en     km
en     km

យុវជនជជែកដេញដោលពីការកែប្រែហ្សែនមនុស្សដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ

Share

ការប្រែប្រួលអាកាសធាតុម្តងក្តៅម្តងត្រជាក់បច្ចុប្បន្ននេះ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃរបស់មនុស្សជាច្រើននៅលើពិភពលោក មិនសម្រាប់តែប្រទេសកម្ពុជា ប៉ុណ្ណោះឡើយ​​។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនេះ យុវជន យុវតី មកពីវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ បានចូលរួមកម្មវិធីClimate x : ពិភាក្សាជជែកដេញដោល លើប្រធានបទទាក់ទងថា តើ វិទ្យាសាស្រ្ត បច្ចេកវិទ្យា អាចផ្លាស់ប្តូរសរីរាង្គរបស់មនុស្ស ដើម្បីឱ្យប្រែប្រួលទៅតាមអាកាសធាតុ​​បានដែរឬទេ?

ដោយសារតែនៅពេលអនាគត វិទ្យាសាស្រ្តមានការរីកចម្រើន ដែលអាចនឹងកែប្រែហ្សែនរបស់មនុស្សដើម្បីទប់ទល់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ   ហេតុនេះហើយទើបនាំឱ្យមានការជជែកដេញសម្រាប់ភពផែនដី Climate X នេះឡើង ​។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

«ព្រោះអី យើងដឹងថា ការប្រែប្រួលអាកាសធាតុវាមានផលប៉ះពាល់ទៅដល់សុខភាពរបស់មនុស្សជាច្រើននៅក្នុងគ្រប់ប្រទេស »។

«ចាស! ជារៀងរាល់ថ្ងៃហ្នឹងគឺយើងមានផលប៉ះពាល់ ចំពោះអាកាសធាតុទាំងអស់ហ្នឹង ព្រោះអាកាសអាតុទាំងអស់ហ្នឹងគឺប្រែប្រួលរហូត ហើយគឺដោយសារសកម្មភាពរបស់មនុស្សយើងដែរ ដែលចូលរួមក្នុងការផ្តល់ផលប៉ះពាល់ហ្នឹង!»។

«ភពផែនដីយើងហ្នឹងបានរងការគំរាមកំហែងច្រើន ដោយសារទី១ ប្រជាជនយើងមិនសូវបានគ្រប់គ្រងសំរាមបានល្អ ត្រឹមត្រូវ​ ដែលមានការចោលសំរាមច្រើន ទី២នោះគឺការបាត់បង់ដើមឈើច្រើន»។

«ខ្ញុំ យល់ថា ការប្រែប្រួលអាកាសធាតុបច្ចុប្បន្នគឺវាមានផលប៉ះពាល់ ​ខែហ្នឹងត្រូវខែវស្សា​ពេញលេញ ប៉ុន្តែបែរជាម្តងភ្លៀង ម្តងអត់ អាកាសធាតុអត់ទៀត ម្តងក្តៅ ម្តងត្រជាក់ ដូច្នេះធ្វើឱ្យយើងពិបាកក្នុងការរស់នៅ»។

នេះគឺជាការលើកឡើងរបស់ក្រុមយុវតី ដែលបានចូលរួមទស្សនាកម្មវីធីClimate x ដែលជាកម្មវីធី ជជែកដេញដោលសម្រាប់ភពផែនដីឆ្នាំ២០២៤ លើប្រធានបទទាក់ទងនឹងបរិស្ថាន និងការឡើងកម្តៅភពផែនដី ដែលបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី ២​ ខែមិថុនា ឆ្នាំ២០២៤ ​។

 យុវតី ហោ ហេងសិរីសុជាតា សិស្សវិទ្យាល័យវេស្ទើនអន្តរជាតិក្រុមស្រប ដែលបានចូលរួមក្នុងកម្មវិធីClimate X: ជជែកដេញដោលសម្រាប់ភពផែនដីឆ្នាំ២០២៤ បានឱ្យដឹងថានៅថ្ងៃអនាគតកំដៅភពផែនដីនឹងកាន់តែឡើងកំដៅអាចរហូតដល់៥០ទៅ៦០អង្សា ​​ដូច្នេះការប្រើប្រាស់ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលអាចផ្លាស់ប្តូរហ្សែនរបស់មនុស្ស ដើម្បីទប់ទល់នឹងផលប៉ះពាល់ការប្រែប្រួលទៅតាមអាកាសធាតុគឺអាចឱ្យមនុស្សរស់នៅបាន។

យុវតី ហោ ហេងសិរីសុជាតា៖ « ខ្ញុំយល់ថា​ការប្រែប្រួលអាកាសធាតុផ្តល់ផលប៉ះពាល់ច្រើនដល់មនុស្សលោកនៅលើពិភពលោក ហ្នឹងបើយើងប្រើបច្ចេកវិទ្យាដើម្បីឱ្យប្រើលើមនុស្ស ៗនឹងអាចរស់បានល្អ ដែលមានសុខភាពល្អ ព្រោះអីយើងដឹងថា ការប្រើប្រួលអាកាសធាតុអាចផ្តល់ផលប៉ះពាល់ដល់សុខភាពយើងរាល់ថ្ងៃដូចជាក្តៅពេក អាចឱ្យយើងសន្លប់បាន»។

សម្រាប់ យុវតី ជា សិរីវឌ្ឍនា សិស្សវិទ្យាល័យបញ្ញាសាស្រ្តក្រុមបដិសេធ បានលើកឡើងថា ការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា GMH ការប្រែប្រួលហ្សែនរបស់មនុស្សដើម្បីធន់នឹងអាកាសធាតុគឺមិនមែនជាដំណោះស្រាយ ដែលល្អប្រសើរឡើយ។

យុវតី ជា សិរីវឌ្ឍនា ៖« ពីព្រោះទី១ធ្វើឱ្យមនុស្សឬប្រជាជនយើងគេចផុតពីបញ្ហាទាំងអស់ហ្នឹង ព្រោះនៅពេលដែលយើងមិនទទួលឥទ្ធិពល ឬរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងកម្តៅទាំងអស់ហ្នឹង គឺយើងចាប់ផ្តើមលែងខ្វល់ អ៊ីចឹងនៅពេលដែលផ្លាស់ប្តូរ Genetic ដើម្បីធន់នឹងអាកាសធាតុទាំងអស់ហ្នឹង យើងលែងខ្វល់តែម្តង អ៊ីចឹងវាធ្វើឱ្យមនុស្សយើងចាប់ផ្តើមមិនសូវខ្វល់ខ្វាយរឿងការប្រែប្រួលអាកាសធាតុ ហើយសម័យឥឡូវគេមិនសូវដឹងពីការប្រែប្រួលអាកាសធាតុទៀត នៅពេលដែលដាក់GMH វាកាន់តែធ្ងន់ធ្ងរជាងហ្នឹងទៀត»

 បន្ថែមពីលើនេះ សិរីវឌ្ឍនា បានបញ្ជាក់ថា « ការប្តូរ Genetic វាអាចផ្តល់ផលប៉ះពាល់សុខភាពដូចជាមហារីកផ្នែកណាមួយ ពីព្រោះនៅពេលដែលយើងផ្លាស់ប្តូរហ្សែនមួយ វាប៉ះពាល់ដល់ហ្សែនដទៃទៀតនៅក្នុងខ្លួនយើងដែរ ម្យ៉ាងទៀត វាអាចផ្លាស់ប្តូរហ្សែនទាំងអស់ហ្នឹងទាក់ទងនឹងចំណេះដឹង និងសមត្ថភាពយើងដែរ ​ឬរាងកាយរបស់យើង។ អ៊ីចឹងនៅពេលដែលយើងចាប់ផ្តើមមាន GMH នៅក្នុងខ្លួនយើងៗអាចផ្លាស់ប្តូរសឹងតែគ្រប់យ៉ាង»។ 

ជុំវិញការប្រែប្រួលអាកាសធាតុរាល់ថ្ងៃនេះ កញ្ញា ឈិត ម៉ាន់សា និស្សិតស្ថាបត្យកម្មដែលបានចូលរួមទស្សនានៅក្នុងកម្មវិធីជជែកដេញដោលអំពីClimate X នេះ បានឱ្យដឹងផងដែរថា«ខ្ញុំសង្កេតឃើញឥឡូវមានការប្រែប្រួល​ខ្លាំងច្រើនមែនទែន ផែនដីយើងបានរងការគំរាមកំហែង ច្រើន ដោយសារទី១ ប្រជាជនយើងមិនសូវបានគ្រប់គ្រងសំរាមបានល្អ ត្រឹមត្រូវ​ ដែលមានការចោលសំរាមច្រើន ទី២នោះគឺការបាត់បង់ដើមឈើច្រើន»។       

ក្នុងនាមជាយុវជនមួយរូប ដើម្បីចូលរួមកិច្ចការពារបរិស្ថាន  កញ្ញា ជុំ ស្រីល័ក្ខ និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ថា  « ក្នុងការ ការពារបរិស្ថាន គឺយើងត្រូវមានការយល់ដឹងឱ្យបានខ្ពស់ ដូចជាការទុកដាក់សំរាមក៏ដូចជាការថែរក្សាព្រៃឈើ  និងចូលរួមដាំដើមឈើឱ្យបានច្រើន»។

ក្នុងនាម អ្នកសម្របសម្រួលកម្មវិធី Climate X  និងជានិស្សិតឆ្នាំទី៣ ជំនាញចំណីអាហារគីមីសាលាតិចណូ ផងដែរនោះ  លោក ហុក ពេជ្រ បានបញ្ជាក់ឱ្យដឹងថា«យើងទាំងអស់គ្នាគួរតែស្វែងរក ស្វែងយល់ ឱ្យបានច្រើនពីបញ្ហា នៃ(ការ)កកើតកម្តៅពិភពលោកទៅនឹងបញ្ហាបរិស្ថាន ថ្វីត្បិតតែបញ្ហាមួយចំនួនមានភាពងាយស្រួល ជូនខ្លះទៀតក៏ពិបាក ប៉ុន្តែឱ្យតែយើងតាំងចិត្តស្រាវជ្រាវយើងនឹងដឹង សួរថាមូលហេតុអ្វី យើងគួរតែចំណាយពេលរបស់យើងដើម្បីទៅស្រាវជ្រាវបញ្ហាទាំងអស់នោះ គឺដោយសារតែយើងរស់នៅក្នុងបរិស្ថានតែមួយ»។​​

លោក ហុក ពេជ្រ បានបញ្ជាក់ថា កម្មវិធី Climate X ធ្វើឡើងក្នុងគោលបំណងដើម្បីជួយឱ្យយុវជនពង្រឹងនូវជំនាញភាសាអង់គ្លេស និងពង្រឹងជំនាញជជែកដេញដោលពិភាក្សាវែកញែកផ្សេងៗជាពិសេសបណ្តុះ គំនិតរបស់យុវជន ជាពិសេសអ្នកចូលរួមទស្សនា បានយល់ដឹងអំពីបញ្ហាបរិស្ថាន៕

 

Share

ព័ត៌មានទាក់ទង

Image