការផ្សព្វផ្សាយអប់រំទៅដល់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល និងជាពិសេសអក្ខរកម្មឌីជីថលនៅមានកម្រិត។

លោក យី គឹមថាន ៖«កត្តាមួយដែលជំរុញឬក៏ទាញឱ្យក្មេងស្រីរៀបការទាំងនៅវ័យកុមារហ្នឹងគឺទាក់ទងទៅនឹងបញ្ហាជីវភាពបញ្ហាទៅលើការគ្រប់គ្រងសេដ្ឋកិច្ចអំណាចសេដ្ឋកិច្ចមានន័យថាក្មេងស្រីគាត់មិនមានជំនាញច្បាស់លាស់អ៊ីចឹងជាទម្លាប់នាំក្មេងស្រីគឺត្រូវពឹងទៅលើបុរស បុរសគឺជាអ្នកដែលរកចំណូលសម្រាប់គ្រួសារអ៊ីចឹងដើម្បីអាចឱ្យគាត់មានចំណូលអាចរស់នៅ បានលុះត្រាតែគាត់រៀបការជាមួយនឹងបុរសណាម្នាក់ ដើម្បីឱ្យបុរសនោះគឺជាអ្នកដែលជាកម្លាំងហើយក៏ជាអ្នកដែលរកចំណូលសម្រាប់គ្រួសារពួកគាត់អ៊ីចឹងវាធ្វើឱ្យជាកត្តាមួយធ្វើឱ្យក្មេងស្រីអាចរៀបការនៅវ័យកុមារផងដែរ»

លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា។រូបភាពពីអង្គការភ្លែន។

សម្រាប់ជាដំណោះស្រាយរបស់ល្អក្នុងបញ្ហារៀបអាពាហ៍ពិពាហ៍វ័យក្មេងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាបានផ្តល់ឱកាសដល់កុមារនិងមនុស្សវ័យជំទង់អាយុប្រមាណ១៥ឆ្នាំបានរៀនជំនាញវិជ្ជាជីវៈតាមតម្រូវការទីផ្សារកំពុងត្រូវការ ដើម្បីឱ្យពួកគេមានលទ្ធភាពរកប្រាក់ចំណូលបានដោយខ្លួនឯងនិងជួយក្រុមគ្រួសារ។ វិធីសាស្រ្តបែបនេះបើតាមមន្រ្តីជំនាញពីអង្គការភ្លែនលោក យី គឹមថាន គឺជាមធ្យោបាយមួយបញ្ជៀសពីការពឹងផ្អែកផ្នែកហរិញ្ញវត្ថុលើដៃគូរបស់ពួកគេ ដោយមិនចាំបាច់ប្រញាប់រៀបការទាំងវ័យក្មេង។

លោក យី គឹមថាន ៖«អើ! សម្រាប់នៅការបណ្តុះបណ្តាលនេះគឺយើងកម្មវិធីយើងគឺយើងមានច្រើនដែរកន្លងមកយើងមានគម្រោងយើង រយៈពេលប្រាំមួយប្រាំពីរឆ្នាំហើយតែយើងបានសហការជាមួយនឹងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងខេត្តរតនគិរីហ្នឹងអ៊ីចឹងយើងឃើញថាកុមាររាប់រយនាក់ដែលត្រូវបានយុវជននិងកុមារអាយុចាប់ពីដប់ប្រាំឆ្នាំហ្នឹងគឺគាត់បានទទួលនូវវគ្គបណ្តុះបណ្តាលជំនាញផ្សេងផ្សេងទៅតាមតម្រូវការទីផ្សារនៅទីនេះព្រោះ មុននិងយើងធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់ពួកគាត់គឺយើងមានធ្វើការសិក្សាពីតម្រូវការទីផ្សារទៅតាមនៅក្នុងរតនគិរីដែលត្រូវការអ៊ីចឹងយើងធ្វើការបណ្តុះបណ្តាលទាំងកន្លងមកមានជំនាញទាក់ទងជួសជុលម៉ូតូជំនាញអគ្គិសនីទាក់ទងទៅនឹងជំនាញសាឡនជំនាញកាត់ដេរ ជំនាញជួសជុលម៉ូតូហើយក៏ដូចជាជំនាញកាត់សក់ផ្សេងផ្សេងនិងបាទ»

សកម្មភាពយុវជនជនជាតិដើមភាគតិចមកសិក្សាជំនាញវិជ្ជាជីវៈផ្នែកសាឡនដែលរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា។រូបភាពពីអង្គការភ្លែន។

​តាមរយៈ​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវរបស់​ក្រសួង​កិច្ចការនារី និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រកឃើញថា កុមារ​រៀបការ​មុន​អាយុ​ ១៥ ​ឆ្នាំ មាន​អត្រា​ថយ​ចុះ​ប្រមាណ ​០,៥%។ ក្នុងនោះអ្នក​ឆ្លើយ​តប​ប្រមាណ​ ១៤% ​ក្នុង​ចំណោម​អ្នក​សម្ភាសន៍​ជាង​ ១.៣០០ នាក់​បាន​រាយ​ការណ៍​ថា ​បាន​រៀបការ​នៅ​អាយុ​ចន្លោះ​ ១៥ ​ដល់ ​១៨ ​ឆ្នាំ។ ជាមួយគ្នានោះ ស្រ្តីមាន​ប្រមាណ ​១៤% ​​បាន​រៀប​ការ​មុន​អាយុ ​១៨​ ឆ្នាំ ហើយ​បុរសមាន​តែ ​០,២២%។

បច្ចុប្បន្ន សង្ឃឹម បានមកសិក្សាជំនាញផ្នែកសំអាងការនៅទីរួមខេត្តរតនគិរី ដោយបានគេចចេញពីចំណងគ្រួសារចាស់របស់នាង។ សម្រាប់ សង្ឃឹម សង្ឃឹមថាបុរសគ្រប់រូបនឹងបញ្ឈប់ការអាងអំណាចជាមេគ្រួសារ ប្រើប្រាស់ហិង្សាលើប្រពន្ធកូនបន្តទៀត។ ជាពិសេស សង្ឃឹមចង់ឱ្យប្អូនៗជំនាន់ក្រោយត្រូវពិចារណាគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តរៀបអាពាហ៍ពិពាណ៍។

សង្ឃឹម៖«ជាដំបូងខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរដោះស្រាយរឿងហ្នឹងហើយកុំឲ្យវាកើតមានឡើងដល់ចំនួនក្មេងក្រោយក្រោយទៀត ព្រោះអីរឿងនិងអត់ល្អ ហើយយើងអត់មានក្ដីសុខវាពិបាកខ្លាំងក្នុងឆាកជីវិតយើងបានជួបសព្វថ្ងៃវាលំបាកខ្លាំងមែនទែនខ្ញុំសូមសំណូមពរកុំឲ្យមានការ ប្រើហិង្សាដូចដែលនាងខ្ញុំបានជួបសព្វថ្ងៃហ្នឹង  ហើយវារាលដាលដល់ក្មេងជំនាន់ក្រោយទៀត»

 

អត្ថបទសរសេរដោយ កញ្ញា រម៉ាស់ រស្មី  ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

 

 

Share

ព័ត៌មានទាក់ទង

Image