en     km
en     km

ស្ដ្រីជនជាតិដើមភាគតិចមានការអភិវឌ្ឍចូលរួមកិច្ចប្រជុំពីបញ្ហាក្នុងសហគមន៍កាន់តែច្រើនជាងមុន

Share

ស្រ្ដីជនជាតិដើមភាគតិចដែលនៅតំបន់ដាច់ស្រយាល ពីមុនមកពួកគេមិនមានភាពរីកចម្រើន គ្មានភាពក្លាហាននោះទេ ប៉ុន្ដែបច្ចុប្បន្នស្ដ្រីជនជាតិដើមភាគតិច ពួកគេមានការយល់ដឹងប្រសើរជាងមុន ហើយជាពិសេសពួកគេអាចធ្វើជាអ្នកដឹកនាំក្នុងសហគមន៍ថែមទៀតផង។

(រាយការណ៍ ដោយ កញ្ញា ឃ្វិះ ផលឡា)

អ្នកស្រី យ៉ា យ៉ាន់នី

ស្រ្ដីជនជាតិដើមភាគតិចព្នងមួយរូបបាននិយាយពីចំណេះដឹង ដែលទទួលបានពីការចូលរួមកិច្ចប្រជុំសហគមន៍ នោះគឺអ្នកស្រី យ៉ា យ៉ាន់នី។ អ្នកស្រី យ៉ានី ឱ្យដឹងថា អ្នកស្រី និងស្ដ្រីផ្សេងទៀតក្នុងសហគមន៍ ទទួលបាន ចំណេះដឹងទាក់ទង់និងការប្រជុំឬការងារផ្សេងៗទៅតាមប្រធានបទ។ ពេលខ្លះពួកគេអាចទទួលបានចំណេះដឹងពីការរៀនពីសិទ្ធិដីធ្លី សិទ្ធិមនុស្ស ពីសកម្មភាពយេនឌ័រ។

«គឺយើងទទួលបានចំណេះដឹងសកម្មភាពយេនឌ័រការលើកទឹកចិត្ដស្រ្ដី ពិសេសគឺស្រ្ដីជនជាតិដើមភាគតិច។ ក្នុងការចូលរួមការងារសង្គមការងារសហគមន៍ ទាក់ទងទៅនឹងវិស័យព្រៃឈើអ៊ីចឹងណាស់ការងារសហគមន៍ គឺជាការងារសំខាន់សម្រាប់ស្រ្ដីជនជាតិដើមភាគតិច រស់នៅពឹងផ្អែកទៅលើដីធ្លី និងធនធានធម្មជាតិ រស់នៅរបស់ជនជាតិដើមភាគតិច គឺវប្បធម៌របស់យើងគឺផ្សារភ្ជាប់ទៅអត្ដសញាណរឿងដីធ្លីព្រៃឈើ  ដោយសារមូលហេតុនេះហើយទើបខ្ញុំ ឬក៏ស្រ្ដីផ្សេងទៀតដែលរស់នៅក្នុងសហគមន៍ដែលតែងតែចូលរួមផ្សេងៗជាមួយអង្គការ ឬជាមួយបណ្ដាញសហគមន៍នានាដែលធ្វើការទៅលើដីធ្លី ឬក៏ទាក់ទងទៅលើវប្បធម៍អីផ្សេងៗជាដើម»។

អ្នកស្រី ផ្លែន សាមិញ

ក្រឡេកទៅស្ត្រីម្នាក់ទៀត គឺអ្នកស្រី ផ្លែន សាមិញ វ័យ២៦ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដ មណ្ឌលគិរី បានផ្ដល់បទសម្ភាសមកកាន់អ្នកសារព័ត៍មានវិទ្យុស្រ្ដីថា ពេលដែល អ្នកស្រី ចូលរួមប្រជុំក្នុងភូមិ តែងតែលើកពីបញ្ហាដែលកើតមានក្នុងសហគមន៍មកប្រាប់អាជ្ញាធរ ឱ្យដោះស្រាយ។ ចំពោះអាជ្ញាធរពេលប្រជាពលរដ្ធលើបញ្ហក៏ជួយដោះស្រាយ។ នៅពេលដែល អ្នកស្រី សាមិញ បានចូលរួមប្រជុំ គាត់មានការអភិវឌ្ឍខ្លួនជាងមុន ដោយសារពេលចួលរួមប្រជុំប្រចាំភូមិ តែងតែយល់ដឹងពីដំណោះស្រាយបញ្ហាកើតមានក្នុងគ្រួសារ អាជ្ញាធរណែនាំស្រ្ដីពេលដែលមានផ្ទៃពោះឬមានបញ្ហាអ្វីផ្សេងត្រូវនាំទៅមន្ទីរពេទ្យដើម្បីព្យាបាល ពិសេសអ្នកស្រីជាស្រ្ដីមួយរូបដែលសកម្មក្នុងការចូលរូមសកម្មភាពក្នុងសហគមន៍ផងដែរ។

«ពេលមេឃុំប្រជុំម្ដងៗ ពួកខ្ញុំសំណូមពរថាសុំអណ្ដូងទឹក ហើយធ្វើផ្លូវ ធ្វើស្ពានសម្រាប់ប្រជាពលរដ្ធស្រួលធ្វើដំណើរ ហើយនិងការងូតទឹកងូតអី ដូចជាអណ្ដូងស្នប់អីហ្នឹងកុំឱ្យពិបាកទៅឆ្ងាយ។ ដោះស្រាយហើយពួកខ្ញុំលើកអ៊ីចឹងគាត់ក៏ជួយដែរ ដូចជាអណ្ដូងទឹក ដូចស្ពាន ដូចផ្លូវអី គាត់ជួយទាំងអស់ពេលដែលយើងទារខ្វះខាតអី ក៏ពួកគាត់ជួយដែរ។

អ្នកស្រីបាននិយាយភាសាជនជាតិដើមភាគតិចថា«ខ្ញុំមានភាពរីកចម្រើនសម្រាប់ខ្លួនខ្ញុំពេលចូលប្រជុំដូចជាខ្ញុំដឹងពីអ្វីដែលគេបង្ហាញដូចជា អប់រំក្មេងទៅរៀនឬក៏បញ្ហាគ្រួសារ ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ដូចជាគេណែនាំយើងឱ្យទៅពេទ្យឆ្លងទន្លេនៅពេទ្យពេលឈឺគ្រុន ឱ្យប្រញាប់ទៅពេទ្យឱ្យវាកុំបញ្ហាឈឺធ្ងន់ធ្ងរ ដូចខ្ញុំជាស្រីខ្ញុំបានចូលប្រជុំខាងសហគមន៍បានចូលរួមប្រជុំច្រើនដែរ»។

ស្ត្រីសកម្មក្នុងសហគមន៍រូបនេះ បាននិយាយថាបន្ដ ពេលដែលចូលរួមប្រជុំ តែងតែមានអារម្ភរីករាយ ដោយសារបានស្ដាប់ពីបញ្ហាកើតមានហើយរក ដំណោះស្រាយ ។ ទាំងនេះហើយដែលធ្វើឱ្យ អ្នកស្រី ផ្លែន សាមិញ មានមោទនភាពចំពោះខ្លួនឯងទោះជាស្រ្ដីក៏អាចចូលកិច្ចប្រជុំបាន ហើយក៏បានសំណូមពរទៅកាន់ស្រ្ដីទាំងអស់ ឱ្យចូលរួមកិច្ចប្រជុំឱ្យបានច្រើនផងដែរ។

«ពេលខ្ញុំចូលរួមប្រជុំ ខ្ញុំពិតជាសប្បាយចិត្ដខ្លាំងណាស់ បានដឹងរឿងជាច្រើនដែលបងប្អូននិយាយហើយលើកបានលើកឡើងរឿងផ្សេងៗ ទាក់ទងក្នុង(អង្គ)ប្រជុំ។ ចំណេះដឹងខ្លះៗដែរ ដូចជាក្រោយពីប្រជុំខ្ញុំបានដឹងដូចជាបញ្ហសហគមន៍យើងក្នុងភូមិស្រុកយើង។ ចាស ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមប្រជុំទោះបីខ្ញុំជាស្រីក៏ខ្ញុំបានចូលរួមប្រជុំដែរ។ ខ្ញុំសំណូមពរ ឱ្យស្រីៗយើងបានចូលរួមប្រជុំឱ្យច្រើនដើម្បីដឹងពីបញ្ហាក្នុងសហគមន៍យើង មិនថាសុខភាព មិនថាបញ្ហាជំងឺអ្វីផ្សេងៗដូចជាយើងបានដឹងទាំងអស់គ្នា ដើម្បីឱ្យបានដោះស្រាយ»។

លោក ម្រើញ ទា

លោក ម្រើញ ទា ជាមេភូមិ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកញែក ខេត្ដ​មណ្ឌលគិរី ​បានប្រាប់ពីការចូលរួមប្រជុំរបស់ស្រី្ដនៅក្នុងភូមិ ចូលប្រជុំច្រើនជាងបុរស ។ ដោយសារស្រ្ដី បច្ចុប្បន្នមានការយល់ដឹងពីហេតុការណ៍ ដែលអាជ្ញាធរបានណែនាំ ផ្សព្វផ្សាយ ដូចជាបញ្ហាសុខភាពដែលអាជ្ញាធរ និងអ្នកទ្រទ្រង់សុខភាពភូមិបានចុះអប់រំជារៀងរាល់ខែ ។ លោក ម្រើញ ទា បានសំណូមពរទៅប្រជាពលរដ្ធ ឱ្យមកស្ដាប់ការណែនាំរបស់អាជ្ញាធរនិងទ្រទ្រង់សុខភាពភូមិ ដើម្បីអភិវឌ្ឍភូមិនិងថែរក្សាសុខភាពទាំងអស់គ្នាផងដែរ។

«ភាគច្រើនស្រីៗច្រើនជាងប្រុសបើខាងហ្នឹង ឥឡូវគាត់ដូចជាគាត់ចេះស្ដាប់អ្វីដែលយើងប្រជុំផ្សព្វផ្សាយអ្វីមួយគាត់តែងមកច្រើនជាងបុរស គាត់មានការយល់ដឹងពីហេតុការណ៍ដែលយើងហៅណែនាំចូលរួមប្រជុំ និងយើងណែនាំទាំងអស់។ ក្នុងរយៈពេលមួយខែ បើអាជ្ញាធរ និងអ្នកទ្រទ្រង់ភូមិមួយខែយ៉ាងហោចណាស់ក៏ម្ដងដែរទៅអប់រំ អ៊ីចឹងហាស ល្អ ល្អជាងមុនៗគាត់មានការយល់ដឹង និងដូចជាបាន ហាសិបទៅហុកសិបភាគរយ ។ ស្ថានភាពហ្នឹងបើការដោះស្រាយហ្នឹងយើង បើមានបញ្ហាអាចថាយើងដោះស្រាយណែនាំពួកគាត់។ បើខាងអាជ្ញាធរបង្ហាញខ្លាំងជាងគេគឺបញ្ហសុខភាព របស់យើងហ្នឹងហើយ ទី១សុខភាព ទី២ ថែទាំបរិស្ថាននៅក្នុងភូមិក្នុងផ្ទះរបស់យើង។ ស្រ្ដីនិងបញ្ហរបស់គាត់គឺមានតែប៉ុណ្ណឹងទេ ឱ្យសម្អាតទីធ្លារបស់យើងអ៊ីចឹងហាស។ បាទខ្ញុំសុំសំណូមពរថា ប្រជាពលរដ្ធឱ្យតាមផែនការដែលអាជ្ញាធរភូមិសមាជិកភូមិ និងអ្នកទ្រទ្រង់ភូមិឱ្យគាត់បានស្ដាប់គ្រប់ពេលវេលាអ៊ីចឹងណាស់  បានល្អប្រសើជាងមុន សំណូមពរឱ្យប្រជាពលរដ្ធឱ្យថែរក្សាបរិស្ថានរបស់យើង និងសុខភាពរបស់យើងឱ្យបានគ្រប់ៗគ្នាអ៊ីចឹងហ្អាស»។

អ្នកស្រី យ៉ា យ៉ានី វ័យ៣២ឆ្នាំ  ជាកសិករ ក្នុងសហគមន៍ជាគណៈកម្មការធិការសហគមន៍ចុះបញ្ជីដីធ្លីជាសមូហភាព ហើយក៏ជាលេខារបស់សហគមន៍ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិអន្ដ្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ។ អ្នកបានផ្ដល់បទសម្ភាសមកអ្នកសារព័ត៍មានវិទ្យុស្រ្ដី ថាអ្នកស្រី មានភាពសប្បាយរីករាយ ដែលបានចូលរួមការងារក្នុងសហគមន៍របស់ខ្លួន ។ ជាពិសេស អ្នកស្រី យ៉ាន់នី ក៏ជាស្រ្ដីមួយរូបដែលធ្លាប់តស៊ូមតិ ពីបញ្ហាដែលបានជួបក្នុងសហគមន៍ និងបានចូលរួមវេទិកាថ្នាក់ឃុំថ្នាក់ស្រុក ដែលមានការចូលរួមពីអង្គការ និងបានចូលរួម សិក្ខាសាលាផ្សេងៗផងដែរ។

«សប្បាយចិត្ដរាល់ការចូលរួម ធ្វើការសហគមន៍ សម្រាប់មីងគឺសប្បាយចិត្ដខ្លាំង គិតការងារសំខាន់មួយរបស់ជនជាតិដើមភាគតិច ឱ្យតែការងារដើម្បីប្រយោជន៍រួមគឺយើងឧស្សាហ៍ចូលរួមអត់អាចចោលបានទេ។ ធ្លាប់ការតស៊ូមតិមានច្រើនទាក់ទងនឹងរឿងចុះបញ្ជីដីធ្លី ដើម្បីឱ្យបានដីកម្មសិទ្ធិសមូហភាព គឺយើងតែងតែលើបញ្ហាកង្វល់ផ្សេងៗនៅពេលវេទិកាថ្នាក់ឃុំ ថ្នាក់ស្រុកអីអ៊ីចឹងណាស់ វេទិកាធំៗជាមួយអង្កការរាជរដ្ធាភិបាល ថ្មីៗនេះបានចូលរួមសិក្ខាសាលា ផ្ដល់ធាតុចូលព្រៀងវិសោធនកម្ម ដែលគេកែប្រែច្បាប់ ភូមិបាលថ្មី  និងជាសកម្មភាពដែលយើងហៅថា តស៊ូមតិឬក៏គាំទ្រមតិរបស់សហគមន៍ជនជាតិដើមភាគតិចអីណាស់ អ៊ីចឹងរាល់ការកែប្រែច្បាប់ត្រូវតែមានជនជាតិដើមភាគតិចយើងចូលរួមហើយក៏ត្រូវតែទទួលធាតុចូលពីជនជាតិដើមភាគតិចយើងដែរ»។

អ្នកស្រីដដែលបានបន្ដថា អ្នកស្រីពិតជាមានមោទនភាពចំពោះខ្លួនឯង ទោះបីមិនបានរៀនសូត្រខ្ពង់ខ្ពស់ ប៉ុន្ដែអ្នកស្រីមានវត្ដមានក្នុងការបញ្ចេញមតិនៅពេលប្រជុំ ជាពិសេសបានលើកសំណើរ និងបញ្ហាក្នុងសហគមន៍មកបង្ហាញដើម្បីឱ្យមានការដោះស្រាយ ។ ហើយអ្នកស្រី យ៉ា យ៉ាន់នី បាននិយាយពីភាពរីកចម្រើនដែលខ្លួនទទួលបាន ពីការចូលរួមប្រជុំ អ្វីដែលអ្នកស្រី យ៉ាន់នីកាន់តែមានភាពរីកចម្រើននោះគឺនិយាយតស៊ូមតិ ដោយសារអ្នកស្រីមានបទពិសោធធ្លាប់តស៊ូមតិបានច្រើនលើកផងដែរ។

«កន្លែងហ្នឹង មីងមានមោទនភាពខ្លួនឯង ទោះបីមីងរៀនបានតិចតួច ស្ដួចស្ដើងមែនប៉ុន្ដែ មីងមានវត្ដមានក្នុងការចូលរួមប្រជុំឬក៏លើកមតិយោបល់អង្គប្រជុំផ្សេងៗ គឺមីងមានមោទនភាពខ្លួនឯងទោះមីងរៀនតិចតួចក៏ដោយ។ ពេលប្រជុំខាងឃុំពេលខ្លះលើកពីរឿងសំណើរចុះបញ្ជីដី ធ្លីកង្វល់ទៅលើវិបត្ដិសេដ្ធកិច្ចផងដែរ ឥឡូវយើងឃើញថាសហគមន៍ ភាគច្រើនគឺជាអ្នកដែលរងគ្រោះពីបំណុលរាល់ថ្ងៃហាស  អ៊ីចឹងមីងតែងតែលើកបញ្ហានិងឱ្យអាជ្ញាធរដើម្បីឱ្យគាត់មានវិធានការទប់ស្កាត់ ផ្សេងៗទៅលើបញ្ហាបំណុលដែលកំពុងជួបរាល់ថ្ងៃ ទាក់ទងនឹងដីធ្លីដែរ។ រាល់ដំណោះស្រាយ ឆ្លើយពេលខ្លះក៏ទទួលយក ពេលខ្លះមិនសូវពេញចិត្ដនិងទទួលយកដែរ។ គុណភាពការងារមីងអត់ហ៊ានថាគុណភាពទេ  បើនិយាយពីការគិតរបស់ខ្លួនឯង ថារីកចម្រើនគួរសម អាចថាហុបសិបភាគរយចុះ យល់ថាច្រើនហ្នឹងហើយ  ព្រោះក្រោយពីចូលរួមអង្កការ ឬរដ្ធាភិបាលផ្សេងៗ មីងតែងតែកាន់តែមានទំនុកចិត្ដ។ នៅពេលជួបជាមួយអ្នកតូចអ្នកធំ ឬក៏ជួបជាមួយដៃគូការងារផ្សេងៗចង់និយាយថាមីងមានមូលដ្ធានក្នុងការនិយាយជាមួយគេ ដោយសារតែយើងបានឆ្លងកាត់បទពិសោធច្រើន ទាំងពិបាកស្រួលអ៊ីចឹង ទាំងរឿងនេះទាំងរឿងនោះអ៊ីចឹងហាណាស់»។

ជាចុងក្រោយអ្នកស្រី យ៉ា យ៉ាន់នី ក៏បានសំណូមពរថា សម្រាប់អ្នកស្រីសំណូមពរ ឱ្យស្រ្ដីជនជាតិដើមភាគតិចផ្សេងៗឱ្យពួកគាត់បោះបង់ភាពអៀនខ្មាស់ ត្រូវស្រវារកភាពក្លាហាន  ដើម្បីលើកឡើងមតិ ដែលយើងចង់និយាយឱ្យសង្គមខាងក្រៅលឺយើងកុំគិតថាយើងនិយាយទៅខ្លាចខុស អត់មានខុសអត់មានត្រូវទេ ចង់និយាយអីត្រូវហាននិយាយ ដើម្បីការងារទាំងអស់គ្នា ដើម្បីប្រយោជន៍សហគមមន៍  ដើម្បីប្រយោជន៍ស្រ្ដីហើយដើម្បីឱ្យពិភពខាងក្រៅស្គាល់ពីស្ដ្រីជនជាតិដើមភាគតិចយើងផងដែរ៕

អត្ថបទសរសេរដោយ  កញ្ញា ឃ្វិះ ផលឡា និងកញ្ញា រមាស រស្មី (សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា)

Share

ព័ត៌មានទាក់ទង

Image