en     km
en     km

ក្រសួងបរិស្ថានស្នើឱ្យបញ្ឈប់ការបោះចោលសំរាមពាសវាលជៀសវាងការដាក់ទោសទណ្ឌតាមផ្លូវច្បាប់

Share

បន្ទាប់ពីមានការបង្ហោះវីដេអូល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុកករណីទូកមួយគ្រឿងធ្វើសកម្មភាពបោះសំរាមចូលទន្លេសាបដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំង ភ្លាមៗរដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះករណីនេះ ខណៈក្រសួងបរិស្ថាននៅតែទទូចស្នើឱ្យពលរដ្ឋខ្មែរចូលរួមទប់ស្កាត់ការចោលសំរាមឥតសណ្ឋាប់ធ្នាប់ជៀសវាងទទួលពិន័យតាមនិតិវិធីផ្លូវច្បាប់។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

ក្រោមការអន្តរាគមន៍ពីរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ទូកកាណូតទេសចរណ៍បានចូលខ្លួនសារភាព និងទទួលកំហុសពីបទចោទប្រកាន់ថាបានប្រព្រឹត្តសកម្មភាពទម្លាក់កាកសំណល់សំរាមចូលទៅក្នុងទឹកទន្លេពិតប្រាកដមែននៅក្នុងថ្ងៃដដែល។ ជាងនេះ រដ្ឋបាលរាជធានីភ្នំពេញបានអប់រំណែនាំពីទង្វើដែលគួរជៀសវាងប្រព្រឹត្តនាពេលខាងមុខ រួមទាំងផាកពិន័យម្ចាស់ទូកខាងលើនិងបញ្ឈប់ការប្រកបអាជីវកម្មទូកកាណែតទេសចរណ៍ដែលមានឈ្មោះថា «បុប្ជាអង្គរ»ជាស្ថាពរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានថ្កោលទោសចំពោះបុគ្គលណាដែលបោះចោលសំរាម សំណល់រឹងនៅតាមទីប្រជុំជន តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ ដូចមានចែងក្នុងមាត្រា២០ ដែលនឹងរងនូវការផាកពិន័យជាទឹកប្រាក់ និងទណ្ឌកម្មជាដើម។

យ៉ាងណា ក្រោយកើតមានហេតុការណ៍ចោលសំរាមពាសវាលពាសកាលដូចនៅក្នុងវីដេអូដែលបានបង្ហោះព្រោងព្រាតពេញបណ្តាញសង្គម  អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២៤ ថា ក្រសួងបរិស្ថាននឹងបន្តពង្រឹងការអនុវត្តច្បាប់នៅតាមក្របខណ្ឌថ្នាក់ក្រោមជាតិទូទាំងរាជធានី-ខេត្តឱ្យបានម៉ឺងម៉ាត។

លោកបានបន្ថែមថា ក្រៅពីដាក់ទោសទណ្ឌលើអ្នកប្រព្រឹត្តល្មើសនឹងច្បាប់មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រសួងបរិស្ថានក៏នឹងពង្រឹងលើការអប់រំនិងផ្សព្វផ្សាយទៅកាន់សាធារណៈ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក៏ដូចជាប្រកបអាជីវកម្មនៅក្បែរទន្លេឱ្យបានយល់ដឹងកាន់តែទូលំទូលាយពីរបៀបទុកដាក់សំរាម និងបញ្ហាបរិស្ថាន។

រូបភាព៖ ក្រសួង​បរិស្ថាន

 

លោក ខ្វៃ អាទិត្យា៖ «កន្លងមកយើងដាក់ចេញនូវយុទ្ធនាការសម្អាតទន្លេ​ ដែលហ្នឹងគឺជាចំណុចមួយដែលយើងលើកទឹកចិត្តអប់រំឱ្យប្រជាពលរដ្ឋហ្នឹងឱ្យមានការយល់ដឹងអំពីតម្លៃននៃធនធានធម្មជាតិនៅក្នុងទន្លេរបស់យើង។ អ‌៊ីចឹង​​យើងអត់ចង់ឱ្យទន្លេសាបរបស់យើងក្លាយជាធុងសំរាម មានន័យថាការបោះចោលសំរាម។ អ‌៊ីចឹងក្រសួងបរិស្ថានមានវិធានការពីរ គឺយើងបានដាក់ចេញនូវយុទ្ធនាការសម្អាតទន្លេហ្នឹងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ហើយក្នុងនោះទីមួយគឺយើងទប់ស្កាត់មិនឱ្យមានការហូរចូលសំរាមនៅតាមដងព្រែកចូលទៅក្នុងទន្លេសាប។ ទីពីរគឺយើងគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកង្វក់ចូលទៅទន្លេ ឬក៏ព្រែកនានាដែលភ្ជាប់ទៅកាន់ទន្លេ។»។

រូបភាព៖ ក្រសួងទេសចរណ៍

 

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះជំរុញ និងលើកទឹកចិត្តទៅដល់ពលរដ្ឋខ្មែរឱ្យចូលរួមក្នុងយុទ្ធនាការថ្មីដែលទើបដាក់ចេញរបស់ក្រសួងបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» កាលពីថ្ងៃទៅ១៥ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ រួមជាមួយយុទ្ធនាការដែលដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២៣ គឺ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា ការបំពុលទឹកតាមរយៈការបោះចោលសំរាមពាសវាលពាសកាលនាំមកនូវផលអវិជ្ជមានជាច្រើនដូចជាបាត់បង់សោភ័ណភាពទីក្រុង ឬកន្លែងដែលមានសំរាមឥតសណ្ឋាប់ធ្នាប់ ប៉ះពាល់ដល់សុខភាពសាធារណៈដែលប្រើប្រាស់ទឹកទន្លេជាប្រព័ន្ធធារាសាស្រ្ត និងប៉ះពាល់ដល់ជម្រកមច្ឆាជាតិទាំងឡាយដែលស្ថិតនៅក្នុងទន្លេសាប។

លោក ខ្វៃ អាទិត្យា៖ ​«បាទ! ចំណុចដែលក្រសួងបរិស្ថានចង់បាន គឺចង់ឱ្យប្រជាពលរដ្ឋចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ហើយទីពីរ គឺយើងស្នើសុំកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាល ​ជាពិសេសចូលទៅក្នុងទន្លេ ពីព្រោះទន្លេសាប ទន្លេរបស់យើងនេះគឺជាប្រភពទឹកដ៏សំខាន់ ហើយជាប្រភពនៃមច្ឆា​ជាតិ​​​ដែលចិញ្ចឹមជីវិតប្រជាពលរដ្ឋយើង ​​មិនត្រឹមតែ​មនុស្សចំនួន ៦-៧លាននាក់នៅតាមខេត្តជុំវិញបឹងទន្លេសាបទេ គឺនៅទូទាំងប្រទេសតែម្តង។ ​អ‌៊ីចឹងយើងមិនចង់ឱ្យបឹងទន្លេសាបយើងក្លាយជាធុងសំរាមទេ ដើម្បីធ្វើឱ្យទន្លេសាបស្អាតទាក់ទាញនូវទេសចរ ហើយនិងការពារនូវ​​ប្រភពមច្ឆ​ជាតិជីវិតជីវចម្រុះ ក៏ដូចជាធ្វើឱ្យទឹកស្អាតសម្រាប់ប្រជាជនយើងប្រើប្រាស់ផងដែរ។»។

រូបភាព៖ ក្រសួងទេសចរណ៍

 

ដោយឡែក ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួន។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោកថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិក​មកប្រើប្រអប់ជ័រជំនួសវិញ។

ជាមួយគ្នានេះ លោក សុបិន បន្ថែមទៀតថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតភាព និងការប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា។ លោក តាំង សុបិន បញ្ជាក់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។

រូបភាព៖ តាំង សុបិន

 

សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ ថង់ក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រសួងបរិស្ថានឆ្នាំ ២០១៨៕

Share

ព័ត៌មានទាក់ទង

Image