en     km
en     km

ពលរដ្ឋរងគ្រោះថា អាជ្ញាធរមិនទាន់ ផ្អាកក្រុមហ៊ុនឯកជន ដែលហ៊ុមព័ន្ធឃ្លាំងទឹកទំនប់៧៨ នោះទេ

Share

ពលរដ្ឋ បាននាំគ្នាធ្វើពិធីសែនដូនតា ដើម្បីឲ្យជួយបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន។ រូបភាពពីលោក គ្រុំ វេត។

ប្រជាពលរដ្ឋ ៣សង្កាត់ នៅក្នុងខេត្តសៀមរាប ដែលធ្លាប់តវ៉ាស្នើឱ្យក្រុមហ៊ុនឯកជនបញ្ឃប់សកម្មភាពហ៊ុមព័ន្ធឃ្លាំងទឹកទំនប់៧៨ ថា មកដល់ពេលនេះអាជ្ញាធរ មិនបានចុះមកសម្របសម្រួល បញ្ឈប់សកម្មភាព ឬក៏លុបអាជ្ញាធរក្រុមហ៊ុននេះទេ។ ពួកគេថាជីកកាយទឹកទំនប់នេះ ធ្វើឱ្យប្រជាពលរដ្ឋ មិនអាចអាស្រ័យផល ប៉ុន្តែអាជ្ញាធរខេត្តសៀមរាបថា រាល់ការតរ៉ា និងការស្នើសុំរបស់ប្រជាពលរដ្ឋ គឺតែងតែចុះទៅសម្របសម្រួល និងបានអះអាងថា ការជីកកាយឃ្លាំងទឹកទំនប់៧៨នេះ គឺអាជ្ញាធរ ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអភិវឌ្ឍ ដើម្បីរៀបចំស្ដារអាងទឹកសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋប៉ុណ្ណោះ។

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រមាណ ២០០នាក់ មកពី ៣សង្កាត់ ក្នុងនោះមានសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់សំបួរ បានមកចូលរួមធ្វើការតវ៉ានៅភូមិភ្នំក្រោម ដើម្បីស្នើឱ្យក្រុមហ៊ុនឯកជន ដែលបានកំពុងកាយដីហ៊ុមព័ន្ធជាប្រព័ន្ធលើទំនប់៧៨ គឺត្រូវកាយដីបើកទំបន់ឡើងវិញ និងស្នើសុំមិនឱ្យចេញប្លង់កម្មសិទ្ធិលើដីសាធារណៈដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល។

លោក គ្រុំ វេត ជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣១ ខែឧសភាថា ក្រោយពីប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរ ជួយអន្តរាគមន៍លើក្រុមហ៊ុនឯកជនមួយ ដែលធ្វើសកម្មភាពហ៊ុមព័ន្ធឃ្លាំងទឹកទំនប់៧៨ កាលពីដើមខែឧសភាកន្លងមក លោកថា មកដល់ពេលនេះ ក្រុមហ៊ុនឯកជននោះ នៅតែបន្តសកម្មភាពជីកកាយដដែល មិនមានការរារាំងពីសំណាក់អាជ្ញាធរនោះទេ។ ប្រសិនជាសកម្មភាពរបស់ក្រុមហ៊ុននេះនៅតែបន្តទៀត លោកថា នោះប្រជាពលរដ្ឋមកពី ៣សង្កាត់ មានសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់សំបួរ មិនអាចអាស្រ័យផលធ្វើស្រែចម្ការ និងរកត្រីបានដូចកាលពីមុននោះទេ។

លោកបន្តទៀតថា ក្រុមហ៊ុនឯកជនមួយនេះ បានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរថ្នាក់ខេត្តឱ្យជីកកាយឃ្លាំងទឹកទំនប់៧៨នេះ ក្នុងគោលបំណងជួយស្ដារឃ្លាំងទឹកទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញមិនមែនជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនោះទេ បែរជាឃ្លាំងទឹកទំនប់៧៨នេះ ត្រូវបានក្រុមហ៊ុនកាយហ៊ុមព័ន្ធមិនឱ្យទឹកទន្លេចូល ធ្វើឱ្យប្រជាពលរដ្ឋនៅភូមិភ្នំក្រោម និងប្រជាពលរដ្ឋរស់នៅជុំវិញឃ្លាំងទឹកទំនប់៧៨នេះ មានជីវភាពលំបាកទៅៗ ដោយសារតែមិនមានទឹកប្រើប្រាស់សម្រាប់ធ្វើស្រែ និងមិនអាចរកត្រី រកបន្លែសម្រាប់ចិញ្ចឹមគ្រួសារបានទៀតឡើយ។

លោក គ្រុំ វេត ៖ «រហូតមកដល់ឥលូវនេះ យើងអត់ទាន់ឃើញមានខាងអាជ្ញាធខេត្តអី ឬមួយក៏ក្រុងអី គាត់មកទំនាក់ទំនងអីជាមួយប្រជាពលរដ្ឋ និយាយផ្ទាល់ជាមួយសហគមន៍អីនៅឡើយទេ ដោយសារគាត់បានតែឆ្លើយនៅក្នុងសារព័ត៌មានវិទ្យុស្ដ្រីតែប៉ុណ្ណោះ តែក្រោយមកអត់មានឃើញមកជួយប្រជាពលរដ្ឋអីឱ្យថាមានដំណោះស្រាយ។ ហើយថាពួកអ្នកលួចធ្វើប្លង់ដីនៅក្នុងដីសាធារណៈរបស់ប្រជាពលរដ្ឋប្រើប្រាស់ហ្នឹង ក៏មិនទាន់បានលឺថាលើកជាមតិយោបល់អីមានដំណោះស្រាយយ៉ាងមិច ក៏មិនទាន់មានទាំងអស់»។

បើតាមពលរដ្ឋរូបនេះថា ការជីកស្ដារទំនប់៧៨ ដែលអាជ្ញាធរបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន មកអភិវឌ្ឍនេះ គឺកាន់តែធ្វើឱ្យទំនប់នេះ មានប្រវែងជ្រៅទៅៗ ហើយទៅថ្ងៃអនាគតប្រជាពលរដ្ឋ​ ក៏មិនចុះទៅប្រើប្រាស់ឃ្លាំងទំនប់ទឹកនេះបាននោះដែរ។ ដូច្នេះកន្លងមកបានជាប្រជាពលរដ្ឋទាំង ៣សង្កាត់ ចេះតែមានការបារម្ភ និងនាំគ្នាតរ៉ាឱ្យក្រុមហ៊ុនត្រូវបញ្ឈប់សកម្មភាពជីកកាយដីហ៊ុមព័ន្ធទំនប់ ហើយនិងស្នើឱ្យអាជ្ញាធរ ត្រូវលុបអាជ្ញាប័ណ្ណក្រុមហ៊ុនឯកជនដែលបានមកកាយដីហ៊ុមព័ន្ធទឹកទំបន់៧៨នេះ។

លោក គ្រុំ វេត ៖ «យើងទទួលស្គាល់ថាការស្ដារ ប្រសិនជាមានចំណុចខ្លះវាធ្វើឱ្យយើងបានផលប្រយោជន៍ ប្រជាពលរដ្ឋមានផលប្រយោជន៍ តែការស្ដារខ្លះវាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋទៅវិញ ដូចជាស្ដារនេះវាអត់មានអីបានផលចំណេញអីទេ។ បាទយើងគិតថា រឿងអាចម៍ដីកាយមក គឺគាត់អត់បានចាក់បំពេញនៅតាមទំនប់៧៨ ដែលវារលាយដោយសារទឹកទន្លេឡើងមកដែលវាលិចទៅ ចេះតែស្រុតទាបបន្តិចៗម្ដងតាំងពី៧៩មក រហូតមកដល់សព្វថ្ងៃនេះអត់មានការចាក់បន្ថែមទេ»។

ជុំវិញការតវ៉ានេះ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ក៏បានប្រាប់​ឱ្យដឹងដែរថា ក្នុងនាមជាអាជ្ញាធរខេត្ត មុននឹងផ្ដល់អាជ្ញាធរប័ណ្ណ គឺសុទ្ធតែមានការស្នើពីអាជ្ញាធរមូលដ្ឋានពីសង្កាត់ ក្រុង បានមកដល់អាជ្ញាធរថ្នាក់ខេត្ត។ ហើយមុនការអនុញ្ញាតផ្ដល់អាជ្ញាធរប័ណ្ណនេះដែរ លោកថា ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលឃ្លាំងទឹកទំនប់៧៨នេះ សុទ្ធតែបានផ្ដិតមេដៃយល់ស្របក្នុងការអភិវឌ្ឍ រៀបចំឃ្លាំងទឹកទំនប់នេះ។

លោក លី វណ្ណៈ ៖​ «មិនមែនក្រុមហ៊ុនមកស្ដារ ឬខេត្តដាក់សំណើមកឱ្យក្រុមហ៊ុនដែរបង អាហ្នឹងខ្ញុំសូមបញ្ជាក់រឿងហ្នឹងមួយ ពីព្រោះអ្វីដែលនៅក្នុងទាំងអស់ហ្នឹងគឺជាការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ គាត់ស្នើសុំអាងទឹក ដើម្បីរៀបចំស្ដារអាងទឹក ដើម្បីទុកទឹកហ្នឹងប្រើប្រាស់ ពីព្រោះដោយសារក្រសួងធនធានទឹក បានប្រកាសរួចមកហើយថាយើងអាចនឹងខ្វះខាតទឹក។ អញ្ចឹងពួកគាត់បារម្ភរឿងហ្នឹងបានជាគាត់ស្នើមកខេត្តឱ្យរៀបចំស្ដារធ្វើជាឃ្លាំងស្ដុកទឹក»។

ចំពោះការរៀបចំអភិវឌ្ឍឃ្លាំងទឹកទំនប់៧៨នេះដែរ លោកថា ក៏សុទ្ធតែមានការរៀបចំផែនការពីមន្ទីរធនធានទឹកនិងឧតុនិយម ដើម្បីឱ្យតំបន់ដែលពាក់ព័ន្ធក្នុងទំនប់នេះ ដែលកន្លងមកធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ គឺត្រូវមានទឹកប្រើប្រាស់ឡើងវិញនារដូវប្រាំង។ ដោយឡែកការតវ៉ា និងស្នើសុំរបស់ប្រជាពលរដ្ឋ គឺអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង ឱ្យតែទទួលបានព័ត៌មាន លោកថា នឹងចុះទៅអន្តរាគមន៍ធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនដែលទទួលបានអនុញ្ញាតលើគម្រោងស្ដារប្រព័ន្ធទំនប់៧៨នេះ និង៤សម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពួកគាត់អាស្រ័យផលបាន ហើយនិងអាចឱ្យក្រុមហ៊ុនដំណើរការគម្រោងស្ដារនេះទៅមុនបានផងដែរ។

លោក លី វណ្ណៈ ៖ «យើងយកមតិភាគច្រើន ឬក៏យកមតិភាគតិច យកមកវាយតម្លៃលើការងារនេះ បូករួមទាំងការស្ដារនេះ បានផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ច្រើនណាស់ បើតាមខ្ញុំដឹង ព្រោះមានស្នើសុំភ្ជាប់ជាមួយនេះខ្ញុំមានឯកសារជាក់ស្ដែងដែលថាអាជ្ញាធរ សហគមន៍ និងសង្កាត់ គាត់ស្នើមកដោយសារស្ដារអាងទឹកហើយ គាត់ឱ្យក្រុមហ៊ុនជួយអភិវឌ្ឍក្នុងតំបន់មូលដ្ឋានរបស់គាត់»។

យោងតាមពលរដ្ឋដែលរស់នៅក្នុងសង្កាត់សៀមរាប បានបញ្ជាក់ថា ឃ្លាំងទឹកទំនប់៧៨នេះ ត្រូវបានប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មក ដែលទំនប់នេះមានទំហំ ១,០៩៦ហិកតា ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៣សង្កាត់បានអាស្រ័យផលលើទំនប់នេះជាប្រចាំ ទាំងពីការធ្វើស្រែ ក៏ដូចជាការប្រកបមុខរបរជាលក្ខណៈគ្រួសារ មានការរកត្រី រើសខ្យង បេះត្រកួន និងកាប់កំប្លោកធ្វើអង្រឹងជាដើម។ ក្រៅពីនេះ ឃ្លាំងទឹកទំនប់៧៨ ក៏បានចូលរួមផ្ដល់ផលប្រយោជន៍ផ្សេងទៀតដូចជា៖ ផ្ដល់ប្រភពទឹកសម្រាប់សត្វគោ-ក្របី និងផ្ដល់ទីជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image