អង្គការការពារសិទ្ធិមនុស្សលីកាដូ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បញ្ឈប់ការអនុវត្តទោសឃុំខ្លួនលើកុមារ អនីតិជន និងស្ដ្រីមានផ្ទៃពោះក្នុងពន្ធនាគារ ជំនួសឱ្យការអនុវត្តទោសផ្សេងក្រៅពីការឃុំខ្លួនក្នុងពន្ធនាគារ ពីព្រោះស្ថានភាពកុមារ អនីតិជន និងស្ដ្រីមានផ្ទៃពោះ ដែលរស់នៅក្នុងពន្ធនាគារ មានភាពចង្អៀតណែន និងកង្វះអាហារូបត្ថម្ភ។ ក៏ប៉ុន្តែការអំពាវនាវនេះ ត្រូវបានក្រសួងយុត្តិធម៌ ចាត់ទុកថា ការអនុវត្តបែបនេះ មិនស្របទៅនឹងច្បាប់ដែលមានចែងជាធរមាន។ លោក គីម ចាន់ចាវ រាយការណ៍
ការស្នើរបស់អង្គការសិទ្ធិមនុស្សមួយនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ថា មានអនីតិជនរាប់ពាន់នាក់ ត្រូវបានដាក់ឱ្យជាប់នៅក្នុងពន្ធនាគារជាច្រើនកន្លែងនៅទូទាំងប្រទេស ដែលពន្ធនាគារទាំងនោះ អង្គការលីកាដូថា មានលក្ខណៈចង្អៀតណែន និងកង្វះបរិក្ខារ និងធនធានគ្រប់គ្រាន់។ ចំនួននៃកុមារ និងអនីតិជន ដែលកំពុងរស់នៅក្នុងពន្ធនាគារ កំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងសេចក្ដីថ្លែងការណ៍ បញ្ជាក់ថា៖ «អង្គការលីកាដូ នៅតែបន្តអំពាវនាវដល់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ដទៃទៀត សូមបញ្ឈប់ការប្រើប្រាស់ការឃុំខ្លួនក្នុងពន្ធនាគារ លើកុមារ និងអនីតិជន ហើយនិងសូមប្រើប្រាស់ជម្រើសទោសផ្សេងទៀតជាបន្ទាន់ និងជាលក្ខណៈប្រព័ន្ធ ជំនួសឱ្យការឃុំខ្លួនក្នុងពន្ធនាគារ ។ ការប្រើប្រាស់ការឃុំខ្លួន គួរតែជាជម្រើសចុងក្រោយ»។
ក្រៅពីនេះអង្គការលីកាដូ ក៏ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះលែងអនីតិជន ម្តាយដែលមានកូនតូចនៅជាមួយ និងស្ត្រីមានផ្ទៃពោះ ដែលគ្រប់លក្ខខណ្ឌតាមច្បាប់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្របតាមច្បាប់ស្តីពី យុត្តិធម៌អនីតិជន។ ម្យ៉ាងវិញទៀត ត្រូវធ្វើប្រសើរឡើងនូវលក្ខខណ្ឌនៅក្នុងពន្ធនាគារសម្រាប់គ្រប់ជនជាប់ឃុំទាំងអស់ ជាពិសេសកុមារ និងអនីតិជន ដែលរួមមានការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ការថែទាំសុខភាព ការសួរសុខទុក្ខរបស់ក្រុមគ្រួសារ និងឱកាសក្នុងការលូតលាស់ទៅតាមវ័យរបស់កុមារ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី៣ ខែមិថុនាថា នៅក្នុងពន្ធនាគារចំនួន១៩ ដែលអង្គការ លីកាដូ កំពុងធ្វើការងារជាមួយ មានស្ដ្រីដែលជាប់ពន្ធនាគារមានកូនតាមខ្លួនមានចំនួន ៩២នាក់ ក្នុងនោះមានកុមារី ៥០នាក់ និងកុមារចំនួន ៤២នាក់។ ហើយនៅក្នុងពន្ធនាគារដែលអង្គការលីកាដូធ្វើការជាមួយដែរ លោកថាក៏មានស្ដ្រីមានផ្ទៃពោះចំនួន ៤៣នាក់ផ្សេងទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារ។ លោកបន្តទៀតថា កុមារា-កុមារី ហើយនិងស្ដ្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំងនោះ គឺបច្ចុប្បន្ននេះរស់នៅស្ថិតក្នុងស្ថានភាពចង្អៀតណែន ហើយបរិស្ថាននៅជុំវិញពន្ធនាគារដែលពួកគាត់កំពុងរស់នៅមិនមានបរិយាកាស និងអនាម័យល្អនោះទេ។ ជាពិសេស ទៅលើម្ហូបអាហារ គឺមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ឡើយសម្រាប់កុមារា-កុមារី និងស្ដ្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងនោះ។
លោក អំ សំអាត ៖ «អញ្ចឹងទៅ វាប៉ះពាល់ការលូតលាស់នៃសារពាង្គកាយ និងបញ្ញារបស់កុមារដែលរស់នៅតាមម្ដាយនៅក្នុងពន្ធនាគារ។ ហើយចំពោះស្ដ្រីមានផ្ទៃពោះ យើងឃើញកាលណាគាត់ខ្វះខាត និងខ្វះការថែទាំសុខភាព វាអាចប៉ះពាល់ដល់សុខភាពខរបស់គាត់ ដូចជារឿងបញ្ហាអាហារូបត្ថម្ភសម្រាប់ស្ដ្រីដែលមានផ្ទៃពោះ ការពិនិត្យសុខភាពអីជាដើម និងការអនាម័យអីជាដើម ហើយចំពោះកុមារៗយើងឃើញហើយថា កុមារត្រូវការដូចជាទឹកដោះគោ ត្រូវការជីវជាតិ ត្រូវការខោទឹកនោម ត្រូវការអីជាដើមហ្នឹង អាហ្នឹងសុទ្ធតែជាកង្វះខាតរបស់កុមារដែលរស់នៅតាមម្ដាយហ្នឹង គឺជាបញ្ហាសម្រាប់កុមារដែលរស់នៅតាមម្ដាយនៅក្នុងពន្ធនាគារ ក៏ដូចជាស្ដ្រីដែលមានផ្ទៃពោះដែលកំពុងជាប់ក្នុងពន្ធនាគារ»។
ដោយឡែកតាមរយៈសេចក្ដីថ្លែងការណ៍ដែលអង្គការ លីកាដូ បានផ្សព្វផ្សាយនាពេលថ្មីៗនេះ គឺតែងតែអំពាវនាវឱ្យ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ដែលមកពីស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយនិងស្ថាប័នអនុវត្តច្បាប់ផ្សេងទៀត សូមស្នើឱ្យបញ្ឈប់ក្នុងការឃុំខ្លួនដាក់ក្នុងពន្ធនាគារទៅលើកុមារ ទៅលើអនីតិជន និងទៅលើស្ដ្រីមានផ្ទៃពោះជាដើម ដោយពិនិត្យមើលជម្រើសចម្បង។ ចំពោះការសម្រេចឃុំខ្លួននេះដែរ អាជ្ញាធរពាក់ព័ន្ធ ក៏គួរតែពិចារណាមើលថា ជាករណីដែលចាំបាច់បំផុត ឬគ្រាន់តែជាករណីធម្មតា ហើយប្រសិនជាមិនមែនជាបទល្មើសដែលបង្កហិង្សានោះទេ គួរណាស់តែឱ្យអនីតិជន និងស្ដ្រីមានពោះផ្ទៃ អាចនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក អំ សំអាត ៖ «ការអនុវត្តរបស់តុលាការ ដូចអង្គការលីកាដូ តែងតែទទួចសុំហ្នឹងថា ការឃុំខ្លួនបណ្ដោះអាសន្ន គឺជាជម្រើសចុងក្រោយបំផុត តែបើសិនបទល្មើសណាដែលមិនមានហិង្សានោះទេ អាហ្នឹងគួរតែអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ជាពិសេសទៅលើអនីតិជន ឬក៏ស្ដ្រីដែលមានផ្ទៃពោះ»។
លោកបន្ថែមថា ដូច្នេះហើយ បានជាអង្គការលីកាដូតែងតែអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យមើលការនៅក្រៅឃុំ ចៀសវាងការឃុំខ្លួនបណ្ដោះអាសន្ន ឱ្យជាលក្ខណៈជាប្រព័ន្ធ ដែលបានន័យថា តាមផ្លូវច្បាប់ត្រូវអនុវត្តជាប់ជាប្រចាំ កុំធ្វើតែពេលមានយុទ្ធនាការ ឬក៏ពេលដែលបញ្ហា ពីព្រោះពន្ធនាការមិនមែនជាកន្លែងសម្រាប់ឃុំទៅលើកុមារ និងអនីតិជននោះទេ។
ជុំវិញការអំពាវនាវនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់វិទ្យុស្ដ្រីដែរថា លោកចាត់ទុកអ្វីដែលអង្គការលីកាដូ បានលើកឡើង និងអំពាវនាវនេះ គឺវាមិនស្របតាមបទដ្ឋាន និងនីតិវិធីច្បាប់ទាំងច្បាប់ជាតិ ហើយនិងច្បាប់អន្តរជាតិ។ ចំពោះការអំពាវនាវរបស់អង្គការលីកាដូមិនឱ្យមានការឃុំខ្លួនលើអនីតិជន និងស្ដ្រីមានផ្ទៃពោះនេះដែរ លោកថា មិនមែនជាវិធីសាស្ត្រដោះស្រាយការចង្អៀតណែននៅក្នុងពន្ធនាគារនោះទេ។
លោក ជិន ម៉ាលីន ៖ «អញ្ចឹងការអំពាវនាវ ណែនាំមិនឱ្យមានការឃុំខ្លួនហ្នឹង គឺជាការអំពាវនាវមួយដែលវាមិនស្របទៅនឹងច្បាប់នោះទេ។ អ្វីដែលខាងក្រសួងធ្វើការណែនាំ និងតុលាការ បានអនុវត្ត គឺផ្អែកទៅលើច្បាប់ បទដ្ឋានគតិយុត្តិ និងនិតីវិធីច្បាប់ដែលមានជាធរមាន ពាក់ព័ន្ធនឹងអនីតិជន និសស្ដ្រីមានផ្ទៃពោះនេះ»។
ដោយឡែក ពាក់ព័ន្ធនឹងការដោះស្រាយលើអ្នកជាប់ឃុំដែលជាកុមារ អនីតិជន និងជាស្ដ្រីមានផ្ទៃពោះនេះដែរ លោកបញ្ជាក់ថា ប្រសិនជាបទល្មើសស្រាល គឺក្រសួងជួយអ្នកជាប់ឃុំទាំងនោះ ដែលផ្ដោតទៅលើការអប់រំ ការណែនាំ ដោយត្រូវចៀសវាងការឃុំខ្លួនអនីតិជនទាំងនោះនៅក្នុងពន្ធនាគារ។
លោក ជិន ម៉ាលីន ៖ «អ្វីដែលយើងអនុវត្តលើការឃុំ ឬមិនឃុំហ្នឹង គឺផ្អែកលើផ្លូវច្បាប់ និងនីតិវិធីច្បាប់ដែលមានជាធរមាន។ ហើយការឃុំខ្លួនអនីតិជនហ្នឹង គឺត្រូវតែផ្អែកទៅលើច្បាប់ ច្បាប់គេកំណត់ថាអាយុប៉ុន្មានដែលមានការទទួលខុសត្រូវ ហើយការឃុំខ្លួនអនីតិជនហ្នឹង គឺលុះត្រាតែចាំបាច់ ហើយជាមធ្យោបាយចុងក្រោយ»។
យោងតាមអង្គការ លីកាដូ បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ តាមស្ថិតិពីពន្ធនាគារ មានអនីតិជនចំនួន ២,២១៤នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារចំនួន ១៩ ដែលអង្គការមួយនេះ កំពុងធ្វើការងារជាមួយ។ ដោយយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន ទណ្ឌិតជាអនីតិជន ត្រូវបានមន្ត្រីពន្ធនាគារកំណត់ថា ជាជនដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ២៤ឆ្នាំ នៅក្នុងពន្ធនាគារ ប៉ុន្តែជនទាំងនោះមានអាយុតិចជាង ១៨ឆ្នាំ នៅពេលប្រព្រឹត្តិបទល្មើស។
អង្គការដដែលបានឱ្យដឹងទៀតថា កាលពីឆ្នាំមុន ចំនួនកុមារ អនីតិជន ដែលជាប់ក្នុងពន្ធនាគារ បានកើនឡើង ៣៤% ហើយស្ថិតិនេះអាចនឹងកើនឡើងនៅឆ្នាំនេះ ដែលអនីតិជនមានចំនួន ៦% នៃចំនួនអ្នកជាប់ពន្ធនាគារសរុប ក្នុងពន្ធនាគារចំនួន ១៩ ហើយក្នុងនោះមានអនីតិជនជាក្មេងប្រុសចំនួន ៩៧%។ អនីតិជនចំនួន ៨% ប៉ុណ្ណោះ នៅក្នុងពន្ធនាគារ ត្រូវបានផ្តន្ទាទោសរួចរាល់។
រីឯអនីតិជន ៤៧% មិនទាន់ទទួលបានការបើកសវនាការកាត់ទោស ហើយអនីតិជន ៤៥% កំពុងរង់ចាំសាលក្រមស្ថាពរ។ អង្គការលីកាដូ បន្ថែមថា អនីតិជនទាំងនេះ ត្រូវជាប់ក្នុងពន្ធនាគារ ដែលបច្ចុប្បន្នកំពុងផ្ទុកចំនួនមនុស្សជាមធ្យម ២៩១% នៃសមត្ថភាពផ្ទុករបស់ខ្លួន។ ក្នុងនោះមានពន្ធនាគារខេត្តកណ្តាល បច្ចុប្បន្នផ្ទុកចំនួនអ្នកទោសដល់ទៅ ៦០៥% នៃសមត្ថភាពផ្ទុករបស់ខ្លួន៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី